សហ​គមន៍​​ស្រែប្រាំង​​កំពុង​​ប្រឈម​​នឹង​​បាត់​​ដី​​ធ្លាប់​​អាស្រ័យ​ផល​​ក្រោយ​​ថ្នាក់​​ជាតិ​​រក្សា​​ភាព​​ស្ងៀមស្ងាត់​

ពលរដ្ឋធ្វើដំណើរម្នាក់ជិះម៉ូតូធ្វើដំណើរតាមផ្លូវលំមួយកន្លែងក្នុងភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ស្រុក​តំបែរ​ ខេត្ត​ត្បូងឃ្មុំ៖ នៅ​ម៉ោង៤ទៀបភ្លឺ​ ថ្ងៃទី៣ ខែសីហា​ឆ្នាំមុន អ្នកស្រី ថា គន្ធា អាយុ​២៧ឆ្នាំ ដែល​កំពុង​មានផ្ទៃពោះ៥ខែ​នា​ពេលនោះ កំពុងតែ​លង់លក់​ក្នុង​ដំណេក​នៅ​ឯផ្ទះ​របស់​គាត់ ស្ថិត​នៅភូមិ​ស្រែប្រាំង ដោយ​មិនដឹង​ទាល់តែសោះ​ពី​ការ​ដាក់​ពង្រាយ​កម្លាំងយោធា​នៅ​ឯសហគមន៍​មាន​ជម្លោះដីធ្លី ស្ថិតនៅ​ក្នុង​ឃុំ​ត្រពាំងព្រីង។ ព្រឹក​ឡើង គាត់​បាន​ទទួល​ដំណឹង​នេះ​តាមរយៈ​ព័ត៌មាន​ត្រូវ​បាន​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុកដែល​រាយការណ៍​ថា អ្នកភូមិ២១នាក់​ហើយត្រូវ​បាន​ទាហាន​ចាប់ខ្លួន​នៅ​ឯដីចម្ការ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន ហា​ម៉ី​នី វីន អ៊ិ​នវេ​សមេន (Harmony Win Investment​)។

អ្នកស្រី ថា គន្ធា បាន​ប្រាប់​ថា ចាប់តាំងពី​ពេលនោះ​មក គាត់​បាន​ទូរសព្ទ​ប្រាប់​ទៅ​ស្វាមី​របស់​គាត់​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ចាប់ខ្លួន ហើយសមាជិក​ដទៃទៀត​ក្នុង​សហគមន៍ក៏បាន​សម្រេច​បញ្ឈប់​សកម្មភាព​តវ៉ា​របស់​ពួក​គេ ដើម្បី​ទាមទារ​ដំណោះស្រាយ​សម្រាប់​ដីចម្ការ​របស់​ពួក​គេ​ហើយ ព្រោះតែ​ព្រួយបារម្ភ​ពី​ការ​ចាប់ខ្លួននិង​ប្រឈមមុខនឹង​បណ្ដឹង​តាមផ្លូវ​តុលាការ​បន្ថែម។

អ្នកស្រី ថា គន្ធា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​អំពី​ដំណើររឿង​ហេតុ​ប្ដី​អ្នកស្រី​គឺ​លោក សែម សំណាង ត្រូវ​បាន​ចាប់ខ្លួន​ក្រោយ​សកម្ម​ក្នុង​ការ​តវ៉ា​ករណី​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ហា​ម៉ី​នី វីន អ៊ិ​នវេ​សមេន (Harmony Win Investment​) ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ​)

អ្នកស្រី ថា គន្ធា និយាយ​ថា៖ «អ្នក​ដែល​អត់​តវ៉ា​ហ្នឹង គេ​និយាយ​ថា ឱ្យទៅ​ផ្តិត​មេដៃ​ [ឈប់​តវ៉ា​ទៅ​] បើ​នរណា​អត់​ផ្តិត គេ​នឹង​ដើរ​ចាប់​តាម​ផ្ទះ»។

ស្វាមី​របស់​អ្នកស្រី ថា គន្ធា គឺ​លោក សែម ចំណាន ដែល​បាន​គេចខ្លួន​ចេញពី​សហគមន៍​អស់​រយៈពេល​ប្រហែល១ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី១៥ ខែមករា​កន្លងមក​នេះ នៅ​ឯស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ ជាទី​ដែល​លោក​បាន​គេចខ្លួន​ទៅ​ធ្វើការ​ជា​កម្មករ​សំណង់​អស់​រយៈពេល​ជាង១ឆ្នាំ។

អ្នកស្រី ថា គន្ធា ស្ថិត​ក្នុងចំណោម​ប្រជាពលរដ្ឋ២៥០គ្រួសារ​ទៀត​នៅក្នុង​សហគមន៍​ស្រែប្រាំង ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ហា​ម៉ី​នី វីន អ៊ិ​នវេ​សមេន ចាប់តាំងពី​ឆ្នាំ២០១៤មក ហើយ​ដី​ទំហំ​ជាង១ហិ​កតា​ដែល​អ្នកស្រី គន្ធា និង​ស្វាមី​ បាន​ដាំដំឡូង ពោត និង​ស្រូវ​ កំពុង​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​នេះ។

អ្នកស្រី គន្ធា និយាយ​ថា៖ «ចាស់​ទៅ យើង​ស៊ីឈ្នួល​គេលែង​កើត យើង​មាន​ដី​នៅ​ជិត​ខ្លួន​ ធ្វើ​តិចៗរក​អី​ហូប​ទៅ និង​ចែក​កូន​ចែក​ចៅ​តជំនាន់។ តែ​ឥលូវ​ត្រូវ​បាន​ចិន​កាន់កាប់ សុទ្ធតែ​ទាហាន​ការពារ»។

សមាជិក​សហគមន៍​រូប​នេះបានឱ្យ​ដឹង​ថា រយៈពេល៥ខែ​កន្លងមក​នេះ អ្នកភូមិ​ភាគច្រើនមិន​ត្រូវ​បាន​អនុញ្ញា​តឱ្យ​ចូល​ទៅ​ដាំដុះ​ដំណាំ​នៅ​លើ​ដីធ្លី​របស់​ពួក​គេ​ទៀត​នោះ​ឡើយ ក្រោយពី​ក្រុមហ៊ុន​បាន​ដាក់​ពង្រាយ​កម្លាំង​យាមកាម​យ៉ាង​តឹង​រ៉ឹង បន្ទាប់ពី​ការ​ចុះ​ចាប់​អ្នកភូមិ២១នាក់​ដល់ទី​តាំង​ដី​មាន​ជម្លោះ​កាលពីដើម​ខែសីហា​ឆ្នាំមុន។

គេហដ្ឋានរបស់អ្នកស្រី ថា គន្ធា ស្ថិតនៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

អ្នកស្រី គន្ធា និយាយ​ថា៖ «ខ្ញុំ​ថា ជួយ​ឱ្យ​តែ​ប្តី​ខ្ញុំ​បាន​ចេញពី​ពន្ធនាគារ​វិញ ខ្ញុំ​ឈប់​ឱ្យធ្វើ​[តំណាង​]អី​ហើយ ធ្វើ​តែ​ស្រែចម្ការ​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​ទៅ។ វា​ពិបាក​ពេក»។

ឯកសារ​មួយ​ចងក្រង​ដោយ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​និយាយ​ថា ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ស្រែប្រាំង បាន​ចូល​មកកាន់​កាប់ដី​នៅ​តំបន់​នេះ​នៅ​ឆ្នាំ២០០២។ សហគមន៍​នេះមាន២៥០គ្រួសារ និង​កាន់កាប់​ដី​ទំហំ៧៨០ហិ​កតា។

ដី​ព្រៃលិចទឹក​របស់​សហគមន៍​ស្រែប្រាំង និង​សហគមន៍​បុស្ស​ស្នោ ​ទំហំ៥៨០ហិ​កតា ផ្តើម​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន ហា​ម៉ី​នី វីន អ៊ិ​នវេ​សមេន ចាប់តាំងពី​ឆ្នាំ២០១៤មក និង​ដី​ទំហំ២០០ហិ​កតា​ទៀត មាន​ជម្លោះ​ជាមួយ​ឧកញ៉ា ម៉ែ​ន ចាន់​ធឿន។

ចាប់ពី​ពេលនោះ​មក ពលរដ្ឋ​នៅក្នុង​សហគមន៍តែង​ចូលរួម​តវ៉ានិង​ទប់ស្កាត់​ប្រឆាំង​នឹង​ការ​ឈូស​ឆាយដី​ពីសំណាក់​ក្រុមហ៊ុន និង​បាន​ឡើង​មក​ភ្នំពេញ​ញឹកញាប់ដើម្បី​ដាក់​ញត្តិ​ទៅ​ក្រសួង​ពាក់ព័ន្ធ​ឱ្យ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ រួមមាន ​ក្រសួង​ដែនដី ក្រសួងមហាផ្ទៃ និង​ខុទ្ទកា​ល័យ​នាយក​រដ្ឋមន្ត្រី​ ជាដើម។

របាយការណ៍​ដដែលនិយាយ​ទៀត​ថា ខណៈ​គ្មាន​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់​ជាតិ តំណាង​សហគមន៍៣រូបដែល​មានឈ្មោះ​ក្នុង​ញត្តិ​ រួមមាន ​លោក សែម សាង លោក ហឿន ស៊ី​នាថ និង លោក សែម ចំណាន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជាបន្តបន្ទាប់​តាម​ដីកា​បង្គាប់​របស់​តុលាការខេត្ត​ត្បូងឃ្មុំ។

តំណាង​ទាំង៣នាក់​នេះរង​​ការចោទប្រកាន់​ប្រហាក់​ប្រហែលគ្នា «ប្រើប្រាស់​ហិង្សា​លើ​ទ្រព្យសម្បត្តិ​ឯកជន និង​ប្រឆាំង​រាជការ​សាធារណៈ» ដែល​បទ​ចោទ​នេះ ពួក​គេ​ប្រឈម​នឹង​ជាប់ពន្ធ​នា​គារ​រហូត៧ឆ្នាំ​ឯណោះ។ ចំណែក​អ្នកភូមិ​ដែល​ចូលរួម​តវ៉ា២០នាក់ទៀត ​កំពុង​ជាប់​បណ្តឹង​ដូចគ្នា។

របាយការណ៍​នេះឱ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃទី៣ ខែសីហា​ឆ្នាំមុន វេលា​ម៉ោង៤ទៀបភ្លឺ មាន​កងកម្លាំង​ចម្រុះ ទាហាន និង​ប៉ូល​ិ​សប្រ​មា​ណជិត២០០នាក់ ប្រហែលជា៥០ឡាន បាន​ចុះ​ចាប់​សមាជិក​ក្នុង​សហគមន៍២១នាក់ ដោយ​គ្មាន​ដីកា​ពី​តុលាការ ហើយ​ថែមទាំង​ប្រើប្រាស់​ហិង្សា​ទៅលើ​អ្នក​តវ៉ាដោយ​ដំបង​ឆក់។ ក្នុង​នោះ សន្លប់​ម្នាក់ និង​វាយ​ឱ្យ​របួស​ក្បាល​ម្នាក់ ចាប់ខ្លួន២១នាក់ មាន​ទាំង​តំណាង​សហគមន៍ ​លោក ហឿន ស៊ី​នាថ ប៉ុន្តែក្រោយមក​មនុស្ស ២០នាក់ត្រូវ​ដោះលែង​វិញ ឃុំខ្លួន​តែ​លោក ហឿន ស៊ី​នាថ។

សាលាឃុំត្រពាំងព្រីង ស្ថិតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ពលរដ្ឋ​មួយ​រូប​ទៀត​នៅ​ភូមិ​ស្រែប្រាំង អ្នកស្រី ស៊ុន ធួង និយាយ​ថា កូនស្រី​គាត់​ម្នាក់​អាយុ១៥ឆ្នាំ ក៏​ស្ថិត​ក្នុងចំណោម​មនុស្ស២១នាក់ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​យប់​ថ្ងៃទី៣ ខែសីហា​នោះ​ដែរ ប៉ុន្តែត្រូវ​បាន​ដោះលែង​វិញ​មួយថ្ងៃ​បន្ទាប់ ក្រោម​លក្ខខណ្ឌ​ឈប់​ឱ្យ​ឪពុក​ម្តាយចូលរួម​តវ៉ា​បញ្ហា​ដីធ្លី ហើយ​ថា បច្ចុប្បន្ន​កូនស្រី​នោះឈប់​រៀន​ហើយដោយ​បារម្ភ​ពី​សុវត្ថិភាព។

គាត់​ថា ទីតាំង​បង្ក្រាប​ស្ថិតនៅ​ក្នុង​ដីចម្ការ​ មាន​ចម្ងាយ​ប្រហែលជា៣គីឡូម៉ែត្រ​ពី​ភូមិ ហើយ​ការ​បង្ក្រាប​ចំ​ពេល​អ្នកមាន​ជម្លោះដីធ្លី​នាំគ្នា​ដេកចាំ​ចម្ការ ដើម្បី​ត្រៀម​ទប់ស្កាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុនមិន​ឱ្យមក​ផ្តាច់​ផ្លូវ​ដូ​ចមុនៗ​ក្នុង​រដូវ​ដែល​អ្នកភូមិ​កំពុង​ប្រមូល​ផល​ដំឡូង។

ស្ត្រី​វ័យ៤៨ឆ្នាំ​រូប​នេះរំឭក​ថា កម្លាំង​ចម្រុះ​ដែល​ចុះ​ចាប់​អ្នក​តវ៉ា ស្លៀកពាក់​ឯកសណ្ឋាន​ឈុត​ខ្មៅ​ប្រដាប់ដោយ​អាវុធនិង​តំ​បង​ឆក់​គ្រប់​ដៃ ពាក់មួក​សុវត្ថិភាព​បិទ​ជិត បំបែកជួរ​សម្រុកចូល​ចាប់​ពួក​គាត់ក្រោយ​មាន​សំឡេង​ស្រែក​បញ្ជា ប៉ុន្តែគាត់​មិនដឹង​ថា កម្លាំង​ទាំងនោះនៅ​អង្គភាព​ណា​ពិតប្រាកដ​ទេ។

អ្នកស្រី ស៊ុន ធួង និយាយ​ថា៖ «គេ​ប្រើ​សម្តី​ដាក់​យើង​ថា ដី​នេះ​មិនមែន​ដី​អ្នកស្រុក​ទេ ដី​គេ​លក់​ឱ្យ​ចិន​អស់ហើយ តែ​ពួក​អ្នកឯង​ទេម​កប្លន់​ដី​ចិន​ធ្វើ។ អ៊ីចឹង​បាន​ជា​ពួក​ខ្ញុំ​សោក​ស្តាយ​រាល់ថ្ងៃ​ហ្នឹង។ ខ្ញុំ​សង្ឃឹម​ដី​ហ្នឹង សព្វថ្ងៃ ដល់​អ៊ីចឹង​ទៅ យើង​នៅសល់​តែ​បាតដៃ​ទទេ»។

ស្ត្រី​រូប​នេះនិយាយ​ទៀត​ថា ជា​រៀងរាល់​ឆ្នាំ គាត់​រក​ប្រាក់ចំណូល​បាន​ពី​ការ​ដាំដំឡូង​មី​លើ​ដី​ដែល​បាន​កាប់ឆ្ការ​យូរ​មក​ហើយ​នេះ បាន​ចន្លោះ​ពី២ពាន់​ទៅ៣ពាន់​ដុល្លារក្នុង១រដូវ​ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ដោយ​មិន​ចាំបាច់​ធ្វើ​ចំណាកស្រុក។

គាត់​បន្ត​ថា អ្នកភូមិ​នៅ​តំបន់​នេះមាន​ដី​ចន្លោះ​ពី៣ទៅ៤ហិ​កតា​កន្លះ​ក្នុង១គ្រួសារ ហើយ​ថា ពួក​គេ​ខ្លះ​បាន​បង្កបង្កើនផល​លើ​ដី​នេះជិត២០ឆ្នាំ​មក​ហើយ​ដែរ មិនដែល​មាន​ជម្លោះ​ណាមួយ​កើតឡើង​ទេ។

ដូចគ្នា​នេះ​ដែរ អ្នកស្រី ស៊ឹម វ៉ាន ភរិយា​លោក ហឿន ស៊ី​នាថ និយាយ​ថា ប្តី​គាត់​មុន​ចាប់ខ្លួន បាន​លើកទឹកចិត្ត​ឱ្យ​ការពារ​ដី ដោយ​ផ្តាំ​ថា បើ​អស់​ដីដូច​អស់ជីវិត។

អ្នកស្រី ស៊ឹម វ៉ាន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​អំពី​ដំណើររឿង​ហេតុ​ប្ដី​អ្នកស្រី​គឺ​លោក ហឿន ស៊ី​នាថ ត្រូវ​បាន​ចាប់ខ្លួន​ក្រោយ​សកម្ម​ក្នុង​ការ​តវ៉ា​ករណី​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ហា​ម៉ី​នី វីន អ៊ិ​នវេ​សមេន (Harmony Win Investment​) ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ​)

អ្នកស្រី ស៊ឹម វ៉ាន និយាយ​ថា៖ «គាត់​ថា បើ​អត់ពី​ខ្ញុំ​ទៅ ខ្លួនឯង​ត្រូវ​ក្រោកឈរ​ឡើង​នាំ​ប្រជាពលរដ្ឋ​តស៊ូ​ទៀត។ តែ​តស៊ូ​អី បើ​​មួយ​ៗខ្លាច​អស់ហើយ។ បើ​គេ​ថា បើ​គេ​ចាប់​ប្តី​បាន គេ​ចាប់​ទាំង​ប្រពន្ធ​ទៀត។ ពួក​ខ្ញុំ​នាំគ្នា​រត់ ពរ​កូន​ពរ​អី​រត់​ហ្នឹង ឃើញ​អាណោចអាធ័មណាស់ ដោយសារតែ​ដី ប្តី​ក៏​ត្រូវ​បាន​គេ​ចាប់ខ្លួន»។

ស្ត្រីអាយុ៣២ឆ្នាំ និយាយ​ថា ពេលនេះដី​ដែល​ធ្លាប់​អាស្រ័យផល ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ​យក​អស់ រី​ឯអ្នក​ធ្លាប់​តវ៉ា​ភាគច្រើនបាន​ភៀសខ្លួន​ចេញពី​ភូមិដើម្បី​សុវត្ថិ​ភាព ខណៈ​កងកម្លាំង​នៅតែ​មាន​វត្តមាន​នៅ​លើ​ដី​មានជម្លោះ។

អ្នកស្រី ស៊ឹម វ៉ាន និយាយ​បន្ត​ថា៖ «ដី​ហ្នឹង​តាំងពី​កេរដូនតា​ខ្ញុំ​ចែក​ឱ្យ​ម៉្លេះ គ្មាន​អី​ទីពឹង​ទេ មានតែ​ដី​មួយ​កន្លែង​ហ្នឹង។ ដល់ពេល​បាត់​ទៅលើ​ដៃគេ ដល់​អ៊ីចឹង​ទៅ ពួក​ខ្ញុំ​មាន​ស្អី? ខ្លះ​ចំណាកស្រុក ព្រោះ​គេ​ថា ឱ្យ​តែ​ពួក​តវ៉ា​ គេ​នឹង​ចាប់»។

ស្ត្រី​ម្នាក់​ប្រាប់​ថា​ជា​ភាគី​តំណាង​ក្រុមហ៊ុន​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ បាន​ច្រានចោល​ការ​លើកឡើង​របស់​អ្នកភូមិ ដោយ​និយាយ​ថា ដី​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ មាន​ឯកសារ​ផ្លូវច្បាប់​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ​កម្ពុជា និង​មួយចំនួន​បាន​ទិញ​ពី​ពលរដ្ឋ​នៅ​តំបន់​នោះ សម្រាប់​ធ្វើការ​វិនិយោគ។

តំណាង​ក្រុមហ៊ុន​និយាយ​ថា៖ «ពេល​ក្រុមហ៊ុន​ចាប់ផ្តើម​អភិវឌ្ឍហើយ ពួក​គាត់​ចូល​ទៅកាន់​កាប់ដី​ហ្នឹង ចាប់ផ្តើម​ដាំ​ជា​ដំឡូង​ជា​ស្អី​ តតាម​រូបភាព​អា​ដី​ណា​ដែល​យើង​ធ្វើ​ហើយគឺ​គាត់​ចុះទៅ​ធ្វើ​នៅកន្លែង​ហ្នឹង ហើយ​គាត់​ចាប់ផ្តើម​តវ៉ា។ ឯកសារ​ផ្លូវច្បាប់​ណា​ក៏​អត់មាន​ដែរ»។

បើ​តាម​ស្ត្រី​រូប​នេះ ក្រុមហ៊ុន​នេះ​ពីមុន​បាន​ដាំ​ត្រសក់ ប៉ុន្តែបច្ចុប្បន្ន​មិនទាន់​បាន​ដាំដុះ​អ្វី​នៅ​លើ​ដី​នេះ​ឡើយ តែ​ក្រុមហ៊ុន​កំពុង​ប្រមូល​ទិញស្លឹក​ថ្នាំជក់​ពី​ប្រជាកសិករ​នៅ​តំបន់​នោះ។

មេឃុំ​ត្រពាំងព្រីង លោក មុំ សា​ប៊ុ​ន និយាយ​ថា វត្តមាន​កងទ័ព​នៅ​តំបន់​មាន​ជម្លោះ បាន​ទប់ស្កាត់​កុំឱ្យ​មានអំពើ​ហិង្សា​ទៅលើ​អ្នកភូមិ​ដែល​តវ៉ាឬចាប់​ខ្លួន​កូនចៅ​អ្នកភូមិ។

អាជ្ញាធរ​មូលដ្ឋាន​រូប​នេះនិយាយ​ទៀត​ថា ដី​នៅ​សហគមន៍​ស្រែប្រាំង​មាន​ជាង៣០០ហិ​កតា បូក​នឹង​ដី​នៅ​សហគមន៍​បុស្ស​ស្នោ​ជា​ភូមិ​ជាប់គ្នា សរុប​ប្រហែល៨០០ហិ​កតា។

លោក សា​ប៊ុ​ន គូសបញ្ជាក់​ថា ដី​ដែល​ក្រុមហ៊ុន​កំពុង​កាន់កាប់​មាន​ឯក​សារ​ផ្លូវច្បាប់​ចេញ​ដោយ​ក្រសួងមហាផ្ទៃ ហើយ​បច្ចុប្បន្ន ក្រុមហ៊ុនកំពុង​ផ្តល់​ការងារ​មួយចំនួន​ដល់​អ្នកភូមិ។

លោក មុំ សា​ប៊ុ​ន និយាយ​ថា៖ «ក្រុមហ៊ុន​ហ្នឹងបាន​ទិញ​ពី​ពលរដ្ឋ​តាំងពី​ឆ្នាំ២០១០ឯណោះ។[…] ដល់​មក​ឈ្លោះ​ ឈ្លោះ[នៅឆ្នាំ]២០១៥ គេ​ធ្វើ​ដី​ឡើង​ស្រឡះ​ហើយ បាន​គាត់​មក​ធ្វើ​លើ​ដី​គេ»។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លី​កាដ​ូ លោក អំ សំអាត ផ្តល់​ជា​យោបល់​ថា រដ្ឋាភិបាល​គួរ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ចុះ​ស្រាវជ្រាវនិង​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​តម្លាភាព។ លោក​ថា បើ​មិន​ដូច្នេះ​ទេ វិវាទ​ដីធ្លី​នៅ​ភូមិ​ស្រែប្រាំង​នេះ វា​នឹង​ក្លាយជា​គំរូអាក្រក់​មួយទៀត ជំរុញ​ឱ្យ​មានការ​រំលោភសិទ្ធិ​មនុស្ស​ថែមទៀត ខណៈ​តំបន់​ជម្លោះ​ខ្លះ​ជិត២០ឆ្នាំ​មក​ហើយ ​មិនទាន់​ដោះស្រាយ​ចប់។

លោក អំ សំអាត ប្រាប់​ថា៖ «អាហ្នឹងវា​គ្រាន់តែ​ជា​គំរូអាក្រក់​មួយ​នៅក្នុង​ការ​ដោះស្រាយ ដែល​យើង​មិន​ស្វែងរក​ដំណោះស្រាយ​ពិតប្រាកដ។ […] បញ្ហា​វា​អត់​ចេះ​ចប់​ទេ ហើយ​បើ​មិន​ចេះ​ចប់ អាហ្នឹង​ធ្ងន់ធ្ងរ​ហើយ»។

យ៉ាងនេះ​ក្តី ស្ត្រី​ដែល​មាន​ស្វាមី​ជាប់ពន្ធ​នា​គារដោយសារ​តែ​តវ៉ា​រឿង​ដីធ្លី នៅតែ​ទទូច​ឱ្យ​ដោះលែង​អ្នកជាប់ឃុំ និង​ទាមទារ​ឱ្យ​ដី​ពួក​គេ​វិញ ដើម្បី​បញ្ចៀស​ការ​ធ្វើ​ចំណាកស្រុក​ទាំង​ប្រថុយ​នឹង​គ្រោះថ្នាក់។

អ្នកស្រី ថា គន្ធា និយាយ​ថា៖ «ប្រជាពលរដ្ឋ​អត់អី​ហូប អត់អី​ស៊ី បើ​មិន​ចេញទៅ​ក្រៅ​ [ចំណាកស្រុក​] គ្មាន​អី​ស៊ី​ទេ បើ​នៅ​មានតែ​អ្នកមាន​កូន ​ដូចជា​ខ្ញុំ​សរសៃ​ខ្ចី​នេះឯង និង​ចាស់​ៗ ហើយ​ខែ​បុណ្យទាន​ សឹង​ថាគ្មាន​មនុស្ស។ ពីមុន​នោះ បាន​ដី​ហ្នឹងហើយ ខែ​ហ្នឹង​គេ​ចាប់ផ្តើម​ជម្រះ​ជើង​ ហើយ​ក្រឡេក​មើលទៅ​ស្លឹក​ដំឡូង​ល្វី​កៗ។ ធ្វើ​ម៉េច​ដោះស្រាយ​ឱ្យ​ប្តី​ខ្ញុំនិង​អ្នក​ផ្សេងទៀត​ចេញ​មក​ឆាប់​ៗ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ