មន្ត្រីជំនាញឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងបញ្ឈប់ការនាំចូលគ្រឿងសមុទ្រផ្ទុកសារធាតុធ្វើឱ្យប៉ះពាល់សុខភាព

មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីការនាំចូល បង្គាក្លាសេ្សមានចាក់បញ្ជូលចាហួយកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ (​ហ្វេសប៊ុក​ផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម អំពាវនាវ​ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននៅពេលទិញគ្រឿងសមុទ្រ​ និងបញ្ឈប់​ការនាំចូលគ្រឿងសមុទ្រ​ ដែលមានផ្ទុកសារ​ធាតុ​ធ្វើឱ្យប៉ះពាល់ដល់​សុខភាពសាធារណៈ ខណៈរយៈពេល ២ខែដើមឆ្នាំនេះ មន្ត្រីជំនាញរកឃើញគ្រឿងសមុទ្រជាង ៧តោន មានផ្ទុកសារ​ធាតុប៉ះពាល់​ដល់​សុខភាព និង​ខូចគុណភាព។

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម​ សហការជាមួយ​អាជ្ញាធរពាក់ព័ន្ធ បាន​បង្ក្រាបករណីនាំចូលបង្គាជាង១តោន ពីប្រទេសវៀតណាម​ ដែល​មានការចាក់បញ្ចូលចាហួយបន្ថែម ដើម្បីបង្កើនទម្ងន់ ដែលស្ថាប័ននេះអះអាងថា បានធ្វើឱ្យខូចខាត​ផលប្រយោជន៍ និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

អគ្គនាយក នៃ​អគ្គនាយក​ដ្ឋាន​ការពារ​អ្នកប្រើ​ប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ លោក ផាន អូន បានអំពាវនាវឱ្យ​ប្រជាពលរដ្ឋមាន​ប្រុងប្រយ័ត្ន​ចំពោះការទិញគ្រឿងសមុទ្រយកទៅទទួលទាន​ និងបានស្នើ​ឱ្យ​បញ្ឈប់ការនាំចូលគ្រឿងសមុទ្រ ដែលផ្ទុកសារ​ធាតុណាដែលធ្វើប៉ះពាល់ដល់សុខភាព និងផលប្រយោជន៍​របស់ប្រជាពលរដ្ឋ។

លោក ផាន អូន ឱ្យដឹងថា នៅឆ្នាំ២០២០ ក.ប.ប បង្ក្រាបបានគ្រឿងសមុទ្រគ្មានគុណភាព និងប៉ះពាល់សុខភាពបានប្រមាណ ១១តោន និង២ខែដើមឆ្នាំ២០២១ បានជាង៧តោន។

លោកបានព្រមាន​ថា អ្នកដែលនាំចូលគ្រឿងសមុទ្រមានផ្ទុកសារ​ធាតុធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ នឹង​ប្រឈមមុខ​​នឹងវិធានការផ្លូវច្បាប់។

លោកបន្ថែមថា៖ «សូមឱ្យបងប្អូនយើង កុំឆ្លៀតឱកាសចង់បានផលប្រយោជន៍ ឬក៏ប្រាក់ចំណេញណាមួយ ប៉ុន្តែបំផ្លាញសុខភាពប្រជាពលរដ្ឋ។ សូមកុំប្រើសាធាតុជាចាហួយ ជាសារធាតុហ្វម៉ាលីនក៏ដោយ ពីព្រោះសារធាតុនេះ វាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរសម្រាប់សុខភាពក្នុងរយៈពេលវែង»

លោក ផាន អូន ក៏បាន​ស្នើឱ្យពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច និងត្រូវរក្សាទុកអាស័យដ្ឋានអ្នកលក់គ្រឿងសមុទ្រណាមានផ្ទុកសារធាតុ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះផងដែរ ដើម្បីងាយ​ស្រួលឱ្យមន្ត្រី​ជំនាញចុះស្រាវជ្រាវ និងបង្ក្រាប​ទាន់ពេលវេលា។

លោកបន្ថែមថា៖ «អីចឹងអ្នកប្រើប្រាស់គួរតែប្រុងប្រយ័ត្នដែរ ទិញកន្លែងណាមើលប្រភពឱ្យច្បាស់សិន ហើយត្រូវយក​​វិក័យប័ត្រ​គាត់ទុកផង បើមានបញ្ហាអី គាត់អាចប្តឹងមកអគ្គនាយកដ្ឋាន ក.ប.ប បាន ដើម្បីឱ្យអគ្គនាយកដ្ឋានមានបណ្តឹង ហើយចុះស្រាវាជ្រាវតាមអាស័យដ្ឋានហ្នឹង»

ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញម្នាក់ កញ្ញា ហេង សុខលីន យល់ថាមន្រ្តីជំនាញរដ្ឋាភិបាល​គប្បីពង្រឹងកិច្ចការត្រួតពិនិត្យជាជាងឱ្យពលរដ្ឋជាអ្នកធ្វើកិច្ចការងារនេះព្រោះពលរដ្ឋមិនមានជំនាញដើម្បីមើលដឹងថាតើគ្រឿងសមុទ្រណាមានដាក់សារធាតុឬមិនដាក់នោះទេ។

កញ្ញា បានលើកឡើងថា៖«ប្រសិនបើមន្រ្តីរដ្ឋាភិបាល អត់ធ្វើការត្រួតពិនិត្យ អត់ធ្វើការរឹតបន្តឹង ហើយឱ្យពលរដ្ឋទៅមើលខ្លួនឯងហ្នឹង សួរតើប្រជាពលរដ្ឋគាត់មានចំណេះដឹងអីទៅវាស់ស្គង់ថាផលិតផលហ្នឹងវាមានការចាក់ចាហួយឬសារធាតុគីមី បើគាត់អត់ដែលមានបទពិសោធន៍ផង។ និយាយទៅរឿងហ្នឹងចាំបាច់ត្រូវតែមន្រ្តីរដ្ឋាភិបាលជាអ្នកទប់ស្កាត់ ជាអ្នកមើលការខុសត្រូវ មិនអាចឱ្យពលរដ្ឋទៅធ្វើរឿងហ្នឹងទេ»។

ប្រធានផ្នែកស្រាវជ្រាវ និងតស៊ូមតិនៅអង្គការ​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គី​មហុង សង្កេតឃើញថា កន្លងមក សត្ថកិច្ចបង្ក្រាបបានជាច្រើនករណីពាក់ព័ន្ធការនាំទំនិញគ្មានគុណភាព និងម្ហូបអាហារដែលសារ​ធាតុ​ធ្វើឱ្យប៉ះពាល់ដល់សុខភាពនេះ។

លោក​ដាក់ការសង្ស័យថា ករណីដែល​សមត្ថ​កិច្ចទប់ស្កាត់​បញ្ហានេះ មិនមានប្រសិទ្ធភាពអាចបណ្តាលមកពីការធ្វេសប្រហែស មានអំពើពុករលួយ និងការលួចនាំចូលដោយខុសច្បាប់​ ដោយពុំមានការត្រួតពិនិត្យពីមន្ត្រីពាក់ព័ន្ធ​ជាដើម។

លោកបន្ថែមថា៖ «ខ្ញុំយល់ថា ក្រសួងពាណិជ្ជកម្ម និងជំនាញផ្នែកសុខមាលភាពសាធារណៈ គម្បីចាប់ផ្តើមយក​​ច្បាប់ទៅរឹត​បណ្តឹង ជាពិសេស ត្រូវដាក់ពិន័យយ៉ាងធ្ងន់ធ្ងរ ឬអនុវត្តតាមផ្លូវច្បាប់ចំពោះជនទាំងឡាយ​ណាដែលផលិត និងនាំចូលទំនិញ ឬក៏ម្ហូបអាហារទាំងឡាយណា ធ្វើប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ