មេ​ខ្យល់​​នាំ​​ពលករ​​ឆ្លងដែន​​ពី​​ថៃ​​ចូល​​កម្ពុជា​​គេច​​ពី​​ការ​​ធ្វើ​​ចត្តា​ឡីស័​ក​ត្រូវ​​បញ្ជូន​​ទៅ​​តុលាការ

អាជ្ញាធរ​ខេត្តបាត់ដំបង រួម​នឹង​កងកម្លាំង​ពាក់ព័ន្ធ ចុះ​ពិនិត្យ​និង​នាំ​យក​ពលករ​ខ្មែរ​ដែល​មក​ពី​ប្រទេស​ថៃ មក​ធ្វើ​ចត្តាឡីស័​កនៅ​មណ្ឌល​ដែល​ខេត្ត​បាន​រៀបចំ អំឡុង​ខែមេសា ឆ្នាំ២០២០។ (វេ​បសាយ៖ រដ្ឋបាល​ខេត្តបាត់ដំបង​/ battambang.gov.kh​)

​កម្លាំង​សមត្ថកិច្ច​ខេត្តបាត់ដំបង បាន​បញ្ជូន​បុរស​ជា​ជនសង្ស័យ​ពីរ​នាក់​ដែល​ជា​មេខ្យល់​នាំ​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ឆ្លងដែន​ចូល​មក​កម្ពុជា​វិញ​ដោយ​ខុសច្បាប់ ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ឱ្យ​តុលាការ​បន្ត​នីតិវិធី​តាមច្បាប់។

នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនី​តិ​ជន​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តបាត់ដំបង លោក ប៊ន់ វណ្ណា​រ៉ា មានប្រសាសន៍​យ៉ាង​ខ្លី​ថា ជនសង្ស័យ​ជា​មេខ្យល់​ទាំង២នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃម្សិលមិញ។ 

លោក​ថា៖ «យើង​បាន​បញ្ជូន ​[ជនសង្ស័យ​] តាម​នី​តិ​វិធី ទៅ​តុលាការ​សាលាដំបូង​ខេត្តបាត់ដំបង»។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្តបាត់ដំបង លោកស្រី ចាន់ រស្មី បដិសេធ​អត្ថា​ធិប្បាយ​ជុំវិញ​ករណីនេះ ដោយ​ថា​ លោក​ស្រីមិនទាន់​ទទួល​បានព័ត៌មាន​ជុំវិញ​ករណីនេះ​នៅឡើយ។

ចំណែក​ក្រឡាបញ្ជី​នៃ​សាលាដំបូង​ខេត្តបាត់ដំបង លោក ហេង ពិសិដ្ឋ មានប្រសាសន៍​យ៉ាង​ខ្លី​ថា សំណុំរឿង​នេះកំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នី​តិ​វិធី​ស៊ើបសួរ​នៅឡើយ។

លោក​ថា៖ «វា​ [សំណុំរឿង​] ស្ថិតនៅ​ការសម្ងាត់​នៃ​ការ​ស៊ើបសួរ អ៊ីចឹង​ពាក់ព័ន្ធ​ការ​ស៊ើបសួរ​ដំណើរការ​ចំណាត់ការ​ក្នុង​សំណុំរឿង​នេះ ខ្ញុំ​មិន​អាច​ឆ្លើយ​ជូន​បានទេ»។ 

នាយ​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង លោក ង៉ែត វណ្ណា បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ចបាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេខ្យល់​ទាំងពីរ​នាក់​នោះ រួម​ជាមួយ​នឹង​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ថៃ​ចំនួន៤នាក់ កាលពី​ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈ​ពួក​គេ​កំពុង​លួច​ឆ្លងដែននៅ​ចំណុច​ច្រករបៀង ក្នុង​ភូមិ​ស្វាយ ឃុំ​បឹងរាំង ស្រុក​កំរៀង។

លោក​បន្ត​ថា តាម​ការសាកសួរ ជនសង្ស័យ​ជា​មេខ្យល់​ទាំងពីរ​នាក់​នោះបាន​លួច​នាំ​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ចំនួន៤នាក់ ឆ្លងដែន​ចូល​មក​កម្ពុជា​វិញតាម​ច្រករបៀង​នោះ ដោយ​មិន​ឆ្លងកាត់​ការ​ធ្វើ​ចត្តាឡីស័​ក។

លោក ង៉ែត វណ្ណា បាន​បន្ថែម​ថា ជនសង្ស័យ​ក៏បាន​សារភាព​ដែរ​ថា ការ​នាំ​ពលករ​ខ្មែរ​ចូល​មក​កម្ពុជា​នេះ គឺ​ថៅកែ​ជនជាតិ​ថៃ នៅ​ខេត្ត​ចាន់​បូរី ប្រទេស​ថៃ បាន​បង់ប្រាក់​ជំនួស​ពលករ​ទាំងនោះ​ក្នុង​ម្នាក់ ១ ០០០បាត ទៅ​ឱ្យ​ពួក​គេ។

លោក​បន្ត​ថា នេះ​ជា​លើកទីមួយ​ហើយដែល​លោក​ទទួល​បាន​ព័ត៌មាន​ថា ថៅកែ​ជនជាតិ​ថៃបាន​ចេញលុយ​ឱ្យ​ពលករ​ខ្មែរយក​ទៅ​ឱ្យ​មេខ្យល់ ដើម្បី​បាន​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​នេះ ខណៈ​ពីមុន​មកមានតែ​ករណី​មេខ្យល់​យក​លុយ​ពី​ពលករ។

បើ​តាម​សមត្ថកិច្ច​ខេត្តបាត់ដំបង ក្នុង​ខែមករាកន្លងទៅ សមត្ថកិច្ចក៏បាន​ចាប់ខ្លួន​មេខ្យល់​នាំ​ពលករ​ចំណាកស្រុក​ចំនួន៣នាក់ឆ្លងដែន​ខុសច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដែរ ដោយ​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ហើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ