បម្រាម​​ថត​​និង​​ផ្សាយ​​ផ្ទាល់​​ពេល​​សមត្ថ​កិច្ច​​អនុវត្ត​​ការងារ​​បង្កើត​​ការ​​លំបាក​​ដល់​​អ្នក​សារ​ព័ត៌មាន​

ក្រុម​អាជ្ញាធរ​ចាប់​ទាញ​យក​កាមេរ៉ា​ពី​អ្នកកាសែត ខណៈ​ពេល​ដែល​ក្រុមសកម្ម​ជន​និង​អ្នក​តវ៉ា​បាន​ធ្វើការ​តវ៉ា​នៅមុខ​ស្ថានទូត​ចិន នា​ព្រឹក​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ចំ​ថ្ងៃខួប២៩ឆ្នាំ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។ (Matt Surrusco​)

​អ្នកសារព័ត៌មាន​មួយចំនួនបង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ផល​ប៉ះពាល់​លើ​ការអនុវត្ត​ការងារ​របស់​ពួក​គេ ក្រោយពី​មានការ​កំណត់​ទីតាំង​សម្រាប់​ឱ្យ​ពួក​គេ​យក​ព័ត៌មាន និង​ហាមឃាត់​ទៅ​យក​ព័ត៌មាន​ទាំងឡាយ​ណាដែល​សមត្ថកិច្ច​ថា​កំពុង​បំពេញការងារ​របស់​ពួក​គេ។ 

កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ផ្សព្វផ្សាយ​ពី​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន លោក ខៀវ កាញា​រី​ទ្ធ យក​មក​ផ្សព្វផ្សាយ ដោយ​លោក​បាន​រំឭកកុំឱ្យ​អ្នកយកព័ត៌មាន​ទាំងអស់ទៅ​ថត​យក​ព័ត៌មាន​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរដែល​ហាមឃាត់និង​កំពុង​បំពេញ​កិច្ចការ​ងារ ព្រោះ​ខុស​វិជ្ជាជីវៈ​សារព័ត៌មាន ហើយ​សមត្ថកិច្ច​មាន​សិទ្ធិ​ចាប់​ឃាត់ខ្លួន​អ្នកកាសែត​ទាំងនោះ​បាន។ 

ក្រោយ​ការ​ថ្លែង​របស់​លោក​រដ្ឋមន្ត្រីចំនួន៣ថ្ងៃ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត បាន​សរសេរ​លើ​ទំព័រ​ហ្វេ​សប៊ុកផ្លូវការ​របស់​លោក ដោយ​បាន​បញ្ជា​ទៅ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក ត្រូវ​ហាម​មិន​ឱ្យ​អ្នកសារព័ត៌មានចូល​ថតឬផ្សាយផ្ទាល់តាម​បណ្តាញ​សង្គម ពី​សកម្មភាព​ទាំងឡាយ​ណាដែល​សមត្ថកិច្ច​កំពុងតែ​អនុវត្ត​ការងារ​របស់​ខ្លួន​នោះ​ទេ។ 

លោក​សរសេរ​បញ្ជាក់​ថា៖ «ចំពោះ​អ្នក​ដែល​បំពាន មិន​ស្តាប់​តាម​ការណែនាំ​របស់​សមត្ថកិច្ច នោះ​សមត្ថកិច្ច​នឹង​ចាត់ការ​តាម​វិធានការ​ច្បាប់ ក៏ដូចជា​ច្បាប់​សារព័ត៌មាន»។

ការសម្រេច​បែបនេះ ត្រូវ​បាន​អ្នកសារព័ត៌មាន​មួយចំនួនលើកឡើង​ថា បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​របស់​ពួក​គេដែល​ធ្លាប់តែ​អាច​បំពេញ​បាន​ដោយ​គ្មាន​ការ​បារម្ភ តែ​ឥលូវនេះត្រូវ​ប្រឈម​នឹង​ការ​ហាមឃាត់ និង​អាច​នឹង​គ្មាន​ព័ត៌មាន​សម្រាប់​ផ្សព្វផ្សាយ​ថែមទៀត។ 

អ្នកយកព័ត៌មាន​នៅ​ស្ថាប័ន​សារព័ត៌​មាន​ថ្មី​ៗ លោក វ៉ន តារា បាន​ប្រាប់​វី​អូ​ឌី​ថា វា​ពិតជា​លំបាក​ណាស់​នៅពេល​ដែល​ចុះ​យក​ព័ត៌មាន​ហើយ ត្រូវ​បាន​អាជ្ញាធរ​ហាមប្រាមឬក៏​ដេញ​មិន​ឱ្យ​យក​ព័ត៌មាន​ជាដើម។

លោក​ថា៖ «ឃើញថាមានការ​ពិបាក យើង​អត់​អាច​ចូល​ទៅ​ផ្តិត​យក​រូបភាពឬក៏​សម្ភាស​ប្រភព​បាន​ងាយស្រួល ត្រូវ​បាន​រារាំង​ពី​អាជ្ញាធរ»។

លោក​បន្ថែម​ថា នៅពេល​ដែល​អាជ្ញាធរ​រឹតត្បិតនិង​ហាមឃាត់​បែបនេះ វា​បាន​ប៉ះពាល់​ដល់​ការងារ​របស់​លោក​ណាស់។ លើស​ពីនេះ​ទៀត លោក​បារម្ភ​ពី​បញ្ហា​សុ​វត្ថិភាព​របស់​លោក ក្នុងករណី​ដែល​អាជ្ញាធរ​ហាមឃាត់ឬក៏​រារាំង ខណៈ​ដែល​ការចុះ​យក​ព័ត៌មាន វា​អាច​នាំ​ឱ្យ​មានការ​ប៉ះទង្គិច​ពាក្យ​សម្តីជាមួយ​កងកម្លាំង​ប៉ូលិសផង​ដែរ។

លោក​ថា៖ «និយាយ​ពី​បទពិសោធន៍​ខ្លួនឯង​ផ្ទាល់ ពេល​មានការ​រារាំង​អ៊ីចឹង យើង​ពិបាក​ណាស់​ដោយសារ​គាត់​គំរាម​យើង​ហ្នឹង អត់ឱ្យ​ចូល​ហ្នឹង ទោះបីជា​យើង​មាន​កាត​អី​ក៏​ដោយ​ អ៊ីចឹងពិតជា​ពិបាក​ក្នុង​ការ​ទៅ​ប្រមូល​ព័ត៌មាន​ឬក៏​បំពេញ​កិច្ចការ​របស់​យើង​ហ្នឹង។ […] ប្រសិនជា​ក្នុងករណី​ដែល​ប្រជា​ពល​រដ្ន​គ្រាន់តែ​ធ្វើការ​តវ៉ា​ធម្មតា ហើយ​អាជ្ញាធរ​ហាមឃាត់​មិន​ឱ្យ​អ្នកសារព័ត៌មាន​ចូល​ទៅ​យក​ព័ត៌មាន​នេះ គឺជា​ការ​រឹត​ត្បិត​សិទ្ធិសេរីភាព។ ក៏ប៉ុន្តែ​ក្នុងករណី​ដែល​អាជ្ញាធរកំពុងតែ​ធ្វើការ​បង្ក្រាប​បទល្មើស​ឃាតកម្មឬក៏​គ្រឿងញៀន​អី​ផ្សេង​ៗ ហើយ​អាជ្ញាធរ​ហាម​មិន​ឱ្យ​អ្នកសារព័ត៌មាន​ចូល​ទៅ​យក នេះ​គឺជា​រឿង​ត្រឹមត្រូវ»។

ប្រទេស​កម្ពុជាជាប់​ចំណាត់ថ្នាក់​លេខ១៤៤ ក្នុងចំណោម១៨៨ប្រទេសនៅ​លើ​ពិភពលោក ចំពោះ​លំ​ហ​សេរីភាព​នៃ​សារព័ត៌មាន នេះ​បើ​យោងទៅតាម​របាយការណ៍​ដែល​ចេញ​ដោយ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ប្រចាំឆ្នាំ២០២០។

ក្នុង​របាយការណ៍​នោះបាន​លើកឡើង​ថា ក្រោយ​ការបោះឆ្នោត​ឆ្នាំ២០១៨មក រដ្ឋាភិបាល​រឹត​ត្បិត​លើប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​ចំណុះ​ខ្លួន ដោយ​ក្នុង​នោះ​មាន​ស្ថានីយ​វិទ្យុ​ប្រហែល៣០ស្ថាប័នត្រូវ​បាន​បិទ ខណៈ​កាសែត​ឯករាជ្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា គឺ ​«កាសែត​ខេម​បូ​ឌា​ដេលី» ត្រូវ​បាន​បង្ខំ​ឱ្យ​បិទទ្វារ ខណៈ​«កាសែត​ភ្នំពេញ​ប៉ុស្តិ៍» ត្រូវ​បាន​លក់​ទៅ​ឱ្យ​ពាណិជ្ជករ​ម៉ាឡេស៊ី ដែល​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល កាលពី​ខែឧសភា ឆ្នាំ២០១៨ ជាដើម។ 

របាយការណ៍​នោះលើកឡើង​ថា៖ «ជា​លទ្ធផល​នៃ​ការបោសសម្អាត​ដ៏​ស្អាត​នេះ ប្រជាជន​កម្ពុជា​ឥលូវ​ទទួល​បាន​ព័ត៌មាន​ដែល​ផ្តល់​ដោយក្រុម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ធំៗដែល​ភ្ជាប់​ដោយ​ផ្ទាល់​ជាមួយ លោក ហ៊ុន សែន ដូចជា​ទីភ្នាក់ងារ​សារព័ត៌មានអ៊ី​នធឺ​ណេត​ដែល​ផ្សាយ​ព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល »។

៤ថ្ងៃមុន​ការប្រកាស​ពី​បម្រាម​របស់​រដ្ឋមន្ត្រីក្រសួងព័ត៌មាន ពោល​គឺ​កាលពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ កន្លងទៅ ក្នុង​ពេល​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវនា​ការ​លើ​សំណុំរឿង «ក្បត់ជាតិ» លើ​អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ជាង៤០នាក់​នោះ ប៉ា​រ៉ា​សជាច្រើន រួម​ទាំង​មានការ​ចងខ្សែ ត្រូ​វបាន​សមត្ថកិច្ច​ដាក់​ដើម្បី​ហាមឃាត់​ការ​ជួបប្រមូលផ្ដុំ​នៅមុខ​សាលាដំបូង។ អ្នកកាសែត​ត្រូវ​បាន​អាជ្ញាធរវាស់​ទីតាំង​ឱ្យ​ឈរ​យក​ព័ត៌មាន​ថែមទៀត។ ក្រុម​អ្នកកាសែត​ជាច្រើន​នាក់ត្រូវ​អាជ្ញាធរ​តម្រូវ​ឱ្យ​ឈរ​នៅ​ក្បែរ​ខ្លោងទ្វារ​ច្រកចេញ​ចូល​នៅកន្លែង​ផ្ញើ​ម៉ូតូ​មួយ​ខាងក្នុង​ស្តាត​អូឡាំពិក។

សិក្ខាកាម​សារព័ត៌មាននៅ Newsroom Cambodia លោក សេន តុលា ប្រាប់​វី​អូ​ឌី​ថា ការរៀបចំ​របស់​អាជ្ញាធរ​បែបនេះ គឺជា​រឿង​ថ្មី​សម្រាប់​លោក​ដែល​ជា​អ្នកសារព័ត៌មាន។ 

លោក​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា​រាង​ភ័យ​ខ្លះ​ដែរ ព្រោះ​ដោយសារតែ​យើងក្នុងនាម​ជា​អ្នកសារព័ត៌មាន​មួយ​រូប​ ហើយ​ទៅ​យក​ព័ត៌មាន ហើយ​ត្រូវ​បាន​គេ​ហាមឃាត់​អញ្ចឹង […] យើង​មិនដឹង​ថា គេ​ [សមត្ថកិច្ច​] ដេញ​នោះ គឺ​ដើម្បី​ជា​ភាព​ងាយស្រួល​ក្នុង​ការ​គេ​ធ្វើការ ឬសម្របសម្រួល​ទៅលើ​ចរាចរណ៍ ឬក៏​យ៉ាងណា ក៏​យើង​អត់​ដឹង​ដែរ! យើង​ដឹង​ត្រឹម​ថា តាម​ភាព​ជាក់ស្តែងគឺ​គេ​ហាមឃាត់​អ្នកកាសែត​ផង ហាមឃាត់​សកម្មជន​ដែល​ជា​សាច់ញាតិ​ហ្នឹង​ផង»។

ជា​អ្នកយកព័ត៌មាន​ឱ្យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក VOA លោក អូន ឆេង​ប៉រ ដែល​ស្ថិតនៅ​ក្នុង​ហេតុការណ៍​កាលពី​ថ្ងៃទី១៤ ខែមករា​នោះ​ផ្ទាល់ បាន​ចាត់ទុក​សកម្មភាព​របស់​អាជ្ញាធរ​បែបនេះ គឺជា​ការ​រឹតត្បិត​សិទ្ធិ​សេរី​ភាព​របស់​អ្នកសារព័ត៌មាន ដោយ​ថា ​ទីតាំង​សាធារណៈ​បែបនេះមិន​មានច្បាប់​ណាមួយ​មក​ហាមឃាត់​ក្នុងការ​ឱ្យ​ដើរឬថត​យក​ព័ត៌មាន​នោះ​ទេ។ 

លោក​ថា៖ «ហើយ​ខ្ញុំ​ពិនិត្យមើល​ទៅ ​ដូចជា​អត់មាន​នរណា​គេ ទាំង​អ្នកកាសែត​ផ្ទាល់​តែម្តង គឺ​អត់មាន​នរណា​ព្យាយាម​ទៅ​បិទផ្លូវ​ធ្វើ​ឱ្យ​មាន​លក្ខណៈ​ចលាចល ប៉ះពាល់​ដល់​ផ្លូវ​មុខ​តុលាការ​នោះ​ អត់ទេ! អញ្ចឹង​ខ្ញុំ​យល់ថា ហាក់ដូចជាមានការ​រឹតត្បិត​នៃ​ការអនុវត្ត​​ច្បាប់ រក្សា​សណ្តាប់​ធ្នាប់ ដែល​អា​ជ្ញាធរ​បាន​លើកឡើង​ ហាក់ដូច​មាន​លក្ខណៈ​ជ្រុល​ហួសហេតុ។ ខ្ញុំ​យល់ថា វា​ប៉ះពាល់​សិទ្ធ​សេរី​ភាពនិង​លំហូរ​នៃ​ការ​បំពេញមុខ​ងារ​របស់​អ្នកសារព័ត៌មាន​ដែល​ទៅ​ទីនោះ​តែម្តង»។

លោក ឆេង​ប៉រ យល់ថា អាជ្ញាធរ​គួរតែ​ជួយ​សម្រួលនិង​សហការ​ជាមួយ​អ្នកសារព័ត៌មាន ដើម្បី​ឱ្យ​ពួក​គេ​មាន​ភាព​ងាយស្រួលក្នុង​ការ​ទទួល​បាន​នូវ​ព័ត៌មាន​ដ៏​សមស្រប​មួយ ពីព្រោះ​អ្នក​សារ​ព័ត៌​មានមិនបាន​ទៅ​បង្ខូច​សណ្តាប់​ធ្នាប់ឬក៏​បង្ក​ភាព​អនា​ធិប​តេយ្យ​អី្វ​នោះ​ទេ។

លោក​ថា៖ «នៅពេល​ដែល​គ្រាន់តែ​យើង​ដើរចេញ​ពី​ស្តាត​បន្តិច ហាក់ដូចជា​មានការ​ចង់​រុញ​ឱ្យ​យើង​ចូល​ទៅ​ក្នុង​វិញ​ហ្នឹង ខ្ញុំ​យល់ថា វា​មិនមែន​ជា​ការអនុវត្ត​ដ៏​ឥត​ខ្ចោះ​នៃ​ការគោរព​សិទ្ធ​ិសេរីភាព​បញ្ចេញមតិនិង​សិទ្ធ​ិសេរីភាព​នៃ​ព័ត៌មាន​របស់​អ្នកសារព័ត៌មាន​អាជីពដែល​បាន​មុខងារ​ត្រឹមត្រូវ ដូចដែល​ច្បាប់​បាន​ចែង​នោះ​ទេ»។

ចំណែកលោក សៀង កុសល ជា​អ្នកសារព័ត៌មាន​នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក​) បាន​ប្រាប់​វី​អូ​ឌី​ថា លោក​គាំទ្រ​ចំពោះ​សេចក្តី​ប្រកាស​របស់ក្រ​សួង ពីព្រោះ​ថា ​ព័ត៌មាន​ខ្លះ​ជា​ព័ត៌មាន​សម្ងាត់ ដែល​សមត្ថកិច្ច​ត្រូវ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ ដែល​ករណីនេះ អ្នកសារព័ត៌មានមិន​អាច​ចេញ​ព័ត៌មាន​មុន​ការសម្រេច​របស់​សមត្ថកិច្ច​បានទេ។

លោក​ថា៖ «យើង​មិន​អាច​ថាចេញ​ព័ត៌មាន​មុន​ហេតុការណ៍​លឿន​ពេក​ទេ អញ្ចឹង​មានន័យថា ការងារ​ហ្នឹង​មាន​លាក់ការ​សម្ងាត់ អញ្ចឹង​ខាង​ក្រសួង​គាត់​ចេញប្រកាស​ហ្នឹង​គឺ​ត្រឹមត្រូវ។ ខ្ញុំ​គាំទ្រ​ខាង​ក្រសួង​ដែល​គាត់​ចេញប្រកាស​មក​ថា មិន​ឱ្យ​ខាង​សារព័ត៌មាន​ចុះទៅ​លុកលុយ​ជាមួយ​ខាង​ប៉ូលិស»។

បើ​ទោះជាយ៉ាងណា អ្នកនាំពាក្យ​ក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ បានការ​ពារ​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​ក្នុង​រឿង​ទាំងនេះ និង​បាន​ជំរុញ​ឱ្យ​អ្នកសារព័ត៌មានយល់​ពី​តួនាទីនិង​ភារកិច្ច​របស់​ខ្លួន ក៏ដូចជា​យល់​ពី​តួនាទីនិង​ភារកិច្ច​របស់​អាជ្ញាធរ​ផង​ដែរ។ 

លោក​ថា៖ «ខ្ញុំ​យល់ថា ប្រសិនបើ​អ្នកសារព័ត៌មាន​គាត់​យល់​អំពី​តួនាទីភារកិច្ច​របស់​គាត់ ក៏ដូចជា​យល់​អំពី​តួនាទីភារកិច្ច​របស់​ស្ថាប័ន​មានសមត្ថកិច្ច ខ្ញុំ​យល់ថា វា​មិន​មាន​បញ្ហា​អ្វី​កើតឡើង​ទេ»។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេម​បូ​ចា លោក ណុប វី យល់ថា លំ​ហ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជាគឺ​កាន់តែ​រួម​តូច ខណៈ​ដែល​អ្នកសារព័ត៌មាន​នៅតែ​ត្រូវ​បាន​គេ​ចោទប្រកាន់ ហាមឃាត់ រារាំង មិន​ឱ្យ​យកឬទទួល​បាន​នូវ​ព័ត៌មាន និង​ការ​គំរាមកំហែង​តាមរយៈ​មធ្យោបាយ​ផ្សេង​ៗ ខណៈ​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មានដែល​អនុញ្ញាត​ឱ្យ​អ្នកកាសែត​ទទួល​បាន​ព័ត៌មាន​ផ្សេង​ៗ ក៏​មិនទាន់​មាននៅ​ឡើយ។

លោក​ថា៖ «នៅក្នុង​ករណី​នៃ​ការ​ហាមប្រាម ការ​រុញ ការ​ដាក់​អ្នកសារព័ត៌មាន​ឱ្យ​នៅ​ឆ្ងាយ ដែល​ធ្វើ​ឱ្យ​មានការ​ពិបាក​ក្នុង​ការយកព័ត៌មាន គឺជា​ការរំលោភ​ទៅដល់​សិទ្ធ​ិសំ​ខាន់​ៗនិង​សេរីភាព​សំ​ខាន់​ៗរបស់​ពួក​គាត់នៅក្នុង​ការ​ទទួលឬក៏​ក្នុង​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ទាំងអស់»។

លោក​បន្ត​ថា អាជ្ញាធរ​គួរតែ​គោរព​នូវ​ការអនុវត្ត​​តួនាទី​របស់​អ្នកសារព័ត៌មាន ព្រោះថា​ អាជ្ញាធរ​ក៏​ទទួល​បាន​ប្រយោជន៍​ពី​អ្នកសារព័ត៌មាន​ដែរ តាមរយៈ​ការ​អាន​នូវ​ព័ត៌មាន​ដែល​មានគុណ​ភាព។ លើស​ពីនេះ​ទៀត លោក​ថា អាជ្ញាធរ​ខ្លួនឯងក៏​ត្រូវ​ជួយ​សម្រួល​ឱ្យ​អ្នកសារព័ត៌មានមាន​ភាព​ងាយស្រួលក្នុង​ការ​ទទួល​បាន​នូវ​ព័ត៌មានឬការ​សម្ភាស​ប្រភព​របស់​ពួក​គាត់​ផង​ដែរ។

លោក​ថា៖ «កុំឱ្យ​មានការ​ដេញ​ ឬច្រាន ឬមួយ​ក៏​ការរារាំងមិន​ឱ្យ​ពួក​គាត់​យក​ព័ត៌មាន​អី និង​វា​ជា​ការរំលោភ​ទៅដល់​កិច្ចការ​ងារ​របស់​ពួក​គាត់​ហ្នឹង។ អ្វី​ដែល​ជា​ចំណុច​សំខាន់​ដែល​បងប្អូន​ខាង​សមត្ថកិច្ចឬមួយក៏​ខាងអាជ្ញាធរ​ត្រូវ​ផ្តល់​ គឺមធ្យោបាយជួយ​សម្របសម្រួល​បន្ថែម​ទៀត»។

យោង​តាម​សេចក្តី​ថ្លែងការណ៍​រួមដែល​ចេញផ្សាយ​ដោយ ​ខេម​បូ​ចា កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ថា​ចាប់តាំងពី​ឆ្នាំ១៩៩៤មក យ៉ាងហោចណាស់ក៏​មាន​អ្នកសារព័ត៌មាន១៥នាក់​ដែរ ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​កម្ពុជា ហើយ​ករណី​ស្ទើរតែ​ទាំងអស់​នៃ​ជនរងគ្រោះ​ដែល​ត្រូវ​បាន​សម្លាប់ គឺ​ដោយសារតែ​ការងារ​របស់​ពួក​គេ។

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍នោះបន្ថែម​ទៀត​ថា ឧក្រិដ្ឋ​កម្ម​ប្រឆាំង​អ្នកសារព័ត៌មាននិង​ការ​ធ្វើទុក្ខ​បុកម្នេញ​មក​លើ​អ្នកសារព័ត៌មានហាក់​នៅតែ​កើតឡើង​ជាបន្តបន្ទាប់ ជាពិសេស​ក្នុងរយៈពេល​ចុងក្រោយ​នេះ។ 

ក្នុងរយៈពេល១០ខែ រាប់​ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ២០២០ កន្លងទៅ​នេះ ខេម​បូ​ចា រក​ឃើញថា មាន​អ្នកសារព័ត៌មាន ៥៩នាក់ បាន​ទទួលរង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​ក្នុង​រូប​ភាព​ផ្សេង​ៗ រួមមាន ការប្រើ​អំពើ​ហិង្សា ការ​ចាប់ខ្លួន ការបាត់បង់​ជីវិត និង​ការ​រង​បណ្តឹង​ពី​តុលាការ ក្នុង​នោះ​មាន​អ្នកសារព័ត៌មាន​ចំនួន២៧នាក់ត្រូវ​បាន​ចាប់ខ្លួន ៧នាក់ជា​ជនរងគ្រោះ​នៃ​ការប្រើ​អំពើ​ហិង្សា និង​ម្នាក់​បាន​ស្លាប់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ