ក្រសួង​​ឱ្យ​​អ្នក​​ដាំ​​ស្វាយ​​ចុះ​បញ្ជី​​កសិដ្ឋាន​​នាំ​ចេញ​​ដើម្បី​​ដឹង​ពី​​បច្ចេក​ទេស​​ដាំ​​និង​​តម្លៃ​​លើ​​ទីផ្សារ​​

កសិករកំពុងរៀបចំផ្លែស្វាយយកទៅលក់ ស្ថិតនៅតំបន់ពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ)

ក្រសួង​កសិកម្ម ជំរុញ​ឱ្យ​អ្នក​ដាំដុះ​ស្វាយ ទៅចុះ​បញ្ជី​កសិដ្ឋាន​ដាំ​ស្វាយ​សម្រាប់​នាំចេញនៅ​អគ្គនាយក​ដ្ឋាន​កសិកម្ម ដើម្បី​ងាយស្រួល​ទទួល​បាន​ព័ត៌មាន​ពី​ការប្រែប្រួល​តម្លៃ​ស្វាយ​ក្នុង​ទីផ្សារ និង​សេវា​បណ្តុះបណ្តាល​បច្ចេកទេស ក្នុង​ការ​បង្កើន​ផលិតភាពនិង​គុណភាព​ផ្លែស្វាយ​ស្របតាម​ស្តង់​ដារ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចុះ​ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ លើកឡើង​ថា ​ថ្មី​ៗនេះ សារព័ត៌មាន​មួយចំនួន​បាន​ផ្សព្វផ្សាយ​ពី​ការ​ត្អូញត្អែរ​របស់​អ្នក​ដាំដុះ​ស្វាយ​ថា តម្លៃ​ស្វាយកែវ​រមៀត​ធ្លាក់ចុះ​នៅ​តំបន់​មួយចំនួន។

ក្រសួង​បន្ត​ថា ជាទូទៅ តម្លៃ​ផលិតកម្ម​កសិកម្ម រួម​ទាំង​ស្វាយ នៅ​កម្ពុជា និង​បណ្តា​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក តែង​មានការ​ប្រែប្រួល​ឡើងចុះ​មិន​ទៀងទាត់​តាម​រដូវ​កាល និង​អាស្រ័យ​លើ​ទំហំ​នៃ​ការ​ផ្គត់ផ្គង់និង​តម្រូវការ ដូច​ជាក់ស្តែង​នៅដើម​ខែកុម្ភៈ​នេះ តម្លៃ​ស្វាយ​មានការ​ធ្លាក់ចុះ​ជាង​ដើមឆ្នាំ ដោយសារតែ​ដល់​រដូវ​កាល​ប្រមូល​ផល។

ទន្ទឹមគ្នា​នេះ​ដែរ ក្រសួង​ថា ក៏​មាន​អ្នក​ដាំ​ស្វាយ​មួយចំនួន​បាន​លក់​ស្វាយ​ក្នុង​តម្លៃ​ទាប ដោយសារ​ផ្លែស្វាយ​មិនទាន់​មានគុណ​ភាពល្អ​ស្របតាម​ស្តង់​ដារ ដូចជា ទំហំ​ផ្លែ​តូច គ្មាន​សោភ័ណភាព និង​មិនទាន់​ស្របតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ការ​បញ្ជាទិញ​របស់​ក្រុមហ៊ុន ស្រប​ពេល​ដល់​រដូវ​កាល​ចូលឆ្នាំ​ចិន​និង​វៀតណាម ធ្វើ​ឱ្យ​ពាណិជ្ជករ​ផ្អាក​ការ​បញ្ជាទិញ។

ដើម្បី​រក្សា​បាន​ស្ថិរភាព​តម្លៃ​ស្វាយ​សមស្របនិង​មាន​ទីផ្សារ ក្រសួង​បាន​អំពាវនាវ​ជាថ្មី​ដល់​អ្នក​ដាំ​ស្វាយ​ទាំងអស់ រួសរាន់​ទៅចុះ​បញ្ជី​កសិដ្ឋាន​ដាំ​ស្វាយ​សម្រាប់​នាំចេញនៅ​អគ្គនាយក​ដ្ឋាន​កសិកម្ម ដើម្បី​ទទួល​បាន​ព័ត៌មាននិង​សេវា​បណ្តុះបណ្តាល​បច្ចេកទេស ព្រមទាំង​អាច​រៀបចំ​ចងក្រង​ជា​បណ្តុំ​អាជីវកម្ម​ស្វាយ​សម្រាប់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ក្នុងនិង​ក្រៅ​ស្រុក ចុះ​កិច្ចសន្យា​ប្រមូល​ទិញ ធ្វើការ​កែច្នៃ និង​នាំចេញ។

កសិករ​ដាំ​ស្វាយ​នៅ​ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល អ្នកស្រី សែម ភា ឱ្យ​ដឹង​ថា អ្នកស្រី​ដាំ​ដើម​ស្វាយកែវ​រមៀត១៦០ដើម។ អ្នកស្រី​ថា អ្នកស្រី​មិនបាន​ដឹងឬសិក្សា​ពី​បច្ចេកទេស​ដាំដុះ​ផ្លែស្វាយ ឬប្រភេទ​ស្វាយ​ដែល​មាន​ទីផ្សារ​និង​តម្លៃ​ខ្ពស់​នោះ​ទេ។ 

អ្នកស្រី​បន្ថែម​ថា ខ្លួន​បង្ខំចិត្ត​បន្ត​ទុក​ដើម​ស្វាយ​ដើម្បី​ទទួលយក​ផល ដោយសារ​វា​ត្រូវការ​ពេល​យូរ​ដើម្បី​ទទួល​បានផល ប៉ុន្តែ​កសិករ​មួយចំនួន​បានសម្រេច​ផ្លាស់​ប្តូរ​ការ​ដាំដំណាំ​ដូចជា​ស្វាយ មៀន ឬល្មុត លើ​ដីចម្ការ​របស់​ពួក​គេ​នៅពេល​ដឹង​ថា​មានតម្លៃ​ទីផ្សារ​ល្អ។

អ្នកស្រី សែម ភា ប្រាប់​ថា៖ «ខ្ញុំ​បាន​​ចុះ​កុងត្រា​ចុះ​អីអញ្ចឹង ឱ្យ​ជួយ​ដល់​ប្រជាពលរដ្ឋ​អីអញ្ចឹង តម្លៃ​ថេរ ហើយ​ដាំ​ ឱ្យ​[ក្រសួង]ជួយ​បង្រៀន អ​ញ្ចឹង​ប្រជាពលរដ្ឋ​ពេញចិត្ត​ ហើយ​សប្បាយចិត្ត​ទៀត។ ព្រោះ​ធ្វើ​ហើយ​ គាត់​អត់​ពិបាក​ទី​ផ្សារ​អញ្ចឹង​ណា។ រាល់ថ្ងៃ​ប្រឈមមុខ​ម៉េច​? ប្រឈមមុខ​ធ្វើ​ហើយ អត់​ដឹង​តម្លៃ​ទេ ដល់ពេល​អត់មាន ​វា​ថ្លៃ! ដល់ពេល​យើង ​បាន​ថោក»។

កសិករ​ដាំ​ស្វាយ​នៅ​ឃុំ​ព្រែក​ស្តី​មួយ​រូប​ទៀត លោក រិន ភារៈ ឱ្យ​ដឹង​ថា មុខរបរ​ដាំ​ស្វាយ​របស់​លោក​មិនសូវ​បានផល​ចំណេញ​នោះ​ទេ ដោយសារ​តម្លៃ​ប្រែប្រួល​តាម​ការកំណត់​របស់​ឈ្មួញ ទើប​លោក​ចាប់ផ្តើម​ងាក​មក​ដាំ​ដើម​មៀន។ លោក​ថា លោក​នឹង​កាប់​ដើម​ស្វាយកែវ​រមៀត៣០០ដើម​ដែលដាំ​លើ​ផ្ទៃដី​ទំហំ​ជិត១ហិក​តា​ចេញ ហើយ​ដាំ​មៀន​ជំនួស​វិញ។

កសិករ​វ័យ៣៧ឆ្នាំ​រូប​នេះ​បន្ថែម​ថា លោក​មិនបាន​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​វិធី​សាស្រ្ត​ដាំដុះ​តាម​លក្ខណៈ​បច្ចេកទេស​ច្បាស់លាស់​នោះ​ទេ គឺ​ធ្វើតាម​ការ​ស្វែង​យល់​តៗ​គ្នា។ លោក​ថា លោក​នឹង​ចូលរួម​ បើ​ក្រសួង​កសិកម្ម​មាន​គោលនយោបាយ​ជួយ​លើ​បច្ចេកទេស​និង​ទីផ្សារ ។

លោក រិន ភារៈ ប្រាប់​ថា៖ «និយាយទៅ​គឺ​ពលរដ្ឋ​យើង​ចង់បាន​ឱ្យ​តែ​ទីផ្សារ​ថ្លៃ គាត់​ឱ្យធ្វើ​អី​ក៏បាន​ដែរ។ ព្រោះ​ស្រែចម្ការ​ជា​ឆ្នាំ​ងបាយ​គាត់ ឱ្យ​តែថា​បាន​ថ្លៃ​ គាត់​ចេះតែ​ធ្វើ​ហើយ។ ដូច​រាល់ថ្ងៃ​ ឱ្យ​គ្នា​ធ្វើ​អី​កើត? ម្សិលមិញ​ខ្ញុំ​លក់​បាន៣០០ ​[រៀល​] ថ្ងៃ​ហ្នឹង​គេ​ទិញ​តែ២០០​[រៀល​]»។

លោក វេង សា​ខុន និងលោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយតប​នោះ​ទេ ដោយ​គាត់​ថាជាប់រវល់​ប្រជុំ។

បើ​តាម​ក្រសួង​កសិកម្ម កម្ពុជានឹង​មាន​កសិដ្ឋាន​ចំនួន៣០ និង​រោងចក្រ​ប្រព្រឹត្តកម្ម​សម្លាប់​ពងរុយ​ចោះ​ផ្លែស្វាយ​ចំនួន០៤ ដែល​ប្រទេស​ចិននឹង​ពិនិត្យ​សម្រេច​អនុញ្ញាត​ឱ្យ​នាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ