ក្រសួង​​ណែនាំ​​គ្រឹះ​ស្ថាន​សិក្សា​​ទាំង​អស់​ទប់​ស្កាត់​​សកម្ម​ភាព​​មិន​​ប្រក្រតី​​ក្នុង​​ទិវា​​នៃ​​ក្តី​​ស្រឡាញ់​​

ទីតាំងលក់វត្ថុអនុស្សាវរីយ៍មួយកន្លែងក្នុងឱកាសទិវាក្ដីស្រលាញ់ ១៤កុម្ភៈ ក្នុងក្រុងភ្នំពេញ។ រូបភាព៖ ជន ចាន់រ៉ែន

ក្រសួង​អប់រំ យុវជន និងកីឡា បាន​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈនិង​ឯកជន​ទាំងអស់ ចូលរួម​ទប់ស្កាត់​រាល់​សកម្មភាព​មិន​ប្រក្រតីក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់ នៅ​តាម​គ្រឹះស្ថានសិក្សា​របស់​ខ្លួន។

ក្នុង​សេចក្តី​ណែនាំ​មួយ​ចុះ​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួង​អប់រំបាន​ប្រាប់​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈនិង​ឯកជន​ទាំងអស់ ត្រូវ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់ ថ្ងៃទី១៤កុម្ភៈ ដោយធ្វើ​ការ​ផ្សព្វផ្សាយ​ទៅដល់​សិស្សានុសិស្ស​ឱ្យ​បាន​ច្បាស់ និង​កុំឱ្យ​មានការ​យល់​ខុស​អំពី​អត្ថន័យ​នៃទិវា​​សេចក្តី​ស្រលាញ់​នេះ។

ក្រសួង​បន្ត​ថា ថ្នាក់ដឹកនាំ​គ្រឹះស្ថានសិក្សា​សាធារណៈនិង​ឯកជន និង​លោកគ្រូ​អ្នកគ្រូ ត្រូវ​ពង្រឹង​ការអនុវត្ត​វិន័យ​ឱ្យ​បាន​ម៉ឺង​ម៉ាត់ ជាពិសេសលើ​ការគ្រប់គ្រង​សីលធម៌ ដោយតាម​ដាន​វត្តមាន​របស់​សិស្សានុសិស្ស​ឱ្យ​បាន​ជាប់លាប់ ហើយ​ត្រូវ​អប់រំ​ណែនាំ​ដល់​សិស្ស​អំពី​សារៈសំខាន់​នៃ​វិធានការ​សុវត្ថិភាព​សុខភាព​សិក្សា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូដ១៩។

ក្រសួង​អប់រំក៏បាន​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ​គ្រឹះស្ថានសិក្សា​សាធារណៈនិង​ឯកជន ត្រូវ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា ឬអាណាព្យាបាល​សិស្ស និង​សហគមន៍ ក្នុង​ការ​ផ្តល់និង​ទទួល​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​សកម្មភាព​មិន​ប្រក្រតី​នានាដែល​បាន​ប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស ដើម្បី​សហការ​ទប់ស្កាត់និង​អប់រំ​ណែនាំ​កែ​លម្អ​ទាន់ពេល​វេលា​ផង​ដែរ។

«ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់» ឬហៅ​ជា​ភាសាអង់គ្លេស​ថា “Valentine’s Day​” មាន​ប្រវត្តិ​ចេញពី​ប្រទេស​លោកខាងលិច ដែលគេ​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី១៤ ខែកុម្ភៈ ជា​រៀងរាល់​ឆ្នាំ និង​ជា​ទម្លាប់ បុណ្យ​នេះធ្វើឡើង​ដើម្បី​ចែករំលែក​សេចក្ដី​ស្រឡាញ់​ដល់​ឪពុកម្ដាយ ក្រុម​គ្រួសារ មិត្តភក្ដិ និង​មនុស្សជាតិ​ក្នុង​ពិភពលោក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ