ប្រធានបក្សម្នាក់ត្រូវជាប់ពន្ធនាគារ២០ខែនិងសងជំងឺចិត្ត៥០ម៉ឺនដុល្លារទៅគណៈកម្មាធិការព្រំដែន

លោក សួង សុភ័ណ្ឌ ប្រធានបក្សខ្មែរឈ្នះ។ រូបភាព៖ ហេង វិចិត្រ

សាលាដំបូងរាជធានីភ្នំពេញបាន​សម្រេចផ្ដន្ទាទោស ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ជាប់ពន្ធនាគារ ១ឆ្នាំ៨ខែ  និងសងជំងឺចិត្ត​ប្រមាណ៥០ម៉ឺនដុល្លា(២ ០០០ លានរៀល) ទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាដែលជាដើមបណ្តឹង។

​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័​ណ្ឌ ត្រូវបានសមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ចាប់​ខ្លួន​ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ក្រោយពី​ប្រធានគណបក្ស​មួយនេះ ​បាន​ចុះទៅ​ពិនិត្យ​បង្គោលព្រំ​ដែន​រវាង​កម្ពុជា​-វៀតណាម ដែល​បោះ​រួច​នៅ​ខេត្ត​ត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ដែលជាទី​តាំង ​​លោក រ៉ុង ឈុន ​មេដឹកនាំសហជីព និងជាតំណាង​ក្រុមប្រឹក្សាឃ្លាំ​មើល​កម្ពុជា បាន​លើកឡើង​​ពីរ​បាយ​ការណ៍​របស់​ពលរដ្ឋថា មានការ​​បាត់បង់​ទឹកដី​កម្ពុជា​ទៅលើ​វៀតណាមក្រោយ​ការបោះបង្គោល​។

ក្រៅចុះទៅមើលព្រំដែនហើយ លោក សួង សុភ័ណ្ឌ បានក៏ចូលរួមតវ៉ានៅមុខសាលា​ដំបូង​រាជធានីភ្នំពេញ ជាមួយ​ក្រុមយុវជនខ្មែរថាវរៈ និងពលរដ្ឋមួយចំនួនទៀត ដើម្បីទាមទារឱ្យ​តុលាការដោះលែង លោក រ៉ុង ឈុន កាលពីមុនពេល​​ចាប់សមត្ថកិច្ចចាប់ខ្លួនផងដែរ៕

ចៅក្រមជំនុំជម្រះសាលារាជធានីភ្នំពេញ លោក លិ សុខា នៅថ្ងៃនេះ បានប្រកាស​សាលក្រម​ដោយ​​​​សម្រេចផ្ដន្ទាទោស លោក សួង សុភ័ណ្ឌ ចំនួន ២០​ខែ ពិន័យជា​ប្រាក់ ៤លានរៀលចូល​រដ្ឋ និងសងជំងឺចិត្តដើមបណ្ដឹងចំនួន ២ ០០០ លានរៀល ក្រោមបទចោទ​ប្រកាន់«ញុះញង់​បង្កឱ្យ​មាន​ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

លោកចៅក្រម លិ សុខា បញ្ជាក់ថា ការ​សម្រេច​ផ្ដន្ទាទោស លោក សួង សុភ័ណ្ឌ នេះ ធ្វើឡើង​ក្រោយ​​ពីបានស្តាប់​ចម្លើយពីគ្រប់ភាគីពាក់ព័ន្ធ​។

ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីស្ដាប់ចៅក្រមប្រកាសសាលក្រមរួច លោក សួង សុភ័ណ្ឌ លើក​ឡើង​ថា លោកមិនអាចទទួលយកសេចក្ដីសម្រេចរបស់តុលាការបានទេ ហើយលោក​នឹងប្ដឹង​ជំទាស់​​ករណី​នេះ ទៅសាលាឧទ្ធរណ៍។

ក្រៅប្ដឹងជំទាស់ លោក សួង សុភ័ណ្ឌ ស្នើទៅតុលាការឱ្យឃុំខ្លួនលោកនៅផ្ទះ ដូចករណីលោក កឹម សុខា ដែរ ដោយលើក​ហេតុផល​ថា រូបលោក​ជាប្រធានគណបក្សនយោបាយ ហើយ លោក កឹម សុខា ក៏ប្រធាន​គណបក្សនយោបាយដែរ។

លោក សួង សុភ័ណ្ឌ បាននិយាយថា៖ «ខ្ញុំមិនអាចទទួល​យកបានទេ ហើយខ្ញុំសំណូមពរ​ឱ្យឃុំខ្លួនខ្ញុំ​នៅផ្ទះ ដូចករណី លោក កឹម សុខា ​ពីព្រោះខ្ញុំជាប្រធានគណបក្សនយោបាយ ហើយលោក កឹម សុខា ក៏ជាប្រធានគណបក្សនយោបាយ​រឿងអីលោក កឹម សុខា មានសិទ្ធិនៅខាងក្រៅ​ហើយខ្ញុំអត់មាន»។

មេធាវីការពារក្ដីឱ្យរដ្ឋាភិបាល លោក គួន សារឿន បានស្វាគមន៍ចំពោះការសម្រេចសេចក្តីរបស់​ចៅក្រម លើករណីលោក សួង សុភ័ណ្ឌ នេះ។

លោកបានថ្លែង​ថា៖ «ដោយសារ​តុលាការគាត់​ប្រកាសសាលក្រមហើយនឹង ខ្ញុំអត់មានការ​បក​ស្រាយ​អី​ទៀត [ការជាប់ឃុំ២០ខែ សងសំណង២ពាន់លានទៅកាន់គណៈកម្មការព្រំដែន] ចំពោះខ្ញុំអត់បញ្ហាទេបាទ ទទួលយកបាន។ ខ្ញុំគិតថា វាសាកសមហើយ ពីព្រោះបទល្មើសនេះ​វាពីរ​ឆ្នាំអីឡូវនេះ គេកំណត់ទោស ២០ខែ ដូចអត់មានអីមិនសាកសមទេ»។

ចំណែក អ្នកស្រី  ហង្ស ផារី  ជាភរិយារបស់​ លោក សួង សុភ័ណ្ឌ ចាត់ទុកការផ្ដន្ទាទោសលើ​ស្វាមី​របស់​គាត់ ថាជារឿងអយុត្តិធម៌ និងជារឿងនយោបាយ ព្រោះស្វាមីរបស់អ្នកស្រី​ មិនបាន​ញុះញង់អ្វីទេ ដោយគ្រាន់ទៅមើលព្រំដែនតែប៉ុណ្ណោះ។

អ្នកស្រីថា៖ «ការផ្ដន្ទាទោសនេះ ជារឿងអយុត្តិធម៌ និងជារឿងនយោបាយ ព្រោះគាត់មិនបាន​ទៅញុះញង់​ឱ្យមានភាពវឹកវរអីទេ ​​គាត់គ្រាន់តែទៅមើលព្រំដែនថា​ មានបាត់ដីអ៊ីចឹងអត់។ ក្នុងនាមជាពលរដ្ឋ ក៏ខ្ញុំចង់ទៅមើលព្រំដែនដែរ ​ពីព្រោះវាមានការបង្គោលថ្មី»

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថា ការបញ្ចេញ​មតិ​ លោក សួង សុភ័ណ្ឌ គ្រាន់តែធ្វើក្នុងនាមជាអ្នកនយោបាយ ហើយការលើកឡើងរបស់លោក ជាសេរីភាពដែលធានាដោយច្បាប់កម្ពុជាផងដែរ។

លោកបន្តថា ​ការចាប់ខ្លួន និងចោទប្រកាន់ទៅលើអ្នកនយោបាយ បង្ហាញឱ្យឃើញថា  កម្ពុជាមិន​អនុវត្តច្បាប់មួយ ដែលបានផ្ដល់សិទ្ធិ​ដល់អ្នកនយោបាយនោះទេ។

លោក ស៊ឹង សែនករុណា បន្តថា ​រដ្ឋាភិបាលមិនគួរចាប់ខ្លួនប្រជាពលរដ្ឋ និងអ្នកនយោបាយ​ដែលគ្រាន់បញ្ចេញមតិរឿង​ព្រំដែនបែបនេះ​ទេ ខណៈប្រទេសផ្សេងៗ លោកសង្កេតឃើញថា រដ្ឋាភិបាល បានលើកទឹកចិត្ត និងបើកទូលាយឱ្យប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពសង្គម។

លោកថា៖ «ការរារាំងធ្វើឱ្យមានមន្ទិល​សង្ស័យពីមតិជាតិ និងអន្តរជាតិ ថាតើមានរឿងអ្វីជារឿង​លាក់​បាំង​បញ្ហាហ្នឹង បានជាមិនចង់ឱ្យ​មានប្រជាពលរដ្ឋ អ្នកនយោបា​យ ឬអង្គការសង្គមស៊ីវិល​ចូលទៅពិនិត្យ​​ និងតាមដានអ៊ីចឹង ហាក់ដូចជារឿងហ្នឹង ​ធ្វើឱ្យមានការឆ្ងល់​ ហើយសង្ស័យទៅលើ​​ការលាក់បាំងរបស់រដ្ឋាភិបាលទៅវិញទេ។ ផ្ទុយទៅវិញ បើមិនមានការលាក់បាំង មិនគួរ​មាន​ការរារាំង​​ទេ ​គួរតែមានការបើកឱ្យទូលំទូលាយ ដើម្បីឱ្យមានការចូលរួមចំណែកគ្រប់ភាគី​ពាក់ព័ន្ធទាំងអស់​»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ