ក្រសួង​ការពារ​ជាតិ​ ស៊ើប​អង្កេត​រឿង​មន្ត្រី​យោធា​ម្នាក់​ដែល​ចង​ក​សម្លាប់​ខ្លួន​ក្រោយ​​គយ​ចាប់​រថយន្ត​​

ពិធីបុណ្យគម្រប់ប្រាំពីរថ្ងៃរបស់លោកអនុសេនីយ៍ត្រី នាង រិទ្ធីឆ័យ យុទ្ធជនកងការពារព្រំដែនលេខ ៥០៣ ដែលធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ទូរទស្សន៍ជាតិ ខេត្តបន្ទាយមានជ័យ)

ក្រសួងការពារជាតិ កំពុងស៊ើប​អង្កេតលើករណីមន្ត្រីយោធិន​កង​ការពារ​ព្រំដែនគោកលេខ៥០៣​ម្នាក់ នៅខេត្តបន្ទាយ​មានជ័យ​ ដែលបាន​ធ្វើ​​​អត្តឃាតដោយ​​ចងក​សម្លាប់​ខ្លួន ក្រោយ​ពីរថយន្តរបស់គាត់​ដែលប្រើប្រាស់​រួមជាមួយអង្គភាព ត្រូវបានមន្ត្រីគយ​ចាប់​យក និង​ពុំមានលទ្ធភាពដោះស្រាយ​។

ការស៊ើបអង្កេតទៅលើករណីអត្តឃាតរ​បស់លោកអនុសេនីយ៍ត្រី នាង រិទ្ធីឆ័យ យោធិនកងការពារព្រំដែនគោកលេខ៥០៣ នៃបញ្ជាការដ្ឋាន​យោធភូមិភាគ៥រូប​នេះ ធ្វើឡើងបន្ទាប់ពីមាន​​ការរិះគន់​ជាច្រើន​​​នៅ​តាម​បណ្តាញ​សង្គម ដោយទាមទារឱ្យ​​មានការស៊ើបអង្កេត​ស្វែងរកយុត្តិធម៌លើរឿងនេះ។

អ្នកនាំពាក្យ​កងទ័ពជើងគោក លោក ម៉ៅ ផល្លា មានប្រសាសន៍នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ថាមន្ត្រីយោធា​ម្នាក់ដែលបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនកាលពីថ្ងៃទី១០ ខែកុម្ភៈនោះ មានឈ្មោះ នាង រិទ្ធីឆ័យ ជាយោធិន​នៅភូមិភាគ៥ នៃខេត្តបន្ទាយមានជ័យ។

លោកបន្តថា មូលហេតុ​ដែល​យោធិន​ឈ្មោះ នាង រិទ្ធីឆ័យ ធ្វើអត្តឃាតនោះ ត្រូវបានសង្ស័យ​ជាបឋមថា ដោយ​សារ​​តែ​​គាត់​អន់​ចិត្តករណីដែលមន្ត្រីគយខេត្តបន្ទាយមានជ័យ បានចាប់​រថយន្តរបស់គាត់ដែលទិញយកទៅប្រើ​ប្រាស់​រួមនៅអង្គភាពអស់រយៈពេលជាច្រើនឆ្នាំមក​ហើយ​នោះ ព្រោះតែរថយន្តនោះមិនមានស្លាកលេខ។​

លោក ម៉ៅ ផល្លា បានគូសបញ្ជាក់៖ «[ជនរងគ្រោះ​] អន់ចិត្តថា យកលុយ​​​​ទៅទិញឡាន​ ដល់​ឡាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍ អូស​មក​ផ្ទះ ស្លាក​លេខ​​ឡាននៅផ្ទះ គេ[មន្ត្រី​គយ​]ចាប់ គេចោទថាឡានហ្នឹងអត់ពន្ធ តែឡាន​ហ្នឹង​បាន​បម្រើ​​​​​នៅ​​​ក្នុង​​អង្គ​​ភាព​​ហ្នឹង៤ទៅ៥​ឆ្នាំហើយ»។

លោកបន្ថែម​ថា ៖ «គាត់ទិញ [រថយន្ត​]​ ដាក់​រួម [ប្រើប្រាស់ក្នុងអង្គភាព] លេខក្រសួងការពារជាតិចេញឱ្យ​ ប៉ុន្តែ​ដល់​គ្នា​​​បើក​ទៅ​​គ្រោះ​ថ្នាក់​​ចរាចរណ៍ ពេលនោះវាអត់មានស្លាកលេខ ស្លាកលេខនៅផ្ទះ ហើយ​និយាយ​គេ​មិន​​ព្រម អន្តរា​គមន៍​​ពីអង្គភាព​មេបញ្ជាការទៅ ក៏គេមិនព្រម ដូច្នេះគឺគេទុកបញ្ហានេះរាយការណ៍ទៅថ្នាក់លើ»។

បើតាមអ្នកនាំពាក្យ​កងទ័ពជើងគោករូបនេះ ថ្នាក់ដឹកនាំ​​ភូមិ​​ភាគ​ទី៥​ នៃខេត្តបន្ទាយមានជ័យ កំពុងតាមដាននិង​ស៊ើប​អង្កេត​​លើករណីដែលមន្ត្រីយោធា​របស់​ខ្លួន​បានស្លាប់នោះហើយ​ ប៉ុន្តែលទ្ធផលយ៉ាងណានោះ នៅមិនទាន់​បាន​ដឹង​នៅឡើយ។

លោក ម៉ៅ ផល្លា មានប្រសាសន៍ថា៖ «ខាងភូមិ​ភាគគេចុះ​ទៅធ្វើការហើយ វាអត់មានរបាយការណ៍មកទេ ព្រោះ​អានេះ​វា​ចំណុះ​ឱ្យ​​​ភូមិភាគ៥ អញ្ចឹង​គឺខ្ញុំអត់ទាន់​ទទួល​របាយ​ការណ៍ទេណា បាទ! គេធ្វើរួចហើយ គេធ្វើរក​ហេតុ​ផល​​ហើយ»។

លោក ឈុន ម៉ៅ មេបញ្ជាការរងភូមភាគទី៥ ខេត្តបន្ទាយមានជ័យ មានប្រសាសន៍នៅថ្ងៃអង្គារនេះថា ក្រោយ​ហេតុការណ៍នេះ មន្ត្រីជំនាញ​​ក្រសួង​កា​រពារ​ជាតិ បាន​ចុះ​ទៅស៊ើបអង្កេតផ្ទាល់​ ដើម្បីស្វែងរក​ការពិតចំពោះ​​រឿងនេះ។

លោកមានប្រសាសន៍ថា៖ «ក្រសួងការពារជាតិ លោកបានចុះមកផ្ទាល់ម្សិលមិញ ចុះមកស៊ើបអង្កេតនៅផ្ទះសពហ្នឹង ផ្ទះ​បង​របស់សពហ្នឹង ទៅបន្ទាយ​៥០៣ កន្លែងអង្គភាពឈរ​ជើង​នៅ​ព្រំដែន។ ហើយ​ទី២ គាត់បានចុះមក​កន្លែង​​គយ មកមើលឡាន​នៅជាក់ស្តែង មកសួរនាំនៅកន្លែងគយចល័តហ្នឹង»។

លោក ឈុន ម៉ៅ បន្តថា លោក នាង រិទ្ធីឆ័យ ដែលជាជនរងគ្រោះនោះមានជំនាញផ្នែកព័ត៌មាន​វិទ្យា និងមានចរិតស្លូតបូត។

លោកថា៖ «ទាហានហ្នឹងវាល្អ ព្រោះ​វាមនុស្សល្អណាស់ មនុស្សចេះដឹង វារៀន IT [ព័ត៌មានវិទ្យា] ជំនាញអី ខាង​ភូមិភាគ ខាងកងពលអី ត្រូវ​ការប្រើអី ហៅវាយកមកប្រើ ជួយធ្វើរូបភាពធ្វើអី ធ្វើ ស្លាយធ្វើអីហ្នឹង!​ ដល់​អ៊ីចឹង​ទៅ​បាន​គេស្តាយវា​​ណាស់​ហ្នឹង ទាហានទាំងអស់ហ្នឹងគេស្រឡាញ់ចូលចិត្តវា​»។

មេបញ្ជាការរងភូមភាគទី៥រូបនេះ បាន​ស្នើ​ដល់ក្រសួងការពារជាតិ ស្វែងរកយុត្តិធម៌ជុំវិញការស្លាប់​របស់យោធិន​រូបនេះ និងចៀសវាង​កុំឱ្យ​មានផលប៉ះពាល់ដល់សតិអារម្មណ៍របស់កងទ័ពផ្សេងទៀតដែលស្រឡាញ់​រាប់អានយោធិនរូបនោះ។

លោក​បន្ថែមទៀត​ថា៖ «គយគេថាចាប់ឡានអត់ពន្ធ ប៉ុន្តែការពិតឡានហ្នឹងវាបម្រើអង្គភាពហ្នឹង៤​ឆ្នាំមកហើយ ហើយ​ឡានឡើងចាស់ វាអត់មានពន្ធទេ មានតែស្លាកលេខ ខ.ម ត្រឹមត្រូវ បញ្ជាក់ពីគយអ៊ីចឹង។ [ឡាន​នេះជាកម្មសិទ្ធិ] ផ្ទាល់ខ្លួន ឡានហ្នឹងវាទិញ ម៉ែឪណោះលក់ដី​ឱ្យ​កូន [ទិញឡាន] ខ្វះខ្លះ ខ្ចីចងការគេ គ្នាវាអត់ដែរ អត់មានផ្ទះអត់​មានអីនៅទេ ទាហាន​មានអី ដល់អ៊ីចឹងទៅវាវ៉ល់វាអស់ហើយ»។

លោក គីម សុភៈ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់​វីអូឌី​ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា កំពុងតែ​ស្រាវជ្រាវករណីនេះ ហើយ​​​​ក្រសួងនឹងបំភ្លឺជូនតាមក្រោយ។

លោក ម៉ឺន សាក់​ ត្រូវជាបងថ្លៃរបស់លោក នាង រិទ្ធីឆ័យ បាន​ឱ្យ​ដឹងថា ប្អូនថ្លៃរបស់គាត់ជាកូនពៅក្នុងគ្រួសារដែល​​​មានបង​ប្អូន៨​នាក់ រស់នៅភូមិ​អូរអំបិល សង្កាត់​អូរអំបិល ក្រុង​សេរីសោភ័ណ។

លោកបន្តថា ឡានដែលត្រូវមន្ត្រីគយ​ចាប់អស់រយៈពេលជាង១ខែមកហើយ​​នោះ មានតម្លៃ​៦៧០០​ដុល្លារ ដែលប្អូនថ្លៃរបស់លោកបាន​ខ្ចីពីបងប្អូនដើម្បីទិញ និងយកទៅ​ប្រើ​ប្រាស់រួមនៅក្នុងអង្គភាព។

លោក​បន្ថែមថា នៅពេលមន្ត្រីគយ​ចាប់​ឡាននោះ បានធ្វើឱ្យ​ប្អូនថ្លៃរបស់គាត់ពិបាកចិត្ត​ ដោយសារ​ត្រូវសងប្រាក់​ដែល​​ខ្ចីគេសម្រាប់​ទិញឡានផង និងត្រូវ​ជួសជុលឡានដោយសារគ្រោះថ្នាក់ចរាចរណ៍ផង។

លោក ម៉ឺន សាក់ និយាយថា៖ «គាត់ [ប្អូនថ្លៃ] ខ្ចីលុយគេមកទិញឡាន ដល់តែពេល​ក្រោយ​​មក​ គាត់យកឡានដឹកទ័ព ដឹកអីអ៊ីចឹងទៅ។ ក្រោយមកក៏ឡានគាត់ទៅបុករោងគេ ដល់ទៅបុករោងគេហ្នឹងទៅ សងអាថ្លៃ​ដែលខ្ចី​ទិញឡាន […] ក៏ដោះស្រាយ​សំណងដែលសងគេផង យកឡានទៅធ្វើផង ដូចថា វារកលុយ​អត់បាន ហើយប្រាក់ខែ​គាត់នោះ​យកលុយ​អង្គភាពទៀត អង្គភាព​គេកាត់ទៀត បន្ទាប់មកគាត់​​​​ពិបាកចិត្ត ដោយសារ​ក្រោយ​មកគយចាប់ឡាន​គាត់ហ្នឹង ដោះវាមិនចេញ»។

លោកបានឱ្យដឹងដែរថា ថ្មីៗនេះ ក្រុម​អធិការកិច្ចរបស់ក្រសួងការពារជាតិ បានចុះទៅសួរនាំរូបលោកនិង​អ្នកពាក់ព័ន្ធ តាមបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់។

តែយ៉ាងណា លោកថា ក្រុមអធិការកិច្ចនៅមិនទាន់​បង្ហាញលទ្ធផលនៃការស៊ើបអង្កេតនោះនៅឡើយ ដោយគ្រាន់តែបញ្ជាក់ថា បើសិនមានដំណោះស្រាយ​ នឹងយកឡាននោះមកប្រគល់ឱ្យ​ក្រុមគ្រួសារសព ដើម្បីដោះស្រាយ​បំណុល។

មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស​​អាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា លើកឡើង​ថា ការអនុវត្តច្បា​ប់ទៅលើរថយន្តគេចពន្ធឬមិនបានបង់ពន្ធរបស់មន្រ្តីគយ ដោយការឃាត់ទុកដោយគ្មានការយោគយល់ គឺជាការត្រឹមត្រូវ ហើ​យថា ការធ្វើអត្តឃាតរបស់មន្រ្តីយោធិននោះជាការសម្រេចចិត្តរបស់បុគ្គល មិនពាក់ព័ន្ធនឹងផ្លូវច្បាប់នោះទេ។

យ៉ាងណា លោកថា ការចាត់វិធានការច្បាប់របស់មន្រ្តីគយ ត្រូវធ្វើឡើង​ដោយតម្លាភាព និងរកឱ្យឃើញអ្នកពាក់ព័ន្ធ ក្នុងការអនុញ្ញាតឱ្យរថយន្តគេចពន្ធប្រើស្លាកលេខ ខ.ម. ហើយមិនត្រូវម៉ឺងម៉ាត់ តែចំពោះពលរ​ដ្ឋឬមន្រ្តីថ្នាក់ទាប​នោះ​ទេ។

លោក ស៊ុំ ចាន់គា មានប្រសាសន៍ថា៖ «សូមឱ្យការអនុវត្ត រាល់ការធ្វើ ធ្វើទាំងអស់ទៅ។ ចាប់មកឱ្យប្រមូលពន្ធរដ្ឋ ឱ្យគេបង់ពន្ធអីត្រឹមត្រូវទៅ យកទៅជិះទៅ ពិបាកស្អី! ហើយបើសិនជាយើងនាំគ្នាលាក់លៀមៗ បង្កើតនូវអំពើពុករលួយ នាំគ្នាលួចលាក់ថវិការបស់ជាតិអ៊ីចឹង អ្នកណាដែលវេទនា គឺជាតិហ្នឹង។ តើអភិវឌ្ឍយ៉ាងម៉េចឱ្យបានរីកចម្រើន?»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ