ស្ថានទូត​​កម្ពុជា​​នៅ​​ម៉ាឡេស៊ី​ ជួយ​​ស្ត្រី​​ខ្មែរ​​ដែល​​រង​គ្រោះ​​ដោយ​​ម្ចាស់​ផ្ទះ​​កាត់​​ត្រចៀក​​ត្រឡប់​​មក​​កម្ពុជា​​វិញ​

ពល​ការិនី​ឈ្មោះ អ.ស.ក.ម មក​ដល់​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ ប្រទេស​កម្ពុជា​វិញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។ (​ហ្វេសប៊ុក៖ Royal Embassy of Cambodia to Malaysia​)

​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​ជួយ​អន្តរាគមន៍​នាំ​ក្មេងស្រី​ខ្មែរឥស្លាម​ម្នាក់ត្រឡប់​មក​កម្ពុជា​វិញកាលពី​ចុងខែ​មករា បន្ទាប់ពី​ម្ចាស់ផ្ទះធ្វើទារុណកម្ម​កាត់​ត្រចៀក។

ក្នុង​លិខិត​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​កូឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី បានឱ្យ​ដឹង​កាលពី​ថ្ងៃទី​២៩ ខែមករា ​ថាពល​ការិនី​រងគ្រោះឈ្មោះ អ.ស.ក.ម ភេទ​ស្រី អាយុ១៦ឆ្នាំ បាន​ទៅ​ធ្វើ​ការ​ងារជា​ជំនួយការ​មេផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ធ្វើទារុណកម្ម​កាត់​ត្រចៀក។

ករណីនេះ អាជ្ញាធរ​ខ្មែរសហការ​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី ក្រោម​ការសម្រប​សម្រួល​ពី​ក្រសួង​ការបរទេសនិង​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​កម្ពុជា ព្រមទាំង​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​ជួយ​អន្តរាគមន៍​សង្គ្រោះ​ជនរងគ្រោះ​​ដោយ​ជោគជ័យ និង​បាន​បញ្ជូន​ត្រឡប់​មកដល់​កម្ពុជា នា​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលា​ម៉ោង១៧និង៤៥នាទី​រសៀល។

បច្ចុប្បន្ន ស្ត្រី​រងគ្រោះ​នោះកំពុង​អនុវត្ត​វិ​ធាន​ចត្តាឡីស័​ករយៈពេល១៤ថ្ងៃ នៅ​មណ្ឌល​ចត្តាឡីស័​កព្រែកព្នៅ រាជធានី​ភ្នំពេញ។ បន្ថែម​ពីនេះ​ អាជ្ញាធរ​កម្ពុជាក៏បាន​និង​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ម៉ាឡេស៊ី ស៊ើបអង្កេតករណីនេះ ដើម្បី​ចាប់​ជនសង្ស័យ​មក​ផ្តន្ទា​ទោស​តាមច្បាប់​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ