បទ​​យក​ការណ៍​៖​ ចិន​​ភាគ​ច្រើន​​ចាក​ចេញ​ ធ្វើ​​ឱ្យ​​ក្រុង​​ព្រះ​សីហនុ​​សម្បូរ​​ការដ្ឋាន​​សំណង់​​ផ្អាក​​ដំណើរ​ការ​​និង​​ស្លាក​​ហាង​​ជួល​

សំណង់​អគារ​ដែល​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន ក្រោយពី​មានការ​រឹត​បន្ដឹង​ច្បាប់​តឹងរ៉ឹង និង​ក្រោយពី​ជនជាតិ​ចិន​ចាកចេញ​ច្រើន ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ (វណ្ណ វិចារ​)

​វត្តមាន​ជនជាតិ​ចិនបាន​ជះឥទ្ធិពល​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ ក្នុងរយៈពេល៣ឆ្នាំ​ចុងក្រោយ​នេះ។ កំណើន​ជនជាតិ​ចិន​បណ្ដាលឱ្យ​ហាងឆេង​ដីធ្លី ផ្ទះសំបែង និង​អចល​ទ្រព្យ​ឡើង​ខ្ពស់ ពិសេស​គឺ​កំណើន​យ៉ាង​គំហុ​កនៃ​ការដ្ឋាន​សំណង់​ធំៗ ដែល​រួមមាន សណ្ឋាគារ ខុន​ដូ សំណង់​កាស៊ីណូ​ ជាដើម។

នៅពេល​ជនជាតិ​ចិន​ភាគច្រើនបាន​ចាកចេញ​ទៅវិញ បណ្ដាល​ឱ្យ​ខេត្ត​នេះផ្ដើម​សម្បូរការដ្ឋាន​សំ​ណង់​ធំៗ​ផ្អាក​ដំណើរ​ជាបន្តបន្ទាប់ និង​មាន​ហាង​គ្មាន​អ្នកជួល​ជាច្រើន​កន្លែង ដែល​ជា​បន្ទុក​ថ្មី​មួយទៀតដែល​ចាំបាច់​ត្រូវ​រក​ដំណោះស្រាយ ។

ការដ្ឋាន​សំណង់​ផ្អាក​ដំណើរ​ ព្រោះ​រង់ចាំ​វត្តមាន​ចិន​ត្រលប់​វិញ

​ស្ថិតនៅជាន់ខាងក្រោម​នៃអគារ​សង់​ពី​ដែក​កម្ពស់៥ជាន់ដែល​សង់​មិនទាន់​រួចរាល់ ក្នុង​សង្កាត់​លេខ២ ក្រុង​ព្រះសីហនុ មាន​ខ្ទម​សង់​ពី​ស័ង្ក​សី​តួច​មួយ​ជា​ជម្រក​របស់​គ្រួសារ​មួយកំពុង​ស្នាក់នៅ​ទីនេះ។ ខ្ទម​នោះជា​ជម្រក​របស់​បុរស​សន្តិសុខ វ័យ៧០ឆ្នាំ ឈ្មោះ ផៃ សូ​ផា​ត។

សក់រួញ ពាក់អាវ​ដៃ​ខ្លី​ពណ៌ស កាន់​បារី​ក្នុង​ដៃផង​នោះ លោក សូ ផាត រៀបរាប់​ថា គ្រួសារ​គាត់​រស់នៅ​ក្នុង​អគារ​នេះតាំងពី​ខែកក្កដា ឆ្នាំ២០១៩ មួយខែក្រោយ​ព្រឹត្តិ​ការណ៍​បាក់​អគារ​កម្ពស់​៧ជាន់ នៅ​ខេត្ត​ព្រះសីហនុ។ លោក​បញ្ជាក់​ថា ថៅកែ​ចិន​អនុញ្ញាត​ឱ្យ​លោក​រស់នៅ ដើម្បី​ឱ្យ​លោក​ជួយ​មើល​ការខុសត្រូវ​សម្ភារសំណង់​មួយចំនួនរួមមាន ដែក ស៊ីម៉ង់ត៍ ដែល​ទុក​នៅក្នុង​អគារ​នោះ។ 

លោក ផៃ សូ​ផា​ត ជា​សន្តិសុខ​យាម​នៅ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ រៀបរាប់​ស្ថានភាព​ក្រោយពេល​ការដ្ឋាន​ផ្អាក​ដំណើរការ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។ (វណ្ណ វិចារ​)

លោក​និយាយ​ថា៖ «ខ្ញុំ​ជា​សន្តិសុខ​យាម​នៅ​ការដ្ឋាន​សង់​អគារ​នេះ ដល់ពេល​ផ្អាក​ការដ្ឋាន ថៅកែ​ចិន​នោះបានឱ្យ​ខ្ញុំ​ស្នាក់នៅ​ទីនេះ​សិន ដោយ​គាត់​ប្រាប់​ថា អគារ​នេះចិន​ផ្អាក​មិនទាន់​កំណត់​ថ្ងៃណា​មក​សង់​បន្ត​នៅឡើយ​ទេ»។ 

លោក សូ ផាត បន្ត​ថា អគារ​ដែល​លោក​កំពុង​ស្នាក់នៅ​នេះ ត្រូវ​បាន​ផ្អាក​បន្ទាប់ពី​អាជ្ញាធរ​រឹត​បន្តឹង​ចំពោះ​សំណង់​គ្មាន​គុណភាព។

ភរិយា​របស់លោក ផៃ សូ​ផា​ត ជា​ស្ត្រី​វ័យ​ជាង៥០ឆ្នាំ ឈ្មោះ កែវ នេត បាន​និយាយ​ដែរ​ថា គ្រួសារ​គាត់​ចាប់ផ្ដើម​ខ្វះខាត​ខ្លាំងនៅពេល​ដែល​ផ្អាក​ការដ្ឋាន​សំណង់​ជាច្រើន​មក​នោះ។ 

អ្នកស្រី​ថា៖ «កាលមុន​ ខ្ញុំ​ក៏​ជា​សន្តិសុខ​ដូច​តា ​[ប្តី​អ្នកស្រី​] ដែរ ដល់ពេលគេ​ផ្អាក​ការដ្ឋាន​ទៅ ខ្ញុំ​ក៏​អត់​ការងារ​ធ្វើ។ កូនប្រុស​ខ្ញុំ​ជាជាង២នាក់​នោះ​ ក៏​ខ្សត់​ការងារ​ធ្វើ​ដែរ [មាន​តិចតួច​]។ គ្រួសារ​យើង​ពិបាក​ណាស់​សព្វថ្ងៃ​នេះ ពិសេស​រឿង​ម្ហូបចំណី​អីហ្នឹង ព្រោះ​អ្នករក​ចំណូល​បាន មានតែ​ប្ដី​ខ្ញុំ​ម្នាក់»។ 

គិត​ត្រឹម​ដើមខែ​កុម្ភៈ ឆ្នាំ២០២១នេះ ស្ទើរគ្រប់​ផ្លូវ​សំ​ខាន់​ៗក្នុង​ក្រុង​ព្រះសីហនុ មានការ​ដ្ឋាន​សំ​ណង់​ខ្ពស់​ៗជាច្រើន។ គ្រាន់តែ​មួយ​ជុំ​ផែ​កាណូត​ទេសចរណ៍ និង​ឆ្នេរ​អូរ​ឈើទាល យ៉ាងហោចណាស់ក៏​មានការ​ដ្ឋាន​ធំៗចំនួន៥ទីតាំង​ដែរដែល​បាន​ផ្អាក​ដំណើរ​សាងសង់​បន្ត ដោយ​អគារ​ខ្លះ​សង់​បង្គុំ​សំណង់​រួចរាល់​កម្ពស់​រាប់​សិប​ជាន់ ចំណែក​អគារ​ខ្លះទៀតសង់​បាន​ត្រឹម​បូក​បាយ​អរ​បិទ​ជិត ​នៅតែ​រចនា ខណៈ​អគារ​ខ្លះទៀត​សង់​បាន​ត្រឹម​គ្រោង​ដែក​ប៉ុណ្ណោះ។ 

ការដ្ឋានសាងសង់គម្រោងមរកត នៅតំបន់ឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ (វណ្ណ វិចារ)

មន្ត្រី​សម្របសម្រួល​សមា​គម​អាដ​ហុក ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធា​រី យល់ថា ការ​ផ្អាក​ដំណើរការ​ការដ្ឋាន​សំណង់​នេះ អាច​បណ្តាល​មក​ពី​ការអនុវត្ត​ច្បាប់​សាងសង់​តឹង​រ៉ឹង​ជាង​មុន និង​ការ​ថមថយ​នៃ​វត្តមាន​ជនជាតិ​ចិន។

អ្នកស្រី​មានប្រសាសន៍​ថា៖ «បន្ទាប់ពី​បាក់​អគារ​នោះ​មក ការដ្ឋាន​ខ្លះ​ផ្អាក​តាំងពី​អាជ្ញាធរ​ចុះ​ពិនិត្យ​ឃើញថាអត់មាន​ច្បាប់ អត់មាន​គុណភាព មាន​រាប់​សិប​កន្លែង​ឯណោះ ប៉ុន្តែ​ក៏​មានការ​ដ្ឋាន​ផ្សេង​ៗទៀត ផ្អាក​ដោយសារ​ចិន​ទៅវិញ​ដែរ»។ 

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភា​រម្យ ទទួលស្គាល់​ថា មាន​អគារ​មួយចំនួន​បាន​ផ្អាក​ដំណើរការ​សាងសង់ ដោយសារ​បញ្ហា​ផ្សេង​ៗ។ ប៉ុន្តែ​លោក​មិនទាន់​អាច​រក​ទិន្នន័យ​ការដ្ឋាន​សំណង់​ផ្អាក​ដំណើរ​នោះ​បាន​នៅឡើយ​ទេ។

របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បង្ហាញថា សំណង់​អគារ​ខ្ពស់​ៗកម្ពស់​ពី៥ជាន់​ដល់៥៣ជាន់ ដែល​មាន​លិខិតអនុញ្ញាត​ឱ្យ​សាងសង់ គិត​ចាប់ពី​ឆ្នាំ២០១៧ ដល់​ខែមករា ឆ្នាំ២០២១នេះ មាន​ចំនួន៥៧៨គម្រោង។ ប៉ុន្តែ​រដ្ឋបាល​ខេត្តមិនបាន​បញ្ជាក់​ថា មាន​សំណង់​អគារ​ប៉ុន្មាន​សង់​រួច ប៉ុន្មាន​មិនទាន់​សង់ និង​សំណង់​ប៉ុន្មាន​កន្លែង​បាន​ផ្អាក​នោះ​ឡើយ។

ប្រធានមន្ទីរ​រៀបចំ​ដែនដី នគ​រូ​បនីយ​កម្ម សំណង់​និង​សុរិយោដី លោក ចេង ស្រុង មិន​អាច​ទាក់ទង​តាម​ទូរសព្ទ​បាន​ឡើយ​ទេ។

ក្រុង​ព្រះសីហនុ​លម្អ​ដោយ​ស្លាក​ជួល​ហាង

​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឱ្យ​ដឹង​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំ២០១៩ មាន​ជនជាតិ​ចិន​ប្រមាណ​ជាង១០០ ០០០នាក់ រស់នៅ ធ្វើការ និង​ប្រកបរបរ​រកស៊ី​នៅ​ទីនោះ លុះដល់​ខែមេសា ឆ្នាំ២០២០ ជនជាតិ​ចិន​នៅ​ខេត្ត​នេះ​បាន​ថមថយមក​នៅ​ត្រឹម​ជាង១០ ០០០នាក់​ប៉ុណ្ណោះ។ 

នៅដើម​ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅ​តាម​បណ្ដោយ​ផ្លូវ​នានា​ក្នុង​ក្រុង​ព្រះសីហនុ គេ​សង្កេតឃើញ មាន​អគារ ផ្ទះ ហាងទំនិញ ដាក់​ជួលព្រោងព្រាត​ស្ទើរ​មិន​លោះ​ផ្លូវ​ណាមួយ​ឡើយ។ 

ហាង​អាជីវកម្ម​របស់​ពលរដ្ឋ​រស់នៅ​សង្កាត់​លេខ២ ក្រុង​ព្រះសីហនុ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ (វណ្ណ វិចារ​)

អ្នកមើល​ការខុសត្រូវ​តូប និង​សណ្ឋាគារ​របស់​ជនជាតិ​ចិនដែល​ដាក់​ជួលនៅ​សង្កាត់​លេខ២ ខេត្ត​ព្រះសីហនុ លោក សេង ហ៊ត មានប្រសាសន៍​ថា តាំងពី​ជនជាតិ​ចិន​ភាគច្រើន​បាន​ចាកចេញ​ទៅ ហាងឆេង​ផ្ទះ​ជួលនិង​តូប​ជួល​ក៏​ធ្លាក់​ថ្លៃ មិន​តែប៉ុណ្ណោះ​រក​អ្នកជួល​មិនបាន​ទៀតផង។ លោក​ថា តូប​របស់​គាត់បាន​ដាក់​ជួល​តាំងពី​ពាក់កណ្ដាល​ឆ្នាំមុន​មក ប៉ុន្តែ​មិន​មាន​អ្នក​មក​ជួល​ឡើយ។ 

លោក​និយាយ​ថា៖ «ចិន​ជា​មិត្តភក្តិ​ខ្ញុំ​ហ្នឹង គាត់​បាន​ជួល​ដីសង់​អគារ​ មាន​សណ្ឋាគារ​និង​តូប ទុក​ឱ្យ​ខ្ញុំ​មើល​ការខុសត្រូវ​រក​ម៉ូយ​ដាក់​ជួល តែរ​កអ្នកជួល​មិនបានទេ។ តម្លៃ​ជួល​តូប​នៅ​ម្ដុំ​អូរ​ឈើទាល ដែល​បង​ឃើញ​នេះ កាល​ចិន​នៅ យ៉ាងតិច​ក៏​ជួល​បាន​មួយ​ខែ៥ពាន់​ដុល្លារ​ដែរ តែ​ឥលូវ​ខ្ញុំ​ដាក់​ជួល​តែ៩០០ដុល្លារ​ប៉ុណ្ណោះ គឺ​មានតែ​អ្នក​សួរ ហើយក៏​ស្ងាត់បាត់​ឈឹង​ទៅ»។

ចំណែកអ្នក​រត់​រ៉ឺម៉ក​កង់​បី លោក ហេង សា​វុធ ថ្លែងប្រាប់​វី​អូ​ឌី​ថា ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ភាគច្រើន ក៏​អំណោយផល​សម្រាប់​អ្នក​ក្រីក្រ​ដែល​ជួល​បន្ទប់​គេ​រស់នៅ​ក្នុង​ក្រុង​ព្រះសីហនុ​ដែរ។

លោក​ថា៖ «កាលពី​ចិន​នៅ ផ្ទះ​ជួល​ក្នុង​ក្រុង​ថ្លៃ​ៗណាស់ មួយ​បន្ទប់​បី​រយ​ដុល្លារ​អី​នោះ ឥលូវ​ធូរ​បន្តិច​ហើយ នៅក្នុង​ក្រុង​ត្រឹម​តម្លៃ៥០ទៅ៦០ដុល្លារ ដូច្នេះ​អ្នកក្រ​ដូច​ពួក​យើង​អាច​ជួល​នៅ​បាន»។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​អចលន​ទ្រព្យ​នៅ​កម្ពុជា លោក ច្រឹក សុ​នីម មានប្រសាសន៍​ថា ដំណើរ​ជំនួញដែល​រួមមាន​ការទិញ​លក់ឬជួលអចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ បាន​ថមថយ​ជាង​មុន គឺ​មុន​ពេល​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ១៩ និង​ការ​បិទ​ល្បែង​អន​ឡាញ។ លោក​ថា ការ​ថយ​ចុះ​នេះបាន​នាំ​ឱ្យ​តម្លៃ​អចលនទ្រព្យ​នៅ​ទ្រឹងឬធ្លាក់​ថ្លៃ។

លោក​និយាយ​ថា៖ «ជំនួញ​វិស័យ​នេះនៅ​កំពង់សោម​ធ្លាក់​គួរសម ប៉ុន្តែ​វា​នឹងអាច​ងើបឡើង​វិញ ហើយ​ចិន​ទំនងជា​នឹង​ត្រលប់​មកវិញ​ពេល​ដែល​ស្ថានភាព​កូ​វីដ១៩ធូរស្រាល»។

ការ​ស្ដារ​និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ រដ្ឋាភិបាល​ផ្ដើម​ដោះស្រាយ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​មុនគេនៅ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​វិស័យ​នេះ​ខ្ទេចខ្ទាំដោយសារ​កំណើន​សំ​ណង់​ធំៗ​របស់​ចិន។ ស្រប​ពេល​ដែល​ជនជាតិ​ចិន​បាន​ចាកចេញ​ពី​ខេត្ត​នេះ រាជរដ្ឋាភិបាល​កម្ពុជាបាន​អនុម័ត​កញ្ចប់​ថវិកា​ជាង៣០០ដុល្លារ សម្រាប់​ស្ដារ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ចំនួន៣៤ខ្សែ​ដែល​ខ្ទេចខ្ទាំ ដើម្បី​លើកកម្ពស់​សោភ័ណភាព និង​បម្រើ​ដល់​ការអភិវឌ្ឍ​ក្នុង​ក្រុង​ព្រះសីហនុ។

ផ្លូវមួយខ្សែកំពុងតែត្រូវបានជួសជុលនិងរៀបចំប្រព័ន្ធលូ ស្ថិតនៅក្នុងក្រុងព្រះសីហនុ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។ (ហង់ សុខហុង)

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ប្រកាស​ថា ផ្លូវ​ខេត្ត​ទាំង៣៤ខ្សែ នឹង​សង់​រួចរាល់​នៅ​ត្រឹម​ខែមីនា​ដើមឆ្នាំ២០២១នេះ ហើយនឹង​ត្រូវ​ដាក់​សម្ពោធ​ជា​ផ្លូវការដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន នៅ​ខែមេសា​ខាងមុខ។

ទោះជាយ៉ាងណា​ក្ដី ការពង្រីក​ផ្លូវ​ក្នុង​ខេត្ត​ព្រះសីហនុ ក៏បាន​ប៉ះពាល់​ដល់​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក​នៅ​ទីនោះ​ដែរ។

ជាក់ស្តែង​ ការពង្រីក​ផ្លូវ​មួយ​ខ្សែ​ក្នុង​សង្កាត់​លេខ២ ក្រុង​ព្រះសីហនុ ឈ្មោះ «​ផ្លូវ៧មករា» បាន​បង្ក​ឱ្យ​ពលរដ្ឋ​រស់នៅ​សងខាង​ផ្លូវ​ កើតទុក្ខ​មិនសុខចិត្ត បន្ទាប់ពី​អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន ចេញ​សេចក្តី​ជូនដំណឹងកាលពី​ថ្ងៃទី២៩ ខែមករា ដោយ​បង្គាប់​ឱ្យ​ពលរដ្ឋ​រស់​ទីនោះ ត្រូវ​រើផ្ទះ​សំបែងជាកំហិត​ក្នុងរយៈពេល​មួយ​ខែ។

ប្រជាពលរដ្ឋឱ្យ​ដឹង​ថា គម្រោង​ពង្រីក​ផ្លូវ​នេះ ប៉ះពាល់​ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ជាប់​របង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ មាន​ចំនួន១៦៨គ្រួសារ ស្មើនឹង១២៨ខ្នង​ផ្ទះ ដែល​មាន​សមាជិក​សរុប​ប្រមាណ​ជិត១ ០០០នាក់។ ក្នុង​នោះ​ក៏​មាន​ក្រុម​គ្រួសារ​មន្ត្រី​រាជការ កងទ័ពជើងទឹក ជើងគោក ក្រុម​គ្រួសារ​គ្រូបង្រៀន គ្រូពេទ្យ មន្ត្រី​សុខាភិបាល និង​អាជីវករ។ល។ នៅ​ផ្នែក​ម្ខាងទៀត​នៃ​ផ្លូវ មាន​អគារ​ធំៗ​កម្ពស់​ខ្ពស់​ៗលើស​ពី៥ជាន់ យ៉ាងតិច​ណាស់៥អគារដែល​កំពុង​សាងសង់ ប៉ុន្តែ​មិន​ប៉ះពាល់​ដោយសារ​ការពង្រីក​ផ្លូវ​នេះ​ទេ។

មន្ត្រី​យោធា​ជាន់ខ្ពស់​ប្រចាំ​ខេត្ត​ព្រះសីហនុ រស់នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ថ្លែងប្រាប់ ​វី​អូ​ឌី ​ថា៖ «អាជ្ញាធរ​ខេត្ត​ដាក់កំណត់​ឱ្យ​យើង​រើចេញនៅ​ថ្ងៃទី២៨កុម្ភៈ​នេះ ប៉ុន្តែ​ខ្ញុំ​និង​អ្នកភូមិ​មិន​ចេញទៅ​ណា​ទេ ព្រោះ​យើង​មានទ្រព្យ​តែ​ប៉ុណ្ណឹង។ យើង​នៅក្នុង​ផ្ទះ​យើង ពួក​យើង​អត់​ហ៊ាន​ទៅណា​ទេ ខ្លាច​គេ​វាយកម្ទេច​ផ្ទះ​ពួក​យើង»។ 

អ្នកសម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធា​រី មានប្រសាសន៍​ថា៖ «ខេត្ត​ព្រះសីហនុ​ចាំបាច់​ត្រូវ​អភិវឌ្ឍ​មែន តែ​ការអភិវឌ្ឍទាំងអស់​ត្រូវតែ​គិត​ពី​ការគោរព​សិទ្ធិមនុស្ស»។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភា​រម្យ បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​នឹង​អនុវត្ត​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ខ្លួន។ លោក​ថា ការពង្រីក​ផ្លូវ«៧មករា»​នេះ គឺ​ធ្វើឡើង​តាម​ប្លង់​មេ​សុរិយោដី​ខេត្ត​ព្រះសីហនុ មិន​ពាក់ព័ន្ធ​នឹង​គម្រោង​ផ្លូវ៣៤ខ្សែរបស់​រដ្ឋាភិបាល​នោះ​ទេ។

ចំពោះ​ផ្លូវ​ទាំង៣៤ខ្សែ​វិញ លោក ឃាង ភា​រម្យ អះអាង​ថា ជា​ផ្លូវ​គំរូដែល​មានប្រយោជន៍​ទាំង​ផ្នែក​ដឹកជញ្ជូន ធ្វើដំណើរ​ទៅមក ជាពិសេស​គឺ​លើកកម្ពស់​សោភ័ណភាព​ក្រុង​តែម្ដង។ លោករំពឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​នឹង​កើនឡើង​នៅពេល​ដែល​ផ្លូវ​ទាំង៣៤ខ្សែស្ថាបនា​រួចរាល់។

លោក​មានប្រសាសន៍​ថា៖ «ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ខេត្ត​របស់​យើង​មានការ​រីកចម្រើន និង​បន្ត​ការអភិវឌ្ឍ​តាម​ផែនការ​ដែល​រដ្ឋាភិបាល​បាន​ដាក់ចេញ។ ផ្លូវ​ទាំងនេះ​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត និង​រកស៊ី​កាន់តែ​ច្រើន»។

អ្នកស្រាវជ្រាវ​នៃ​រាជបណ្ឌិត​្យសភា​កម្ពុជា លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ មានប្រសាសន៍​ថា ការដ្ឋាន​សំណង់​ផ្អាក​ដំណើរការ និង​ហាង​គ្មាន​មនុស្ស​ជួល ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​សោភ័ណភាព​ខេត្ត​ព្រះសីហនុ និង​ក្លាយជា​បន្ទុក​ថ្មី​មួយទៀតរបស់​រដ្ឋាភិបាល​កម្ពុជា។ 

លោក​បាន​ថ្លែង​ថា៖ «ក្នុងរយៈពេល​ខ្លី​មិនជា​បញ្ហា​ទេ សំណង់​ដែល​មិនទាន់​សង់​រួច​ទាំងនោះ​នៅតែ​ជា​ទ្រព្យ បើ​ជំងឺ​កូ​វីដ១៩រហ័ស​ចប់ ចិន​មកវិញ​នោះ ដំណើរការ​អាជីវកម្ម​ទាំងនោះ​នឹង​ដំណើរការ​វិញ។ ប៉ុន្តែ​បើ​ការដ្ឋាន​ផ្អាក ហាង​អត់​អ្នករក​ស៊ី បន្ត​អូស​បន្លាយ​យូរ​ពេក ចប់​កូ​វីដ​ហើយ​នៅតែ​ទុកចោល នោះ​ចាំ​ចាច់​ត្រូវ​មាន​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល មិន​អាច​ទុក​ឱ្យ​ទីក្រុង​សេដ្ឋកិច្ច​ទេសចរណ៍​មួយ​ទាំងមូល សម្បូរ​ដោយ​អគារ​គេ​បោះបង់ចោល​នោះ​ឡើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ