វិភាគ៖តើកម្ពុជាពិតជាមិនអាចអភិវឌ្ឍន៍កើតមែនទេបើគ្មានចិនជួយ?

លោក ហ៊ុន សែន ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនភីង ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

ចម្ងល់មួយចំនួនបានកើតឡើងនៅពេលដែលមានការលើកឡើងពីថ្នាក់ដឹកនាំរដ្ឋាភិបាល និងអ្នកវិភាគថា បើមិនមានការជួយពីចិនទេកម្ពុជាមិនមានការអភិវឌ្ឍន៍កសាងផ្លូវស្ពានឬហៅម្យ៉ាងទៀតថា សេដ្ឋកិច្ចនៅតែខ្សោយនៅតែ«ជិះរទេះគោនៅឡើយ»។​​

នៅក្នុងកិច្ចពិភ្សាមួយនៅរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី៨ខែកុម្ភៈលោក ហ្សង់-ហ្វ្រង់ស័រ តាន់ អ្នកវិភាគបញ្ហានយោបាយជាតិ និងអន្តរជាតិ នៅវិទ្យុបារាំងអន្តរជាតិ លើកឡើងថានៅកម្ពុជាទើបតែរីកចម្រើននៅពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ។ លោកបន្តថា បើមិនមានចិនជួយទេ កម្ពុជាអាចនៅតែជិះរទេះគោនៅឡើយ។

លោក ហ្សង់-ហ្វ្រង់ស័រ តាន់៖«រុញច្រានចិនខ្ញុំអត់យល់ស្រប រាល់ថ្ងៃនេះការអភិវឌ្ឍន៍បើអត់មានចិននៅបររទេះគោនៅឡើយ។ ចិនជាអ្នកជួយជំនួយអភិវឌ្ឍន៍ទី១នៅកម្ពុជា ចិនជាអ្នកផ្តល់ជំនួយឥតសំណងលេខ១ ចិនជាអ្នកឱ្យកម្ពុជាខ្ចីច្រើនជាងគេ។ ចិនជាអ្នកជួយកម្ពុជាផលិតហេដ្ឋារចនាសម្ព័ន្ធដល់កម្ពុជា យើងត្រូវរុញចិនចោលឬយ៉ាងម៉េច?»។​

ការអះអាងរបស់លោក ហ្សង់ ហ្រ្វង់ស័រ តាន់ នៅពេលនេះ ដូចគ្នាជាមួយការការអះអាងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែរ ដែលថា ការអភិវឌ្ឍន៍នៅកម្ពុជាមិនអាចខ្វះចិនបានទេ។​

នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកំសាន្តមួយរបស់ក្រុមហ៊ុនចិននៅក្នុងស្រុកកៀនស្វាយខេត្តកណ្តាលកាលពីឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើកឡើងថា បើអ្នកណាឆ្លើយសំនួរលោករួច លោកនឹងចុះចេញពីតំណែង។​ លោកសួរថា នៅកម្ពុជាបើមិនមានចិនតើអ្នកណាកសាងហេដ្ឋារចនាសម្ព័ន្ធ។​

លោក ហ៊ុន សែន៖«តភ្ជាប់ចេញពីភ្នំពេញ ចេញទៅព្រែកក្តាម និងស្ពានព្រែកក្តាមចិនជាអ្នកធ្វើ អាណឹងតាមផ្លូវជាតិលេខ៥។ ដល់ផ្លូវជាតិលេខ៦ចេញពីភ្នំពេញទៅទល់ជាមួយសៀមរាប ចិនជាអ្នកធ្វើទាំងស្ពានព្រែកតាម៉ាក់  ផ្លូវលេខ៨ ហើយផ្លូវភ្ជាប់តគ្នា សួរថា បើចិនមិនលូកដៃជួយតើអ្នកណាជួយ? ឆ្លើយមកបើអ្នកឯងឆ្លើយឱ្យខ្ញុំបាន  ខ្ញុំអាចនិយាយបានថា ខ្ញុំគួរចុះចេញពីតំណែងដែរ ឱ្យតែអ្នកឯងនិយាយថា អ្នកនេះធ្វើបាន អ្នកនោះធ្វើបាន»។

លោក ហ្សង់-ហ្វ្រង់ស័រ តាន់ លើកឡើងថា នយោបាយអព្យាក្រឹតត្រូវបើកចំហទទួលទាំងអស់ ប៉ុន្តែបើប្រទេសលោកខាងលិចមិនចូលមកសហការ ហើយប្រទេសចិនចូលខ្លួនមកត្រូវចាប់យកចិន។

លោក ហ្សង់-ហ្វ្រង់ស័រ តាន់៖«រឿងអភិវឌ្ឍន៍ប្រទេសជារឿងមួយ រឿងអនុវត្តន៍នយោបាយអព្យាក្រឹតនិយមជារឿងមួយផ្សេងទៀត។ បើកដៃរកលោកខាងលិចហើយ បើកដៃរកសហភាពអឺរ៉ុបហើយ បើកដៃរកអាមេរិក តែបើគេមិនមកមិនដឹងធ្វើម៉េច។ បញ្ជាក់ប្រាប់គេទៅ  នយោបាយអត់ទេ ខ្ញុំអព្យាក្រឹតនិយម ប៉ុន្តែខ្ញុំត្រូវការអភិវឌ្ឍន៍ ខ្ញុំមិនអាចឈរមើលប្រទេសគេជុំវិញកម្ពុជាគេអភិវឌ្ឍន៍ទាំងអស់ ហើយយើងថា ហ៊ូ អត់យកចិនទេ បន្តបរទេះគោ»។​

វាគ្មិននៅក្នុងកិច្ចភាក្សានៅក្នុងរាជបណ្ឌិត្យសភានៅពេលនោះមិនបានពិភាក្សាលម្អិតថា តើហេតុអ្វីបានជាប្រទេសលោកសេរី មិនបោះទុនវិនិយោគឬ ផ្តល់ជំនួយច្រើនដូចចិនជួយដល់កម្ពុជានោះទេ។​

កន្លងមករួមទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក រួមទាំងប្រទេសកាន់របបសេរីផ្សេងៗទៀតតែងលើកឡើងពីដំណើរការអភិវឌ្ឍន៍នៅកម្ពុជាដែលមិនបានគិតគូដល់ការគោរពសិទ្ធិមនុស្ស ដោយការអភិវឌ្ឍន៍ផលប្រយោជន៍ដល់មនុស្សមួយក្រុម ហើយក៏ធ្វើឱ្យមនុស្សមួយក្រុមទៀតរងទុក្ខវេទនា។

ផលពីការអភិវឌ្ឍន៍មួយចំនួនបានធ្វើឱ្យប្រជាពលរដ្ឋគ្រប់រាជធានីខេត្តផ្ទុះការតវ៉ាជាបន្តបន្ទាប់ពីសេសពលរដ្ឋចោទថា ការអភិវឌ្ឍន៍ប៉ះដីកម្មសិទ្ធិរបស់ពួកគាត់តែមិនបានផ្តល់សំណងត្រឹមត្រូវ ឬ ត្រូវបណ្តេញចេញទាំងបង្ខំ។​

ក្រៅពីទំនាស់ដីធ្លីគឺអំពើពុករលួយ ការរំលោភសិទ្ធិមនុស្សចាប់ក្រុមយុវជន មន្ត្រីសង្គមស៊ីវិល និង មន្ត្រីបក្សប្រឆាំងដាក់ពន្ធនាគារក៏រងការថ្កោលទោសពីប្រទេសលោកសេរីដែរ។​

សហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា២០ភាគរយ ក៏ដោយសារហេតុផលចោទថា មានការរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យដែរ។​

អ្នកតាមដានការអភិវឌ្ឍន៍សង្គមលោក មាស នី លើកឡើងថា ការរក្សាអព្យាក្រឹតជារឿងសំខាន់ ដោយថា ប្រទេសមហាអំណាចត្បិតតែមានការប្រកួតប្រជែងគ្នាប៉ុន្តែពួកគេនៅតែក្សាការពឹងពាក់គ្នាដើម្បីអភិវឌ្ឍន៍ដដែល។​ លោកមាស នី ក៏បានរំឭកឡើងពីសម្តីមន្ត្រីការទូតរបស់អាមេរិកមួយរូបដែលបានលើកឡើងពីបញ្ហាដោយសារមេដឹកនាំមួយចំនួនប្រើមនោសញ្ចេតនាហួសហេតុ ទទួលប្រយោជន៍ពីក្រុមមួយហើយវាយប្រហារក្រុមមួយផ្សេងទៀត។​

លោក មាស នី៖«មេដឹកនាំនៅក្នុងប្រទេសនិមួយៗមានសារសំខាន់ណាស់ក្នុងការរក្សាលំនឹង មនោសញ្ចេតនារបស់ខ្លួន នៅពេលខ្លះការលម្អៀង ទៅឆ្វេងឬ ទៅស្តាំណឹងមិនមែនដោយសារតែគោលនយោបាយទេ។ ជួនកាលគោលនយោបាយរបស់យើងមានត្រឹមត្រូវហើយ ប៉ុន្តែនៅពេលដែលមនោសញ្ចេតនាយើង អ្នកដឹកនាំណឹងបានផ្តោត។ ជួនកាលនៅពេលដែលខាងមួយឱ្យនេះទៅក៏យើងសប្បាយចិត្តជាមួយគេទៅ ក៏ប៉ុន្តែ យើងផ្លែផ្កាដាក់អ្នកមួយទៀតគឺវាយប្រហារដាក់អ្នកមួយទៀត»។​

បើតាមលោកមាស នី គឺគោលនយោបាយបរទេសរក្សាការទំនាក់ទំនងទាំងអស់ ហើយត្រូវពង្រឹងច្បាប់ មិនត្រូវដោយសារមនោសញ្ចេតនាបណ្តោយឱ្យប្រទេសដែលយើងចូលចិត្តគេងយកចំណេញពីកម្ពុជាហួសហេតុ និង ប្រទេសដែលយើងមិនចូលចិត្តបែរជាវាយប្រហារយកមួយឈ្នះដៃនោះទេ។​

នៅពេលដែលមានការលើកឡើងថា បើមិនមានប្រទេសចិនជួយកម្ពុជាមិនអាចមានការអភិវឌ្ឍន៍ ឬ បើមិនមានវៀតណាមជួយ កម្ពុជា និងមិនមានស្ថិរភាពនៃការអភិវឌ្ឍន៍ដល់សព្វថ្ងៃនេះទេ?​

ការលើកឡើងទាំងនេះ នាំឱ្យកូនខ្មែរមួយចំនួនចោទសួរថា តើកម្ពុជាខ្លួនឯងនៅឯណា? ហើយអ្វីជាគោលនយោបាយបរទេសរបស់កម្ពុជា? ហើយប្រទេសផ្សេងៗគេពឹងផ្អែកលើប្រទេសណាមួយដូចកម្ពុជាដែរឬទេ?​

យើងសាកពិនិត្យមើលដំណើរការអភិវឌ្ឍន៍របស់ប្រទេសជិតខាងកម្ពុជាគឺប្រទេសវៀតណាម និងប្រទេសថៃ។

វៀតណាម​ជា​ប្រទេស​កាន់​របប​កុម្មុយនីស្ត ប៉ុន្តែ​មេដឹកនាំ​នៃ​ប្រទេស​នេះ​រក្សា​ភាព​ទន់ភ្លន់​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ទាំង​ជាមួយ​ប្រទេស​កុម្មុយនីស្តនិង​ប្រទេស​កាន់​របប​សេរី សូម្បីតែ​អតីត​សត្រូវ​ដូចជា​សហរដ្ឋអាមេរិក និងសត្រូវ​បច្ចុប្បន្ន​ដូចជាចិន​ជាដើម​នោះ ក៏​មេ​ដឹកនាំ​វៀតណាម​នៅតែ​ញញឹម ចាប់​រលាក់ដៃ ឬឱប​គ្នា ដូច​មិន​មាន​អ្វី​កើតឡើង​សោះ។

កម្រ​ឃើញ​ប្រធានាធិបតី​ឬនាយក​រដ្ឋមន្ត្រី​វៀតណាម ប្រតិកម្ម​ដំឡើង​សំឡេង​វាយប្រហារ​ប្រទេសឬក្រុម​ណាមួយ ​ហើយ​អួតអាង​ដំឡើង​ខ្លួនឯង​នោះ​ទេ។ ក្នុង​ស្ថានភាព​នេះ ​វៀតណាម​ពង្រីក​សេដ្ឋកិច្ច​ដោយ​បើកចំហនិងពង្រឹង​កម្លាំងទ័ព​ដោយ​រក្សា​ភាព​ស្ងប់ស្ងាត់។ ទាំងចិន សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប សុទ្ធតែជាដៃគូពាណិជ្ជកម្មសំខាន់របស់វៀតណាម។

រដ្ឋាភិបាល​វៀតណាម​បាន​បង្ហាញ​ក្តី​សង្ឃឹមថា ចាប់ពី​ដើមខែ​សីហា ​ឆ្នាំ២០២០ ជា​ពេល​ដែល​ចាប់ផ្តើម​អនុវត្ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មិន​ជាប់ពន្ធ​ជាមួយ​អឺរ៉ុប នឹង​ទទួល​បានការ​វិនិយោគ​កើនឡើង ជួយ​ទាំង​សេដ្ឋកិច្ច​ជាតិ​និង​បង្កើត​ការងារ​ឱ្យ​ពលរដ្ឋ។

នៅក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម​និង​សហភាព​អឺរ៉ុប (EVFTA​) ដែលកាត់​បន្ថយពន្ធ​នៃ​ការ​នាំ​ទំនិញ​ឆ្លងដែន​ភាគី​ទាំងពីរ​បាន​រហូតដល់៩៩ភាគរយ​នោះ គឺ​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។ កិច្ច​ព្រមព្រៀង​នេះ​មាន​សុពលភាព​អនុវត្ត​បាន​រយៈពេល១០ឆ្នាំ។

ចំណែកប្រទេសថៃទោះមានភាពច្របូកច្របល់ម្តងមេដឹកនាំយោធា ម្តងមេដឹកនាំតាមបែបប្រជាធិបតេយ្យ ប៉ុន្តែថៃនៅតែជាថៃដដែល​។ មេដឹកថៃមិនដែលវាយប្រហារប្រទេសណាមួយ ហើយនិយាយកាន់ជើងប្រទេសណាមួយផ្តាច់មុខដែរ។​ ចំណែកសហរដ្ឋអាមេរិក និងចិននៅតែជាដៃគូពាណិជ្ជកម្មសំខាន់របស់ថៃដដែល៕​

វិភាគ​៖​ វៀតណាម​​សម្ងំ​​ពង្រីក​​ខ្លួន​​ទាំង​​សេដ្ឋ​កិច្ច​​និង​​យោធា​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ