ពលរដ្ឋ​​រង​​ផល​​ប៉ះពាល់​​ពី​​គម្រោង​​អភិ​វឌ្ឍ​ន៍​​ព្រលា​ន​យន្ត​ហោះ​​ថ្មី​ ជំរុញ​​អាជ្ញាធរ​​ពន្លឿន​​ការ​​ដោះ​ស្រាយ​​រឿង​​ដី​ធ្លី​

តំណាង​ពលរដ្ឋ​ម្នាក់​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ខណៈ​ដែល​ពលរដ្ឋ​ជាង២០០នាក់​មក​ពី​ឃុំ​ចំនួន៤ ស្ថិត​ក្នុង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ស្រុក​បាទី ខេត្តតាកែវ បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​មុខ​សាលាខេត្ត​កណ្តាល ដើម្បី​រក​អន្តរាគមន៍​រឿង​ដីធ្លី​ពី​អាជ្ញាធរ​ខេត្ត ករណី​ផល​ប៉ះពាល់​ដោយ​គម្រោង​អភិវឌ្ឍ​ន៍​ព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ៊ី ឆាយ​)

​ក្រុម​ពលរដ្ឋ​រស់នៅ​ខេត្តកណ្តាល ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍ​ន៍​ព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី បាន​ជំរុញ​ជាថ្មី​ទៀតទៅ​អាជ្ញាធរ​ខេត្តឱ្យ​ពន្លឿន​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ពួក​គេ។

ការជំរុញ​នេះបាន​ធ្វើឡើង​ខណៈ​ដែល​ពលរដ្ឋ​ជាង២០០នាក់មក​ពី​ឃុំ​ចំនួន៤ ស្ថិត​ក្នុង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ស្រុក​បាទី ខេត្តតាកែវ បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​មុខ​សាលាខេត្ត​កណ្តាល នៅ​ថ្ងៃទី១៩ ខែកុម្ភៈ​នេះ ដើម្បី​រក​អន្តរាគមន៍​រឿង​ដីធ្លី​ពី​អាជ្ញាធរ​ខេត្ត។ 

លោក ភោគ ផាន់​នី ដែល​អះអាង​ថាជា​តំណាង​ពលរដ្ឋ​នៅ​ឃុំ​អំពៅព្រៃ ប្រាប់​ វី​អូ​ឌី​ នៅកន្លែង​តវ៉ា​ថា ក្រុម​របស់​ពួក​គាត់​តវ៉ា​ទាមទារ​ដី​រួម​សហគមន៍មាន​ទំហំ៨៣ហិ​កតា ដែល​ពលរដ្ឋ​ត្រូវ​ទទួល​បានផល​មាន​ចំនួន៤១៤គ្រួសារ។ លោក​ថា ដី​សហគមន៍​នេះត្រូវ​បាន​ក្រុមហ៊ុន​អភិវឌ្ឍ​ន៍​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី រំលោភ​យក និង​ហាម​មិន​ឱ្យ​អ្នកភូមិចូល​ទៅ​អាស្រ័យផល​ជាច្រើន​ឆ្នាំ​មក​ហើយ។

លោក​បន្ថែម​ថា៖ «ដី​នោះ​ជា​សហគមន៍​ដែល​ប្រជាពលរដ្ឋ​គាត់​ទុក​ឃ្វាលគោ ធ្វើស្រែ​ប្រាំង រក​ត្រី​និង​អាស្រ័យ​ផល​ផ្សេង​ៗទៀត ប៉ុន្តែ​ឥលូវ​នេះ វា​ស្ថិត​ក្រោម​ការអភិវឌ្ឍ​ទៅ​ហើយ មិន​អាច​ចូល​ទៅ​អាស្រ័យផល​បាន​ទៀត​ទេ។ អ៊ីចឹង​យើង​មកនេះ យើង​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ពន្លឿន​ក្នុង​ការ​ដោះស្រាយ ពីព្រោះ​អាក់ខាន​ចូល​អាស្រ័យផល​យូរហើយ។ ពលរដ្ឋ​គាត់​មិន​ទាម​ទា​រហួ​សហេតុ​ទេ សំខាន់​អាជ្ញាធរនិង​ក្រុមហ៊ុន​មាន​ចេតនា​ដោះស្រាយ​ទៅតាម​តម្លៃ​សមរម្យ​មួយ»។

លោក ទួន វណ្ណៈ ដែល​អះអាង​ថាជា​ក្រុម​ពលរដ្ឋ​ប៉ះពាល់​ដី​មាន​បណ្ណ​កម្ម​សិទ្ធ​ិ នៅ​ឃុំ​បឹងខ្យាង បាន​និយាយ​ថា នៅ​ឃុំ​នេះមាន​ពលរដ្ឋ​ជាង២០០គ្រួសារដែល​រង​ផល​ប៉ះពាល់​លើ​គម្រោង​អភិវឌ្ឍ​ន៍​ព្រលា​នយន្តហោះ​ថ្មីនេះ ដោយ​ប៉ះពាល់​ដី​ប្រមាណ៤០០ហិ​កតា។

លោក ទួន វណ្ណៈ បន្ត​ថា កាល​ដោះស្រាយ​កន្លងមក ភាគី​ក្រុមហ៊ុន​បាន​ដោះស្រាយ​ជាគោល​នយោបាយ​ដោយ​ផ្តល់​សំណង​ចន្លោះ​ពី ៣ដុល្លារ ទៅ ៨ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​សំណង​នេះ ពួក​គាត់​ពុំ​អាច​ទទួលយក​បានទេ។ លោក​ថា ក្រុម​ពលរដ្ឋ​ទាមទារ​សំណង​ផល​ប៉ះពាល់​ទៅតាម​តម្លៃ​ទីផ្សារ ដែល​លោក​ថា ដី​តំបន់​នោះ​បច្ចុប្បន្ន​មានតម្លៃ​ចន្លោះ​ពី ៨០ដុល្លារ ទៅ​ជាង១០០ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ។

លោក​បន្ថែម​ថា៖ «អ៊ីចឹង​សួរ​ថា បើ​គាត់​ឱ្យ​ខ្ញុំ​ប៉ុណ្ណឹង​ ឱ្យ​ខ្ញុំ​លក់​ទាំងអស់​ហ្នឹង ហើយ​ទៅ​ទិញ​ដី​នៅ​ណា​បាន​វិញ? អ៊ីចឹង​ពួក​ខ្ញុំ​ត្រូវ​ជួប​ការ​លំបាកទៅ​មុខ​ទៀត បើ​គាត់​ឱ្យ​តម្លៃ​ហ្នឹង។ ពួក​ខ្ញុំ​ទាមទារ​តម្លៃ​ទីផ្សារ។ ពួក​ខ្ញុំ​មិន​ជំទាស់​នឹង​ការអភិវឌ្ឍ​ទេ តែ​សុំ​ឱ្យ​ការ​អភិវឌ្ឍ​ហ្នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​គាត់​សប្បាយរីករាយ​ផង»។

អភិបាលខេត្ត​កណ្តាល លោក គង់ សុភ័​ណ្ឌ មានប្រសាសន៍​ថា លោក​ទទួល​បាន​សំ​ណើ​ជាច្រើន​ចំណុច​ពី​ក្រុម​ពលរដ្ឋ​ទាំងនោះ ហើយ​លោក​នឹង​យក​សំ​ណើរនោះដាក់​ជូន​ក្រសួង​រៀបចំ​ដែនដី ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ពិនិត្យនិង​ពិចារណា​ក្នុង​ការ​ដោះស្រាយ​ជូន​ពលរដ្ឋ។

លោក​បន្ថែម​ថា៖ «គាត់ ​[ពលរដ្ឋ​] បាន​សំណូមពរ​សុំ​ដំឡើង​តម្លៃ​ដី​គាត់​ឱ្យ​បាន​ច្រើន​បន្តិច ឬក៏​ដោះដូរ​នៅ​ជិ​តៗ​ហ្នឹង ដើម្បី​គាត់​បាន​កសាង​គ្រួសារ​គាត់​ឱ្យ​ធូរធារ​បន្ថែម​ទៀត។ អ៊ីចឹង​ខ្ញុំ​ទទួលយក​សំណូមពរ​ទាំងអស់​នេះ។ ហើយ​ពួក​គាត់​ក៏​សប្បាយរីករាយ ដើម្បី​ឱ្យ​ពាំនាំ​សំណូមពរ​នេះជូន​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន និង​រាជរដ្ឋាភិបាល ដើម្បី​ដោះស្រាយ»។

លោក គង់ សុភ័​ណ្ឌ មិនទាន់​អាច​បញ្ជាក់​ពី​ចំនួន​ប្រជាពលរដ្ឋ និង​ចំនួន​ដី​ដែល​រង​ផល​ប៉ះពាល់​សរុប ក្រោម​គម្រោង​អភិវឌ្ឍន៍​នេះ​បាន​នៅឡើយ​ទេ ដោយ​លោក​ថា មិន​ចាំ​ចំនួន។ ប៉ុន្តែ​លោក​ថា នៅសល់​ដី​ពលរដ្ឋ​ប្រហែល៤០ភាគរយ​ប៉ុណ្ណោះ​ក្នុង​ទំហំដី​ដែល​ត្រូវ​អភិវឌ្ឍ​ព្រលា​នទាំងមូល ដែល​មិនទាន់​បាន​ដោះស្រាយ។

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​មនុស្ស នៃ​មជ្ឈ​មណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍​ថា តាមច្បាប់​ជាតិនិង​អន្តរា​ជាតិ គឺ​រាល់​ផល​ប៉ះពាល់នៃ​គម្រោង​អភិវឌ្ឍន៍​នានា រដ្ឋ​ត្រូវ​ដោះស្រាយ​សំណង​ជូន​ពលរដ្ឋ​ឱ្យ​បាន​សមរម្យដែល​អាច​ទទួល​បាន​ទាំងអស់គ្នា។

ជាមួយគ្នា​នេះ​ដែរ លោក​ក៏បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កំណត់​ឱ្យ​បាន​ច្បាស់​អំពី​ទំហំនៃ​ការ​ផ្តល់​សំណង​សមរម្យ​ដល់​ពលរដ្ឋ និង​ត្រូវ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ក្នុង​តំបន់​នី​មួយ​ៗ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ អាច​ទទួលយក​បាន​ទាំងអស់គ្នា និង​គ្មាន​ការរំលោភ​សិទ្ធិមនុស្ស។

លោក​បន្ថែម​ថា៖ «យើង​មាន​រដ្ឋធម្មនុញ្ញ ច្បាប់​ផ្សេង​ៗទៀត និង​គោលការណ៍​របស់​អង្គការសហប្រជាជាតិ ស្តីអំពី​ការ​អភិវឌ្ឍ​ដោយសារ​ការ​បណ្តេញ​ចេញ សុទ្ធតែ​បាន​ចែង​ឱ្យ​មានការ​ផ្តល់​សំណង​ដោយ​សមរម្យនិង​យុត្តិធម៌ និង​អាច​ទទួលយក​បាន​ពី​ភាគី​ពាក់ព័ន្ធ។ រដ្ឋាភិបាល​មិន​ផ្តល់​បន្តិចបន្តួច បណ្តេញ​ពលរដ្ឋ​ទាំង​បង្ខំ អ៊ីចឹង​គាត់​មិន​អាច​ធ្វើ​អ៊ីចឹង​បានទេ។ បើ​គាត់​ធ្វើ​អ៊ីចឹង​ គឺ​ខុស​ទាំង​ច្បាប់​ជាតិនិង​អន្តរ​ជាតិ​ទាំងស្រុង​តែម្តង»។

កាលពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយដោយ​ផ្តល់​ដី​រដ្ឋ​ទំហំ​ប្រហែល២ ៦០០ហិ​កតា ដែល​លាតសន្ធឹង​លើ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ស្រុក​បាទី ខេត្តតាកែវ ទៅ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​អាកាសយាន​ដ្ឋាន​កម្ពុជា វិនិយោគ​រួមគ្នាជាមួយ​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស និង​លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល ដើម្បី​អភិវឌ្ឍ​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​មួយ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ