មន្ត្រី​​នគរ​បាល​​ដែល​​ប្រើ​​ហិង្សា​​លើ​​ម្ចាស់ KTV នៅ​​ខេត្ត​ព្រៃ​វែង​ ត្រូវ​​បាន​​ឃាត់​ខ្លួន​​ដើម្បី​​សួរ​នាំ​

រូបមន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្ស លោក ហាក់ លី និងរថយន្តរបស់លោកដែលថតដោយកាមេរ៉ាសុវត្ថិភាពរបស់ម្ចាស់ហាងខារ៉ាអូខេ។ (ហ្វេសប៊ុកម្ចាស់ហាងខារ៉ាអូខេដែលមានឈ្មោះថា Bro Non)

​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​មន្ត្រី​នគរ​បាល​ប្រឆាំង​ការ​ជួួញ​ដូរ​មនុស្ស​មួយ​រូប ដើម្បី​សួរនាំពាក់ព័ន្ធ​នឹង​ករណី​ប្រើ​ហិង្សា​នៅ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ក្នុង​ខេត្តព្រៃវែង បន្ទាប់ពី​បរាជ័យ​ក្នុង​ការបញ្ចុះបញ្ចូល​បុគ្គលិក​នារី​ម្នាក់​ឱ្យទៅ​គេង​ជាមួយ។

យោង​តាម​ការ​បំភ្លឺ​របស់​អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃម្សិលមិញ ឱ្យ​ដឹង​ថា កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ លោក​វរ​សេនីយ៍​ត្រី ហាក់ លី មន្ត្រី​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ពិតជា​បាន​បង្ក​អំពើ​ហិង្សា​ទៅលើ​នារី​ម្នាក់​នៅ​ហាង​ខារ៉ាអូខេ​នៅ​ខេត្តព្រៃវែងមែន ហើយ​បច្ចុប្បន្ន មន្ត្រី​រូប​នោះត្រូវ​បាន​ឃាត់ខ្លួន​នៅ​ស្នងការ​ដ្ឋាន និង​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ដោយ​រង់​ចាំ​ការសម្រេច​របស់​ព្រះរាជអាជ្ញា​ខេត្តព្រៃវែង។ 

អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា មានប្រសាសន៍​នៅ​ថ្ងៃពុធ​ម្សិលមិញ​ថា មន្ត្រី​ជំនាញកំពុងធ្វើការ​សាកសួរលោក ហាក់ លី ក្រោយ​ការ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃម្សិលមិញ។

លោក​ថា៖ «ជាក់ស្ដែង​ជា​ការពិត យើង​ចាប់ខ្លួន​គាត់​នៅ​រសៀល​ថ្ងៃពុធ​នេះ ទាក់ទង​ករណី​នៃ​ការ​បង្ក​ប្រើ​អំពើ​ហិង្សា ដើម្បី​យក​មក​ធ្វើការ​សួរនាំ​បន្ថែម ថា​តើ​ករណីនេះ​វា​ម៉េចខ្លះ​! បើសិនជា​យើង​ស្វែងរក​ឃើញ​ភស្តុតាង​ថាជា​ករណី​ជាក់ស្ដែង​មែន អ៊ីចឹង​យើង​សុំ​គោលការណ៍​ថ្នាក់ដឹកនាំ ហើយ​យើង​នឹង​អនុវត្ត​បន្ត​ទៅតាម​នីតិវិធី​ច្បាប់ ក៏ដូចជា​វិន័យ​របស់​កង​កម្លាំង​ដែរ»។ 

បើ​ទោះជា​មានការ​ឃាត់ខ្លួនលោក ហាក់ លី ដើម្បី​សួរនាំ ប៉ុន្តែ​អ្នកនាំពាក្យ​រូប​នេះនៅ​មិនទាន់​អាច​បញ្ជាក់​បានទេ​អំពី​បទ​ចោទ ដោយ​លោក​ថា ត្រូវ​សួរនាំ​មន្ត្រី​រូប​នោះ រួម​នឹង​អ្នក​ពាក់ព័ន្ធ​ជាមុន​សិន។ 

លោក​ សាន សុខ​សីហា និយាយ​ថា៖ «មិនទាន់​ថា​មានការ​ចោទ​ពី​បទ​អី​នោះ​ទេ បញ្ហា​សំខាន់​គឺ​យើង​សួរនាំ​ […] បំពេញបន្ថែម ក៏ដូចជា​អធិការ​ពារាំង មេ​នៅកន្លែង​កើតហេតុ ដើម្បី​ឱ្យ​យើង​ដឹង​ថា តើ​ករណី​ហ្នឹង​វា​យ៉ាងម៉េច​ខ្លះ​! អ៊ីចឹងដើមហេតុ​ហ្នឹង​វា​កើតឡើង​យ៉ាងម៉េច​ខ្លះ​!»

បើ​តាម​អ្នកនាំពាក្យ​រូប​នេះ គិត​មកដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ ហាក់ លី ស្ថិតនៅ​ក្រោម​ការសាកសួរ​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅឡើយ។

អ្នកស្រី ឡោ សា​រ៉ុម អាយុ៤៣ឆ្នាំ ដែល​ជា​ម្ចាស់ហាង​ខារ៉ាអូខេ​នៅ​ខេត្តព្រៃវែង មានប្រសាសន៍​ថា ក្រោយ​កើតហេតុ អ្នកស្រីបាន​ដាក់ពាក្យ​ប្តឹងលោក ហាក់ លី ដែល​បាន​ប្រើប្រាស់​ហិង្សា​ទៅលើ​រូប​គាត់។ ប៉ុន្តែ​អ្នកស្រី​ថា នៅ​ថ្ងៃទី១៦ ខែកុម្ភៈ លោក ហាក់ លី បាន​ទទួលស្គាល់​កំហុស និង​បាន​សុំទោស​អ្នកស្រី​ហើយ ដែល​ធ្វើ​ឱ្យ​អ្នកស្រី​សម្រេចចិត្តដក​ពាក្យ​បណ្តឹង​វិញ។

អ្នកស្រី​បញ្ជាក់​ថា៖ «គាត់​[លោក​ ហាក់ លី​]ថា គាត់​មក​សុំទោស​ខ្ញុំ ព្រោះអី​ថា គាត់​ដឹង​កំហុស គាត់​ធ្វើ​កំហុស​ធ្វើ​អ៊ីអញ្ចឹង ដោយសារតែ​ទឹក​ប្ដូរ​និស្ស័យ ​[គ្រឿងស្រវឹង​] ចូលខ្លួន។ គាត់​សុំទោស​រាល់​កំហុស​ខុសឆ្គង​ដែល​គាត់​ធ្វើ​មក​លើ​ខ្ញុំ។ អ៊ីចឹង​គាត់​សុំ​ទោស​ខ្ញុំ​ អ៊ីចឹង​ខ្ញុំ​ថា បើ​ដឹង​កំហុស​ហើយ ខ្ញុំ​ក៏​មិន​យកទោស​ពៃរ៍​អីដែរ ទុក​គ្នា​រាប់អាន​នៅ​ថ្ងៃក្រោយ​ទៅ ហើយរឿង​ដែល​ខ្ញុំ​ប្ដឹង​គាត់​ហ្នឹង ខ្ញុំ​ក៏បាន​ដក​ពាក្យបណ្ដឹង​វិញ​ដែរ ព្រោះអី​គាត់​ដឹង​កំហុស​ខ្លួន​គាត់»។

បើ​តាម​ស្រ្តី​រូប​នេះ ក្រោយពី​អ្នកស្រី​បាន​ដក​ពាក្យ​បណ្តឹ​ងរួច លោក ហាក់ លី ក៏បាន​ដក​ពាក្យ​បណ្តឹង​ដែល​ប្តឹង​កូន​របស់​អ្នកស្រី ពី​បទ​«បរិ​ហា​រកេរ្តិ៍» ក្រោយពី​កូន​អ្នកស្រី​បាន​បង្ហោះ​វីដេអូ​ជុំវិញ​ហេតុការណ៍​នោះ​ផង​ដែរ ហើយ​ក្នុង​នោះ ភាគី​ទាំងពីរក៏បាន​ធ្វើ​លិខិត​ជា​លាយលក្ខណ៍​អក្សរ​សម្រុះសម្រួល​គ្នា កាលពី​យប់​ថ្ងៃទី១៦ ខែកុម្ភៈ​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ