វិភាគ៖ អនាគត​​មីយ៉ាន់ម៉ា​​ក្រោយ​​រដ្ឋ​ប្រហារ​?

លោកស្រី អង់សាន ស៊ូជី និងប្រមុខកងទ័ពមីយ៉ាន់ម៉ា​ឧត្តមសេនី លោក Min Aung Hlaing (រូបភាព៖ EPA/ scmp)

នៅ​ព្រឹកព្រលឹម​ថ្ងៃ​ចន្ទ​ ទី១ ខែ​កុម្ភៈ​នេះ ក្រុម​យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​រដ្ឋប្រហារ​ឡើង​គ្រប់គ្រង​អំណាច និង​ចាប់​ឃុំខ្លួន​លោក​ស្រី ​អ៊ុង សាន​ស៊ូ​ជី និង​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​មួយចំនួន​ទៀត ក្រោយពេល​មាន​ជម្លោះ​ខ្វែងគំនិត​គ្នា​ជុំវិញ​ដំណើរការ​បោះឆ្នោត។

ក្រុម​យោធា​ដឹកនាំ​ដោយ​លោក Min Aung Hlaing ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​រយៈពេល១ឆ្នាំ។ រដ្ឋអំណាច​យោធា​បកស្រាយ​ថា នៅក្នុង​រដ្ឋធម្មនុញ្ញ​ក្នុង​ស្ថានភាព​ដែល​ប្រទេស​ស្ថិតនៅ​ក្នុង​គ្រា​មាន​អាសន្ន​ ផ្តល់​សិទ្ធិ​ដល់​យោធា​ជា​អ្នកគ្រប់គ្រង​បណ្តោះអាសន្ន។

ពេល​ដែល​ពួក​យោធា​ប្រកាស​ក្តោប​អំណាច​ ប្រព័ន្ធ​ទំនាក់ទំនង​នានា​របស់​រដ្ឋាភិបាល​ស៊ីវិល​ត្រូវ​កាត់​ផ្តាច់ រួម​ទាំង​ទូរសព្ទនិងប្រព័ន្ធ​អ៊ី​នធឺ​ណិត។

មូលហេតុ​ដែល​នាំ​ឱ្យ​មាន​រដ្ឋប្រហារ​នេះ ដោយ​ពួក​យោធា​ចោទ​ថា ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា​ឆ្នាំ២០២០ មានការ​លួច​បន្លំ​ច្រើន និង ករណី​មិនព្រម​ផ្អាក​ការបោះឆ្នោត​នៅពេល​នោះ​ក្នុង​ស្ថានភាព​ប្រទេស​កំពុង​ជួប​បញ្ហា​ឆ្លង​រាលដាល​មេរោគ​កូ​វីដ​ខ្លាំង។

លោកស្រី អ៊ុង សាន​ស៊ូ​ជី វ័យ៧៥ឆ្នាំ ជា​អ្នកនយោបាយ​មាន​ឥទ្ធិពល​មួយ​រូប​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​បា​នតស៊ូ​ដោយ​អហិង្សា​ប្រឆាំង​ជាមួយ​ពួក​អំណាច​យោធា​អស់​ច្រើន​ឆ្នាំ។ ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា គណបក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុង សាន​ស៊ូ​ជី ទទួល​បាន​អាសនៈ​ចំនួន៣៩៦ ក្នុងចំណោម៤៧៦អាសនៈ​ ទាំង​សភា​ជាន់​ទាប និង​សភា​ជាន់ខ្ពស់។

ប្រតិកម្ម​ពី​ប្រទេស​នានា​ចំពោះ​ប្រតិកម្ម​នានា​ដែល​សារព័ត៌មាន Channel News Asia ធ្វើ​បច្ចុប្បន្នភាព​នោះ ​គឺ​យើង​ចាប់ផ្តើម​ចេញពី​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ។ កម្ពុជា និង​ថៃ​ បាន​បញ្ជាក់​ជំហរ​ដូចគ្នា​ថា ការ​ធ្វើ​រដ្ឋប្រហារ​នេះ​គឺជា​បញ្ហាផ្ទៃក្នុង​របស់​ប្រទេស​មីយ៉ាន់ម៉ា។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជាក់​ថា បញ្ហា​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​គឺជា​បញ្ហាផ្ទៃក្នុង​ហើយ​កម្ពុជា​មិន​ផ្តល់​មតិយោបល់​លើ​បញ្ហាផ្ទៃក្នុង​ដល់​ប្រទេស​ណាមួយ​ជាស​មា​ជិ​ករបស់​អាស៊ាន​នោះ​ទេ។

ចំពោះ​ឧបនាយក​រដ្ឋមន្ត្រី​ថៃ​ លោក Prawit Wongsuwan ក៏​លើកឡើង​ដូច​កម្ពុជា​ដែរ​ថា នេះ​ជា​បញ្ហាផ្ទៃក្នុង​របស់​ប្រទេស​ឯករាជ្យ​មួយ។

ប្រទេស​សិង្ហបុរី​ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​ក្រសួង​ការបរទេស​សិង្ហបុរី​ បាន​បញ្ជាក់​ថា ខ្លួន​តាមដាន​ស្ថានភាព​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត និង​ជំរុញ​ឱ្យ​គ្រប់​ភាគី​នៃជ​ម្លោះ​ពង្រឹង​ការ​ទំនាក់ទំនង និយាយ​គ្នា​ដោយសន្តិវិធី ឆ្ពោះទៅ​រក​ដំណោះស្រាយ​បញ្ហា​ដោយសន្តិវិធី។

ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ រំឭក​ឱ្យ​មីយ៉ាន់ម៉ា​ងាក​ទៅ​ពិនិត្យ​ធម្មនុញ្ញ​របស់​អាស៊ាន។ ធម្មនុញ្ញ​របស់​អាស៊ាន​មាន​ភ្ជាប់​ពី​ការដឹកនាំ​ត្រូវ​ផ្តោត​លើគោលការណ៍​នៃ​ច្បាប់ អភិបាលកិច្ច គោលការណ៍​ប្រជាធិបតេយ្យ និង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស។

រដ្ឋាភិបាល​ជប៉ុន​ បាន​បញ្ជាក់​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ការ​គាំទ្រ​ចលនា​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ជប៉ុន​ បាន​អំពាវនាវ​ឱ្យ​ពួក​យោធា​ដោះលែង​លោកស្រី អ៊ុង សាន​ស៊ូ​ជី និង​មន្រ្តី​ជាន់​ខ្ពស់​ផ្សេង​ៗទៀត​នៅក្នុង​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​ឃុំខ្លួន។

ចិន​ ជា​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​មីយ៉ាន់ម៉ា ​ហើយ​មានផល​ប្រយោជន៍​សេដ្ឋកិច្ច​ច្រើន​ជាមួយ​ប្រទេស​នេះ បាន​អំពាវនាវ​ឱ្យ​ភាគី​នី​មួយ​ៗផ្តោត​ការ​ដោះស្រាយ​ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់​ផ្សេង​ៗនិង​រដ្ឋធម្មនុញ្ញ។ ចិន​មាន​ផែនការ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ច្រើន​ជាមួយ​មីយ៉ាន់ម៉ា ​រួម​ទាំង​ការ​ភ្ជាប់​បំពង់​បង្ហូរ​ប្រេងនិង​ឧស្ម័ន ការអនុវត្ត​​គោលនយោបាយ«​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ាត់​មួយ» និង​ការរៀបចំ​ផ្លូវដែក​ល្បឿន​លឿន​ចេញពី​ខេត្ត​យូ​ណា​ន ប្រ​ទេស​ចិន ​ទៅ​ឆ្នេរ​ភាគ​ខាងលិច​នៃ​ប្រទេស​មីយ៉ាន់ម៉ា។

ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ​លោក Charles Michel បាន​ថ្កោលទោសយោធា​មីយ៉ាន់ម៉ា​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​គ្រប់គ្រង​អំណាច ហើយ​លោក​បាន​អំពាវនាវ​ឱ្យ​មានការ​ដោះលែង​ចំពោះ​ការ​ឃុំខ្លួន​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ដែល​មិន​សមស្រប​ទៅតាមច្បាប់​នេះ។ ប្រតិកម្ម​តាម​បណ្តា​ប្រទេសយើង​បិទ​បញ្ចប់​ត្រឹម​សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក​ ព្រមាន​ថា នឹង​ចាត់វិធានការ​លើ​របប​យោធា​មីយ៉ាន់ម៉ា ​បើសិនជា​មិន​មានការ​ដោះលែង​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​នោះ​ទេ។ សហរដ្ឋអាមេរិក ​បញ្ជាក់​ជំហរ​ប្រឆាំង​ដាច់ខាត​លើស​កម្ម​ភាព​ដែល​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ដើម្បី​ដូរ​មេដឹកនាំ។ សហរដ្ឋអាមេរិក​ បញ្ជាក់​ថា វិធានការ​នឹង​មាន​ឡើង​នៅ​ពេល​ឆាប់​ៗនេះ។

តើ​អនាគត​មីយ៉ាន់ម៉ា​ទៅជា​យ៉ាងណា​? 

បញ្ហា​ប្រឈម​នៅចំពោះមុខ​នៅពេល​នេះ ​យោធា​មីយ៉ាន់ម៉ានឹង​រង​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ។ ក្នុងចំណោម​ប្រតិកម្ម​របស់​ប្រទេស​នានា​ មិន​មាន​ប្រទេស​ណា​បញ្ជាក់​ជំហរ​គាំទ្រ​ដល់​ការ​ធ្វើ​រដ្ឋប្រហារ​នេះ​ទេ​ គឺ​មានតែ​ការ​មិន​ផ្តល់​មតិយោបល់ ការ​ថ្កោលទោស និង​ការព្រមាន​ចាត់វិធានការ​នានា។

ក្នុង​ស្ថានភាព​នេះ ​ប្រទេស​មីយ៉ាន់ម៉ា​អាច​នឹង​វិល​ទៅ​រក​ស្ថានភាព​ជារ​ដ្ឋ​ឯកោ​ម្តង​ទៀត និង​មានការ​ដាក់​សម្ពាធ​ជុំ​ទិស​ដែល​នាំមុខ​ដោយ​ប្រទេស​កាន់​របប​សេរី។ ក្នុង​ស្ថាន​នេះ​ សេដ្ឋកិច្ច​របស់​មីយ៉ាន់ម៉ានឹង​រង​ឧបសគ្គ​រាប់​រយ​ជំពូក​ឡើងវិញ។

ចំពោះមុខ​នេះ ​ចលនា​ផ្ទៃក្នុង​ដែល​គាំទ្រ​ការដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​ក៏​ផ្ទុះឡើង​ដែរ ព្រោះ​លទ្ធផល​នៃ​ការបោះឆ្នោត​បន្តបន្ទាប់​បង្ហាញថា ប្រជាពលរដ្ឋ​គាំទ្រ​មេដឹកនាំ​ស៊ីវិល​មាន​ចំនួន​ច្រើនលើស​លប់។

ក្រោយ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ភ្លាម​ៗ នៅ​លើ​ផេ​ក​ហ្វេសប៊ុក​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ ក៏បាន​ប្រកាស​ថា មិន​អាច​ទទួលយក​បានទេ​ចំពោះ​សកម្មភាព​របស់​ពួក​យោធា ហើយ​គណបក្ស​នេះ​ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​តវ៉ា​ប្រឆាំង​ដែរ។ ទោះ​យ៉ាងណា​ គេ​មិនទាន់​អាច​បញ្ជាក់​បាន​ថា អ្នកណា​ជា​អ្នក​ផ្សព្វផ្សាយ​សារ​នៅ​លើ​ផេ​ក​ហ្វេសប៊ុក​នេះ​ទេ ព្រោះ​កន្លងមក ​គោលជំហរ​របស់​លោកស្រី អ៊ុង សាន​ស៊ូ​ជី តែងតែ​ជ្រើសរើស​យក​ការ​តស៊ូ​ដោយសន្តិវិធី។

ក្នុង​ស្ថានភាព​នេះ​ បើ​ពលរដ្ឋ​ងើប​តវ៉ា​ដូច​ការ​អំពាវនាវ​របស់​ផេ​ក​ហ្វេសប៊ុក​នេះ​មែន ចលនាមហាជន​នឹង​ផ្ទុះឡើង ហើយ​បើ​ចលនា​កាន់តែ​ធំ អំណាច​ពួក​យោធា​ពិតជា​ពិបាក​ក្នុង​ការគ្រប់គ្រង។

ករណី​មួយទៀត​ បើសិន​ស្ថានភាព​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា មានការ​ច្របូកច្របល់​ខ្លាំង​នោះ ក្រុម​បះបោរនៅ​តាម​រដ្ឋ​ផ្សេង​ៗទៀត អាចយ​កឱកាស​នេះដើម្បី​ផ្តាច់​ខ្លួន​ចេញពី​ប្រទេស​មីយ៉ាន់ម៉ា​ជា​ផ្លូវការ​ដើម្បី​បង្កើត​ជារ​ដ្ឋ​ឬដែនដី​ថ្មី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ