គ្រោះ​ថ្នាក់​​ចរា​ចរណ៍​និង​​គ្រោះ​​អគ្គិ​ភ័យ​​នៅ​​ថ្ងៃ​ចូល​ឆ្នាំ​​ចិន​​ឆ្នាំ​នេះ​ ថយ​​ចុះ​​ជាង​​ឆ្នាំ​មុន​

ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ៤គ្រឿង នៅ​លើ​កំណាត់​ផ្លូ​លេខ១៤០ ចំណុច​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំងគង ស្រុក​សំរោងទង នៅ​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។ (អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​)

​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ និង​គ្រោះ​អគ្គិភ័យ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-វៀតណាម នៅ​ឆ្នាំនេះ មានការ​ថយ​ចុះបើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ ឱ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ក្នុងរយៈពេល៣ថ្ងៃនៃ​ថ្ងៃចូលឆ្នាំ​ចិន​-វៀតណាម ចាប់ពី​ថ្ងៃទី១១ ដល់​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេសបាន​កើតមាន​ចំនួន៣៥លើក បណ្តាល​ឱ្យ​មនុស្ស១៤នាក់ស្លាប់ និង​រង​របួសធ្ងន់​ស្រាល៥២នាក់។

នាយកដ្ឋាន​នេះបន្ត​ថា មូលហេតុ​នៃ​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ ​រួមមាន ដោយសារ​ល្បឿន មិន​គោរព​សិទ្ធិ ប្រជែង​គ្រោះថ្នាក់ បត់​គ្រោះថ្នាក់ និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង។

បើ​តាម​នាយក​ដ្ឋា​នន​គរ​បាល​ចរាចរណ៍ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពិ​ធីបុ​ណ្យ​ចូលឆ្នាំ​ចិន​-វៀតណាម នៅ​ឆ្នាំនេះមានការ​ថយ​ចុះ បើ​ធៀប​នឹង​រយៈពេល៣ថ្ងៃ​ដូចគ្នាកាលពី​ឆ្នាំមុន ក្នុង​នោះ គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ១៣លើក ចំនួន​អ្នក​ស្លាប់​ថយ​ចុះ២១នាក់។ 

នៅ​ថ្ងៃនេះ​ដែរ នាយកដ្ឋាន​នគរបាល​បង្ការ​ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ ក៏បាន​ចេញ​របាយការណ៍​បង្ហាញថា គ្រោះ​អគ្គិភ័យ​ទូទាំង​ប្រទេសក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-វៀតណាមឆ្នាំនេះ ក៏​មានការ​ថយ​ចុះ​ចំនួន៣លើក​ផង​ដែរ។

របាយការណ៍​របស់​នាយកដ្ឋាន​នេះបាន​បញ្ជាក់​ថា គ្រោះ​អគ្គិភ័យ​ក្នុងរយៈពេល៣ថ្ងៃ ចាប់ពី​ថ្ងៃទី១១ ដល់​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ កើតមាន​ចំនួន១៤លើក នៅក្នុង​រាជធានី​-ខេត្ត​ចំនួន៩ រួមមាន រាជធានី​ភ្នំពេញ ព្រះសីហនុ កំពង់ចាម ព្រះវិហារ សៀមរាប កំពង់ឆ្នាំង ប៉ៃលិន កំពង់ធំ និង​បាត់ដំបង។

របាយការណ៍បាន​បន្ត​ថា មូលហេតុ​នៃ​ការ​ឆេះ​ទាំងនោះកើតឡើង​ដោយសារការ​ឆ្លង​ចរន្ត​អគ្គិសនី​ចំនួន៧ករណី ភ្លើងទៀន​ធូប៣ករណី ឆេះ​ព្រៃ៣ករណី និង​ ក្តាប់​មិនបាន១ករណី បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​ចំនួន១១ខ្នង រថយន្ត២គ្រឿង និង​ដើមឈើ១ ៩៥០ដើម។ តែ​យ៉ាងណា របាយការណ៍​បញ្ជាក់​ថា គ្រោះ​អគ្គិភ័យ​ទាំងនោះពុំ​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់និង​របួស​នោះ​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ