ទូត​​កម្ពុជា​​ឱ្យ​​ពលរដ្ឋ​ខ្មែរ​​នៅ​​វៀត​ណាម​​គោរព​​វិធាន​​កូ​វីដ​១៩​ដើម្បី​​កុំ​ឱ្យ​​ជាប់​ទោស​​ទណ្ឌ​

​ព្រំដែន​កម្ពុជា​-វៀតណាម ក្នុង​ភូមិសាស្ត្រ​ឃុំ​ប៉ក់​ធំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្តរតនគិរី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ រដ្ឋបាល​ខេត្តរតនគិរី​-Provincial administration of Ratanakiri​)

​ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម ណែនាំ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុងមាន​វត្តមាន​នៅ​ប្រទេស​វៀតណាម​ ត្រូវ​គោរព​នីតិវិធី​កូ​វីដ១៩របស់​ប្រទេស​នេះ បើ​មិន​ដូច្នេះ​ទេ ​ពួក​គេ​អាច​ប្រឈម​នឹង​ការ​ពិន័យ​ជា​ប្រាក់និង​ជាប់ពន្ធ​នា​គារ​រហូតដល់១២ឆ្នាំ។ 

សេចក្តី​ជូនដំណឹង​របស់​ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចុះ​ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ បាន​លើកឡើង​ថា យោង​តាម​សារព័ត៌មាន​វៀតណាម Vietnam News គឺ​អាជ្ញាធរ​វៀតណាម ជាពិសេស​នៅ​ទីក្រុង​ហាណូយ បាន​ចេញ​វិធានការ​ពិន័យ​តឹង​រ៉ឹង​ចំពោះ​អ្នក​រំលោភ​នីតិវិធី​កូ​វីដ១៩។ 

ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា បន្ត​ថា វិធានការ​ពិន័យ​ទាំងនោះ រួមមាន អ្នក​រំលោភ​វិធានការការ​ពារ​កូ​វីដ១៩ អាច​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ ១២ឆ្នាំ ខណៈ​អ្នក​មិន​ធ្វើ​សេចក្តី​ប្រកាស​សុខភាព ឬធ្វើ​ប្រកាស​សុខភាព​ក្លែងក្លាយ ឬមិន​ប្រកាស​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ដោយ​ពេញលេញ នឹង​ត្រូវ​ពិន័យ​រហូតដល់១០០លាន​ដុង ស្មើ​ប្រមាណ៤ ៣៥០ដុល្លារ។

ស្ថាន​ឯកអគ្គ​រាជទូត បន្ត​ទៀត​ថា អ្នក​មិន​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ លើ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ ឬមិន​រក្សា​គម្លាត​សុវត្ថិភាព នឹង​ពិន័យ​ជា​ប្រាក់៣លានដុង (១៣០ដុល្លារ)​ អ្នក​បោះចោល​ម៉ាស់​មិន​ត្រឹមត្រូវ​នឹង​ពិន័យ​ពី៥ទៅ៧លាន​ដុង (២១៧ដុល្លារ​ ទៅ៣០៥ដុល្លារ​) និង​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ឬដឹង​ថា​មាន​អ្នក​ឆ្លង​តែ​លាក់​មិន​រាយការណ៍ ​នឹង​ត្រូវ​ពិន័យ២០លាន​ដុង។

ដោយឡែក ចំពោះ​អ្នក​ខកខាន​មិន​អនុវត្ត​បទបញ្ជា​ស្តី​ពី​ការស៊ើបអង្កេត ការ​ត្រួតពិនិត្យ និង​ការ​ព្យាបាល​តាម​វេជ្ជសាស្ត្រ​នៅមុន​ចូល​និង​ចេញពី​ទីតាំង​ផ្ទុះ​កូ​វីដ១៩ នឹង​ត្រូវ​ពិន័យ៣០លាន​ដុង ខណៈ​អ្នក​រត់ចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័​ក និង​ខកខាន​មិន​អនុវត្ត​តាម​វិ​ធាន​ចត្តាឡីស័​ក នឹង​ត្រូវ​ពិន័យ​រហូតដល់២០លាន​ដុង ឬនិង​មាន​វិធានការ​តាម​ក្រម​ព្រហ្មទណ្ឌប្រសិន​បាន​ចម្លង​មេរោគ​ទៅ​ជន​ដទៃ។

ករណីនេះ ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា បាន​អំពាវនាវ​ដល់​និ​សិត្ស សិក្ខាកាម​យោធា​-នគរបាល និង​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មានវត្តមានក្នុង​ប្រទេស​វៀតណាម ជាពិសេស​ទីក្រុង​ហាណូយ ជ្រាប​ជា​ព័ត៌មាននិង​ចូលរួម​អនុវត្ត។

កញ្ញា មឿន ស្រី​ណេត ជា​និស្សិត​អាហារូបករណ៍​ផ្នែក​សង្គម​បរិស្ថាន​នៅ​ប្រទេស​វៀតណាម យល់ថា ការ​ចាត់វិធានការ​តឹងរ៉ឹង​របស់​អាជ្ញាធរ​វៀតណាម ជា​រឿង​ល្អ ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋនិង​ជនបរទេស​ដែល​មាន​វត្តមាន​នៅក្នុង​ប្រទេស​នេះពី​ជំងឺ​កូ​វីដ១៩។

ប៉ុន្តែ​យ៉ាងណា កញ្ញា​ក៏​មានការ​ព្រួយបារម្ភ​ដែរ​អំពី​ការ​ពិន័យ​យ៉ាង​តឹងរ៉ឹងដែល​អាច​ឈាន​ដល់​ការ​ជាប់ពន្ធ​នា​គារ​រហូតដល់១២ឆ្នាំ។ 

កញ្ញា​និយាយ​ថា៖ «ខ្ញុំ​មានការ​ព្រួយបារម្ភ​ណាស់ ដូច្នេះ​ខ្ញុំ​ត្រូវ​គោរព​ទៅតាមច្បាប់ ហើយ​មិន​ចេញទៅ​ខាងក្រៅ លើកលែងតែ​មាន​កិច្ចការ​សំខាន់»។

លោក ប៉ុង សុខ​ហុង ជា​និស្សិត​អាហារូបករណ៍​នៅ​ប្រទេស​វៀតណាម​មួយ​រូប​ទៀត បាន​លើកឡើង​ថា បើ​សិន​ជា​មិន​មាន​វិធានការ​បែបនេះ អាជ្ញាធរ​វៀតណាម​អាច​នឹង​ពិបាក​គ្រប់គ្រង​ស្ថានការណ៍ ខណៈ​ជំងឺ​កូ​វី១៩មានការ​ឆ្លង​រីក​រាលដាល​លឿន​ក្នុង​ប្រទេស​នេះ។

លោក​បន្ថែម​ថា៖ «ច្បាប់​ដែលគេ​ចេញ​មក​ហ្នឹង វា​សមស្រប​ដែល​អាច​ទទួលយក​បាន ព្រោះ​គេ​ចេញ​មក​អ៊ីចឹង គឺ​ដើម្បី​ការពារ​នូវ​សុវត្ថិភាព សុខភាព និយាយរួម ដើម្បី​ប្រជាជន​គេ និយាយរួម​ទៅ វា​មានផល​ល្អ​សម្រាប់​សិស្ស​និស្សិត​ដែល​យើង​នៅ​ទីនេះ។ ណាមួយ​វិញទៀត ដោយសារតែ​ជំងឺ​ហ្នឹង​វា​ផ្ទុះ​មក​ថ្មី​ៗអ៊ីចឹង​ទៀត មើលទៅ​វា​ពិបាក​គ្រប់គ្រង​ដែរ»។

លោក ឃុន ថា​រ៉ូ អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់​ត្រា​ល់​) ក៏បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​វិធានការ​ម៉ឺង​ម៉ាត់​របស់​អាជ្ញាធរ​នៃ​បណ្តា​ប្រទេស​នានា រួម​ទាំងវៀតណាម និង​កម្ពុជា ជាដើម ក្នុង​ការទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។ 

តែ​យ៉ាងណា លោក​យល់ថា វិធានការ​ទាំងនោះមិន​គួរ​មានការ​រឹត​បន្តឹង​ខ្លាំងពេក​រហូតដល់​ការ​ជាប់ពន្ធ​នា​គារ​ដល់១២ឆ្នាំ​នោះ​ទេ ដោយសារតែ​បញ្ហា​ជំងឺ​កូ​វីដ១៩ជា​បញ្ហា​សុខភាព​សកល។ 

លោក​ថា៖ «វា​ [វិធានការ​រឹត​បន្តឹង​នីតិវិធី​កូ​វីដ១៩​] មាន​សារៈសំខាន់​ដែរ ក្នុង​ការ​រឹត​បន្តឹង​វត្តមាន​នៃ​កូ​វីដ១៩ថ្មី​នៅ​វៀតណាម ហើយ​អាហ្នឹង​វា​អាច​ចូលរួម​ក្នុង​ការទប់ស្កាត់​ដែរ ព្រោះ​អ្វី​ដែល​ជា​ការ​បារម្ភ​នោះ គឺថា​ការ​ហូរ​ចូល​ឬលំហូរ​ចូល​នូវ​ជំងឺ​ដែល​យើង​មិន​អាច​ដឹងមុន វា​ពិបាក ​[ទប់ស្កាត់​] អ៊ីចឹង​វិធានការ​ហ្នឹង​វា​អាច​ជួយ​ទប់ស្កាត់​ដែរ​នៅក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង ​[កូ​វីដ១៩​]»។

កាលពី​ថ្ងៃទី០៤ ខែកុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចេញ​បទបញ្ជា​ជាបន្ទាន់ទៅ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-វៀតណាម ឱ្យ​រឹត​បន្តឹង​ការ​ឆ្លង​ព្រំដែន​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ ខណៈ​ជំងឺ​កូ​វីដ១៩នៅក្នុង​ប្រទេស​វៀតណាម បាន​ឆ្លង​ចូល​ទៅ​ក្នុង​សហគមន៍ ហើយ​កំពុង​រីកសាយ​ភាយនៅក្នុង​តំបន់​ភាគ​ខាងជើង ភាគ​កណ្តាល និង​ភាគ​ខាងត្បូង​នៃ​ប្រទេស​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ