វិភាគ៖ តំណាង​​នៅ​ក្នុង​​ប្រទេស​​ជា​​កម្លាំង​​ស្នូល​​ជំរុញ​​ដល់​​ពលរដ្ឋ​​មីយ៉ាន់ម៉ា

ក្រុមពលរដ្ឋនិងយុវជននាំគ្នាតវ៉ាទាមទារឱ្យដោះលែងលោកស្រី អ៊ុង សានស៊ូជី និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ នៅអំឡុងដើមខែកុម្ភៈ ឆ្នាំ២០២១។ (womenspeacenetwork.org)

​ព្រឹត្តិ​ការណ៍​រដ្ឋប្រហារ​យោធា​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ កាលពី​ថ្ងៃទី១ ខែកុម្ភៈ ​ឆ្នាំ២០២១ បាន​ឃាត់ខ្លួន​តំណាងរាស្ត្រនិង​ថ្នាក់ដឹកនាំ​គណបក្ស​«សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​»រាប់​រយ​នាក់​ ធ្វើ​ឱ្យ​ចលនា​តវ៉ា​ពី​មហាជន​ផុសផុល​ឡើង​គ្រប់​មធ្យោបាយនិង​គ្រប់​ទីកន្លែង។

លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ២០២០ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ របស់​លោកស្រី អ៊ុង សាន​ស៊ូ​ជី ទទួល​បាន​អាសនៈ​ចំនួន៣៩៦ ក្នុងចំណោម៤៧៦អាសនៈ ទាំង​សភា​ជាន់​ទាប និង​សភា​ជាន់ខ្ពស់។ ចំនួន​នេះ​បង្ហាញ​ពី​ការ​គាំទ្រ​លើសលុប​លើ​ក្រុម​តំណាង​ឱ្យ​ចលនា​លទ្ធិប្រជាធិបតេយ្យ។

ប៉ុន្តែ​នៅ​ព្រឹកព្រលឹម​ថ្ងៃទី១ ខែកុម្ភៈ ​ឆ្នាំ២០២១ ប៉ុន្មាន​ម៉ោង​មុន​ការ​ចូល​ស្បថ​កាន់​តំណែង​របស់​តំណាងរាស្ត្រ​ក្នុង​អាណត្តិ​ថ្មី ត្រូវ​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​ដោយ​ចាប់​ឃុំខ្លួន​លោក​ស្រី ​អ៊ុង សាន​ស៊ូ​ជី និង​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​ផ្សេង​ៗទៀត​នៅក្នុង​បក្ស​នេះ។

ក្រៅពី​ការ​ឃុំខ្លួន​ថ្នាក់ដឹកនាំ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ក្រុម​យោធា​ក៏បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​រយៈពេល​មួយឆ្នាំ ដោយ​រឹតត្បិត​សេរីភាព​ប្រជាពលរដ្ឋ​ទាំង​ការប្រើ​ប្រាស់​ទូរសព្ទ ប្រើ​ប្រាស់​អ៊ី​នធឺណិត និង​ការ​ជួបជុំគ្នា​នៅ​តាម​ដងផ្លូវ។

បើ​ទោះជា​មានការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន មានការ​ចល័ត​រថយន្ត​កងទ័ព មានការ​ដាក់​កម្លាំងប្រដាប់អាវុធ​ ដើម្បីទប់ស្កាត់​ចលនា​របស់​ប្រជាពលរដ្ឋ​យ៉ាងណាក៏ដោយ ក៏ហាក់​មិន​មាន​ឥទ្ធិពល​លើ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​លើ​ក្រុម​ប្រជាធិបតេយ្យ​របស់​លោក​ស្រី​ អ៊ុង សាន​ស៊ូ​ជី​ នោះ​ទេ។

ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ាប្រើប្រាស់​រូប​ភាព​ផ្សេង​ៗក្នុង​ការ​តវ៉ា​បង្ហាញ​ឆន្ទៈ​មិន​ទទួលយក​ទង្វើ​របស់​ពួក​យោធា។ សកម្មភាព​ដំបូងបង្អស់​គឺ​ចលនា​មិន​ស្តាប់​បង្គាប់ ដោយ​ការកំណត់​ម៉ោង​គ្នាគោះ​ធុង គោះ​ឆ្នាំង​ចាន គោះសម្ភារ​ប្រើ​ប្រាស់​ផ្សេង​ៗ រួម​ទាំង​ការ​ទះដៃ​ផង ចំណែក​អ្នកបើកបរ​នាំគ្នា​ចុច​ស៊ីផ្លេ​ឡានឬម៉ូតូបញ្ចេញសំឡេង​កងរំពង​ពេញ​ផ្លូវ។

ជា​រួម​ សកម្មភាព​នេះ​ធ្វើឡើង​ដើម្បី​បង្ហាញ​ជំហរ​មិនសុខចិត្ត មើលទៅ​ហាក់ដូចជា​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​ក្លាយជា​ទីលាន​ប្រជាធិបតេយ្យ សូម្បីតែ​នៅក្នុង​បង្គន់​ឬបន្ទប់ដេក​ ក៏​ពលរដ្ឋ​នៃ​ប្រទេស​នេះ​ធ្វើជា​កន្លែង​តវ៉ា​បាន​ដែរ។

សកម្មភាព​តវ៉ា​ផ្សេងទៀត​គឺ​បណ្តាញ​គ្រូពេទ្យ​បាន​បញ្ជាក់​ជំហរ​មិនទៅ​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​ទេ ដោយ​ពួក​គេ​ថា មិន​អាច​ធ្វើការងារ​ក្រោម​សម្ពាធ​របស់​ពួក​យោធាដែលធ្វើអ្វី​តាមអំពើចិត្ត​ មិន​គិត​ពី​ច្បាប់និង​សិទ្ធិមនុស្ស។

រហូតដល់​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មាន​ចលនាមហាជន​ដើរ​តវ៉ា​តាម​ដងផ្លូវ​ ដោយ​អ្នកខ្លះ​លើក​បដា​ក្នុង​ខ្លឹម​សារ​ផ្សេង​ៗគ្នា​ អ្នកខ្លះ​សរសេរ​ថា ​«ខ្ញុំ​មិន​ទទួលយក​មេដឹកនាំ​ផ្តាច់​ការដែល​មិនកើត​ចេញពី​ការបោះឆ្នោត​ទេ» អ្នកខ្លះ​ទៀត​ថា​ «ត្រូវ​ដោះលែង​មេដឹកនាំ​យើង​ដែល​កើត​ពី​ការបោះឆ្នោត​វិញ​មក»

សញ្ញា​លេច​ធ្លោ​នៃ​ការ​តវ៉ា​មួយទៀត ​គឺ​ការ​លើក​ម្រាមដៃ៣ ដែល​អ្នកដើរតាម​ដងផ្លូវ​ក៏​ធ្វើសញ្ញា​នេះ អ្នក​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក​ក៏​ប្រើប្រាស់​សញ្ញា​នេះ។ និស្សិត​សាកល​វិទ្យាល័យ​យ៉ង​ហ្គោន ក៏​នាំគ្នា​ហែ​ក្បួន​តាមផ្លូវ​លើក​សញ្ញា​ម្រាមដៃ៣ដែរ។

តើក​ត្តា​អ្វីខ្លះ​ធ្វើ​ឱ្យ​ចលនា​តវ៉ា​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ាធ្វើ​ឡើង​ព្រម​ៗគ្នា​ដូច​ភ្លៀង​ធ្លាក់រដូវ​វស្សា​ដែល​ពិបាក​ទប់ទល់​បែបនេះ​? 

កត្តា​ចម្បង​មួយ​គឺ​ក្រុម​អ្នកនយោបាយ​ដែល​ពួក​គេ​គាំទ្រ​ស្ថិតនៅ​ក្នុង​ប្រទេស​ទាំងអស់ ដែលលោក​ស្រី​ អ៊ុង សាន​ស៊ូ​ជី និង​មន្ត្រី​ក្នុង​បក្ស​លោកស្រី​ចំនួន១៤៦នាក់​ផ្សេងទៀត​ត្រូវ​បាន​ឃុំខ្លួន។ បន្ទាប់មក​ក៏​មានការ​ចាប់ខ្លួន​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ៗបន្តបន្ទាប់​ទៀត​ដែរ។

​កត្តាផ្សេងៗដែល​ជំរុញ​ដល់ចិត្ត​អ្នកគាំទ្រ ទី១ អាណិត​ដល់​តំណាង​របស់​ពួក​គេ​ ដោយ​អ្នកខ្លះ​លើកឡើង​ថា ​«អ្នក​ម្តាយ ​អ៊ុង សាន​ស៊ូ​ជី ត្រូវ​ពួក​គេ​ឃុំឃាំង​ មិនដឹង​សុខទុក្ខ​យ៉ាងណា​?» នេះ​ជា​ការ​ថ្លែង​របស់​អ្នក​តាក់ស៊ី​ម្នាក់​នៅ​ទី​ក្រុ​ង យ៉ង់ហ្គោន ​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ។

ក្នុង​បរិបទ​ដែល​អ្នកនយោបាយនិង​អ្នកគាំទ្រ​ដាក់ចិត្ត​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​នេះ នៅពេល​ដែល​តំណាង​ឬអ្នកនយោបាយ​ដែល​ពួក​គេ​គាំទ្រ​មានទុក្ខ​លំបាក អារម្មណ៍​អ្នកគាំទ្រ​ក៏​ហាក់​ស្ថិតនៅ​ក្នុង​ស្ថានភាព​ទុក្ខ​លំបាក​ដែរ។

ចំណុច​ទី២ ​ក្តី​សង្ឃឹម​របស់​អ្នកគាំទ្រ ធ្វើឱ្យអ្នកគាំទ្រ​ហ៊ានបង្ហាញសកម្មភាព​តវ៉ា​ប្រឈម​ជាមួយ​ចុង​កាណុង​កាំភ្លើង​ ទោះបីដឹងថាលទ្ធភាព​នៃ​ការ​ស្លាប់​ឬគ្រោះ​ថ្នា​ក់​ផ្សេង​ៗអាច​កើតមាន​គ្រប់​វិនាទី ប៉ុន្តែ​ពួក​គេ​សង្ឃឹមថា ក្តី​ប្រាថ្នា​របស់​ពួក​គេ​អាច​ទទួល​បាន ដូច​បុគ្គល​ដែល​លោត​ចុះ​ទឹក​ហើយ​មើលឃើញ​ត្រើយម្ខាង​ទៀត​ដែល​ត្រូវ​ហែល​ទៅ​ដូច្នោះ​ដែរ។

​ពួក​យោធា​ក្តោប​អំណាច​ណែន​នៅ​មីយ៉ាន់ម៉ា​អស់​រយៈពេល៤៩ឆ្នាំ​ ​ចាប់ពី​ឆ្នាំ១៩៦២ ដល់​ឆ្នាំ២០១១។ ក្នុងអំឡុងពេល​ដែល​ពួក​យោធា​ក្តោប​អំណាច​ ក៏មានការ​បង្ក្រាប​ដោយ​ចលនាមហាជន​មិន​បន្ធូរដៃ​នោះ​ដែរ។

ព្រឹត្តិ​ការណ៍​មហាជន​តវ៉ា​នៅ​ឆ្នាំ២០០៧ យោធា​ប្រើប្រាស់​កម្លាំង​បាញ់​បង្ក្រាប​លើ​ទីតាំង​កន្លែង​អ្នក​តវ៉ា​ស្នាក់នៅ​ពេលយប់​ បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន៣១នាក់។ ចំណែក​ចលនា​និស្សិត និង​ព្រះសង្ឃ តវ៉ា​បង្ហាញ​ជំហរ​គាំទ្រ​ចលនា​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ១៩៨៨ ដែល​អូស​បន្លាយ​ច្រើន​ខែ​នោះ​ បាន​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់៣ ០០០នាក់។

ព្រឹត្តិ​ការណ៍​បង្ក្រាប​បង្ហូរឈាម​ចំនួន២លើក​ក្នុងរយៈពេល​ប្រមាណ៣០ឆ្នាំនេះ ហាក់​នៅ​ថ្មី​ៗនៅឡើយ​សម្រាប់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា ដោយ​អ្នកខ្លះ​ដែល​ចូលរួម​តវ៉ា​នៅក្នុង​ខែកុម្ភៈ​ឆ្នាំ២០២១នេះ ក៏បាន​រំឭក​ពី​ការដែល​ពួក​គេ​ធ្លាប់​តវ៉ានិង​រង​នូវការ​បង្ក្រាប​នាពេល​កន្លងមកដែរ។

ការ​ហ៊ាន​ប្រឈម​ជាមួយ​គ្រោះថ្នាក់​របស់​ពលរដ្ឋ​មីយ៉ាន់ម៉ា​នៅពេល​នេះ ​ដោយ​ពួក​គេ​សង្ឃឹម​សម្រេច​បំណង​នៃ​ការ​ទាមទារ​ចង់ឱ្យ​ពួក​យោធា​ដោះលែង​លោក​ស្រី ​អ៊ុង សាន​ស៊ូ​ជី រួម​ទាំង​ថ្នាក់ដឹកនាំ​ផ្សេងទៀត និងការគោរព​តាមដំណើរ​ការ​ប្រជាធិបតេយ្យ ក្នុង​ការ​ផ្លាស់​ប្តូរ​អំណាច​ដឹកនាំ​តាមរយៈ​ការបោះឆ្នោត​ពី​ប្រជាពលរដ្ឋ។

បើ​គិត​ត្រឹម​ថ្ងៃទី៨ ខែកុម្ភៈ លទ្ធផល​មិនទាន់​បង្ហាញ​យ៉ាងណា​នៅឡើយ​ ខណៈ​ក្រុម​យោធា​មិន​ទាន់មានការ​បើក​យុទ្ធនាការ​បង្ក្រាប ហើយ​​ក៏​មិនទាន់​បាន​ធ្វើអ្វី​ទៅតាម​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​នៅឡើយ​ដែរ។

ចំណែក​ចលនាមហាជន​តវ៉ា​តាម​រូប​ភាព​ផ្សេង​ៗនៅក្នុង​ប្រទេស​នេះ​នៅតែ​បន្ត​ ហើយ​រីក​រាល​ដាល់​ជាបន្តបន្ទាប់។ ចំណែក​សហគមន៍​អន្តរជាតិ​ រួម​ទាំង​សហរដ្ឋអាមេរិក ចិន រុស្ស៊ី និង អង្គការសហប្រជាជាតិ​ផង​នោះ បាន​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ឱ្យ​គ្រប់​ភាគី​ដោះស្រាយ​បញ្ហា​ដោយសន្តិវិធី។ សម្រាប់​សហរដ្ឋអាមេរិក និង ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ ក្រៅពី​ជំរុញ​ឱ្យ​មានការ​ចរចា​ដោយសន្តិវិធី ​ក៏បាន​ទាមទារ​ឱ្យ​មានការ​ដោះលែង​លោក​ស្រី ​អ៊ុង សាន​ស៊ូ​ជី​ ដែរ។

កម្លាំង​ចលនានយោបាយ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ហាក់​ប្រទាក់ក្រឡា​គ្នា​ ដោយក្រុម​អ្នកនយោបាយ​ជា​តំណាង​នៅក្នុង​ប្រទេស​ជំរុញ​ដល់​អ្នកគាំទ្រ​តវ៉ា ហើយ​កម្លាំង​អ្នកគាំទ្រ​តវ៉ា​នៅ​ទូទាំង​ប្រទេស​ក៏​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​មិន​អាច​នៅ​ស្ងៀម​បាន​ដែរ​ ព្រោះ​បារម្ភ​ពី​ការ​បង្ក្រាប​បង្ហូរឈាម​កើតឡើង និង​ប៉ះពាល់​ដល់​ឥទ្ធិពល​ឬមនោគម​វិទ្យា​នយោបាយ​របស់​ប្រទេស​មហាអំណាច​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ