ចូ បៃឌិន ទាម​ទារ​ឱ្យ​យោធា​ផ្តល់​អំណាច​ឱ្យ​លោក​ស្រី អ៊ុង សាន​ស៊ូជី​ វិញ

លោក ចូ បៃឌិន បំពេញការងារនៅក្នុងសេតវិមាននៅថ្ងៃទី២៧ខែមករាឆ្នាំ២០២១។ រូបពីAP

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន អំពាវនាវឱ្យពួកយោធាមីយ៉ាន់ម៉ាប្រគល់អំណាចទៅឱ្យលោកស្រី អ៊ុង សានស៊ូជី វិញជាបន្ទាន់ ហើយលោកក៏បានពិនិត្យពីមធ្យោបាយដែលត្រូវចាត់វិធានការលើករណីនេះ។​

បើយោងតាម AFP លោក ចូ បៃឌិន បញ្ជាក់ថា សហរដ្ឋអាមេរិក​ត្រូវតែចេញមុខការពារនៅពេលដែលដំណើរការប្រជាធិបតេយ្យរងការវាយប្រហារ។

លោក ចូ បៃឌិន៖ «សហរដ្ឋអាមេរិក​ត្រូវចេញមុខការពារប្រជាធិបតេយ្យ នៅពេលដែលប្រជាធិបតេយ្យស្ថិតនៅក្នុងការបំផ្លាញ»

លោក បៃឌិន ក៏បានប្តេជ្ញាក្នុងការធ្វើការងារជាមួយប្រទេសដៃគូផ្សេងទៀត ក្នុងការរួមគ្នាជាជំហរមួយដើម្បីដាក់សម្ពាធឱ្យពួកយោធាមីយ៉ាន់ម៉ាងាកទៅរកការគោរពសំឡេងបោះឆ្នោតតាមដំណើរការប្រជាធិបតេយ្យវិញ។​

សេតវិមានក៏បានចេញសេចក្តីថ្លែងការណ៍ក្រោយការធ្វើរដ្ឋប្រហារភ្លាម បញ្ជាក់ពីការចាត់វិធានការផ្សេងៗលើពួកយោធា ហើយបញ្ជាក់ថា ការដកទណ្ឌកម្មពីមីយ៉ាន់ម៉ាកាលពីទសវត្សរ៍មុនគឺដោយសារតែប្រទេសនេះងាកចេញពីរបបយោធាទៅជាប្រជាធិបតេយ្យ។​

ក្រោយការធ្វើរដ្ឋប្រហារដឹកនាំដោយឧត្តមសេនីយ៍ មិញអ៊ុង ឡាំង នៅថ្ងៃទី១ ខែកុម្ភៈនោះ ពួកយោធាបានឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី និងថ្នាក់ដឹកនាំនៅក្នុងគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ ហើយប្រកាសដាក់ប្រទេសស្ថិតនៅក្នុងគ្រាមានអាសន្ន១ឆ្នាំក្រោមការគ្រប់គ្រងរបស់អំណាចយោធា៕​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ