សហ​គមន៍​​ព្រៃ​ឈើ​​ក្រញូង​ ខេត្ត​​ស្ទឹង​ត្រែង​ រង​​ការ​ទន្ទ្រាន​​យក​​ដី​​ពី​​សំ​ណា​ក់​​ឈ្មួញ​និង​​អ្នក​​ចំណាក​ស្រុក​​

អាជ្ញាធរ​និង​មន្ត្រី​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​រក​ឃើញ​ករណី​ត្រួសត្រាយ​ដី​ព្រៃ២កន្លែង​ក្នុង​ខេត្ត​ស្ទឹងត្រែង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។ (វេ​បសាយ៖ ក្រសួងបរិស្ថាន​)

អាជ្ញាធរ​មូលដ្ឋានឱ្យ​ដឹង​ថា «សហគមន៍​ព្រៃ​ក្រញូង​»ដែល​ការពារ​ដោយ​សហគមន៍ ស្ថិត​ក្នុង​ឃុំ​ចំការលើ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង បាន​រង​នូវ​ការ​កាប់​ទន្ទ្រាន​ពីសំណាក់​ឈ្មួញនិង​ប្រជាពលរដ្ឋ​ចំណូល​ថ្មី ដើម្បី​យក​ដី​ធ្វើ​កម្ម​សិទ្ធ​ិផ្ទាល់ខ្លួន បើ​ទោះជា​អាជ្ញាធរ​ខិតខំ​ទប់ស្កាត់​យ៉ាងណាក៏ដោយ។ 

មេភូមិ​ចំការលើ លោក វង្ស ឡែន មានប្រសាសន៍​កាលពី​ថ្ងៃម្សិលមិញ​ថា ដី​សហគមន៍​ព្រៃ​ក្រញូង មាន​ទំហំ​ប្រមាណ៦០០ហិ​កតា ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រជា​សហគមន៍​នៅ​តំបន់​នោះ។ ប៉ុន្តែលោក​ថា បច្ចុប្បន្ន ដី​ព្រៃ​សហគមន៍​នេះបាន​រង​នូវ​ការទន្ទ្រាន​ពីសំណាក់​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម និង​ក្រុម​ឈ្មួញ​មួយចំនួន​ដែល​បាន​ជួល​ប្រជាពលរដ្ឋ​ឱ្យទៅ​កាប់​ទន្ទ្រាន​យក​ជាបន្តបន្ទាប់។ 

លោក​មេភូមិ​និយាយ​ថា៖ «និយាយ​ឱ្យ​មែនទែន​ទៅ ដី​សហគមន៍​នេះគឺ​នៅសល់​តែ​ឈ្មោះ​ទេ បងប្អូន​ឥស្លាម​កាប់​រុករាន​អស់ហើយ ពួក​គាត់​កាប់​ទន្ទ្រាន​ដី​យក​ធ្វើចម្ការ។ ប៉ុន្តែ​បើ​តាម​ឯកសារ​ដែល​ខ្ញុំ​ធ្លាប់​បាន​កាន់ ដី​ក្នុង​សហគមន៍ អត់​អាច​ធ្វើ​បានទេ លុះត្រាតែ​ដី​គេ​វាល​ហើយ​ទើប​អាច​ធ្វើ​បាន»។

លោក​មេភូមិ វង្ស ឡែន បាន​រៀបរាប់​ទៀត​ថា ដី​នៅ​តំបន់​នោះបាន​រង​ការ​កាប់​ទន្ទ្រាន​យកតាំងពី​«សហគមន៍​ព្រៃ​ក្រញូង​»បាន​បង្កើត​ឡើង ប៉ុន្តែ​ជនល្មើស​ដែល​បាន​ទៅកាប់​ទន្ទ្រាន​នោះ ត្រូវ​បាន​រដ្ឋបាល​ព្រៃឈើ​ចុះ​បង្ក្រាបនិង​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ផង​ដែរ។

លោក​និយាយ​ថា៖ «សព្វ​ថ្ងែ​នេះ ព្រៃ​ក្នុង​សហគមន៍​នេះ​នៅ​មាន​សេសសល់​បន្តិចបន្តួច។ តាមពិត​ទៅ​ មានការ​ព្រួយ​បា​រម្ភ​ណាស់​សម្រាប់​ដី​របស់​ប្រជាពលរដ្ឋ​នេះ គឺ​យើង​អត់​បា​នកាន់់​កាប់​ទេ ប៉ុន្តែ​កាន់កាប់​ដោយ​បងប្អូន​ឥស្លាម​វិញ»។ 

បើ​តាម​លោក​មេភូមិ​រូប​នេះ កន្លងមក អាជ្ញាធរ​ធ្លាប់​បាន​កាត់​ឆ្វៀល​ដី​នៅ​តំបន់​នោះ​មួយចំនួន ដើម្បី​ធ្វើ​ប្រទានកម្ម​ដល់​ប្រជាពលរដ្ឋ​ខ្មែរឥស្លាមឱ្យកាន់កាប់​ស្របច្បាប់ ប៉ុន្តែ​បាន​ហាម​ការ​កាប់​ទន្ទ្រានព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ​បន្ថែម​ទៀត។

តែ​យ៉ាងណា លោក​ថា ពលរដ្ឋ​មួយចំនួនមិន​ស្តាប់​ការណែនាំ​របស់​អាជ្ញាធរ​ឡើយ ដោយ​នៅតែ​មានការ​លួច​កាប់​ទន្ទ្រាន​ជាបន្តបន្ទាប់​ទៀត។

សហគមន៍​ឈើ​ក្រញូង​នេះទទួល​បានការ​ប្រកាស​ទទួលស្គាល់​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ និង​មានការ​ជួយ​ជ្រោម​ជ្រែង​ក្នុង​ការរៀបចំ​ផែនការ​គ្រប់គ្រង និង​ការពារ​ដោយ​រដ្ឋបាល​ព្រៃឈើ និង ​អង្គការ​ រី​ឃូស។ 

អភិបាលស្រុក​ថាឡា​បរិ​វ៉ាត់ លោក សាន សា​រឿន មានប្រសាសន៍​ថា ការទន្ទ្រាន​ដី​ព្រៃ​សហគមន៍​នេះបាន​កើតឡើង​ខ្លាំងកាលពី​អំឡុង​ឆ្នាំ២០១៤ និង ២០១៥ ប៉ុន្តែ​ក្រោយមក អាជ្ញាធរ​មានសមត្ថកិច្ច បាន​ខិតខំ​ទប់ស្កាត់និង​ចាត់វិធានការ​បង្ក្រាប​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​នោះ​បាន​បញ្ជូន​ខ្លួន​ជនល្មើស​ជាច្រើន​នាក់​ទៅ​តុលាការ​ផង​ដែរ។

លោក​បាន​បន្ត​ថា បើ​ទោះជា​សហគមន៍​ព្រៃ​ក្រញូង​នេះបាន​ស្ថិត​​នៅ​ក្រោម​ការគ្រប់គ្រងរបស់​សហគមន៍ ប៉ុន្តែ​អាជ្ញាធរនិង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ក៏បាន​ចូលរួម​រៀបចំផែនការ​សម្រាប់​ពួក​គេ​ផង​ដែរ។

លោក​ថា៖ «កាលពីមុន មានការ​កាប់​ទន្រ្ទាន​មែន ប៉ុន្តែ​យើង​មាន​ចំណាត់ការ​ចាប់​បញ្ជូន​ទៅ​តុលាការ​រហូត​ដែរ​តើ! យូរហើយ​តាំងពី​ឆ្នាំ២០១៤ – ២០១៥ ទំហំ​នៃ​ការកាប់​ វា​ដោយ​កន្លែង កន្លែង​ខ្លះ៥ហិ​កតា ខ្លះ១០ហិ​កតា»។

វី​អូ​ឌី ពុំ​អាច​ស្វែងរក​ការ​អត្ថា​ធិប្បាយ​ជុំវិញ​ករណីនេះពី​ប្រធាននិង​តំណាង​សហគមន៍​ព្រៃ​ក្រញូង បានទេ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង លោក វ៉ា សុខា បាន​បដិសេធ​ឆ្លើយតប​ជុំវិញ​ករណីនេះ។ 

មន្ត្រីសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​ស្ទឹងត្រែង លោក ប៊ី វ៉ា​នី មានប្រសាសន៍​ថា កន្លងមក លោក​ក៏​ធ្លាប់​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ជុំវិញ​ការ​កាប់​រានទន្ទ្រាន​យក​ដី និង​ការ​លួចចូល​ទៅ​អារឈើ​ខុសច្បាប់នៅក្នុង​សហគមន៍​ព្រៃឈើ​ក្រញូង​នេះ​ដែរ ហើយ​ករណីនេះ​បាន​កើតឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ ដែល​ការទប់ស្កាត់​ហាក់​មិនទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ។

លោក​និយាយ​ថា៖ «ជា​រឿយ​ៗ បទល្មើស​វា​នៅតែ​មាន ប៉ុន្តែ​ដល់​មាន​ករណី​ចុះផ្សាយ​ ក៏​ខាង​អាជ្ញាធរ​អី​គេ​ចុះទៅ វា​ស្ងាត់​បាន​មួយ​អាទិត្យ ពីរ​អាទិត្យ ក៏​មាន​បទល្មើស​កើតឡើង​ទៀត។ អ៊ីចឹង​មានន័យថា ការ​កាប់​ទន្ទ្រានព្រៃ​របស់​រដ្ឋក៏​នៅតែ​មាន ហើយ​ការ​លួច​កាប់​ឈើ​ខុសច្បាប់​នៅ​តាម​មូលដ្ឋាន​ក៏​នៅតែ​មាន»។

លោក​យល់ថា អ្នក​ដែល​លួច​កាប់​ឈើនិង​ទន្ទ្រាន​យក​ដី​រដ្ឋ​នេះ អាច​ជា​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​អ្នកចំណូលថ្មីដែល​មក​ពី​តាម​បណ្តា​ខេ​ត្ត​ផ្សេង​ៗ ដូចជា ខេត្ត​កំពង់ចាម ព្រៃវែង និង​ត្បូងឃ្មុំ​ជាដើម ដែល​ករណីនេះ លោក​បាន​ជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើនិង​ការទន្ទ្រាន​ដី​រដ្ឋ​នេះ​ឱ្យ​បាន​ប្រសិទ្ធភាព ដើម្បី​ការពារ​ព្រៃឈើ​ដែល​នៅសល់។

កាលពី​ខែមិថុនា ឆ្នាំ២០២០ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជា​ទៅ​ប្រធាន​មន្ទីរកសិកម្ម​រាជធានី​-ខេត្ត ចាត់វិធានការ​ទប់ស្កាត់និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ជលផល និង​ការ​កាប់​រាន ដុត ឈូស​ឆាយដី ​ព្រៃឈើ ព្រៃលិចទឹក តាម​គ្រប់រូប​ភាព ក្រោយពី​ក្រសួង​រក​ឃើញថា សកម្មភាព​បទល្មើស​ទាំងនេះនៅតែ​បន្ត​កើតមាន​គួរ​ឱ្យ​កត់សម្គាល់​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ