វិភាគ៖ ពលរដ្ឋ​​មីយ៉ាន់ម៉ា​​មិន​​ស្វាគមន៍​​ការ​​វិល​ត្រឡប់​នៃ​​អំណាច​​ពួក​​យោ​ធា​

ឡាន​ក្រុម​យោធា​ធ្វើដំណើរ​ត្រួតពិនិត្យ​ស្ថានភាព​នៅក្នុង​ក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។ (HRW / AP​)

​មីយ៉ាន់ម៉ា ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​យ៉ាង​ណែន​ដោយអំណាច​ពួក​យោធា​អស់​រយៈពេល៤៩ឆ្នាំ ​ចាប់ពី​ឆ្នាំ១៩៦២ ដល់​ឆ្នាំ២០១១ បន្ទាប់មក​ឈាន​ចូល​ពាក់កណ្តាល​យោធា ​ហើយ​នៅ​ឆ្នាំ២០១៥ ទើប​រដ្ឋាភិបាល​របស់​លោក​ស្រី ​អ៊ុង សាន​ស៊ូ​ជី​ ជា​អ្នកដឹកនាំ។

ក្រោយ​ឆ្នាំ២០១៥ ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ស៊ីវិល ប៉ុន្តែ​អំណាច​មួយ​ផ្នែក​ធំ​នៅតែ​ស្ថិតនៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​យោធា​ដដែល។ រហូតដល់​ថ្ងៃទី១ ខែ​កុម្ភៈ ​ឆ្នាំ២០២១ ពួក​យោធា​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ មិញ អ៊ុង​ឡាំង ធ្វើ​រដ្ឋប្រហារ​ជាថ្មី​ ដោយ​ចាប់ខ្លួន​លោកស្រី អ៊ុង សាន​ស៊ូ​ជី និង​ថ្នាក់ដឹកនាំ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​មួយចំនួន​ទៀត​ឃុំខ្លួន និង​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​រយៈពេល​មួយឆ្នាំ។

មូលហេតុ​ធំ​មួយ​ដែល​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​នេះ ដោយ​ពួក​គេ​អះអាង​ថា ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា ​ឆ្នាំ២០២០ ​ជា​ការបោះឆ្នោត​ដែល​មានការ​លួច​បន្លំ​ច្រើនលើស​លុប ហើយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកស្រី អ៊ុង សាន​ស៊ូ​ជី មិន​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ។

បើ​ទោះជា​ពួក​យោធា​អះអាង​ថា ការបោះឆ្នោត​នោះ​មានការ​លួច​បន្លំ​ ប៉ុន្តែ​ពួក​គេ​មិនបាន​ផ្សព្វផ្សាយ​ពី​ភស្តុតាង​អ្វី​ដែល​ពួក​គេ​រក​ឃើញថាមាន​កំហុស​នោះ​ទេ។ ចំណែក​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​មីយ៉ាន់ម៉ា អះអាង​ថា ការបោះឆ្នោត​នៅពេល​នោះ​មិន​មាន​កំហុស​អ្វី​ទេ។

សហគមន៍​អន្តរជាតិ​ដែល​បាន​ចូលរួម​អង្កេត​នូវ​ដំណើរការ​បោះឆ្នោត​នោះ ​រួមមាន​ទាំង មជ្ឈមណ្ឌល​ Carter Center, បណ្តាញ​អាស៊ី​ដើម្បី​ការបោះឆ្នោត​ដោយសេរី និង​គណៈកម្មការ​អឺរ៉ុប​ឃ្លាំមើល​ការបោះឆ្នោត សុទ្ធតែ​អះអាង​ថា ដំណើរការ​បោះឆ្នោត​ល្អ។

សហភាព​អឺរ៉ុប​ប្រកាស​ថា ដំណើរការ​នៃ​ការបោះឆ្នោត​នោះ​គឺ​ត្រឹមត្រូវ​ល្អ​ អាច​ទទួលយក​បាន​រហូតដល់៩៥ភាគរយ។

លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា ​ឆ្នាំ២០២០ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ​របស់​លោកស្រី អ៊ុង សាន​ស៊ូ​ជី ទទួល​បាន​អាសនៈ​ចំនួន៣៩៦ ក្នុងចំណោម៤៧៦អាសនៈ ទាំង​សភា​ជាន់​ទាប និង​សភា​ជាន់ខ្ពស់។

តើ​ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​មក​មាន​ប្រតិកម្ម​អ្វីខ្លះ​ពី​ប្រជាពលរដ្ឋ​?

បើ​ទោះជា​ពួក​យោធា​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន មានការ​រឹត​បន្តឹង​លើ​សេរីភាព​គ្រប់រូប​ភាព​រួម​ទាំង​ការប្រើ​ប្រាស់​ទូរសព្ទ ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម និង​ការ​ជួបជុំគ្នា​នៅ​តាម​ទី​សាធារណៈ​ក៏ដោយ ក៏​ការ​តវ៉ា​នៅតែ​បង្ហាញ​ឡើង​នៅ​តាម​រូប​ភាព​ផ្សេង​ៗ។

អ្នក​នៅក្នុង​ប្រទេស ​អ្នកខ្លះ​បាន​ប្រើប្រាស់​ឧបករណ៍​ភ្លេងលេង​តាម​ជំនាញ​​តាម​ក្រុម អ្នកខ្លះ​គោះ​ឬដំ​ឧបករណ៍​ប្រើប្រាស់​នៅក្នុង​ផ្ទះ ឬអ្នកខ្លះ​លើកដៃ​ជា​សញ្ញា​ម្រាម៣ជាដើម​ ដើម្បី​បញ្ជាក់​ជំហរ​មិន​ពេញចិត្ត​ចំពោះ​ពួក​ក្រុម​យោធា។

អ្នកខ្លះ​ទៀត​សរសេរ​អក្សរ អ្នកខ្លះ​ទៀត​ស្រែក​ថា​៖ «សូម​ឱ្យ​អ្នកម្តាយ​ ស៊ូ​ជី​ មាន​សុវត្ថិភាព អាយុ​យឺនយូរ»

អ្នក​បើក​តាក់ស៊ី​ម្នាក់​នៅ​ទី​ក្រុ​ង រ៉ងហ្គោន ​ថ្លែងប្រាប់ Channel News Asia ថា លោក​ចង់តែ​ប្រមូល​ផ្តុំ​ដើរ​ស្រែក​តវ៉ា​តាមផ្លូវ​ «យើង​ចង់​តវ៉ា​ស្រែក​នៅ​តាមផ្លូវ ប៉ុន្តែ​ពេលនេះ​អ្នកម្តាយ ​ស៊ូ​ជី​ នៅក្នុង​ដៃ​របស់​ពួក​គេ»

ក្រៅពី​ប្រជាពលរដ្ឋ​ធម្មតា​នៅក្នុង​ប្រទេស ​ក៏​ឃើញ​ក្រុម​គ្រូពេទ្យ​បង្ហាញ​ប្រតិកម្ម​ដែរ​ ដោយ​បញ្ជាក់​ជំហរ​មិន​ទទួលយក​ការ​ធ្វើ​រដ្ឋប្រហារ​នេះ​ទេ។

ក្រុម​វេជ្ជបណ្ឌិត​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ប្រកាស​ថា ពួក​គេ​នឹង​ឈប់​ទៅ​មន្ទីរពេទ្យ ដើម្បី​បញ្ជាក់​ជំហរ​មិន​អាច​ទទួលយក​បាននូវការ​គ្រប់គ្រង​របស់​មេដឹកនាំ​ផ្តាច់​ការ​ពី​ក្រុម​យោធាដែលតែងតែ​​ធ្វើអ្វី​តាមអំពើចិត្ត​ គ្មាន​ការគោរព​ច្បាប់និង​សិទ្ធិពល​រដ្ឋ។

បណ្តាញ​ក្រុម​វេជ្ជបណ្ឌិត​មក​ពី​មន្ទីរពេទ្យ​រដ្ឋ​ចំនួន២០ផ្សេងគ្នា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ ដោយ​អំពាវនាវ​ឱ្យ​ពេទ្យ​ផ្សេង​ៗទៀត​ចូលរួម​ក្នុង​យុទ្ធនា​ការនេះ ដោយ​ប្រឆាំង​ទៅនឹងអំណាច​យោធា​ដែលឡើង​កាន់អំណាច​បំផ្លាញ​ដំណើរការ​ប្រជាធិបតេយ្យ។

វេជ្ជបណ្ឌិត​ម្នាក់​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ លោក Myo Thet Oo ថ្លែងប្រាប់​ទី​ភ្នាក់​ងារ​រ៉យទ័​រថា មិន​អាច​ទទួ​កយក​បាន​នោះ​ទេ។

លោក Myo Thet Oo៖ «យើង​មិន​អាច​ទទួលយក​បាន​មេដឹកនាំ​ផ្តាច់​ការ និង​ការ​ឡើង​កាន់អំណាច​ដោយ​មិន​មានការ​បោះឆ្នោត​នោះ​ទេ។ គេ​អាច​ចាប់ខ្លួន​យើង​បាន​គ្រប់ពេលវេលា ប៉ុន្តែ​យើង​សម្រេច​ប្រឈម​បញ្ហា​នេះ ពួក​យើង​ឯកភាព​គ្នា​មិនទៅ​មន្ទីរពេទ្យ»។

យុទ្ធនាការ​របស់​ក្រុម​គ្រូពេទ្យ​របស់​មីយ៉ាន់ម៉ា​នេះ អាច​មាន​ឥទ្ធិពល​ខ្លាំង​ក្នុងចំណោម​ពលរដ្ឋ​មីយ៉ាន់ម៉ា៥៤លាន​នាក់ ហើយ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ដែលកំពុង​មានការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩ផង។ សម្រាប់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​រស់នៅ​ក្រៅប្រទេស​ ក៏​កំពុង​ធ្វើសកម្មភាព​យ៉ាងសកម្ម​ក្នុង​ការ​តវ៉ា​ដែរ​ ពិសេស​តវ៉ា​នៅមុខ​ស្ថានទូត​មីយ៉ាន់ម៉ា និង​នៅ​ទី​សា​ធា​រណៈ​ផ្សេង​ៗទៀត។

សកម្មភាព​តវ៉ា​លេច​ធ្លោ​មា​នដូច​ជានៅ​ប្រទេស​ថៃ ជប៉ុន សិង្ហបុរី នេប៉ាល់ អូស្ត្រាលី ​ជាដើម។ប្រជាពលរដ្ឋ​ដែល​ចេញមុខ​តវ៉ា​នៅ​ក្រៅប្រទេស​ទាំងនោះ ​រួមមាន​ទាំង​ពលរដ្ឋ​ដែល​ស្វែងរក​ការងារ​នៅ​ក្រៅប្រទេស និង​និស្សិត​ដែល​បង្តការសិក្សា។

ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា ក៏​ជា​កត្តា​មួយ​ដែល​អង្រួន​ដល់​សហគមន៍​អន្តរជាតិ​មិន​ឱ្យ​នៅ​ស្ងៀម​ក្នុងករណី​នេះ​ដែរ។ ចិន និង​រុស្ស៊ី កំពុងតែ​ស្វះស្វែង​ក្នុង​ការ​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​នេះ ខណៈ​ដែល​អង្គការសហប្រជាជាតិ​ក៏បាន​ចាត់​អ្នកតំណាង​របស់​ខ្លួន​ដើម្បី​ជំរុញ​ឱ្យ​គ្រប់​ភាគី​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​រក​ដំណោះស្រាយ​ដោយសន្តិវិធី​ដែរ។

ចំណែក​សហរដ្ឋអាមេរិក​និង​ប្រទេស​លោកសេរី​មួយចំនួន​ទៀត បាន​បញ្ជាក់​ពី​ការ​មិន​ពេញចិត្ត​ការ​ព្រួយបារម្ភ និងព្រមាន​ចាត់​វិធានការ​តាម​រូប​ភាព​ផ្សេង​ៗ។

ក្នុង​ស្ថានភាព​នេះ ​ពួក​យោធា​ប្រហែលជា​ពិបាក​ក្នុង​ការ​ក្តោប​អំណាច​ដូចមុន ដោយសារតែ​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​បាន​ស្វាគមន៍​រស​ជាតិ​ថ្មី​នៃ​ការដឹកនាំ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ១០ឆ្នាំ​កន្លងទៅ​នេះ បន្ទាប់​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​ពួក​អំណាច​យោធា៤៩ឆ្នាំ។ ក្នុង​ស្ថានភាព​ដែល​ពួក​គេ​មាន​សេរីភាព​ជាង​មុន មាន​សេដ្ឋកិច្ច​ល្អ​ប្រសើរ​ជាង​មុន ប្រទេស​មាន​កិត្តិយស​ជាង​មុន ដូច្នេះ​ក្នុង​ស្ថានភាព​នេះ​ ពលរដ្ឋ​មីយ៉ាន់ម៉ានឹង​មិន​បណ្តោយឱ្យ​ប្រជាធិបតេយ្យ​រសាត់​បាត់​ទៅវិញ​ទៀត​ទេ។

ចំពោះ​ការ​តវ៉ា​ក្នុង​ស្ថានភាព​នេះ ​ប្រហែលជា​អាច​ប្រសើរ​ជាង២០ឬ៣០ឆ្នាំមុន ព្រោះ​ប្រជាពលរដ្ឋ​អាច​បង្ហាញ​គំនិតឬកៀរ​គរ​គ្នា​ ដើម្បី​តវ៉ា​បាន​កាន់តែ​ងាយស្រួល​ដោយមាន​បណ្តាញ​ទំនាក់​សង្គម។ ចំណែក​ការ​បង្ក្រាប​ឬសម្លាប់រង្គាល​ដូច​សម័យមុន​នោះ ​ក៏អាច​ពិបាក​ដែរ​ ព្រោះតែ​បច្ចេកវិទ្យា​ទំនើប​នេះ​ងាយស្រួល​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ចំណុច​មិនល្អ​របស់​រដ្ឋអំណាច​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ