នគរ​បាល​​ជាតិ​​ណែ​នាំ​​ឱ្យ​​មន្រ្តី​​ពង្រឹង​​សន្តិសុខ​​សណ្តាប់​​ធ្នាប់​​សង្គម​​នៅ​​ថ្ងៃ​ចូល​ឆ្នាំ​​ចិន​​-​វៀត​ណាម​

​ប៉ូលិសចរាចរណ៍​ពីរ​នាក់​ឈរ​ចាំ​សម្រួល​ចរាចរណ៍​ដល់​ពលរដ្ឋ​ធ្វើដំណើរ​នៅ​ម្ដុំ​ស្ដា​តអូឡាំពិក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ​)

អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ ណែនាំ​ដល់​កម្លាំង​នគរបាល​ក្រោម​ឱវាទ​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈនិង​សុវត្ថិភាព​សង្គម ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-វៀតណាម។

សេចក្តី​ណែនាំ​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ ចុះ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យ​ដឹង​ថា បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​របស់​ប្រជាជន​ចិន​-វៀតណាម នឹង​មកដល់​នៅ​ថ្ងៃទី១១ ដល់​ថ្ងៃទី១៣ ខែកុម្ភៈ​នេះ ដែល​តម្រូវ​ឱ្យ​មានការ​ការពារ និង​ធានា​នូវ​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឱ្យ​បាន​ល្អ​ប្រសើរ​ជូន​ពលរដ្ឋ។

ករណីនេះ អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ ណែនាំ​ដល់​ប្រធាន​នាយកដ្ឋាន​កណ្តាល នាយកដ្ឋាន​-អង្គភាព និង​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​-ខេត្ត​ទាំងអស់ ត្រូវ​ផ្តោត​លើ​ការងារ​មួយចំនួន ដូចជា ត្រូវ​យកចិត្ត​ទុកដាក់​ក្តាប់​និង​ប្រមូល​ព័ត៌មាន​ពី​សភាព​ការណ៍​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ ជាពិសេស​ឧបាយកល សកម្មភាព​បង្ក​អសន្តិសុខ ឬការ​ញុះញង់​នានា ដើម្បី​មាន​វិធានការ​បង្ការ និង​ទប់ស្កាត់​បាន​ទាន់ពេល។

អគ្គស្នងការ​ដ្ឋាន ក៏បាន​ណែនាំ​ឱ្យ​ចាត់វិធានការ​ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់​ចរាចរណ៍​នៅ​តាម​ទីវត្ត​អារ៉ាម ព្រះវិហារ​ចិន​និង​វៀតណាម ទី​សក្ការៈ និង​រមណីយដ្ឋាន​នានា និង​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍។

ក្រៅពីនោះ អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​រំឭក​ដាស់តឿន​ឱ្យ​មានការ​ប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ ហាម​ដាច់ខាត​ការ​ដុត​ផាវ​និង​កាំជ្រួច និង​ផ្សព្វផ្សាយ​វិធានការ​ការពារ​ការ​ពី​ជំងឺ​កូ​វីដ១៩ ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ