សង្គម​​ស៊ីវិល​​និង​​សហ​គមន៍​​ជាង​៧០​ ស្នើ​​ក្រសួង​​បញ្ឈប់​​ការ​​«យាយី»​សកម្ម​ជន​​ព្រៃឈើ​​

ស្ត្រី​ម្នាក់​ជា​ភរិយា​លោក ហេង ស្រស់ សកម្មជន​បរិស្ថាន ឈរ​នៅ​ខាងក្រៅ​បរិវេណ​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ ខណៈ​ប្ដី​អ្នកស្រី​និង​សកម្មជន​ផ្សេងទៀត​ស្ថិតនៅ​ក្នុង​ការ​ឃាត់ខ្លួន​ពីសំណាក់​អាជ្ញាធរ​នៅឡើយ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។ (ត្រាន់ តិច​សេង​)

អង្គការ សមាគម និង​សហគមន៍​ជាង៧០ បាន​ស្នើ​ក្រសួងបរិស្ថានបញ្ឈប់​ការ​ធ្វើទុក្ខ​បុកម្នេញ​ប្រឆាំង​នឹង​សកម្មជន​ការពារ​ព្រៃឈើ និង​សមាជិក​សហគមន៍​នៅ​តាម​មូលដ្ឋាន។

ការ​ស្នើ​នេះបាន​ធ្វើឡើង​ក្រោយពី​មន្ត្រី​បរិស្ថាន​ខេត្តក្រចេះ បាន​ឃាត់ខ្លួនលោក អ៊ូច ឡេង ប្រធាន​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​ម្ចាស់​ពានរង្វាន់​វីរជន​ការពារ​បរិស្ថាន​ពិភពលោក​ឆ្នាំ២០១៦ រួម​នឹង​សកម្មជន​ព្រៃឈើ៤នាក់​ទៀត កាលពី​សប្តាហ៍​មុន។

ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ដែលចេញ​នៅ​ថ្ងៃទី០៩ ខែកុម្ភៈ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហគមន៍​ចំនួន៧៤ បង្ហាញ​ការ​សោក​ស្តាយ​ដែល​ក្រសួងបរិស្ថានបាន​ចូលរួម​ក្នុង​យុទ្ធនាការ​ធ្វើទុក្ខ​បុកម្នេញ​ប្រឆាំង​នឹង​សកម្មជន​ការពារ​ព្រៃឈើ​មួយចំនួន​នៅក្នុង​ប្រទេស។ 

សេចក្តី​ថ្លែងការណ៍​ដដែលបាន​ចាត់ទុក​សកម្មភាព​របស់ក្រ​សួង​ថា មិន​ត្រឹមតែ​មិនបាន​ជួយការ​ពារ​ព្រៃឈើ​ចុងក្រោយ​នេះ​ទេ ប៉ុន្តែ​បែរជា​ធ្វើទុក្ខទោស​ដល់​ការ​ខិតខំ​ប្រឹងប្រែង​អភិរក្ស​ទៅវិញ ជាពិសេស​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហគមន៍​ទាំងនោះ បាន​ស្នើ​ដោយ​ទទូច​ដល់​ក្រសួង បញ្ឈប់​ការ​ធ្វើទុក្ខ​បុកម្នេញ​ចំពោះ​សកម្មជន និង​គោរព​សិទ្ធិ​​គ្រប់​ភាគី​ពាក់ព័ន្ធដែល​មានបំណង​ចង់​ឃើញ​ព្រៃ​ឡង់ត្រូវ​បាន​អភិរក្សនិង​ការពារ​ឱ្យ​បាន​យូរអង្វែង​បន្ត​ទៀត។

សេចក្តី​ថ្លែងការណ៍​រួមបញ្ជាក់​ថា៖ «ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅក្នុង​តំបន់ការពារធម្មជាតិ គឺជា​បញ្ហា​កើតមាន​ឥត​ឈប់ឈរ​មួយ​នៅ​កម្ពុជា ហើយ​យើង​ត្រូវការ​ជា​ខ្លាំង​នូវ​ការចូលរួម​របស់​មនុស្សនិង​ស្ថាប័ន​ផ្សេង​ៗគ្នា រួមមាន ក្រសួងបរិស្ថាន អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិនិង​អន្តរជាតិ និង​អង្គការ​នៅក្នុង​កម្រិត​សហគមន៍​មូលដ្ឋាន ដើម្បី​ធ្វើការ​ដោយសេរីនិង​ឯករាជ្យក្នុង​ការ​ការពារ​ព្រៃឈើដែល​នៅ​សេសសល់​របស់​យើង​ទាំងអស់គ្នា»។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​មានប្រសាសន៍​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ គួរតែ​រៀន​ទទួលស្គាល់​ការពិត កុំ​ព្យាយាម​ការពារ​ជន​ដែល​មិន​គោរពច្បាប់ និង​កុំ​បំពេញការងារ​បង្កប់​ដោយ​របៀបវារៈ​នយោបាយ។

លោក​បន្ត​ថា ពាក់ព័ន្ធ​នឹង​ការ​ឃាត់ខ្លួន​ជន​ទាំង៥នាក់​នោះ គឺ​ពួក​គេ​បាន​ឆ្លើយ​សារភាព​នៅចំពោះមុខ​សមត្ថកិច្ច​ហើយ​ថា ពួក​គេ​ពិតជា​បាន​លួចចូលនិង​ធ្វើសកម្មភាព​ដោយ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ​ពិតមែន ដើម្បី​កៀរគរ​រក​ថវិកា​ជំនួយ ដែល​នេះ​បញ្ជាក់​ច្បាស់​ពី​ចេតនា​ទុច្ចរិត​នៃ​ការ​ធ្វើសកម្មភាព​របស់​ពួក​គេ និង​គ្មាន​ចេតនា​សុ​ចរិត​ណាមួយក្នុង​ការ​ការពារ​ព្រៃឈើ​ឱ្យ​ពិតប្រាកដ​ឡើយ។

លោក​បាន​គូសបញ្ជាក់​ថា៖ «ក្រសួងបរិស្ថាន​គ្មាន​ភាព​ចាំបាច់ដើម្បី​ឆ្លើយតបទៅនឹង​របាយការណ៍​របស់​ភាគី​ទី៣ណាមួយ​ទេ ហើយក៏​កាន់តែ​មិន​ចាំបាច់​ថែមទៀតនៅក្នុង​ការ​ឆ្លើយតបទៅ​នឹង​របាយការណ៍​ដែល​ធ្វើសកម្មភាព​ខុសច្បាប់»។

លោក​ នេត្រ ភក្ត្រា បាន​បន្ថែម​ថា ក្រសួងបរិស្ថាននៅតែ​គូសបញ្ជាក់​ពី​ការអនុវត្ត​ច្បាប់​ដោយ​មិន​លើកលែង​ចំពោះ​ជនល្មើស​ណា​ម្នាក់​ឡើយក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដើម្បី​ប្រសិទ្ធភាព​លើ​កិច្ចការពារនិង​អភិរក្ស​ធនធាន​ធម្មជាតិ​ដែល​មាន។ 

សកម្មជន​ការពារ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ក្នុង​ខេត្តកំពង់ធំ លោក ម៉ិញ នី មានប្រសាសន៍​ថា កន្លងមក ក្រុម​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ក៏​ធ្លាប់​ត្រូវ​មន្ត្រី​បរិស្ថាន​រារាំងនិង​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ប្រសិនបើ​ពួក​គាត់​ចុះ​ល្បាត​ព្រៃ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​ផង​ដែរ។ 

លោក​បន្ត​ថា៖ «សម្រាប់​ខ្ញុំ វា​ពិបាក​ដែរ ព្រោះ​យើង​មាន​ឆន្ទៈ​ទៅ​ការពារ​ព្រៃ ផលប្រយោជន៍​របស់​ជាតិ​សោះ បែរជា​មានការ​រារាំង ស្តី​បន្ទោស​ធ្ងន់​ៗ ខ្ញុំ​ក៏​តូចចិត្ត​ដែរ ពីព្រោះ​យើង​ប្រជាពលរដ្ឋ យើង​ធ្វើ​ក្នុងនាម​ការពារ​ធនធាន​ទេ ​[…] ទោះ​ក្នុង​កាលៈទេសៈ​ណា ក៏​យើង​នៅតែ​តស៊ូ បើ​សូម្បី​យើង​មិនបាន​ចូល ​[ក្នុង​តំបន់​ព្រៃ​ឡង់] ក៏​យើង​នៅ​ឃ្លាំមើល​ខាងក្រៅ​ដែរ ព្រោះ​វា​អត់​ខុស​នឹង​ច្បាប់​ទេ ការ​តស៊ូ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ»។

លោក​បាន​ស្នើ​ដល់​ក្រសួងបរិស្ថានពិចារណា​ឡើងវិញក្នុង​ការអនុញ្ញាត​ឱ្យ​សកម្មជន​ព្រៃឈើ ក៏ដូចជា​បណ្តាញ​សហគមន៍​ព្រៃ​ឡង់បាន​ចូលរួម​ចុះ​ល្បាត​ព្រៃ​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។

បើ​តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​សង្គម​ស៊ីវិលនិង​សហគមន៍​ទាំង៧៤នោះ ការ​ឃាត់ខ្លួន​សកម្មជន​ព្រៃឈើ​ទាំង៥នាក់ពីសំណាក់​មន្ត្រី​បរិស្ថាន​នោះ មិនមែន​ជា​លើក​ទី១ដែល​បាន​កើតឡើង​នោះ​ទេ។ 

សេចក្តី​ថ្លែងការណ៍​បន្ត​ថា កាលពី​ខែកុម្ភៈ ឆ្នាំមុន មន្ត្រី​ក្រសួងបរិស្ថានក៏បាន​បញ្ឈប់​សកម្មភាព​ព្រះសង្ឃនិង​សកម្មជន​បរិស្ថាន​រាប់​រយ​នាក់​នៃ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ នៅពេល​ដែល​ពួក​គេ​មានបំណង​ចូល​ទៅកាន់​ព្រៃ​ឡង់ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​បំបួស​ដើមឈើ​ប្រចាំឆ្នាំ និង​ការ​ឃាត់ខ្លួន​សកម្មជន​ព្រៃឈើ​ចំនួន៤នាក់ នៅ​ខែមីនា​ឆ្នាំមុន ខណៈ​ដែល​ពួក​គេ​កំពុង​ធ្វើ​របាយការណ៍​ស៊ើបអង្កេត​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅ​ព្រៃ​ឡង់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ