មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយ​មាន​ជ័យ​កម្ទេច​ជ្រូក​មាន​ជំងឺ​ប៉េស្ត​អាហ្វ្រិក​៣០​ក្បាល​​

សត្វ​ជ្រូក​ដែល​ឈ្មួញ​លួច​ដឹក​តាម​ប្រក​របៀង​ចំនួន៣០ក្បាល​មក​ពី​ប្រទេស​ថៃ ត្រូវ​បាន​មន្ទីរពិសោធន៍​ពិនិត្យ​រក​ឃើញថា​មាន​ជំងឺ​ប៉េស្ត​អាហ្វ្រិក ត្រូវ​បាន​មន្ត្រី​ជំនាញ​យក​ទៅ​ធ្វើការ​ដុត​កម្ទេច​ចោល នៅ​ព្រឹក​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​ចំណុច​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។ (អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​)

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា សត្វជ្រូកមានជំងឺប៉េស្តអាហ្រ្វិក ចំនួន៣០ក្បាល ត្រូវបានដុតកម្ទេចចោល ក្រោយបង្ក្រាបបានពីឈ្មួញនាំឆ្លងដែនពីច្រករបៀងកម្ពុជា-ថៃ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ លោក ប៉ាង វណ្ណាសេដ្ឋ ប្រាប់ វីអូឌី នៅថ្ងៃទី១៣ ខែកុម្ភៈនេះថា មន្ត្រីជំនាញមកពីស្ថាប័នពាក់ព័ន្ធ ចុះបង្ក្រាបចាប់បានសត្វជ្រូកដែលមានជំងឺប៉េស្តអាហ្រ្វិកចំនួន៣០ក្បាល និងយកទៅដុតកម្ចេចចោលកាលពីម្សិលមិញ នៅនៅចំណុចភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកអំពាវនាវទៅប្រជាពលរដ្ឋទាំងអស់កុំមានការព្រួយបារម្ភពីបញ្ហាឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកចូលក្នុងទឹកដីកម្ពុជា ពីព្រោះអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ និងត្រួតពិនិត្យការនាំចូលសត្វជ្រូកពីប្រទេសជិតខាងយ៉ាងប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ស្កាត់កុំឱ្យឆ្លងដល់សត្វជ្រូកក្នុងស្រុកផងដែរ។

លោកមានប្រសាសន៍ដូច្នេះថា៖ «អាជ្ញាធរគេកំពុងធ្វើការពង្រឹងបន្ថែមទៀត តាមកម្លាំងធនធានរបស់យើងមាន យើងធ្វើរាល់ថ្ងៃ មិនបានដេកមិនបានពួនទេ ធ្វើម៉េចទប់ស្កាត់កុំមានឱ្យនាំចូលជ្រូកមានជំងឺប៉េស្តអាហ្វ្រិកហ្នឹង»។

ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ សាទរនឹងវិធានការរបស់អាជ្ញាធរពាក់ព័ន្ធក្នុងការទប់ស្កាត់ការនាំចូលសត្វជ្រូកដែលមានជំងឺប៉េស្តអាហ្វ្រិកនេះ។ លោកបន្តថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះមិនទាន់មានថ្នាំព្យាបាលនិងវ៉ាក់សាំងការពារនៅឡើយ ដែលជំងឺនេះកើតឡើងនៅអាហ្វ្រិកជាង១០០ឆ្នាំមកហើយ។

ករណីនេះធ្វើឱ្យលោក ស្រ៊ុន ពៅ នៅតែព្រួយបារម្ភខ្លាចឈ្មួញលួចនាំចូលខុសច្បាប់ ហើយនាំជំងឺនេះឆ្លងដល់សត្វជ្រូកផ្សេងទៀតនៅក្នុងស្រុក ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។

លោកបង្ហាញការព្រួយបារម្ភដូច្នេះថា៖ «មិនថាអាជ្ញាធរណាទេ កាំកុងត្រូល និងគយតាមព្រំដែន ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការទប់ស្កាត់ការនាំចូលជ្រូកមានជំងឺប៉េស្តអាហ្រ្វិកនេះ បើសិនជាធ្វេសប្រហែសទុកឱ្យឈ្មួញនាំជ្រូកឈឺមក ធ្វើឱ្យស្លាប់[ជ្រូក]ដល់កសិដ្ឋាន និងក្រុមហ៊ុនចិញ្ចឹមជ្រូកនៅក្នុងប្រទេស»។

ប្រធានសមាគមរូបនោះអះអាងថា បច្ចុប្បន្ននេះ សមាគមរបស់លោកមានប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារ ចូលជាសមាជិកចិញ្ចឹមសត្វ ដូចជា មាន់ ទា គោ ក្របី ទា និងសត្វជ្រូក ដើម្បីផ្គត់ផ្គង់សាច់នៅលើទីផ្សារក្នុងប្រទេស ខណៈបច្ចុប្បន្ននេះ កម្ពុជាត្រូវការសត្វជ្រូកចន្លោះពី៦ទៅ៧ពាន់ក្បាល ដើម្បីផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក ដែលក្នុងនោះប្រហែលជា២ពាន់ក្បាលត្រូវនាំចូលពីប្រទេសជិតខាងដូចជាប្រទេសថៃជាដើម។

គួរបញ្ជាក់ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ បាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៨ ក្នុង​ប្រទេស​ចិន ​បាន​រីក​រាលដាល​ដល់​ប្រទេស​វៀតណាម​នៅ​ដើម​ឆ្នាំ២០១៩ និង​បាន​ឆ្លង​ចូល​ដល់​ខេត្ត​រតនគិរី​ នៃ​ប្រទេស​កម្ពុជា ​កាល​ពី​ចុង​ខែ​មីនា​កន្លង​ទៅ​​ មុន​នឹងបន្តឆ្លងរាលដាលជាបន្តបន្ទាប់​ទៅខេត្តចំនួន៤ផ្សេងទៀត រួមមាន ខេត្ត​កំពង់ចាម ខេត្ត​តាកែវ ខេត្ត​ស្វាយ​រៀង និង​ខេត្ត​កណ្ដាល។

បើតាមមន្ត្រីក្រសួងកសិកម្ម សត្វជ្រូកជាង៤ពាន់ក្បាល បានងាប់និងត្រូវយកទៅកម្ទេចចោល​ ក្នុងអំឡុងពេលមានការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្រ្វិក កាលពីឆ្នាំ២០១៩នោះ ដោយខាតបង់គិតជាទឹកប្រាក់អស់ប្រមាណ៨០ម៉ឺនដុល្លារអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ