រដ្ឋ​មន្រ្តី​​កសិកម្ម​​កំពុង​​សិក្សា​​ពី​​បច្ចេក​ទេស​​និង​​មូលហេតុ​​ដែល​​វៀតណាម​​អាច​​នាំ​​ត្រី​​ចូល​​កម្ពុជា​​យ៉ាង​​គំហុក​

ប្រជាពលរដ្ឋ​មក​ពី​ភ្នំពេញ ខេត្ត​កណ្ដាល និង​បណ្ដា​ខេ​ត្ត​ផ្សេង​ៗទៀត បាន​នាំគ្នា​មក​ទិញ​ត្រី​ទុក​ធ្វើ​ផ្អក​និង​ប្រហុក នៅ​កំពង់ផែ​មាត់ទន្លេ​សាប ស្ថិតនៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។ (Michael Dickison​)

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សា​ខុន កំពុង​សិក្សា​ពី​បច្ចេកទេស​និង​មូលហេតុ​ដែល​ធ្វើ​ឱ្យ​វៀតណាម​អាច​មានលទ្ធភាព​នាំ​ត្រី​ចូល​មក​ប្រទេស​កម្ពុជា​បាន​យ៉ាង​គំហុក។ 

ការ​លើកឡើង​របស់​លោក​រដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ក្រសួង​ពាណិជ្ជកម្ម​វៀតណាម​បាន​ប្រតិកម្ម​នឹង​ការ​ផ្អាក​ការនាំចូល​ត្រី​ចិញ្ចឹម​ចំនួន៤ប្រភេទ​ពី​វៀតណាម​ដោយ​ភាគី​កម្ពុជា។ ការ​ផ្អាក​ការនាំចូល​ត្រី​ពី​រៀ​តណាម​ជា​បណ្តោះអាសន្ន​នេះ​ ត្រូវ​បាន​ក្រសួង​កសិកម្ម​កម្ពុជា​បញ្ជាក់​ថា​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ត្រី​ចិញ្ចឹម​ក្នុង​ស្រុក​ដែល​កំពុង​កើនឡើង ប៉ុន្តែ​ពិបាក​រក​ទីផ្សារ។ 

លោក វេង សា​ខុន ប្រាប់ VOD នៅ​ថ្ងៃពុធ​ ទី០៣ ខែកុម្ភៈ ម្សិលមិញ​ថា ការ​ផ្អាក​ការនាំចូល​ត្រី​ពី​វៀតណាម គឺ​ធ្វើឡើង​ជា​បណ្តោះអាសន្ន និង​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ ដើម្បី​ជួយ​ពលរដ្ឋ​ដែល​បាន​ខ្ចីប្រាក់​ពី​ធនាគារសម្រាប់​បោះទុន​ចិញ្ចឹម​ត្រី​បានផល​ហើយ តែ​គ្មាន​ទីផ្សារ។

លោក​ថា៖ «មិនមែន​ហាមឃាត់​ដាច់ខាត​ទេ គ្រាន់តែ​ផ្អាក​ជា​បណ្តោះអាសន្ន ប៉ុន្តែ​វៀតណាម​នោះ​គាត់​ធ្វើ​ជ្រុល​ហួសហេតុ»។ 

លោក​បន្ថែម​ថា៖ «នេះ​គឺជា​អ្វី​ដែល​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា ហើយរឿង​ការនាំចូល​នៅតែ​នាំចូល​តើ! គ្រាន់តែ​ដោះស្រាយ​តែ​អាណា​ដែល​វា​ចោល​តើ!»

លោក វេង សា​ខុន បន្ថែម​ថា ក្រសួង​កសិកម្មក៏​កំពុង​សិក្សា​លើ​មូលហេតុដែល​នាំ​ឱ្យ​មានការ​នាំចូល​ផល​ត្រី​ក្នុង​បរិមាណ​ច្រើនលើស​លុប​ពី​ប្រទេស​វៀតណាម ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ទី​ផ្សារត្រី​ក្នុង​ស្រុក​ផង​ដែរ។ 

លោក​ថា៖ «អ្វី​ដែល​សំខាន់គឺ​យើង​កំពុងតែ​ត្រួតពិនិត្យ​មើល​នូវ​បច្ចេកទេស​ការនាំចូល។ មូលហេតុ​អ្វី​បាន​ជា​វា​ដល់​ថ្នាក់​ដែល​ខ្មែរ​ហ្នឹង​ចិញ្ចឹម​លែង​បាន​? វា​ជះឥទ្ធិពល​ទៅដល់​រឿង​ប្រើប្រាស់​របស់​គេ​ហួសហេតុ។ ជួនកាល​វា​នាំចូល​ច្រើន​គំហុក​ពេក ​[…] វា​ធ្វើ​ឱ្យ​ជះឥទ្ធិពល​ដល់​តម្លៃ​នៃ​ការផលិត​ក្នុង​ស្រុក​របស់​យើង»។

ក្រោយ​កម្ពុជា​បាន​ផ្អាក​ការ​ចាំ​ចូល​ត្រីប្រា ត្រីពោ ត្រី​អណ្តែង និង​ត្រីឆ្តោ ពី​ប្រទេស​វៀតណាម ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ របស់​សាធារណរដ្ឋ​វៀតណាម ផ្ញើ​លិខិត​ទៅ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ស្នើ​ឱ្យ​ពិចារណា​ដក​វិធានការ​នេះ​វិញ។

បើ​តាម​សម្រង់​សំណេរ​ក្នុង​លិខិត​បកប្រែ​ក្រៅផ្លូវការ​មួយ​ដែល VOD ទទួល​បាន រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​វៀតណាម Tran Tuan Anh លើកឡើង​ថា៖ «ការ​ហាមឃាត់​ការនាំចូល​ត្រី​បួន​ប្រភេទ​ខាងលើ​របស់​កម្ពុជា អាច​ប្រឆាំង​នឹង​ស្មារតី​សេរី​ភាវូបនីយកម្ម​ពាណិជ្ជកម្ម របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក [WTO​] និង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​មាន​ប្រទេស​ទាំងពីរ​ជាស​មា​ជិ​ក»។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ស៊ាង ថៃ ប្រាប់​ថា ក្រសួង​មិន​អាច​ឆ្លើយតប​ចំពោះ​សំណើ​របស់​ភាគី​វៀតណាម​បាន​នៅឡើយ ដោយ​រង់ចាំ​ក្រុមការងារ​អន្តរក្រសួង​ពិនិត្យនិង​ពិភាក្សា​លើ​ឯកសារ​ពាក់ព័ន្ធដែល​ភាគី​វៀតណាមបាន​លើកឡើង​ជាមុន​សិន។

លោក ស៊ាង ថៃ មានប្រសាសន៍​ថា៖ «ខ្ញុំ​មិន​អាច​វាយតម្លៃ​បានទេ នៅ​ក្រុមការងារ​គាត់​ធ្វើ​កិច្ចការ គាត់​វិភាគ​លើ​កិច្ចការ​ហ្នឹង​សិន​ណា។ ខ្ញុំ​អត់​អាច​មើលទៅ ហើយ​ខ្ញុំ​ថា​បានទេ ទុក​រយៈពេល​ឱ្យ​ក្រុមការងារ​គេ​សិក្សា​ទៅលើ​ឯកសារ​ទាំងអស់​ហ្នឹង​សិន»។

ម្ចាស់​កសិដ្ឋាន​ផលិត​ពូជ​ត្រី​មួយ​រូប​នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម លោក ឃឹម ឆៃ​យ៉ា លើកឡើង​ថា ចាប់តាំងពី​កម្ពុជាផ្អាក​ការនាំចូល​ត្រី៤ប្រភេទ​ពី​វៀតណាមកាលពី​ខែមុន​មក លោក​អាច​លក់​កូន​ត្រីប្រា និង​ត្រី​អណ្តែង ទៅ​ឱ្យ​អតិថិជន​កើន​ពី៤០គីឡូ​ដល់១០០គីឡូ​ក្នុង​មួយថ្ងៃ ដែល​កាលពីមុន​នោះ លោកលក់​បានតែ​ប្រមាណ២០ទៅ៤០គីឡូ​តែប៉ុណ្ណោះ។ 

លោក​បាន​បន្ថែម​ថា ប្រសិនបើ​មានការ​ជំរុញ​ពី​រដ្ឋាភិបាល ពលរដ្ឋ​កាន់តែ​ច្រើន​នឹង​ងាក​មក​ចាប់​មុខរបរ​មួយ​នេះ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព ដោយសារ​​ត្រី​ងាយស្រួលចិញ្ចឹម មិនពិបាកក្នុងការថែទាំ និងអាចធ្វើនៅពេលទំនេរបាន។ 

លោក ឃឹម ឆៃ​យ៉ា ប្រាប់​ថា៖ «រដ្ឋាភិបាល​ដែល​គាត់​បិទ​ការនាំចូល​ត្រី​ពី​វៀតណាម​ហ្នឹង​បាន​មែន ប្រជាពលរដ្ឋ​ប្រាកដជា​ពង្រីក​ការ​ចិញ្ចឹម ការ​ដាំដុះ​នៅក្នុង​ស្រុក​យើង​បាន​ច្រើន។ ព្រោះ​ទីផ្សារ​វារី​កចម្រើន វា​ឡើង វា​អាច​ថា យើង​អាច​ផ្គត់ផ្គង់​ក្នុង​ស្រុក​បាន ហើយ​ជីវភាព​គាត់​អាច​ថា​អាច​ផ្គត់ផ្គង់​ការ​ចំណាយ​ក្នុង​គ្រួសារ​បាន​សមរម្យ»។

ប្រធាន​សមាគម​វារីវប្បកម្ម​កម្ពុជា លោក សុខ រ៉ា​ដេន លើកឡើង​ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី៤ ខែកុម្ភៈ​ថា ការ​ផ្អាក​ការនាំចូល​ត្រីទាំង៤ប្រភេទ ​ពិតជា​បាន​ជួយ​សម្រួល​ច្រើន​ដល់​អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា ជាពិសេស​ដោះស្រាយ​បញ្ហា​ត្រី​លក់​មិន​ចេញ។ 

ក្នុង​លិខិត​ដដែល លោក​ថា បច្ចុប្បន្ន​ផល​ត្រី​ចិញ្ចឹម​របស់​ពលរដ្ឋខ្មែរ​មាន​បរិមាណ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ពេញ១ឆមាស​ឆ្នាំ២០២១នេះ ដោយ​មិន​ចាំបាច់​ត្រូវការ​ត្រី​នាំចូល​នោះ​ទេ។ លោក​បន្ថែម​ថា ការ​បន្ត​ផ្អាក​ការនាំចូល​ត្រី​ពី​ខាងក្រៅ ​នឹង​ជួយ​ពលរដ្ឋ​ងាក​មក​ចាប់​មុខរបរ​ចិញ្ចឹម​ត្រី​កាន់តែ​ច្រើន ហើយនិង​បោះបង់​ការ​ធ្វើ​ចំណាកស្រុក​ទៅក្រៅ​ប្រទេស។ 

លោក សុខ រ៉ា​ដេន លើកឡើង​ក្នុង​លិខិត​នោះ​ថា៖ «ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បន្ត​ផ្អាក​ការនាំចូល​ជា​បណ្តោះអាសន្ន​នូវ​ផលិតផល​ជលផល​គ្រប់​ប្រភេទ ដែល​ប្រជា​វារី​វប្បករ​កម្ពុជា​យើង​អាច​ផលិត​បាន ​រយៈពេល​យូរ​ទៅមុខ​ទៀត ដើម្បី​លើកទឹកចិត្ត​ឱ្យ​បងប្អូន​វារី​វប្បករ​កម្ពុជា​យើង​កសាង​ផែនការ​ផលិត​យូរអង្វែង និង​បង្កើន​ការ​វិនិយោគ​ទៅលើ​វិស័យ​នេះ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់»។ 

តាម​របាយការណ៍​របស់ក្រ​សួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​វី​អូ​ឌី​ទទួល​បានឱ្យ​ដឹង​ថា​ក្នុង​ឆ្នាំ២០២០ កម្ពុជា​ផលិត​បាន​ត្រី​ចំនួន​ជាង៤០០ពាន់​តោន (៤០០ ៤០០ តោន​) កើន​ជាង៣០ភាគរយ ធៀប​នឹង​ឆ្នាំ២០១៩ ដែល​ផលិត​បាន​ជាង៣០០ពាន់​តោន (៣០៧ ៤០៨ តោន​)។ ដោយឡែក នៅ​ឆ្នាំ២០២០ កម្ពុជា​នាំចូល​ត្រី​ពី​វៀតណាម​ក្នុង​បរិមាណ​ជាង១៦,៧ ពាន់​តោន កើន​ជាង២០ភាគរយ ​ធៀប​នឹង​ឆ្នាំ២០១៩ ដែល​មាន១២,៧ពាន់​តោន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ