ក្រសួងវប្បធម៌កោះហៅអ្នកសម្តែងរឿងទុំទាវ២០២១ ទៅបំភ្លឺនៅសប្តាហ៍ក្រោយ

យុវជនពីរនាក់ដែលសម្ដែងជាព្រះសង្ឃគ្រងស្បងចីពរ រឿង«ទុំទាវ២០២១» ដែលត្រូវបានបង្ហោះក្នុងបណ្ដាញសង្គម។ (បណ្ដាញសង្គម/ screenshot)

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោះហៅ​ម្ចាស់​​ទំព័រហ្វេសប៊ុកមួយនិងអ្នកសម្តែង​ក្នុងរឿងទុំទាវ​២០២១ ចូលបំភ្លឺនៅក្រសួងនាសប្តាហ៍ក្រោយ បន្ទាប់ពីមានការរិះគន់យ៉ាងច្រើន​នៅលើ​បណ្តាញ​​សង្គម ដោយសាធារណជនថាការសម្តែងរឿងនេះបានធ្វើឱ្យ​ប៉ះពាល់ដល់តម្លៃវប្បធម៌ អក្សរសាស្រ្ត និងសាសនារបស់ជាតិ។

យោងតាមលិខិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងបាន​កោះហៅម្ចាស់ផេកហ្វេ​ស​ប៊ុកឈ្មោះ Hukima និងអ្នកសម្តែងក្នុងរឿងទុំទាវ២០២១ ទៅកាន់ទីស្តីការក្រសួង នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។

ក្រសួងបានបញ្ជាក់​​ថា ការកោះម្ចាស់​​ទំព័រហ្វេសប៊ុក និងអ្នកសម្តែងក្នុងរឿងនេះ គឺ៖ «ដើម្បីចូលមកបំភ្លឺ ករណីការថតកាឡៃរឿងទុំទាវ ដែលធ្វើឱ្យ​ប៉ះពាល់ដល់សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិ »

​រឿង​ទុំ​ទាវ​២០២១ ជា​ការ​ផលិត​ដោយ​ក្រុម​សម្ដែង Ah GI Leader ដែល​បានយក​តួ​អង្គ​២​នាក់ ​ធ្វើ​ជា​ព្រះ​សង្ឃ​ដោយគ្រង​​ស្បង់ចីវរជា​ភិក្ខុ និមន្ត​​បិណ្ឌ​បាត បាន​ជួប​ប្រតិព័ទ្ធ​ស្នេហាជា​មួយ​ស្ត្រី​២នាក់។

ក្នុង​វីដេអូ​ដែល​មាន​រយៈពេល ​១១នាទី​និង​៣៥​វិនាទី​នោះ បាន​បង្ហាញ​ពីភាព​ឆ្គាំឆ្គង​ជា​ច្រើន ​ដូច​ជា ​ព្រះសង្ឃ​​ច្រៀង​រាំ ដៀង​​ភ្នែក​ ញាក់​ចិញ្ចើម​រក​ស្ត្រីជាគូរស្នេហ៍ ខណៈតួអង្គ​ស្ត្រី​នាំ​គ្នា​រាំ​មុខព្រះភក្ត្រ​​ព្រះសង្ឃ និង​បង្ហាញ​កាយវិការ​ទាក់ទាញព្រះសង្ឃ​ផង​ដែរ។

អ្នកប្រើប្រាស់បណ្តាញសង្គមមួយរូប លោក អ៊ាង គង្គា យល់ថា​រឿងទុំទាវឆ្នាំ២០២១នេះ អាចជិះនូវឥទ្ធិពលអវិជ្ជមានចំនួន៣ រួមមាន ប៉ះពាល់ដល់តម្លៃនៃព្រះពុទ្ធ​សាសនាដែលជាសាសនារបស់រដ្ឋ តម្លៃអក្សរ​សិល្ប៍ជាតិ និងតម្លៃនៃសិល្បៈវប្បធម៌ជាតិ។

លោកសរសេរថា៖ «ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា១រូប ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការ ហើយសំណូមពរដល់ក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងភាគីពាក់ពន្ធ សូមមេត្តាចាត់វិធានការអោយបានម៉ឺងម៉ាត់ចំពោះអ្នកដែលមានចេតនាទុច្ចរិតនេះ និងទុកជាមេរៀនដល់ជនដទៃទៀត»

ក្រោយពីមានការរិះគន់ជាច្រើនក្នុងបណ្តាញសង្គម​​ កញ្ញា តេង ដាណា និងតេង ស៊ីណា ដែល​ជា​ម្ចាស់​ហ្វេសប៊ុក​ផេក ​Hukima និង​ជា​អ្នក​សម្តែង​​ក្នុង​រឿង​នេះ​ផងដែរ​នោះ បានចេញវីឌីអូ បកស្រាយ ទទួល​កំហុស និងសុំទោស​​ដល់​សាធារណជន​ ចំពោះ​អាកប្បកិរិយា​​ឆ្ពាំ​ឆ្គងក្នុងរឿងនេះ។

កញ្ញាថា៖ «ពួកខ្ញុំក៏អត់ដឹងដែរថា រឿងហ្នឹងទាក់ទងទៅនិងអក្សរសិល្ប៍ និងសាសនា បើសិនជាពួកខ្ញុំដឹងក៏ពួកខ្ញុំមិនធ្វើអញ្ចឹងដែរ »

អនុរដ្ឋលេខាធិការ​ក្រសួងវប្បធម៌  និងវិចិត្រសិល្បៈ លោក អ៊ុន ទឹម មានប្រសាសន៍ថា ស្រប​ពេលដែលក្រសួងចេញលិខិតកោះហៅម្ចាស់ផេក និងអ្នកសម្តែងក្នុងរឿងនេះឱ្យ​ទៅបំភ្លឺនៅសប្តាហ៍ក្រោយនោះ ក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ ក៏​​កំពុង​ស្វែងរកអត្តសញ្ញាណក្រុមអ្នកផលិត​វីដេអូរឿងនេះផងដែរ។

លោកបញ្ជាក់ថា៖ «ក្រសួងវប្បធម៌ធ្វើពាក់ព័ន្ធតែរឿងទុំទាវទេ ដែលគាត់យកទៅធ្វើផ្ដេសផ្ដាសខុសពីខ្លឹមសារដើម ប៉ុន្ដែ ឥឡូវចំពោះមុខក្រសួងចេញលិខិតទៅក្រុមសម្ដែងមកបកស្រាយសិន […]អត្តសញ្ញាណរបស់គាត់មិនដឹងនៅឯណាផងទេ ដឹងតាមបាញ់តៗគ្នា ដូច្នេះយើងធ្វើលិខិតហៅពួកគាត់មកបកស្រាយតាមផ្លូវច្បាប់ ដើម្បីស្វែងរកពីខ្លឹមសាររាក់ជ្រៅ ដឹងពីបំណងរបស់គាត់ »

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី មានប្រសាសន៍ថា ​ក្រសួង​កំពុង​តែ​ពិនិត្យ​ទៅ​លើ​ករណី​នេះ​ហើយ។

លោក​មាន​ប្រសាសន៍​ថា៖ «មិនទាន់វាយតម្លៃបាន ថាតើជារូបភាពសិល្បៈឬក៏យ៉ាងណា វាយតម្លៃមិនទាន់ឃើញច្បាស់ថាចំណុចហ្នឹងជាចំណុចអីទេ ព្រោះទើបទទួលបានព័ត៌មានថ្មីដែរ »

រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៤៣ កថាខណ្ឌទី៣ បានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

ចំណែក ក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា ៥០៨ ចែងថា ត្រូវផ្ដន្ទាទោសពី ៦ថ្ងៃ ដល់៣ខែ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ៥សែន​រៀល ចំពោះ​អំពើស្លៀកដណ្ដប់ជាសាធារណៈ ដោយគ្មានសិទ្ធិស្លៀកដណ្ដប់នូវស្បង់ចីវរ​ សម្រាប់អ្នកបួសក្នុងព្រះពុទ្ធសាសនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ