រដ្ឋា​ភិបាល​​អនុញ្ញាត​​ឱ្យ​​នាំ​ចូល​​ត្រី​៤​ប្រភេទ​​ពី​ក្រៅ​​ប្រទេស​​ឡើង​វិញ​​

សកម្ម​ភាព​ពលរដ្ឋខ្មែរប្រមូលផលត្រីនៅ​កំពង់ផែ​មាត់ទន្លេ​សាប ក្នុង​រដូវ​ធ្វើ​ផ្អក​ប្រហុក ស្ថិតនៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។ (Michael Dickison​)

រដ្ឋាភិបាលសម្រេច​អនុញ្ញាត​ឱ្យ​នាំចូល​ត្រី​ចំនួន៤ប្រភេទពីក្រៅ​ប្រទេស​ឡើងវិញ ក្រោយពី​ផ្អាក​ការនាំចូល​ជា​បណ្តោះអាសន្ន​រយៈពេល១ខែ។

កាលពី​ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​កាំ​ចូល​ត្រី​ចំនួន៤ប្រភេទ រួមមាន ត្រីប្រា ត្រីពោ ត្រី​អណ្តែង និង​ត្រីឆ្ដោ ពី​ប្រទេស​វៀតណាម ដើម្បី​លើកកម្ពស់​វារីវប្បកម្ម​កម្ពុជា​ក្នុង​ពេល​វិបត្តិ​ជំងឺ​កូ​វីដ១៩។ 

ក្រោយមក នៅ​ថ្ងៃទី១៩ ខែកុម្ភៈ ក្រសួង​ពាណិជ្ជកម្ម​វៀតណាមបាន​ផ្ញើ​លិខិត​មក​ភាគី​កម្ពុជា ដោយ​ស្នើ​ឱ្យ​លុបចោល​ការ​ផ្អាកការ​នាំ​ត្រី៤ប្រភេទ​នេះ​វិញ។ ក្នុង​លិខិត​នោះ ភាគី​វៀតណាម​លើកឡើង​ថា ការ​ផ្អាក​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្មារតី​សេរី​ភាវូបនីយកម្ម​ពាណិជ្ជកម្ម របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO​) និង​សហគមន៍​សេដ្ឋកិច្ច​អាស៊ានដែល​មាន​ប្រទេស​ទាំងពីរ​ជាស​មា​ជិ​ក។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាន​លើកឡើង​ថា ក្រសួង​នៅតែ​បន្ត​ការអនុញ្ញាត​ឱ្យ​នាំចូល​​ផលិតផល​ជលផល ជាពិសេស​ត្រី​ចំនួន៤ប្រភេទ​នេះ ក្រោម​ហេតុផល​ថា ដើម្បី​បំពេញ​តម្រូវការ​ជាក់ស្តែង​ក្នុង​ស្រុក។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែលបន្ត​ថា ក្រសួង​នឹង​បន្ត​ពិគ្រោះ​យោបល់​ជាមួយ​សមាគម​វារីវប្បកម្ម​នៅ​កម្ពុជា អាជីវករ​នាំចេញ​នាំចូល​ផលិតផល​ជលផល និង​អាជ្ញាធរ​មានសមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ជា​ដៃ​គូពាណិជ្ជកម្ម​របស់​កម្ពុជា ដើម្បី​កសាងនិង​ទទួលស្គាល់​លិខិត​បទដ្ឋាន​បច្ចេកទេស។ 

ក្រសួង​បន្ថែម​ថា៖ «តាមរយៈ​យន្តការ​គណៈកម្មការ​ជំរុញ​វារីវប្បកម្ម​កម្ពុជា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ នឹង​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​វារី​វប្បករ ដើម្បី​អភិវឌ្ឍន៍​វិស័យ​វារីវប្បកម្ម និង​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​វារី​វប្បករ ស្របតាម​គោលការណ៍​ពាណិជ្ជកម្ម​សេរី ព្រមទាំង​ធានា​ដល់​ការ​ការពារ​សុខភាព​មនុស្ស សត្វ បរិស្ថាន និង​ជំរុញ​កំណើន​ពាណិជ្ជកម្ម»។

ម្ចាស់​កសិដ្ឋាន​ផលិត​ពូជ​ត្រី​មួយ​រូប​នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម លោក ឃឹម ឆៃ​យ៉ា បង្ហាញ​ការ​ខកចិត្ត​ចំពោះ​រដ្ឋាភិបាលដែល​បើក​ឱ្យ​ប្រទេសជិតខាង​នាំ​ត្រី​ទាំង៤ប្រភេទ​នេះចូល​កម្ពុជា​វិញ។

លោក​ថា៖ «បើ​បិទ​ជាប់​ក៏​ល្អ​ដែរ ព្រោះ​យើង​ស្ទាបស្ទង់​ការផលិត​នៅក្នុង​ស្រុក ក្នុង​ការ​អាច​ផ្គត់​ផ្គង់​បាន​អ៊ីចឹង! ដល់ពេល​បិទ​មិនទាន់​បាន​ប៉ុន្មាន​ផង​ បើក​វិញ វា​អត់មាន​ន័យ! ភាគច្រើន​ទាំង​ពួក​នៅ​ខាង​ខ្ញុំ ឬមួយ​ប្រជាពលរដ្ឋ​អី គាត់​មិន​សប្បាយចិត្ត​ដែរ។ បើ​បិទ​រហូត​ទៅ ​ប្រជាកសិករគាត់​មាន​ទឹកចិត្ត​ផលិត​នៅក្នុង​ស្រុក​សម្រាប់​ផ្គត់ផ្គង់ ហើយ​វា​អាច​លើ​កកម្ពស់ជីវភាព​គាត់»។ 

ប្រធាន​សមាគម​វារីវប្បកម្ម​កម្ពុជា លោក សុខ រ៉ា​ដេន មានប្រសាសន៍​ថា បច្ចុប្បន្ន ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម​ត្រី កំពុង​ជួប​បញ្ហា​ប្រឈម ដោយសារ​ទឹកស្រះ​ចិញ្ចឹម​ត្រី​កាន់តែ​រីង ខណៈ​ត្រី​របស់​ពួក​គេ​មិនទាន់​លក់​អស់ ក៏​បើក​ឱ្យ​មានការ​នាំចូល​ត្រី​ពី​ប្រទេសជិតខាង​ឡើងវិញ។ ជាមួយគ្នា​នេះ​ដែរ លោក​ក៏បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បើក​ឱ្យ​មានការ​នាំចូល​ត្រី​ឡើងវិញ ប៉ុន្តែ​លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​កម្រិត​ចំនួន​ត្រី​នាំចូល។

លោក​ថា៖ «ឱ្យ​នាំ​ត្រី​ចូលចុះ! ប៉ុន្តែ​ឱ្យ​តែ​កម្រិត ឬឱ្យ​គាត់​ជួយ​ណែនាំ​អ្នក​ប្រមូល​ទិញឬនាំចូល​ពី​ស្រុកក្រៅ​ហ្នឹង ឱ្យ​គាត់​វិល​មក​ប្រមូល​ទិញ​ត្រី​នៅក្នុង​ស្រុក​សិន។ នៅពេល​យើង​មាន​វិបត្តិ​រីងស្ងួត​ខ្លាំង​ណាស់ ហើយ​ទឹក​រីង​កាន់តែ​ខ្លាំង ដូច្នេះយើង​មានតែ​ប្រឡាយប៉ុន្តែ​អត់មាន​ទឹក​ អានេះ​ជា​វិបត្តិ​ធំ»។

ក្រៅពី​ឱ្យ​កម្រិត​ចំនួន​ត្រី ប្រធាន​សមាគម​វារីវប្បកម្ម​កម្ពុជារូប​នេះ​ ក៏​គ្រោង​នឹង​ដាក់​សំ​ណើ​ទៅ​ក្រសួង​កសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ ស្នើ​ឱ្យ​មានការ​តម្រូវ​ឱ្យ​អ្នកនាំ​ចូល​ត្រូវ​មាន​វិញ្ញា​បនបត្រពីទី​តាំង​ចិញ្ចឹម​ឱ្យ​បាន​ច្បាស់លាស់ និង​ការធានា​ថា ត្រី​ដែល​នាំចូល​មកនេះមិន​ធ្វើ​ឱ្យ​អ្នក​បរិភោគ​ប៉ះពាល់​សុខភាព។

តាម​របាយការណ៍​របស់ក្រ​សួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​វី​អូ​ឌី​ទទួល​បាន ឱ្យ​ដឹង​ថា​ក្នុង​ឆ្នាំ២០២០ កម្ពុជា​ផលិត​បាន​ត្រី​ចំនួន​ជាង៤០០ពាន់​តោន (៤០០ ៤០០ តោន​) កើន​ជាង៣០ភាគរយ ធៀប​នឹង​ឆ្នាំ២០១៩ ដែល​ផលិត​បាន​ជាង៣០០ពាន់​តោន (៣០៧ ៤០៨ តោន​)។ 

ដោយឡែក នៅ​ឆ្នាំ២០២០ កម្ពុជា​នាំចូល​ត្រី​ពី​វៀតណាម​ក្នុង​បរិមាណ​ជាង១៦,៧ពាន់​តោន កើន​ជាង២០ភាគរយ ធៀប​នឹង​ឆ្នាំ២០១៩ ដែល​មាន១២,៧ពាន់​តោន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ