ពលករ​​ខ្មែរ​​ទើប​​មក​​ពី​​ថៃ​​ម្នាក់​​បាន​​ស្លាប់​ដោយ​សារ​​ជំងឺ​មហារីក​​ថ្លើម​ ពេល​​កំពុង​​ធ្វើ​​ចត្តា​ឡីស័​ក

អគារមណ្ឌលចត្តាឡីស័កមួយកន្លែងស្ថិតនៅខេត្តបន្ទាយមានជ័យ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បញ្ជាក់​ថា ​ពលករ​ខ្មែរ​ម្នាក់​ដែល​ទើប​ត្រឡប់​មក​ពី​ថៃ និង​កំពុង​ស្ថិត​ក្នុង​ការ​ធ្វើ​ចត្តាឡីស័​ក បាន​ស្លាប់​ដោយសារ​ជំងឺមហារីក​ថ្លើម។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ បាន​លើកឡើង​ថា ពលករ​ខ្មែរ​ដែល​បាន​ស្លាប់​នោះជា​បុរស​អាយុ៣៨ឆ្នាំ រស់នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង និង​បាន​ធ្វើដំណើរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ តាម​ច្រក​អូរបីជាន់ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋបាល​ខេត្ត​បន្ត​ថា នៅពេល​មកដល់​កម្ពុជា បុរស​រូប​នោះមាន​អាការ​ហត់ ពិបាក​ដកដង្ហើម និង​មាន​ស្បែក​លឿងខ្លាំង ដោយសារ​ជំងឺមហារីក​ថ្លើម​បាន​ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ និង​រាលដាល​ដល់​ឆ្អឹងនិង​សួត ដែល​ធ្វើ​ឱ្យ​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយសង្គ្រោះ​ជីវិត​បាន ទើប​បណ្តាល​ឱ្យ​មានការ​បាត់បង់ជីវិត​នៅ​ថ្ងៃទី១២ ខែកុម្ភៈ នោះ​តែម្តង។ 

រដ្ឋបាល​ខេត្ត​បញ្ជាក់​ថា៖ «ករណី​បុរស​ដែល​ទទួលមរណភាព​ខាងលើ មិនមែន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ១៩ទេ​ […] អ្នកជំងឺ​ស្លាប់​បណ្តាល​មក​ពី​ជំងឺ​ផ្ទាល់ខ្លួន​រ៉ាំរ៉ៃនិង​ធ្ងន់ធ្ងរ ដែល​ក្រុម​គ្រូពេទ្យ​ប្រឹងប្រែង​ព្យាបាលនិង​សង្គ្រោះ​តាម​លក្ខណៈ​បច្ចេកទេស តែ​នៅ​មិន​អាច​ជួយស្រោចស្រង់​ជីវិត​បាន»។

ទោះជា​យ៉ាងនេះ​ក្តី អាជ្ញាធរ​ខេត្តបាន​យក​សំណាក​របស់​សព រួម​ជាមួយ​ប្រពន្ធ និង​កូន​ៗ ទៅ​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ១៩ នៅ​ឯវិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ប៉ុន្តែ​លទ្ធផល​នៅ​មិនទាន់​បង្ហាញ​នៅឡើយ។

អ្នកស្រី ដួន ណាង អាយុ២៤ឆ្នាំ ដែល​ជា​ភរិយា​របស់​សព​ពលករ​រូប​នោះ បាន​ប្រាប់ VOD កាលពី​ថ្ងៃម្សិលមិញ​ថា អ្នកស្រី​និង​ស្វាមីបាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើជា​ពលករ​សំណង់នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ រយ:ពេល២ឆ្នាំ​មក​ហើយ។

អ្នកស្រី​បន្ត​ថា ប្តី​របស់​អ្នកស្រីពិតជា​មាន​ជំងឺមហារីក​ថ្លើម​ពិតមែន ដោយ​បាន​ធ្លាក់ខ្លួន​ឈឺ​រយៈពេល២ខែ​មក​ហើយ ហើយ​ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​ថៃបាន​ប្រាប់​ឱ្យ​អ្នកស្រី​យកប្ដី​ត្រឡប់​មក​ផ្ទះ​វិញ ដោយសារតែ​គ្រូពេទ្យ​អស់​សមត្ថភាព​ក្នុង​ការ​ព្យាបាល។

អ្នកស្រី​និយាយ៖ «ព្យាបាល​នៅ​ឯប្រទេស​ថៃ ជំងឺ​យើង​វា​ធ្ងន់ធ្ងរ។ អ៊ីចឹង​គេ​មើល​ហើយ​គេ​ឱ្យ​ប្រញាប់​មក​ផ្ទះ​វិញ ព្រោះថវិកា​យើង​អត់​ដល់​គេ ​[ចំណាយ​ច្រើន​ក្នុង​ការ​ព្យាបាល​]»។

អ្នកស្រី​បាន​បន្ថែម​ថា សព​​ប្ដី​អ្នកស្រីត្រូវ​បាន​យក​មក​បូជា​នៅ​ឯស្រុកកំណើត នៅ​ភូមិ​តា​មាឃ ឃុំ​គោកឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង កាលពី​ថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកស្រី​បន្ត​ថា នៅពេល​បញ្ចប់​ពិធីបុណ្យ​រួច អាជ្ញាធរ​នឹង​តម្រូវ​ឱ្យ​គាត់​ទៅ​ធ្វើ​ចត្តាឡីស័​កវិញ ប៉ុន្តែអ្នកស្រី​មិនទាន់​ដឹង​ច្បាស់​ទេ​ថា គេ​នឹង​យក​ទៅ​ពេលណា​នោះ​ទេ។

អ្នកស្រី​និយាយ៖ «ឮ​គេ​ថា​គេ ​[អាជ្ញាធរ​] យក​ខ្ញុំទៅ​ច្រក​កន្លែង​ខ្ញុំ​ចេញ មក​នៅ​ច្រក​អូរបីជាន់ ​[ខេត្ត​បន្ទាយមានជ័យ​] មិនដឹង​ច្បាស់​ថា គេ​យក​ទៅ​មណ្ឌល​ចត្តាឡីស័​កនៅ​ថ្ងៃណា​ទេ»។

ប្រធានមន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-ជប៉ុន​មង្គលបុរី លោក ចន្ទ វឌ្ឍី​ណា​វុឌ្ឍ នៅ​ថ្ងៃអង្គារ​នេះ បាន​បដិសេធ​ឆ្លើយតប​ពី​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ១៩របស់​ក្រុម​គ្រួសារ​សព​ដែល​បាន​ស្លាប់​នេះ ដោយ​តម្រូវ​ឱ្យ​ វី​អូ​ឌី​ ចុះទៅ​ជួប​ផ្ទាល់។

គួរ​បញ្ជាក់​ថា អ្នក​ស្លាប់​ក្នុងអំឡុងពេល​ធ្វើ​ចត្តាឡីស័​ករយៈពេល១៤ថ្ងៃ បាន​កើន​ដល់​ចំនួន៥នាក់​ហើយ បើ​គិត​ទាំង​បុរស​ដែល​ជា​ពលករ​ខ្មែរ​ទើប​មក​ពី​ថៃ​រូប​នេះ ក្នុង​នោះ​មាន២ករណី ស្ថិតនៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង ៣ករណី នៅ​ខេត្ត​បន្ទាយមានជ័យ។ ចំណែក មូលហេតុ​នៃ​ការ​ស្លាប់​របស់​ពួក​គេ ត្រូវ​បាន​អាជ្ញាធរបញ្ជាក់​ថា មាន២ករណីស្លាប់​ដោយសារ​ដួល​បោក​ក្បាល មួយ​ករណី​ទៀត​ស្លាប់​ដោយសារ​គាំងបេះដូង និង ១ករណី​ចុងក្រោយ​នេះ ស្លាប់​ដោយសារ​ជំងឺមហារីក​ថ្លើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ