អាជ្ញាធរអះអាងថាសំណង់ចូលទន្លេជាការសាងសង់ផ្លូវថ្មើរជើង

សំណង់បង្គោលបេតុងចូលទន្លេបាសាក់ក្នុងខណ្ឌចំការមនរាជធានីភ្នំពេញ ថតនៅថ្ងៃទី៣ខែកុម្ភះឆ្នាំ២០២១។ រូប ដោយ ពៅ មេត្តា

អាជ្ញាធរអះអាងថា សំណង់បង្គោលបេតុងដែលសាងសង់ចូលទន្លេបាសាក់ត្រង់ចំណុចក្បែរស្ពានព្រះមុនីវង្សនោះគឺជាគម្រោងរបស់សាលារាជធានីសាងសង់ជាផ្លូវដើរដើម្បីការពារច្រាំងទន្លេ សោភ័ណភាពរាជធានី និងសុខភាពរបស់ប្រជាជន។​

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បញ្ជាក់ថា សំណង់នោះជាគម្រោងកសាងផ្លូវក្រវ៉ាត់តាមបណ្តោយទន្លេសម្រាប់ថ្មើរជើង។ លោកបន្តថា ផ្លូវថ្មើរជើងនេះមានផលប្រយោជន៍ច្រើន ដើម្បីជួយការពារកុំឱ្យបាក់ដីច្រាំងទន្លេ ជួយឱ្យរាជធានីស្អាត ជាកន្លែងពលរដ្ឋដើរកំសាន្ត និង ដើរហាត់ប្រាណ។​

អភិបាលខណ្ឌចំការមន លោក ថេង សុថុល ថ្លែងថា ការសាងសង់ដោយកន្លែងដាច់ពីគ្នានេះគឺអាជ្ញាធរត្រូវការពេលដើម្បីសម្របសម្រួលម្ចាស់ដីតាំងពីចំណុចកោះពេជ្រដល់ចំណុចក្បែរស្ពានព្រះមុនីវង្ស។

លោក ថេង សុថុល៖«ជាគម្រោងរបស់សាលារាជធានី។ ឥឡូវណឹងចាប់ពីកោះពេជ្រក៏កោះពេជ្រកំពុងរៀបចំធ្វើច្រាំងណឹងដែរ ធ្វើតរហូតមកដល់ណឹង ចឹងជាលទ្ធភាពអាចរៀបចំកន្លែងណាមុនយើងចាប់ផ្តើមធ្វើកន្លែងណឹង»។​

លោក ម៉េត មាសភក្តី ថ្លែងថា សាលារាជធានីបានរៀបចំជាប្លង់រួមរួចហើយ  ចំពោះផែនការគឺធ្វើទៅតាមប្លង់នោះទាំងស្រុង គ្រាន់តែថានៅចំពោះមុខត្រូវសម្របសម្រួលជាមួយពលរដ្ឋសិន។​

លោក ម៉េត មាសភក្តី៖«យើងធ្វើទាំងអស់ គ្រាន់តែថា ធ្វើតាមដំណាក់កាលកន្លែងណា អីកន្លែងណា ជួនកាលកន្លែងខ្លះត្រូវការដោះស្រាសិន»។​

ចំពោះពេលវេលាណាទើបសាងសង់ហើយនោះ លោក ម៉េត មាសភក្តីបញ្ជាក់ថា រងចាំពេលវេលាជាក់ស្តែងអាស្រ័យលើស្ថានភាពសេដ្ឋកិច្ច។ លោកបញ្ជាក់ថា ជាក់ស្តែងនៅពេលមានមេរោគកូវីដ១៩ឆ្លងរាលដាលគម្រោងអភិវឌ្ឍន៍ជាច្រើនត្រូវផ្អាក។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ឲ្យដឹងថា នៅថ្ងៃទី២២ ខែមករាឆ្នាំដដែលនោះ  អាជ្ញាធរចុះសិក្សាវាស់វែងកំណត់ព្រំប្រទល់អចលនវត្ថុ និងរុះរើសចេញនូវចំណែកសំណង់ផ្សេងៗ ដែលលយចូលច្រាំងទន្លេសាធារណៈ​ចាប់ពីស្ពាន ភ្លោះកោះពេជ្រ ដល់ស្ពានព្រះមុនីវង្សក្នុងភូមិសាស្ត្រខណ្ឌចំការមនរាជធានីភ្នំពេញ៕​

សាលារាជធានីរៀបផ្លូវដើរតាមច្រាំងទន្លេពីស្ពានកោះពេជ្រទៅស្ពានព្រះមុនីវង្ស

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ