អ្នកមានជម្លោះដីធ្លីនៅបឹងទំពុនប្រមូលផ្តុំតវ៉ាទាមទារឱ្យរដ្ឋាភិបាលពន្លឿនដោះស្រាយជូនពួកគេ

ប្រជាពលរដ្ឋតវ៉ាករណីដីធ្លីនៅភូមិសន្សំកុសលទី២ និងទី៦ សង្កាត់បឹងទំពុន ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៣១ខែមករាឆ្នាំ២០២១។ រូបដោយប្រជាសហគមន៍

ប្រជាពលរដ្ឋនៅបឹងទំពុន រាជធានីភ្នំពេញ ប្រមូលផ្តុំគ្នានៅលើដីមានជម្លោះ ដើម្បីអំពាវនាវទៅរដ្ឋាភិបាលពន្លឿនដោះស្រាយដីធ្លីជូនពួកគេឱ្យបានឆាប់ដោយអះអាងថា ក្រុមហ៊ុនឈូសឆាយយកដីរបស់ពួកគេដោយមិនផ្តល់សំណង។

តំណាងប្រជាពលរដ្ឋ លោក គឹម ជីវ៉ា និយាយថា ដើមចមដែលនាំឱ្យពួកគេប្រមូលផ្តុំតវ៉ានៅព្រឹកថ្ងៃនេះ ដោយសារតែក្រុមហ៊ុនឯកជនអភិវឌ្ឍន៍ នៅតែបន្តចាក់ដីរំលោភយកដីរបស់ពួកគេ៣៨គ្រួសារ លើផ្ទៃដីជាង១២ហិកតា ស្ថិតនៅភូមិសន្សំកុសលទី២ និងទី៦ សង្កាត់បឹងទំពុន ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយអាជ្ញាធរពាក់ព័ន្ធមិនឃើញចេញមកជួយរកដំណោះស្រាយតាមការស្នើសុំរបស់ប្រជាពលរដ្ឋនោះទេ។

អ្នកស្រីនិយាយថា៖ «ក្រុមហ៊ុនមកចាក់ដីរំលោភយកដីពួកយើង ហើយក្រុមហ៊ុនអត់ឃើញមានដំណោះស្រាយឱ្យពួកខ្ញុំទេ អភិបាលរងខ័ណ្ឌគាត់ហៅយើងទៅជួបកាលពីថ្ងៃ៧ ខែ១០ ឆ្នាំ២០២០ គាត់អត់និយាយរកដំណោះស្រាយទេមកទល់ពេលនេះ ហើយគាត់និយាយសុំអភិវឌ្ឍន៍ គាត់ថាដីសាធារណៈ បំរើមុខងារសាធារណៈ​ ។ អញ្ចឹងបានខ្ញុំថា គាត់មិនមែនជាអាជ្ញាធរបំរើរាស្ត្រ ដូចសម្តេចតេជោហ៊ុន សែន ទេ»។

លោក ជីវ៉ា បន្តថា ប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលដាំស្រូវ និងត្រកូននៅលើដីនោះចាប់ពីឆ្នាំ១៩៩០មកម្ល៉េះ ព្រមទាំងមានអាជ្ញាធរដឹងឮផងដែរ។

អ្នកស្រី ស៊ុំ ចន្ថា  និយាយថា ពួកគេជួបបញ្ហាប្រឈមច្រើនក្នុងជីវភាពគ្រួសារ ក្រោយពីមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហើយមិនបានចេញទៅប្រកបរបរអ្វីនោះទេ។ ករណីនេះ លោកអំពាវនាវទៅរដ្ឋាភិបាលពន្លឿនដោះស្រាយបញ្ហានេះជូនពួកគេឱ្យបានសមរម្យ។

លោកអំពាវនាវដូចនេះថា៖ «ខ្ញុំអំពាវនាវទៅរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន មេត្តាជួយកូនចៅផង ពួកខ្ញុំកំពុងទទួលរងការគាប់សង្កត់ពីក្រុមហ៊ុន និងអាជ្ញាធរ ឥឡូវពួកខ្ញុំពិបាកវេទនាណាស់ រាល់ថ្ងៃនាំគ្នាតវ៉ាអត់បានរកលុយ ណាមួយគ្រួសារខ្វះខាតទៀត»។

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់បានលើកឡើងប្រហាក់ប្រហែលគ្នាថា ជារៀងរាល់ថ្ងៃពួកគេនាំគ្នាប្រមូលផ្តុំនៅលើដីមានជម្លោះ និងអ្នកខ្លះទៀតទៅសុំឱ្យសង្កាត់ ខណ្ឌ សាលាក្រុង និងក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ជួយអន្តរាគមន៍ដែរ ប៉ុន្តែនៅតែមិនមានដំណោះស្រាយ។

យ៉ាងណាក៏ដោយ អ្នកមានជម្លោះដីធ្លីម្នាក់ទៀត អ្នកស្រី គីម ម៉េង ព្រមានថា បើរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធមិនជួយរកដំណោះស្រាយជូនពួកគេទេ គឺពួកគាត់នៅតែបន្តតវ៉ារហូតមានដំណោះស្រាយ។

អ្នកស្រីព្រមានដូចនេះថា៖ «បើរដ្ឋាភិបាលនិងអាជ្ញាធរមិនដោះស្រាយ ពួកយើងនឹងតស៊ូតទៀតរហូតមានដំណោះស្រាយ ព្រោះដីនេះ ពួកខ្ញុំកាន់កាប់តាំងពីយូរ(ឆ្នាំ១៩៩០)មកហើយ មានលិខិតស្នាម មានអាជ្ញាធរសង្កាត់ ខ័ណ្ឌដឹងឮ ហើយពួកខ្ញុំបានបង់ពន្ធប្រចាំឆ្នាំជូនរដ្ឋទៀត»។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលកាន់កាប់ដីនៅសន្សំកុសលទី២ និងទី៦ សង្កាត់បឹងទំពុន គឺពួកគាត់កាន់កាប់ដោយខុសច្បាប់។ ករណីនេះ លោកថា រដ្ឋាភិបាលមិនមានវិធានការផ្តល់សំណងឱ្យនោះទេ។

លោកមានប្រសាសន៍ដូចនេះថា៖ «ការកាន់កាប់របស់គាត់មិនស្របច្បាប់ ទោះជាយូរប៉ុណ្ណាក៏ដោយ អញ្ចឹងវាអត់មានការទាមទារសំណង ឬសាលារាជធានីត្រូវផ្តល់សំណងឱ្យនោះទេ គាត់ទៅកាន់កាប់យកបឹងរបស់រដ្ឋខុសច្បាប់»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែរកវិធីដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋឱ្យមានតម្លាភាព ទើបធ្វើឱ្យការអភិវឌ្ឍន៍ប្រកបដោយចិរភាព។

ប៉ុន្តែលោក សំអាត បញ្ជាក់ថា បើរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធមិនពន្លឿនដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់ទេ ការតវ៉ា និងបញ្ហាប្រឈមនានា នឹងកើតមាននៅថ្ងៃខាងមុខ។

លោកមានប្រសាសន៍ថា៖ « បញ្ហាប្រឈមវាអាចមានបាតុកម្ម ឬមានការតវ៉ា ហើយអាចប្រឈមនឹងអំពើហិង្សា និងការចាប់ខ្លួនប្រជាពលរដ្ឋ កន្លងមកយើងតែងតែលើកឡើងថា រងគ្រោះដោយសារដីធ្លី ហើយជាប់ពន្ធនាគារដោយ​សារ​ដីធ្លី ហើយបញ្ហាហ្នឹងក៏មិនល្អដែរសំរាប់មុខមាត់អាជ្ញាធរ គេនឹងរិះគន់ថាជាការរំលោភបំពានលើសិទ្ធិពលរដ្ឋ»។

សេចក្តី​ជូនដំណឹង​របស់​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី បញ្ជាក់​ទៀត​ថា ចំពោះ​ផ្ទៃ​បឹងទំពុន​ទាំងពីរដែល​ទទួលរង​ការរំលោភ​បំពាន​ពី​ប្រជាពលរដ្ឋ និង​ឈាន​ដល់​ការសាងសង់​ជា​សំណង់​រឹង​មាំ​យូរឆ្នាំហើយ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ធ្វើ​ប្រទានកម្ម​ជូន​ពលរដ្ឋ​តាម​ស្ថានភាព​ជាក់ស្តែង ហើយ​ក្រុមហ៊ុន​ត្រូវ​ដោះស្រាយ​ជាគោល​នយោបាយ​ជូន​ពលរដ្ឋ​ដែល​បាន​កាន់កាប់​ផ្ទៃ​អាង​ខុសច្បាប់​តាម​ស្ថានភាព​ជាក់ស្តែង ដោយ​ក្នុង​តម្លៃ២០ដុល្លារ​ទៅ៦០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

ក្រោយមក​ នៅ​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋាភិបាលបាន​ចេញ​អនុក្រឹត្យ​មួយ​ស្តី​ពី​ការកំណត់​ផ្ទៃ​អាងស្តុកទឹក​បឹងទំពុន១២,៩ហិ​កតា ស្ថិត​ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ធ្វើ​អនុប្រយោគ​នូវ​ផ្ទៃ​បឹង​ទំហំ៣៥ហិ​កតា ទៅ​ក្រុមហ៊ុន ភ្នំពេញ ព្រី​ខាស ផ្លេន ធ្វើការ​អភិវឌ្ឍ​ទៅជា​តំបន់​ពាណិជ្ជកម្ម តំបន់​លំនៅឋាន និង​សួន​បៃតង។ អនុក្រឹត្យ​ដដែល​នេះ​បញ្ជាក់​ថា រាល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់និង​ឯកសារ​ទិញ​លក់​កន្លងមក ​ត្រូវ​ទុកជាមោឃៈ។

បើ​តាម​សេចក្តី​ជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១ ខែ​វិ​ច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​វាស់វែងនិង​កំណត់​ព្រំ​ដី​ក្នុង​ផ្ទៃ​បឹងទំពុន​ទំហំ៤៧,៩ហិ​កតា ស្ថិត​ក្នុង​សង្កាត់​បឹងទំពុន១ ខណ្ឌមានជ័យ។ ក្រោយ​វាស់វែង​រួច សាលា​រាជធានី​ភ្នំពេញ កាត់​ផ្ទៃដី​ទំហំ​៣៥ហិ​កតា ទៅ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍ និង​នៅសល់១២,៩ហិ​កតា ទុកជា​សម្បត្តិ​រដ្ឋ​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ