អាដហុក​ទាមទារ​ឱ្យ​កែ​លម្អ​បទ​ញុះញង់​ ដើម្បី​ទប់​ស្កាត់​ការ​គំរាម​កំហែង​សេរីភាព​​ជួបជុំ​និង​បញ្ចេញមតិ​​

អាជ្ញាធរនិង​សន្តិសុខ​ខណ្ឌ៧មករា ប៉ះទង្គិចជាមួយក្រុមយុវជននិងប្រជាពលរដ្ឋ ខណៈពេលដែលក្រុមយុវជនទាំងនោះប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

សមាគមការពារសិទ្ធិមនុស្សអាដហុក ជំរុញឱ្យ​កែលម្អបទ«ញុះញង់» មាត្រា៤៩៤ និង៤៩៥ ដោយយកមាត្រា​៥ នៃ​ក្រមព្រហ្មទណ្ឌម​កអនុវត្តឱ្យបានម៉ឺងមាត់ ដើម្បីទប់ស្កាត់ការចោទប្រកាន់ប្រជាពលរដ្ឋដែលគ្រាន់តែប្រើសិទ្ធិបញ្ចេញមតិដោ​យសន្តិ​វិធី​ក្នុងការទា​ម​ទារឱ្យមានការទទួលខុសត្រូវពីអង្គការ​រដ្ឋ។

ក្រមព្រហ្មទណ្ឌមាត្រា៥ ចែងថា៖ «ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់ត្រូវបកស្រាយយ៉ាងតឹងរ៉ឹង។ ចៅក្រមមិនអាចពង្រីកវិសាលភាពអនុវត្ត ឬប្រព្រឹត្តតាមសទិសភាព​ [ភាព​ស្រដៀង] ​បានឡើយ»

ក្នុងរបាយការណ៍ស្តីពីស្ថានភាពសេរីភាពមូលដ្ឋានឆ្នាំ២០២០ អាដហុក​និយាយ​ថា នៅក្នុងឆ្នាំ២០២០កន្លងទៅ​នេះ យ៉ាងហោចណាស់មានបាតុករប្រមាណ៥នាក់បានរងរបួសពីការបង្ក្រាបដោយអំពើហិង្សាពីសំណាក់កងកម្លាំងសមត្ថកិច្ច ហើយ​៣៥នាក់ត្រូវបានចាប់ឃុំខ្លួនដាក់ពន្ធនាគារ ដែលជាទូទៅត្រូវបានចោទប្រកាន់ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោម​បទប្បញ្ញត្តិមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។

មាត្រា​ទាំង​ពីរ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​នេះ ក៏បានចោទប្រកាន់​ព្រះ​តេជ​គុណ កើត សារ៉ាយ ព្រះសង្ឃនៃ​ក្រុម​យុវជនខ្មែរថាវរៈ និងយុវជន មាន ព្រហ្មមុនី អនុប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ ដោយសារតែពួកគេគ្រោងដឹងនាំធ្វើបាតុកម្មដោយអហិង្សានិងសន្តិវិធី ដើម្បីទាមទារឱ្យមានយុត្តិធម៌សង្គម​នៅទីលានប្រជាធិបតេយ្យនៅរាជធានីភ្នំពេញ។

ដូចគ្នានេះដែរ អាដហុក​កត់សម្គាល់ទៀតថា សកម្មជននយោបាយ៣៧នាក់​ត្រូវបានចាប់ឃុំខ្លួនរួមទាំងលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ដែលពួកគេភាគច្រើនត្រូវបានចោទពីបទដូចគ្នា​ក្រោម​មាត្រា​ទាំង​ពីរ​នេះ។

អាដហុក​និយាយទៀតថា មនុស្ស៥៣នាក់​ជាសកម្មជនគណបក្សប្រឆាំង រងការគំរាមកំហែង និងចាប់ខ្លួន ដោយគ្រាន់តែបន្តការ​ជួបជុំ​ ជុំវិញ​ការ​ចែករំលែកព័ត៌មានឬបង្ហោះសារតាមបណ្តាញសង្គមផ្សេងៗ ក្នុងនោះ ១៦នាក់ត្រូវបានសមត្ថកិច្ចហៅទៅសាកសួរឱ្យធ្វើកិច្ចសន្យា និង ១០នាក់​ផ្សេង​ទៀត​រងការវាយឱ្យ​រង​របួសស្នាមដោយជនមិនស្គាល់មុខ ដែលជាទូទៅសមត្ថកិច្ចមិនដែល​ចាប់បានជនដៃដល់​យកមកផ្តន្ទាទោស​នោះ​ឡើយ។

អាដហុករកឃើញទៀតថា ជម្លោះនយោបាយ​រវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា គឺជាមូលហេតុចម្បងនៃការធ្លាក់ចុះការគោរពសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋាន។

ក្រុម​សិទ្ធិមនុស្សមួយនេះទាមទារឱ្យធ្វើសម្បទាននយោបាយក្នុងស្មារតីបង្រួបបង្រួមជាតិ ត្រូវដោះលែងសកម្មជនបរិស្ថាននិងនយោបាយ ធ្វើវិសោធនកម្មច្បាប់មួយចំនួនឡើងវិញ រួមទាំងត្រូវ៖

«កែលម្អប្រព័ន្ធយុត្តិធម៌ក្នុងការអនុវត្តច្បាប់នៅតាមស្ថាប័នតុលាការ ដោយយកមាត្រា៥ ក្រមព្រហ្មទណ្ឌមកអនុវត្តឱ្យបានម៉ឺងម៉ាត់ ដោយមិនត្រូវបកស្រាយពន្លាត ដើម្បីចោទប្រកាន់លើពលរដ្ឋដែលគ្រាន់តែប្រើសិទ្ធិបញ្ចេញមតិនិងជួបជុំដោយសន្តិវិធីក្នុងការទាមទារឱ្យមានការទទួលខុសត្រូវពីអង្គការរដ្ឋ ទៅតាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ»។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន សុំមិនធ្វើអត្ថាធិប្បាយជុំ​វិញ​របាយការណ៍​របស់សមាគមអាដហុកនេះទេ ដោយជំរុញឱ្យទៅសួរក្រសួងយុត្តិធម៌។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានច្រាន​ចោលការរកឃើញរបស់អាដហុកនេះ ដោយថា វិធានការចាប់ខ្លួន​មនុស្សមួយចំនួនកន្លងមកនេះជាការអនុវត្តច្បាប់ មិនមែនជាដើមចមធ្វើឱ្យសិទ្ធិមនុស្សធ្លាក់ចុះទេ តែវាជាការពង្រឹងនីតិរដ្ឋ។

លោក ជិន ម៉ាលីន ប្រាប់ថា៖ «វិធានការច្បាប់ទៅលើអ្នកបំពានច្បាប់ គឺជាសកម្មភាពលើកស្ទួយសិទ្ធិសេរីភាពនៃការលើកស្ទួយនីតិរដ្ឋទៅវិញទេ។ […] គូកន បក្ខពួកគាត់ ដែលប្រឈមនឹងមុខច្បាប់ ដោយសារតែប្រព្រឹត្តល្មើសទៅនឹងច្បាប់ មិនមែនជាការអនុវត្តសិទ្ធិតាមបែបប្រជាធិបតេយ្យទេ»

អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លោកបណ្ឌិត សេង សារី យល់​ឃើញថា រដ្ឋាភិបាលនិង​ក្រុម​សិទ្ធិ​មនុស្ស​នៅ​តែ​បន្ត​ខ្វែង​គំនិត​គ្នា​ ជុំ​វិញ​បញ្ហា​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោកបណ្ឌិត សេង សារី ប្រាប់ថា៖ «យើងឃើញបច្ចុប្បន្ននេះ អង្គការសង្គមស៊ីវិលហាក់ដូចជាសត្រូវ ឬក៏ក្រុមដែលធ្វើការប្រឆាំងនឹងរដ្ឋាភិបាល។ នេះរដ្ឋាភិបាលគាត់មើលអ៊ីចឹង ក៏ប៉ុន្តែ បើក្នុងសភាពហុបក្ស យើងមើលឃើញថា អង្គការសង្គមស៊ីវិលរបស់រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ដែលជួយបំពេញចម្លោះប្រហោងដែលរដ្ឋាភិបាលទៅអត់ដល់»

របាយការណ៍ដដែលនិយាយទៀតថា រយៈពេល១២ខែមកនេះ អាដហុករកឃើញសកម្មភាពនៃការធ្វើទុក្ខបុកម្នេញនិងការរំលោភបំពាន​សេរីភាព​មូលដ្ឋាន​ស៊ីវិល​ បាន​កើត​ឡើង១៧៨ករណី ដែល​លទ្ធផល​នៃ​ការ​រក​ឃើញ​នេះ កើត​ចេញ​ពី​ការ​ឃ្លាំមើលរបស់បុគ្គលិកខ្លួននៅតាមបណ្តារាជ​ធានី​-ខេត្តចំនួន​១៨។

ក្នុងនោះ ការជួបជុំយ៉ាងហោច១០៥ករណី​នៃសកម្មភាពជួបជុំផ្សព្វផ្សាយបើកវគ្គបណ្តុះបណ្តាល ឬសិក្ខាសាលា​របស់សហគមន៍និងអង្គការសង្គ​មស៊ីវិល ត្រូវរងការរឹតត្បិតនិងរារាំងពីសំណាក់អាជ្ញាធរ ទោះបី​សិទ្ធិនេះធានាដោយរដ្ឋធម្មនុញ្ញ​ក្ដី។ ២៥ករណី​ក្នុងចំណោម៤០ករណី​របស់ប្រជាពលរដ្ឋ កសិករ កម្មករ សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស និងសកម្មជននយោបាយ ដើម្បីទាមទាររកដំណោះស្រាយពីការរំលោភដីធ្លី ធនធានធម្មជាតិ ក៏ដូចជាទាមទារឱ្យមានយុត្តិធម៌សង្គមជាដើម ត្រូវបានរារាំង រង​ការ​គំរាមកំហែង និងបង្ក្រាបពីសំណាក់សមត្ថកិច្ច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ