ក្រុមហ៊ុន​​សិង្ហបុរី​ និង​ចិន​ នឹង​​កាន់​កាប់​​សិទ្ធិ​​ប្រមូល​​សំរាម​​ក្នុង​​រាជ​ធានី​​ភ្នំពេញ​​ជាមួយ​​ក្រុម​ហ៊ុន​​ស៊ីន​ទ្រី​​

សន្តិសុខ​ខណ្ឌ​មួយ​រូប​កំពុង​បោះ​ស្បោង​សំរាម​ចូល​រថយន្ត ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ អំឡុង​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន ស៊ីន​ទ្រី ធ្វើកូដកម្ម​មិន​ចូល​ធ្វើការ នៅ​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។ (ត្រាន់ តិច​សេង​)

តំណាង​ក្រុមហ៊ុន​ប្រមូល​សំរាម ឱ្យ​ដឹង​ថា ក្រុមហ៊ុន​សិង្ហបុរី និង​ចិន នឹង​កាន់កាប់​សិទ្ធិ​ប្រមូលនិង​គ្រប់គ្រង​សំរាមនៅ​តំបន់​ចំនួន២ក្នុងចំណោម​បី​តំបន់​នៅ​រាជធានី​ភ្នំពេញ ខណៈ​ក្រុមហ៊ុន​ស៊ីន​ទ្រី​នឹង​បន្ត​សេវាកម្ម​របស់​ខ្លួន​នៅ​តំបន់​ភាគ​កណ្តាល​និង​ខាងត្បូង​នៃ​ទីក្រុង។ 

សាលា​រាជធានី​ភ្នំពេញ បាន​ដកហូត​សិទ្ធិ​កាន់កាប់​ប្រតិបត្តិ​ការ​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី មក​គ្រប់គ្រង​ក្នុង​ឆ្នាំ២០១៩ បន្ទាប់ពី​លក្ខខណ្ឌ​ការងារនិង​សេវាកម្ម​របស់​ក្រុមហ៊ុនត្រូវ​បាន​ចោទ​ថាមាន​ភាព​ខ្វះចន្លោះ ហើយ​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន សន្យា​ថា នឹង​បង្កើន​ប្រសិទ្ធភាព​សេវាកម្ម​សម្អាតនិង​ប្រមូល​សំរាម​ក្នុង​ទីក្រុងឱ្យ​បាន​ល្អ​ប្រសើរ។ 

នៅ​ឆ្នាំ២០២០ ខណៈ​ការ​តវ៉ា​របស់​ក្រុម​កម្មករ​ប្រមូល​សំរាម​បាន​ផ្ទុះឡើង សាលា​រាជធានី​ភ្នំពេញ បាន​និយាយ​ថា​ ខ្លួន​នឹង​ប្រកាស​ឈ្មោះ​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​ផ្តល់​សេវាកម្ម​គ្រប់គ្រង​សំរាម​ថ្មី​ក្នុង​ខែតុលា។

យ៉ាងណា ​រហូត​មកទល់​ពេលនេះមិនទាន់​មានការ​ប្រកាស​ជា​ផ្លូវការ​ណាមួយអំពី​អត្តសញ្ញាណ​ក្រុមហ៊ុន​ទាំងនោះ ឬកាល​បរិច្ឆេទ​នៃ​ការបែងចែក​ប្រតិបត្តិ​ការ​ប្រមូល​សំរាម​នៅឡើយ ដោយ​អ្នកនាំពាក្យ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយតប​បាន​នោះ​ទេកាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន និង​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ។

ប៉ុន្តែអគ្គនាយក​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីន​ទ្រី លោក សេង សា​វី បានឱ្យ​ដឹង​នៅ​ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ថា ក្រុមហ៊ុន​របស់​លោកបាន​ឈ្នះ​សិទ្ធិ​ប្រមូល​សំរាម​នៅ​ខណ្ឌ​ចំនួន៤ រួមមាន បឹងកេងកង ចំការមន មានជ័យ និង​ច្បារអំពៅ ដែល​ឋិតនៅ​តំបន់​មួយ​នៃ​តំបន់៣ដែល​បែកចែក​ដោយសា​លា​រាជធានី​ភ្នំពេញ។ 

លោក​បន្ថែម​ថា ក្រុមហ៊ុន​បរទេសនឹង​ទទួល​បាន​សិទ្ធិ​ប្រមូល​សំរាម​នៅ​ពីរ​តំបន់​ទៀត ប៉ុន្តែ​លោក​មិនទាន់​ទទួល​បានការ​កំណត់កាល​បរិច្ឆេទ​ជាក់លាក់ពីសា​លា​រាជធានី​ភ្នំពេញ សម្រាប់​ការផ្ទេរ​តួនាទី​ទៅ​ឱ្យ​ក្រុមហ៊ុន​ថ្មី​នោះ​នៅឡើយ។

លោក សា​វី មានប្រសាសន៍​ថា៖ «ឥលូវនេះមិនទាន់​មានការ​កំណត់​ច្បាស់លាស់ពី​ការ​ប្រគល់​តួ​នៃ​ការ​ដេញថ្លៃ​បាន​នោះ​ទេ។ គណៈកម្មការ​ហ្នឹង​កំពុងតែ​រៀបចំ។ ក្រុមហ៊ុន​ស៊ីន​ទ្រី កំពុងតែ​ធ្វើ​នៅឡើយ»។

ប្រធាន​សេវាកម្ម​អាជីវកម្ម​របស់​ក្រុមហ៊ុន Gaea Waste Management អ្នកនាង រ៉ន សា​រុម ឱ្យ​ដឹង​ថា ក្រុមហ៊ុន Gaea ដែល​បច្ចុប្បន្ន​មាន​ប្រតិបត្តិ​ការ​ផ្តល់​សេវា​ប្រមូល​សំរាម​ក្នុង​ខេត្តសៀមរាប បាន​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​សិង្ហបុរី​មួយ​ឈ្មោះ 800 Super ដើម្បី​គ្រប់គ្រង​សំរាម​នៅ​តំបន់​មួយក្នុងចំណោម​ពីរ​តំបន់ដែល​នៅសល់។ យ៉ាងណា ប្រភព​ដដែល​មិនទាន់​អាច​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​បានទេ ខណៈ​ក្រុមហ៊ុន 800 Super មិនទាន់​ឆ្លើយតបទៅនឹង​សំណួរ​របស់​វី​អូ​ឌី តាម​សារ​អេឡិចត្រូនិច​នៅឡើយ។ 

ប្រធាន​សហព័ន្ធ​សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល និង​ម្ចាស់​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីន​ទ្រី លោក សា​វី បាន​អះអាង​ដូចគ្នា​ថា ក្រុមហ៊ុន​ទី៣ដែល​ទទួល​សិទ្ធិ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​ដែរ​នោះគឺជា​ក្រុមហ៊ុន​ចិន ប៉ុន្តែ​ពួក​គេ​មិនដឹង​ថាក្រុមហ៊ុន​នោះ​មានឈ្មោះ​អ្វី​នៅឡើយ។

លោក កុសល និយាយ​ថា មានការ​បន្ត​ពន្យា​រពេល​ប្រគល់​ការងារ​ទៅ​ក្រុមហ៊ុន​ថ្មី ប៉ុន្តែគាត់​រំពឹង​ថា នៅពេល​ក្រុមហ៊ុន​ទាំងនោះចាប់ផ្តើម​ដំណើរការ​ការងារ នឹង​ធ្វើ​ឱ្យ​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​ប្រមូល​សំរាមនឹង​មាន​ភាពល្អ​ប្រសើរ​ឡើង។

លោក ទូច កុសល ប្រាប់​ថា៖ «ខ្ញុំ​គិតថា ប្រាក់ឈ្នួល​របស់​គាត់​នឹង​មាន​ភាពល្អ​ប្រសើរ ប្រសិនបើ​មាន​ក្រុមហ៊ុន ២​[ទៅ]៣ អញ្ចឹង។ បើសិនជា​គាត់​មើល​ថា ​ក្រុមហ៊ុន​នេះឱ្យប្រាក់​ឈ្នួល​គាត់​តិច អញ្ចឹង​គាត់​អាច​នឹង​ដាក់ពាក្យ​ធ្វើ​នៅ​ក្រុមហ៊ុន​ផ្សេងអញ្ចឹង»។

ប្រធាន​សហជីព​រូប​នេះបន្ថែម​ថា ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​ធានា​សារ​ជាថ្មី​ថា នឹង​បើកប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗទៅដល់​កម្មករ​និយោជិត​របស់​ខ្លួនឱ្យ​ស្របតាម​ច្បាប់និង​កិច្ចសន្យា​ការងារ និង​ទៅតាម​ការសន្យា​ដែល​បាន​បិទ​បញ្ចប់​កូដកម្ម​តវ៉ា​របស់​ក្រុម​កម្មករកាលពី​ឆ្នាំមុន ដោយ​ថា ​នឹង​ធ្វើឡើង​នៅ​សប្តាហ៍​ទី២នៃ​ខែកុម្ភៈ ​ឆ្នាំ២០២១។

កាលពី​ខែតុលា ឆ្នាំ២០២០ កម្មករ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​ ប្រមាណ២ពាន់​នាក់បាន​ធ្វើកូដកម្ម​តវ៉ា​ទាមទារ​ការ​ទូរ​ទាត់​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗរបស់​ពួក​គេ មុន​ពេល​ពួក​គេ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​ក្រុមហ៊ុន​ថ្មី។ កម្មករ​ក៏បាន​រអ៊ូរទាំ​អំពី​បញ្ហា​សុខភាព និង​ការ​ទទួលរង​គ្រោះថ្នាក់​ដោយសារ​លក្ខខណ្ឌ​ការងារ​ផង​ដែរ​៕

ប្រែសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេស

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ