យោធាមីយ៉ាន់សម្រុកបញ្ជូនរថពាសដែកចូលរដ្ឋធានីទាំងយប់

រថពាសដែកបញ្ជូនចូលរដ្ឋធានីនៅយប់ថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២១។ រូបកាត់ពីវីឌីអូ BBC

យោធាមីយ៉ាន់ម៉ាបានកាត់ផ្តាច់បណ្តាញទំនាក់ទំនងជាថ្មីទៀត ហើយបានសម្រុកបញ្ជូនរថពាសដែក និងកងកម្លាំងទៅកាន់រដ្ឋធានី និងទីក្រុងនានាទាំងយប់ ដែលសញ្ញាបង្ហាញពីការត្រៀមខ្លួនបង្ក្រាបលើប្រជាពលរដ្ឋដែលចេញមុខតវ៉ា។​

យោធាមីយ៉ាន់ម៉ាប្រកាសកាត់ផ្តាច់បណ្តាញទំនាក់ទំនងចាប់ពីម៉ោង១យប់ដល់ម៉ោង៩ព្រឹកថ្ងៃទី១៥ខែកុម្ភៈ។ សារព័ត៌មានអន្តរជាតិនានាបានចុះផ្សាយពីសកម្មភាពដែលពួកយោធាសម្រុកបញ្ជូនសព្វាវុធ និងកងកម្លាំង ទាំងយប់ទៅកាន់រដ្ឋធានី និងទីក្រុងជាច្រើនដូចជា Yangon, Myitkyina, Sittwe, និងរដ្ឋ Rakhine ជាដើម។​

នៅយប់ថ្ងៃអាទិត្យម្សិលមិញ ស្ថានទូតអាមេរិកប្រចាំនៅប្រទេសមីយ៉ាន់ម៉ាបានចេញសារទាំងយប់ប្រាប់ឱ្យប្រជាពលរដ្ឋរបស់ខ្លួនមានការប្រុងយ័ត្នដោយថា ការបង្ក្រាបនៅក្នុងពេលកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងរួមទាំងទូរសព្ទ និងអ៊ិនធើណេតនោះអាចនឹងកើតមានឡើង។​

កាលពីថ្ងៃសុក្ររដ្ឋាភិបាលយោធាមីយ៉ាន់យ៉ាប្រកាសដោះលែងអ្នកទោសចំនួន​២៣ ០០០នាក់។ ការដោះលែងអ្នកទោសដោយមិនបានត្រៀមទុកនេះនាំឱ្យមានការព្រួយបារម្ភថា បទល្មើសផ្សេងៗនៅក្នុងសង្គមអាចកើតមានឡើងច្រើន និង ជាការត្រៀមលក្ខណៈរបស់ពួកយោធា ដើម្បីទុកមន្ទីរឃុំឃាំងទាំងនោះសម្រាប់ឃុំខ្លួនអ្នកចេញធ្វើសកម្មភាពតវ៉ាវិញ។​

ពួក​យោធា​ក្តោប​អំណាច​ណែន​នៅ​មីយ៉ាន់ម៉ា​អស់​រយៈពេល៤៩ឆ្នាំ​ ​ចាប់ពី​ឆ្នាំ១៩៦២ ដល់​ឆ្នាំ២០១១។ ក្នុងអំឡុងពេល​ដែល​ពួក​យោធា​ក្តោប​អំណាច​ ក៏មានការ​បង្ក្រាប​ដោយ​ចលនាមហាជន​មិន​បន្ធូរដៃ​នោះ​ដែរ។

ព្រឹត្តិ​ការណ៍​មហាជន​តវ៉ា​នៅ​ឆ្នាំ២០០៧ យោធា​ប្រើប្រាស់​កម្លាំង​បាញ់​បង្ក្រាប​លើ​ទីតាំង​កន្លែង​អ្នក​តវ៉ា​ស្នាក់នៅ​ពេលយប់​ បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន៣១នាក់។ ចំណែក​ចលនា​និស្សិត និង​ព្រះសង្ឃ តវ៉ា​បង្ហាញ​ជំហរ​គាំទ្រ​ចលនា​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ១៩៨៨ ដែល​អូស​បន្លាយ​ច្រើន​ខែ​នោះ​ បាន​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់៣ ០០០នាក់។

ចុងសប្តាហ៍មុនរដ្ឋាភិបាលយោធាក៏បានប្រកាសស្វែងរកចាប់ខ្លួនបុគ្គល៧រូបដែលរងការចោទថា អ្នករៀបចំយុទ្ធសាស្ត្រនៃការតវ៉ាចលនាមិនស្តាប់បង្គាប់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ