មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ប្តេជ្ញា​រៀបចំ​ការបោះឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ​

ឧត្តមសេនីយ៍មិញ អ៊ុងឡាំង មេដឹកនាំយោធា ក្នុងពិធីតែងជាអគ្គមេបញ្ជាការកងទ័ពនៅឆ្នាំ២០១១។ រូបពី AFP

មេដឹកនាំយោធាមីយ៉ាន់ថ្លែងសារជាសាធារណៈលើកដំបូងចាប់តាំងពីការធ្វើរដ្ឋប្រហារមកដោយប្តេជ្ញារៀបចំការបោះឆ្នោតឡើងវិញឱ្យមានសេរីភាពត្រឹមត្រូវ និងធានាដល់គោលនយោបាយបរទេសទាក់ទាញអ្នកវិនិយោគទុនដដែល។​

ឧត្តមសេនីយ៍មិញអ៊ុង ឡាំង ថ្លែងថា របបយោធានៅពេលនេះគឺខុសពីសម័យមុនៗ ដោយលោកប្តេជ្ញារៀបចំការបោះឆ្នោតឡើងវិញឱ្យមានភាពសេរី ត្រឹមត្រូវ ហើយនឹងផ្តល់អំណាចដល់អ្នកដែលទទួលបានជ័យជម្នះពិតប្រាកដ។ លោកបន្តថា គោលនយោបាយការបរទេសក្នុងអំឡុងពេលដែលលោកដឹកនាំនៅរក្សាដូចដើមដដែល។

លោក មិញ អ៊ុងឡាំង៖«គោលនយោបាយការបរទេសមិនមានអ្វីប្រែប្រួលទេ ប្រទេសនានានៅតែលើកទឹកចិត្តឱ្យបោះការវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ាដដែល»។

ការសន្យារៀបចំការបោះឆ្នោតឡើងវិញនៅពេលនេះ ស្របពេលដែលចលនាតវ៉ាកើតមានទូទាំងប្រទេស ប្រឆាំងការធ្វើរដ្ឋប្រហារ។​

លោក មិញ អ៊ុងឡាំង លើកឡើងទៀតថា ស្ថាប័នរៀបចំការបោះឆ្នោតត្រូវតែធ្វើកំណែទម្រង់ ហើយលោកក៏បានបន្ទោសរដ្ឋាភិបាលលោកស្រី អ៊ុង សានស៊ូជី ដែលមានៈរៀបចំការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំ២០២០ ទាំងស្ថានភាពប្រឈមខ្លាំងនៃការឆ្លងរាលដាលមេរោគកូវីដ១៩។​ លោកចាត់ទុកថា ការបោះឆ្នោតនៅពេលនោះមានការលួចបន្លំច្រើន ហើយគណបក្សនយោបាយផ្សេងៗទៀតក៏មិនអាចឃោសនាបានទូលាយដែរដោយសារបញ្ហាមេរោគកូវីដ១៩។​

លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា ​ឆ្នាំ២០២០ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ​របស់​លោកស្រី អ៊ុង សាន​ស៊ូ​ជី ទទួល​បាន​អាសនៈ​ចំនួន៣៩៦ ក្នុងចំណោម៤៧៦អាសនៈ ទាំង​សភា​ជាន់​ទាប និង​សភា​ជាន់ខ្ពស់។

ប៉ុន្តែនៅថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១ នៅប៉ុន្មានម៉ោងមុនតំណាងរាស្ត្រអាណត្តិថ្មីស្បថចូលកាន់តំណែង ត្រូវពួកយោធាធ្វើរដ្ឋប្រហារ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ