មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ឱ្យដឹងថា ក្រសួងកំពុងសិក្សាសំណើរបស់ឧកញ៉ា ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប (Peng Houth Group) ដែលស្នើសុំកាត់ឆ្វៀលដីជិត៣០០ហិកតា ចេញពីរបៀងអភិរក្សជីវៈចម្រុះ ស្ថិតនៅខេត្តមណ្ឌលគិរី។
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា ក្រុមការងារក្រសួងនឹងចុះពិនិត្យនិងសិក្សាលើសំណើរបស់ឈ្មោះ ថៃ ម៉េងលី ដែលសុំកាត់ឆ្វៀលដីទំហំ ២៧២ ៦៧៨៤ ហិកតា ចេញពីរបៀងអភិរក្សជីវៈចម្រុះ ស្ថិតនៅភូមិពូលុង សង្កាត់រមនា និងភូមិឡៅកា សង្កាត់សុខដុម ខេត្តមណ្ឌលគិរី។
ក្រសួងបញ្ជាក់ថា ការចុះពិនិត្យនេះតបតាមសំណើអភិបាលខេត្តមណ្ឌលគិរី និងភាគីពាក់ព័ន្ធដែលបានដាក់លិខិតមកកាន់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ដែលដឹកនាំក្រុមការងារចុះពិនិត្យនិងសិក្សាលើសំណើនេះ ប្រាប់វីអូឌីតាមតេឡេក្រាមកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ថា ក្រសួងកំពុងពិចារណាលើសំណើនោះ ក្រោយការចុះពិនិត្យទីតាំងរួច កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។
លោកបន្តថា៖ «ចំពោះការចុះពិនិត្យគឺយោងទៅតាមសំណើរបស់ខេត្ត របស់អ្នកដែលពាក់ព័ន្ធ ហើយការចុះពិនិត្យ ដើម្បីពិនិត្យមើលថា តើគួរផ្ដល់ឱ្យឬមិនគួរផ្ដល់ឱ្យ? រហូតមកដល់ពេលនេះ យើងមិនទាន់សម្រេចនៅឡើយទេ»។
អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង មានប្រសាសន៍នៅថ្ងៃចន្ទម្សិលមិញថា ការដែលអាជ្ញាធរស្នើក្រសួងបរិស្ថានចុះពិនិត្យ ដោយសារដីដែលឧកញ៉ា ថៃ ម៉េងលី សុំចុះបញ្ជីនោះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
លោកថា៖ «ការស្នើរបស់គាត់ [ឧកញ៉ា ថៃ ម៉េងលី] អ៊ីចឹង ប៉ុន្តែមិនមែនតែគាត់ទេ គឺមានឈ្មោះប្រជាពលរដ្ឋច្រើនទៀត។ ខ្ញុំមិនច្បាស់ថា ប៉ុន្មានគ្រួសារទេ ប៉ុន្តែច្រើនគ្រួសារ»។
លោក ចាន់ រដ្ឋា ប្រធានផ្នែកកិច្ចការសាធារណៈជាន់ខ្ពស់នៅក្រុមហ៊ុន ប៉េង ហួត គ្រុប មានប្រសាសន៍ថា ដីជាង៣០០ហិកតានៅខេត្តមណ្ឌលគិរី ជាដីផ្ទាល់ខ្លួនរបស់ឧកញ៉ា ថៃ ម៉េងលី មិនមែនជាដីរបស់ក្រុមហ៊ុននោះទេ។
លោកបន្តថា ដីនោះ ឧកញ៉ា ថៃ ម៉េងលី បានទិញពីប្រជាពលរដ្ឋជាយូរឆ្នាំមកហើយ ដើម្បីរៀបចំជាទីតាំងកម្សាន្តលំហែកាយបែបធម្មជាតិ (Resort បែបធម្មជាតិ)។
លោកថា៖ «ជាគម្រោងផ្ទាល់ខ្លួនរបស់ឧកញ៉ា ថៃ ម៉េងលី ធ្វើរីហ្សតអេកូទេសចរណ៍ទេសាអភិរក្ស [រីហ្សតបែបធម្មជាតិ] មិនពាក់ព័ន្ធជាមួយក្រុមហ៊ុនទេ ប៉ុន្តែជាចំណង់ចំណូលចិត្តរបស់គាត់ទេ រក្សានិងស្រឡាញ់ព្រៃឈើ ហើយស្រឡាញ់ធម្មជាតិ។ អ៊ីចឹង គាត់សិក្សាគម្រោងរៀបចំបែបរីហ្សតអីហ្នឹង នៅដំណាក់កាលកំពុងសិក្សានៅឡើយ។ ដីហ្នឹង គាត់ទិញពីប្រជាពលរដ្ឋហើយ ប៉ុន្តែក្រសួងបរិស្ថានចុះទៅសិក្សាឃើញនៅក្នុងតំបន់ត្រូវអភិរក្សអ៊ីចឹង»។
កាលពីខែកក្កដា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីចុះសិក្សាស្រាវជ្រាវលើករណីការកាប់ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិនៅខេត្តមណ្ឌលគិរី ក្រោយពីអ្នកធំៗបាននាំគ្នាសម្រុកទៅចាប់ដី ហើយមានអ្នកធំមួយចំនួនទៀត លោកថា បានយកឈ្មោះលោកទៅប្រើប្រាស់ដើម្បីទទួលបានដីផងដែរ៕