កូន​ប្រុស​​នាយក​​រដ្ឋ​មន្ត្រី​​ម្នាក់​និង​​កូន​ប្រសា ខក​ខាន​​ចាក់​​វ៉ាក់សាំង​​កូ​វីដ​១៩​នៅ​​ថ្ងៃ​​ដំបូង​​ព្រោះ​​កត្តា​​សុខភាព​

លោក ហ៊ុន ម៉ានី មកត្រួតពិនិត្យសុខភាពមុននឹងទទួលការចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យកាល់ម៉ែត្រ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Hun Many)

​កូនប្រុស​ពៅ និង​កូនប្រសា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ខកខាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ១៩នៅ​ថ្ងៃនេះ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ផ្ដល់​ឱ្យ​ដោយ​ប្រទេស​ចិន​ទៅដល់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល។

កូនប្រុស​បង្កើត​ទាំង៣រូប និង​កូន​ប្រសា​ប្រុស១រូប​របស់​លោក ហ៊ុន សែន បាន​បង្ហាញ​វត្តមាន​នៅ​ឯមន្ទីរ​កាល់​ម៉ែត្រ​នៅ​ព្រឹក​ថ្ងៃពុធ​នេះ នៅក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជាលើកដំបូង​ទៅដល់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​ចាក់​វ៉ាក់សាំង​នេះនៅពេល​ដែល​វ៉ាក់សាំង​ចិន Sinopharm ត្រូវ​បាន​ដឹកជញ្ជូន​មកដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងមក​នេះ។

កូនប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​ណែ​ត បាន​ចាក់​វ៉ាក់សាំង​ដំបូង​គេ​នៅ​ឯមន្ទីរពេទ្យ​កាល់​ម៉ែត្រ នៅចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន​ដែល​បាន​ចូលរួម​តាមដាន​យុទ្ធនាការ​មួយ​នេះ។

ប៉ុន្តែលោក ហ៊ុន ម៉ា​នី និង​លោក ឌី វិជ្ជា ដែល​ជា​កូនប្រុស​ពៅ និង​ជា​កូន​ប្រសា​នោះ មិនបាន​បង្ហាញខ្លួន​នៅក្នុង​បន្ទប់​ចាក់​វ៉ាក់សាំង​ទេ ក្រោយពី​ពួក​គេ​បង្ហាញមុខ​រយៈពេល​ខ្លី​នៅក្នុង​មន្ទីរ​ពេទ្យកាល់​ម៉ែត្រ ដែល​ទីតាំង​នេះ​ត្រូវ​បាន​កំណត់​សម្រាប់​តែម​ន្ត្រី​ជាន់ខ្ពស់​ចាប់ពី​រដ្ឋលេខាធិការ​រហូតដល់​រដ្ឋមន្ត្រី។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណ​ឌីន ប្រាប់​អ្នកសារព័ត៌មាន​ថា លោក ហ៊ុន ម៉ា​នី និង​លោក ឌី វិជ្ជា ខកខាន​ការ​ចាក់​វ៉ាក់សាំង​លើកដំបូង​នេះ ដោយសារតែ​កត្តា​សុខភាព។

អ្នកស្រី ឱ វណ្ណ​ឌីន ប្រាប់​ថា៖ «ឯកឧត្តម ឌី វិជ្ជា គាត់​មាន​បញ្ហា​សុខភាព​ ដែល​គាត់​មិន​អាច​ទទួល​នូវ​ការ​ចាក់​វ៉ាក់សាំង​បាន។ ហើយ​ឯកឧត្តម ហ៊ុន ម៉ា​នី គាត់​មាន​ជំងឺ​ផ្តាសាយ​ខ្លាំង។ អ៊ីចឹង កំពុង​ផ្តាសាយ​អ៊ីចឹង គេ​មិន​ឱ្យ​ចាក់​ទេ។ គា​ត់​អញ្ចើញ​មក​ហើយ ប៉ុន្តែតាមរយៈការ​វាយតម្លៃ​របស់​ក្រុម​គ្រូពេទ្យ គឺ​គេ​មិន​អនុញ្ញាត​ឱ្យ​គាត់​ចាក់​ទេ ចាំ​ឱ្យ​គាត់​ជា​ស្រួលបួល​សិន​បាន​អាចម​កចាក់​បាន»។

លោក ហ៊ុន ម៉ា​នី និយាយ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃនេះ​ថា ក្រុម​គ្រូពេទ្យ​បាន​ណែនាំ​ឱ្យ​រង់ចាំ២សប្តាហ៍​សិន ទើប​អាច​ទទួលការ​ចាក់​វ៉ាក់សាំង​នេះ​បាន។

វ៉ាក់សាំង Sinopharm ចំនួន៦០ម៉ឺន​ដូសរបស់​ចិនត្រូវ​បាន​ដឹកជញ្ជូន​មកដល់​កម្ពុជា​កាលពី​សប្តាហ៍​មុន ហើយ​ពេលនេះ រដ្ឋាភិបាល​បាន​យក​មន្ទីរពេទ្យ​រដ្ឋចំនួន៤ទីតាំងនៅ​ភ្នំពេញ រួមមាន មន្ទីរពេទ្យ​កាល់​ម៉ែត្រ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង មន្ទីរពេទ្យ​ខ្មែរ-សូវៀត និង​មន្ទីរពេទ្យ​កុមារ​ជាតិ សម្រាប់​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំងដល់​អ្នក​ដែល​ត្រូវ​បាន​ជ្រើសរើស​ជាអាទិភាព​មុនគេ ចាប់ពី​ថ្ងៃទី១០នេះ​ទៅ។

កាលពី​ថ្ងៃសុក្រ​សប្ដាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​លុបចោល​គម្រោង​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​មរ​បស់​ចិន​នេះ​វិញ ដោយ​ថា អាយុ​របស់​លោក​លើស​ពី​លក្ខខណ្ឌ ដែល​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​នេះ​សម្រាប់​តែ​មនុស្ស​អាយុ​ចន្លោះ​ពី១៨ឆ្នាំ​ដល់៥៩ឆ្នាំ​តែប៉ុណ្ណោះ ខណៈ​លោក​មាន​អាយុ​ជាង៦៨ឆ្នាំ មិនអាច​ចាក់​បាន។

នៅពេល​ដែល​ត្រូវ​បាន​សួរ​ថា តើ​ពេលណា​ទើប​ក្រសួងសុខាភិបាល​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​នេះ​ទៅដល់​ប្រជាពលរដ្ឋ​ទូទៅ​នោះ អ្នកស្រី ឱ វណ្ណ​ឌីន ប្រាប់​ថា៖ «ដោយឡែក ​សម្រាប់​មនុស្ស​ដែល​មាន​អាយុ​ក្រោម១៨ឆ្នាំ និង​អាយុ៦០ឆ្នាំ​ឡើង​ទៅ​ មិនមែន​ថា​ចាក់​មិនបានទេ ក៏ប៉ុន្តែគេ​ចង់ឱ្យ​យើង​រង់ចាំ​បន្តិច​ ដោយសា​តែ​ការសិក្សា​កំពុងតែ​ដំណើរការ ហើយ​គេ​កំពុងតែ​ខិតខំ​ប្រមូល​នូវ​ទិ​ន្នន័យផ្សេង​ៗ ដើម្បី​យក​មក​ធ្វើវិភាគ ដើម្បី​បង្ហាញ​លក្ខណ​ៈបែប​វិទ្យាសាស្ត្រ​ឱ្យ​បាន​ច្បាស់លាស់​ថា ក្រុម​ក្រោម១៨ឆ្នាំ និង​ក្រុម៦០ឆ្នាំ​ឡើងលើ​នេះ ថា​តើ​នៅពេល​ដែល​ចាក់​ទៅ​ សរីរាង្គ​របស់​គាត់​មានការ​ឆ្លើយតបទៅនឹង​ក្រុម​អាយុ១៨ឆ្នាំទៅ៥៩ឆ្នាំ​ដែរ​ឬទេ»។

យ៉ាងណា​ លោក ហ៊ុន ម៉ា​ណែ​ត ដែល​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា និង​លោក ហ៊ុន ម៉ា​និ​ត កូនប្រុស​ម្នាក់ទៀត​របស់​លោក ហ៊ុន សែន បាន​ចាក់​វ៉ាក់សាំង​នេះ​តាម​ការ​គ្រោងទុក​ចំ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​នេះ រួម​ទាំង​មន្ត្រី​សំ​ខាន់​ៗមួយចំនួន​ទៀត។

ក្រោយ​ចាក់​វ៉ាក់សាំង​រួច លោក ហ៊ុន ម៉ា​និ​ត សុំ​មិន​ឆ្លើយតប​នឹង​អ្នកសារព័ត៌មាន​ដែល​ឈរ​ចាំ​នៅ​ក្បែរ​នោះ​ទេ តែ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​និយាយ​ក្រោយ​ចាក់​រួច​ថា លោក​មានទំនុក​ចិត្ត​ក្នុង​ការ​បំពេញការងារ​បម្រើ​ប្រជាពលរដ្ឋ។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ និយាយ​ថា ជា​ករណី​ពិសេស​មួយ​ដែល​លោកនិង​មន្ត្រី​ផ្សេងទៀតបាន​ចាក់​វ៉ាក់សាំង​នេះ ខណៈ​ជំងឺ​កូ​វីដ១៩ នៅ​បន្ត​រីក​រាលដាល​នៅឡើយ​នោះ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិម​អេង ផ្តល់​ជា​យោបល់​ថា ដើម្បី​ផ្តល់​ជំនឿ​ទុកចិត្ត​ដល់​ប្រជាពលរដ្ឋ​ថែមទៀត រដ្ឋាភិបាល​គួរ​ស្វែងរក​ព័ត៌មាន​បន្ថែម​ពី​ការវិវត្តគុណភាព​នៃ​វ៉ាក់សាំង​នេះ ខណៈ​ការ​បើក​យុទ្ធនាការ​ចាប់ពី​ថ្ងៃនេះ វ៉ាក់សាំង​របស់​ចិន​មិនទាន់​ទទួលស្គាល់​ជា​ផ្លូវការ​ពី​អង្គការសុខភាព​ពិភពលោក​នៅឡើយ។

លោក យង់ គិម​អេង ប្រាប់​ថា៖ «រឿង​ទាំងអស់​ហ្នឹង​ដែល​រដ្ឋាភិបាល​ត្រូវ​ព្យាយាម​រក​ព័ត៌មាន​ឱ្យ​បាន​ច្រើនជាង​ហ្នឹង​ពី​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ថាតើ​ដំណើរការ​ដាក់​ឱ្យ​ទទួលស្គាល់​ដោយ​អង្គការសុខភាព​ពិភពលោក​បាន​ដល់​ដំណាក់កាល​ណា​ហើយ មានការ​រីកចម្រើន​កម្រិត​ណា កុំឱ្យ​ពលរដ្ឋ​បារម្ភ​ពី​ហានិភ័យ​ [សុខភាព​] និង​ផល​ប៉ះ​ពាល់​ផ្សេង​ៗ»។

រដ្ឋាភិបាល​បាន​ប្រកាស​ថា វ៉ាក់សាំង Sinopharm ៦០ម៉ឺន​ដូស​នេះ មាន​ជម្រើស​អាទិភាព​ចាក់​ទៅលើ​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ គ្រូពេទ្យ និង​អ្នកសារព័ត៌មាន​ ជាដើម ដែល​យុទ្ធនា​ការ​ចាប់ពី​ថ្ងៃទី១០ ខែកុម្ភៈ​នេះ​ទៅ សម្រាប់​តែ​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី១៨ឆ្នាំ​ដល់៥៩ឆ្នាំ​ប៉ុណ្ណោះ។

កម្ពុជា​បាន​រក​ឃើញ​ដំបូង​គេ​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩នេះ​មុនគេ​ពី​ជនជាតិ​ចិន ​អំឡុង​ដើមឆ្នាំ២០២០ ហើយ​មកដល់ពេលនេះ មាន​អ្នក​ឆ្លង​សរុប៤៧៦នាក់ ក្នុង​នោះ​ព្យាបាល​ជាសះស្បើយ ៤៥៧នាក់ កំពុង​បន្ត​ស្ថិត​ក្រោម​ការ​ព្យាបាល ១៩នាក់ និង​គ្មាន​អ្នក​ស្លាប់​ឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ