សមត្ថ​កិច្ច​​កំពុង​​រក​មុខ​​អ្នក​​ដែល​​បាញ់​​មនុស្ស​​ស្លាប់​២​នាក់​​និង​​របួស​ធ្ងន់​​ម្នាក់​ដោយ​សារ​​រឿង​​ចរា​ចរណ៍​

ជន​ដៃដល់​និង​ជនរងគ្រោះ​ប្រតាយប្រតប់​គ្នា​ក្រោយ​មាន​វិវាទ​ពាក្យសម្ដី​ដោយសារ​រឿង​ចរាចរណ៍ នៅ​ចំនុច​មុខ​ហាង​លក់​ទូរសព្ទ «ពន្លក​ថ្មី» ក្នុង​បុរី ប៊ុ​នហួរ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង១ សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ យប់​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។ (​ហ្វេសប៊ុក៖ Phnom Penh Gendarmerie​)

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ស្ថាប័ន​ជំនាញ​បន្ត​ស្រាវជ្រាវ និង​អំពាវនាវ​ឱ្យ​អ្នក​ពាក់ព័ន្ធបង្ហាញ​អត្តសញ្ញាណ​ឃាតករ​ដែល​បាញ់សម្លាប់​មនុស្ស​ពីរ​នាក់ កាលពី​សប្តាហ៍​មុន ដោយសារ​រឿង​ចរាចរណ៍។

អ្នកនាំពាក្យ​ស្នងការ​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា ប្រាប់ ​វី​អូ​ឌី ​នៅ​ថ្ងៃនេះ​ថា ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​បន្ត​ស្រាវជ្រាវ​រក​ឃាតករ​ដែល​បាញ់សម្លាប់​មនុស្ស​ពីរ​នាក់និង​ម្នាក់ទៀត​រង​របួសធ្ងន់ នៅ​ចំណុច​មុខ​ហាង​លក់​ទូរ​សព្ទ​«ពន្លក​ថ្មី» ក្នុង​បុ​រី ​ប៊ុ​នហួរ សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោងជាង៩យប់ ​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយ​យកចិត្ត​ទុកដាក់។

ករណីនេះ លោក​ថា សមត្ថកិច្ច​បាន​រក​ឃើញ​តម្រុយ​ខ្លះ​ហើយ ប៉ុន្តែ​សមត្ថកិច្ច​មិន​បង្ហាញ​ជា​សាធារណៈ​នោះ​ទេ ដោយ​ថា កុំឱ្យ​ប៉ះពាល់​ដល់​នីតិវិធី​នៃ​ការស៊ើបអង្កេត។ 

លោក​មានប្រសាសន៍​ថា៖ «សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​នេះ​ដែរ ព្រោះ​យើង​មាន​ប្រភព​កាមេរ៉ា។ ហើយ​ធម្មតា​ ការងារ​ជំនាញ យើង​មិន​អាច​បើកចំហ​ទូទៅ​បានទេ ក្នុង​ដំណាក់កាល​ស្រាវជ្រាវ​រកមុខ​សញ្ញា [ជនល្មើស​] កាលណា​យើង​បង្ហើប ​មុខសញ្ញា​កាន់តែ​រត់គេច​ទៅ​ឆ្ងាយ ទុក​ឱ្យ​ជំនាញ​គេ​ស្រាវជ្រាវ​សិន ព្រោះ​អ្នកជំនាញ​ត្រូវការ​ពេលវេលា»។

ចំណែក មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក រ័ត្ន ស៊្រាង មានប្រសាសន៍​ប្រហាក់​ប្រហែល​នឹង​លោក សុខ​សីហា ដែរ។ ប៉ុន្តែ​លោក​អំពាវនាវ​ទៅ​អ្នក​ដែល​ស្គាល់​អត្តសញ្ញាណ​ជនល្មើស ត្រូវ​រាយការណ៍​មក​សមត្ថកិច្ច ដើម្បី​ពន្លឿន​នីតិវិធី​ចាប់​ជនល្មើស​មក​អនុវត្ត​ច្បាប់។ 

លោក​អំពាវនាវ​ដូច្នេះ​ថា៖ «បើ​អ្នក​ដែល​ឃើញ​ហេតុការណ៍​ចេញ​មក​ប្រាប់​សមត្ថកិច្ច​ពីអ​ត្ត​សញ្ញាណ​ជនល្មើស ​អាច​រួចខ្លួន។ ចំណែក​អ្នក​មក​ជាមួយ​ជនល្មើស គាត់​ឃើញ​ជនល្មើស​ប្រព្រឹត្ត​បទល្មើស គាត់​រាយការណ៍​មក​សមត្ថកិច្ចតាមច្បាប់ នឹង​មានការ​សម្រាលទោស ប៉ុន្តែ​បើ​គាត់​មិន​ចេញ​មក​សារភាព​ទេ គាត់​ជា​សហចារី គាត់​មិនបាន​ចូលរួម​ជាមួយ​ជនល្មើស តែ​គាត់​ចូលរួម​លាក់បាំង​អត្តសញ្ញាណ​ជនល្មើស តាមច្បាប់​មានទោស​ដូចគ្នា ទោះ​គាត់​មិនបាន​ប្រព្រឹត្ត​ក៏ដោយ»។ 

ជាមួយគ្នា​នេះ​ដែរ បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​បញ្ជាក់​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួនកាលពី​រសៀល​ថ្ងៃម្សិលមិញ​ដែរ​ថា ដោយ​យោង​ទៅលើ​វីដេអូ​ឃ្លី​បដែល​បាន​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម សមត្ថកិច្ច​ក្តាប់​បាន​មុខ​សញ្ញា​បណ្តើរ​ៗហើយ ក្នុង​នោះ​ឃើញ​មានតែ​ជនល្មើស​ដៃដល់​ម្នាក់​គត់​ដែល​ឃោរឃៅ មិន​អាច​លើកលែង​ឱ្យ​បាន។ ចំណែកបក្ខ​ពួក​ផ្សេងទៀតមានការ​ពាក់ព័ន្ធ​ស្រាល ខណៈ​ម្ចាស់​កាំភ្លើង​ក៏​មិនបាន​ចូលរួម​វាយតប់ និង​ព្យាយាម​រារាំង​ជន​ដៃដល់​កុំឱ្យ​បាញ់​ផង​ដែរ។

ករណីនេះ បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ បាន​អំពាវនាវ​ដល់​អ្នក​ដែល​ចូលរួម​ធ្វើសកម្មភាព​ជាមួយ​ជន​ដៃដល់ ចេញមុខ​សារភាព ដើម្បី​ចៀសវា​ងការ​ផ្តន្ទា​ទោស​ទោស​ធ្ងន់ធ្ងរ ឬនឹង​ទទួល​បានការ​សម្រាលទោស​ពី​ច្បាប់។ 

សមត្ថកិច្ច​បញ្ជាក់​ថា ព័ត៌មាន​បឋម ដើមចម​ដែល​នាំ​ឱ្យ​មានការ​បាញ់សម្លាប់​គ្នា​នោះ ដោយសារ មាន​ទំនាស់​គ្នា​បន្តិចបន្តួច​រឿង​ចត​រថយន្ត​នៅមុខ​ផ្ទះ នៅកន្លែង​ដែល​មានការ​ផឹកស៊ី​ក្នុង​ពិធី​សែនចូល​ឆ្នាំ​ចិន។ ក្រោយពី​ចរចា​គ្នា​មិន​ត្រូវ ក៏បាន​កើតជា​ការ​ផ្ទុះអាវុធ​តែម្តង ដោយ​ជន​បង្ក​បាន​បាញ់​ជាច្រើន​គ្រាប់សំដៅលើ​ជនរងគ្រោះ​ទាំង៣នាក់ បណ្តាល​ឱ្យ​ស្លាប់​ពីរ​នាក់នៅកន្លែង​កើតហេតុ និង​ម្នាក់ទៀត​រង​របួសធ្ងន់។

ជនរងគ្រោះ​ទាំង៣នាក់​នោះ ឈ្មោះ សៀក លឹម អាយុ២៥ឆ្នាំ ស្លាប់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​, ឈ្មោះ សុខ សុីដេ​ត អាយុ៤០ឆ្នាំ ស្លាប់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​, ឈ្មោះ បូរ រ៉ា​ភី អាយុ៤៦ឆ្នាំ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​រុ​ស្សុី។ 

កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ថ្មី​ៗនេះ សង្គម​ស៊ីវិល ក៏បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពីអ​សន្តិសុខ​ក្នុង​សង្គម ក្រោយពី​ជនល្មើស​ប្រើ​កាំភ្លើង​បាញ់សម្លាប់​មនុស្ស២នាក់និង​របួសធ្ងន់​ម្នាក់ ដោយសារ​រឿង​ស្ទះចរាចរណ៍ នៅក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​នេះ​ផង​ដែរ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដ​ូ លោក អំ សំអាត មានប្រសាសន៍​ថា ការ​បាញ់បោះបណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ ដោយសារតែ​រឿង​ស្ទះចរាចរណ៍ និង​ការ​បើកបរ​មិន​ចេះ​អធ្យាស្រ័យ​គ្នា​នោះ បាន​បង្ក​ជា​ក្តី​បារម្ភ​មួយ​សម្រាប់​សង្គមជាតិ។

លោក​បន្ត​ថា បើសិនជា​អាជ្ញាធរ​មិន​ចាប់​ជន​បង្ក​ហិង្សាមក​ផ្តន្ទា​ទោស​តាមច្បាប់​ទេ នោះ​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋឬអ្នកបើកបរ​មួយចំនួននៅតែ​មានការ​ភ័យខ្លាច នាំ​ឱ្យ​មាន​អសន្តិសុខ​ក្នុង​សង្គម​ជាដើម។

លោក​មានប្រសាសន៍​ថា៖ «បញ្ហា​ប្រឈម វា​អាច​ទៅជា​បង្កើត​ភាព​ភ័យខ្លាច បារម្ភ​ចំពោះ​ប្រជាពលរដ្ឋ វា​ដូចជា​ប្រទេស​មួយ​មានច្បាប់​ហើយ មិន​ត្រូវ​បាន​គេ​អនុវត្ត វា​ក្លាយទៅជា​ការប្រើ​ប្រាស់​អាវុធ​ជា​អនាធិបតេយ្យ អញ្ចឹង​ត្រូវ​ទប់ស្កាត់និង​ចាត់វិធានការ​ឱ្យ​បាន​តឹង​រ៉ឹង»។

ចំណែកប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ លោក ប៉ា ចន្ទ​រឿន សង្កេតឃើញ​ជាទូទៅ​ថា ដើមចម​ដែល​នាំ​ឱ្យ​មានការ​បាញ់បោះ​ជុំវិញ​រឿង​ចរាចរណ៍ ដោយសារ​ការគ្រប់គ្រង​អាវុធ​ជាតិផ្ទុះ​នៅ​មាន​ភាព​ធូរ​រលុង​នៅឡើយ ដែល​នាំ​ឱ្យ​ជនល្មើសមានឱកាស​យក​កាំភ្លើង​ទាំងនោះទៅ​បាញ់សម្លាប់​គ្នា​យ៉ាង​អនាធិបតេយ្យ​បែបនេះ។

មួយវិញទៀត លោក​ថា បញ្ហា​កកស្ទះ​ចរាចរណ៍​ញឹក​ញាប់ ក៏​ជាដើម​ចម​នាំ​ឱ្យ​អ្នកបើកបរ​មួម៉ៅ និង​ឈាន​ដល់​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេង​ៗជាដើម។

លោក​មានប្រសាសន៍​ថា៖ «បើកាលណា​រឿង​នេះវា​កើតឡើង​ជា​ញឹកញាប់ នៅពេល​នោះ សុខភាព​ផ្លូវចិត្ត​របស់​អ្នកធ្វើ​ដំណើរ​នៅក្នុង​ទីក្រុង នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ ទៅជា​ផលវិបាក គាត់​អាច​កើតជា​ការទាស់ទែង ចាប់ពី​ពាក្យ​សម្តី​រហូតដល់​ការ​វាយតប់​គ្នា រហូតដល់​របួស​ស្នាម ឬក៏​អាច​ឈាន​ដល់​ការបាត់បង់​ជីវិត​ក៏មានដែរ»។ 

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP​-Center​) លោក យង់ គឹម​អេង មានប្រសាសន៍​ថា នៅពេល​មាន​បញ្ហា​កកស្ទះ​ចរាចរណ៍ ប្រជាពលរដ្ឋ​ត្រូវ​ចេះ​អត់ធ្មត់និង​រក​ដំណោះស្រាយ​ជជែកគ្នា ជាជាង​ការប្រើ​អំពើ​ហិង្សា​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួសនិង​ស្លាប់។ លោក​បាន​ជំរុញ​ទៅ​សមត្ថកិច្ចពង្រឹង​វិធានការ​ស្រាវជ្រាវនិង​ចាប់​ជន​ល្មើ​សដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​យកមក​ផ្តន្ទា​ទោស​តាមច្បាប់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ