មន្ទីរ​អប់រំ​រក​ឃើញ​ថា​គ្រូ​បង្រៀន​ម្នាក់​នៅ​បឋម​សិក្សា​សន្ធរម៉ុក​ពិត​ជា​បាន​ទារ​ប្រាក់​ពី​សិស្ស​មែន​

ឪពុកម្ដាយនិងអាណាព្យាបាលសិស្ស នាំគ្នាឈរត្រៀបត្រារង់ចាំកូនចៅចេញពីសាលាបឋមសិក្សា សន្ធរម៉ុក ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១។ (ឃុត សុគន្ធ)

មន្ទីរអប់រំរាជធានីភ្នំពេញ បានរកឃើញថា គ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាសន្ធរម៉ុក ពិតជាបានទារប្រាក់ចំនួន៦ម៉ឺនរៀលក្នុងមួយខែពីសិស្សមែន ប៉ុន្តែសម្រាប់វិធានការលើគ្រូបង្រៀនរូបនោះ មន្ទីរថា នឹងសម្រេចបន្ទាប់ពីប្រជុំនៅថ្ងៃស្អែក។ 

ពេល​ថ្មីៗនេះ ​ឪពុកម្តាយនិងអាណាព្យាបាល​សិស្សមួយ​ចំនួនដែល​រៀននៅសាលាបឋមសិក្សាសន្ធរម៉ុក បានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកថា គ្រូបង្រៀននៅសាលាមួយនេះបានបង្ខំឱ្យសិស្សរៀនគួរបន្ថែមម៉ោង និងដេញចេញក្រៅថ្នាក់ចំពោះសិស្សណាដែលមិនរៀនគួរ ហើយបានទារលុយពីសិស្សម្នាក់៦ម៉ឺនរៀលជាថ្លៃដឹងគុណគ្រូជាដើម​។

យោងតាមហ្វេសប៊ុក ឈ្មោះ Buthoeun Ev បានផ្សព្វផ្សាយថា កូនរបស់គាត់ត្រូវបានអ្នកគ្រូបង្រៀននៅសាលាបឋមសិក្សាសន្ធរម៉ុកដេញចេញពីថ្នាក់ ដោយសារតែកូនរបស់គាត់ពុំបានរៀនគួរបន្ថែមម៉ោង។​ បុរស​រូបនេះបានសរសេរនៅលើហ្វេស​ប៊ុក​ទៀត​​ថា បើមិនរៀនគួរបន្ថែមម៉ោងទេ គ្រូបង្រៀន​រូបនោះបានតម្រូវ​ឱ្យកូន​របស់គាត់​​បង់លុយចំនួន៦ម៉ឺនរៀលក្នុង១ខែសម្រាប់ដឹងគុណគ្រូ។

ប្រហាក់ប្រហែលគ្នានេះដែរ ហ្វេសប៊ុកម្នាក់ទៀត ឈ្មោះ SreyNeth SreyNeth បានលើកឡើងថា កូនប្រុសពៅរបស់គាត់រៀនថ្នាក់ទី៦ នៅសាលាបឋម​សិក្សា​សន្ធរម៉ុក ក៏ត្រូវបានគ្រូទារលុយចំនួន៦ម៉ឺនរៀលជាថ្លៃដឹងគុណគ្រូ និងថ្លៃទឹកភ្លើងចំនួន២ម៉ឺនរៀលទៀត​ដែរ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំបូលី ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះ​ថា ក្រសួង​បានដឹងករណីនេះហើយ។ លោកបន្តថា ក្រសួង​បាន​ឱ្យ​មន្ទីរអប់រំរាជធានីភ្នំពេញសិក្សាស្រាវ​ជ្រាវលើករណីនេះ ដើម្បីឈានទៅចាត់វិធានការតាមច្បាប់​។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត មានប្រសាសន៍ថា អ្នកគ្រូបង្រៀនដែលយកលុយសិស្សនោះ បានសារភាពអំពីកំហុសថា ខ្លួនពិតជាបានយកលុយពីសិស្សដូចការលើកឡើងរបស់ឪពុកម្តាយសិស្សមែន។

លោកបន្ត​ថា ជាបឋម​ មន្ទីរបានដាក់ពិន័យទៅលើគ្រូបង្រៀនរូបនោះហើយ ក្រោយ​ពីបាន​រកឃើញថា គ្រូបង្រៀន​រូបនោះបានប្រព្រឹត្តកំហុស​ដូចការលើកឡើងរបស់​អាណាព្យាបាល​សិស្ស។

លោកបន្ថែមថា៖«ឥលូវយើងមានវិធានការរដ្ឋបាលហើយ។ យើងបានឱ្យគាត់មកសារភាពហើយ។ យើងមានឯកសារហូរហែដែរហើយ ប៉ុន្តែខ្ញុំមិនទាន់ហ៊ានទម្លាយថា វិធានការខ្ញុំត្រូវធ្វើយ៉ាងម៉េចៗទៀត ខ្ញុំអត់ទាន់ដឹងទេ។ ដោយខ្ញុំទាមទារការប្រជុំសម្រេចមួយទៀត»

គ្រូបង្រៀននៅសាលាបឋមសិក្សាសន្ធរម៉ុកម្នាក់ដែលសុំមិនបញ្ចេញ​ឈ្មោះ បាននិយាយថា អ្នកគ្រូដែលយកលុយពីសិស្សក្នុងម្នាក់៦ម៉ឺនរៀលនោះ ជាគ្រូបង្រៀនសិស្ស​​ថ្នាក់ទី៦។ អ្នកស្រីបន្តថា នៅក្នុងសាលាបឋមសិក្សា​សន្ធរម៉ុក គឺពិតជាមានករណីបង្រៀនគួរថែមម៉ោងមែន ប៉ុន្តែសម្រាប់លោកគ្រូ អ្នកគ្រូផ្សេង ពុំមានការបង្ខិតបង្ខំឱ្យសិស្សរៀននិងយកលុយសិស្សនោះទេ។

អ្នកស្រីបន្ថែមថា៖ «និយាយទៅ ពួកខ្ញុំឈឺចាប់ណាស់ដែលគ្រូម្នាក់មកធ្វើរឿងអញ្ចឹង ហើយប៉ះពាល់ដល់ពួកយើងគ្រប់គ្នា។ ពួកយើងខំប្រឹងណាស់ ទទួលបានលេខ១រាល់ឆ្នាំ សាលាសន្ធរម៉ុក មិនថាផ្នែកបច្ចេកទេស មិនថាបង្រៀន តែដល់​ពេល​គាត់ធ្វើបែបនេះ ពួកខ្ញុំអត់មានមុខជួបមហាជនទេ។ គ្រូៗនៅទីនេះ អត់មានអ្នកណាគាំទ្រគាត់មួយទេ ឥលូវគេឱ្យចាត់វិធានការច្បាប់ហើយ»

អ្នកស្រី ម៉ាស់ សាឌី អាយុ៤២ឆ្នាំ ជាម្តាយ​របស់សិស្សចំនួន៣នាក់ដែល​​រៀននៅសាលាបឋមសិក្សាសន្ធរម៉ុកនេះ ប្រាប់វីអូឌីពេល​កំពុងចាំទទួលកូននៅមុខសាលាថា កូនៗទាំង៣នាក់​របស់​គាត់សុទ្ធតែ​​រៀនគួរបន្ថែមម៉ោងទាំងអស់គ្នា ដោយម្នាក់ៗត្រូវ​បង់ថ្លៃ៦ម៉ឺនរៀលក្នុងមួយខែ និងបង់ទឹកភ្លើងក្នុ​ង​ម្នាក់២ម៉ឺនរៀលក្នុងមួយឆ្នាំ។ អ្នកស្រីថា ការដែលកូនគាត់រៀនបន្ថែមម៉ោងនេះ ពុំមានការបង្ខិតបង្ខំនោះទេ គឺរៀនដោយស្ម័គ្រ​​ចិត្ត ហើយអ្នកស្រី​ក៏ពេញចិត្តឱ្យកូនរៀនបន្ថែមម៉ោង​ដែរ។

អ្នកស្រីបន្ថែមថា៖ «សម្រាប់កូនខ្ញុំ ដូចអត់ឮគ្រូថាម៉េច​ផង តែគ្រូថាបើរៀនគួរបន្ថែម ម្នាក់បង់៦ម៉ឺនរៀល តែកូនណាអត់លុយតាមហ្នឹងទៅ មិនបាច់រៀនក៏បានដែរ។ គាត់មិនកំណត់ឱ្យយើងបង់ឬទារថ្លៃនេះថ្លៃនោះទេ»

លោក កែវ សុខា អាយុ៦០ឆ្នាំ ដែលចាំទទួលចៅនៅសាលានេះ​ដែរ បាននិយាយថា លោកបានឮព័ត៌មានពាក់ព័ន្ធនឹងករណី​គ្រូបង្រៀនយកលុយពីសិស្សនេះដែរ ប៉ុន្តែចៅរបស់លោកពីរនាក់ដែលរៀននៅសាលានេះ ពុំមានការទារលុយពីលោកគ្រូអ្នកគ្រូនោះទេ។ លោកថា ប្រសិនបើមានករណីនេះ​​កើតឡើងមែន វានឹង​ធ្វើឱ្យប៉ះពាល់ដល់ទៅសិស្ស​ក្រីក្រ។

លោកបន្ថែមថា៖ «ព្រោះអីសិស្សខ្លះគាត់ក្រីក្រដែរ មិនមែនសិស្សសុទ្ធតែមានទេ បើបង្ខំឬទារលុយឱ្យគាត់បង់ច្រើន​អញ្ចឹង វាប៉ះពាល់ដល់គាត់ដែរ»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ករណីគ្រូយកលុយពីសិស្ស ជាទង្វើខុសច្បាប់។ លោកថា កន្លងមក បញ្ហានេះបានឮ និងកើតឡើងជារឿយៗ ជាពិសេសនៅរាជធានីភ្នំពេញ។

លោក សន ជ័យ បានស្នើទៅក្រសួងនិងមន្ទីរអប់រំ ត្រូវពង្រឹងការអនុវត្តច្បាប់និងត្រូវចាត់វិធានការឱ្យខានតែបាន ចំពោះគ្រូបង្រៀន​ទាំងឡាយណាដែលបានប្រព្រឹត្តកំហុសឆ្គងទាំងនេះ។

លោកបន្ថែមថា៖ «ការយកលុយពីសិស្សជារឿងមួយដែលខុសច្បាប់ ហើយជារឿងមួយដែលយើងតែងតែឮជាពាក្យចចាមអារ៉ាម បែបរ៉ាំរ៉ៃមកហើយ។ ខ្ញុំហៅថា ជាជំងឺរ៉ាំរ៉ៃ អញ្ចឹងខ្ញុំគិតថា ការចាត់វិធានការបែបនេះ ជារឿងមួយសមហេតុសមផល ដើម្បីកុំឱ្យសិស្សក្លាយ​ជាជនរងគ្រោះ ដោយសារការរៀនសូត្ររបស់គាត់។ រឿងបែបនេះតិចក្តីច្រើនក្តី វានឹងធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ឪពុកម្តាយសិស្ស»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ