ពលរដ្ឋ​​រង​​ផល​​ប៉ះពាល់​​ពី​​គម្រោង​​អភិ​វឌ្ឍន៍​​ធារា​សាស្ត្រ​​នៅ​​ស្វាយរៀង​ ខ្លាច​​បាត់​​ដី​​ទាំង​​មិន​ទាន់​​បាន​​សំណង​

ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ជួបប្រជុំធ្វើផែនការរកដំណោះស្រាយជាមួយអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំនួន២ ក្នុង​ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង បារម្ភ​ពី​ការ​មិន​ទទួល​បាន​សំណង​ក្នុង​រឿង​វិវាទ​ដីធ្លី ខណៈ​គ្រឿងចក្រ​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​លើ​ការ​អភិវឌ្ឍ​ធារាសាស្ត្រ​របស់ក្រ​សួង​ធនធានទឹក បាន​បន្ត​ការ​ឈូស​ឆាយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដីស្រែ​របស់​ពួក​គាត់។

ករណី​វិវាទ​ដីធ្លីរវាង​ប្រជាពលរដ្ឋ​ជាង១០០គ្រួសារ នៅ​ឃុំ​ឈើទាល និង​ឃុំ​ស្វាយធំ ស្រុក​ស្វាយជ្រុំ និង ​ក្រសួងធនធានទឹកនិងឧតុនិយម បាន​កើតឡើង​តាំងពី​ឆ្នាំ២០០៩មក លើ​ដី​ទំហំ​ប្រមាណ១០០ហិ​កតា ក្រោយពី​ក្រសួង​មួយ​នេះ​មាន​គម្រោង​អភិវឌ្ឍន៍​អាងស្តុកទឹក​នៅ​តំបន់​នោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​ប្រជាពលរដ្ឋ។ 

អ្នកស្រី ប៉ុល ទី អាយុ៦០ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ធ្នង់ ឃុំ​ស្វាយធំ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង បានឱ្យ​ដឹង​ថា កាលពី​សប្តាហ៍​មុន ក្រុមហ៊ុន​ចិន​ដែល​ទទួល​បាន​សិទ្ធិ​លើ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​របស់ក្រ​សួង​ធនធានទឹក បាន​យក​គ្រឿងចក្រ​ចំនួន២គ្រឿងនិង​រថយន្ត​ដឹក​ដី​ប្រមាណ១០គ្រឿង ទៅ​ឈូស​ឆាយ​លើ​ដី​របស់​ពួក​គាត់ រហូតដល់​ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា ទើប​ពួក​គេ​បញ្ឈប់​ការ​ឈូស​ឆាយ​នោះ។

អ្នកស្រី​បន្ត​ថា ជា​រឿយ​ៗ ក្រុមហ៊ុន​នោះបាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយប៉ះពាល់​ដល់​ដី​របស់​ប្រជាពលរដ្ឋ ខណៈ​វិវាទ​ដីធ្លី​នេះ​នៅ​មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ។ 

អ្នកស្រី​ថា៖ «ខ្លាច​អស់​ដី អស់​ដី​ធ្វើស្រែ តែគេ​ធ្វើ​អាងទឹក មាន​ដី​ឯណា​ធ្វើស្រែ បើមិនទាន់​បាន​សំណង បើ​គេ​ឱ្យ​សំណង​ខ្លះទៅ ខ្ញុំ​បាន​ទិញ​ដី​ទុក ​គ្រាន់​ធ្វើស្រែ​ឱ្យ​កូន​ស៊ី»។

ស្ត្រីជា​កសិករ​ម្នាក់ទៀត រស់នៅ​ឃុំ​ឈើទាល ស្រុក​ស្វាយជ្រំ អ្នកស្រី ចាន់ សុខន ក៏បាន​បង្ហាញ​ក្តី​បារម្ភ​ពី​ការបាត់បង់​ដីស្រែ​របស់​ពួក​គាត់ នៅពេល​ឃើញ​គ្រឿងចក្រ​បន្ត​ឈូស​ឆាយដី ទាំង​ដែល​ប្រជាពលរដ្ឋ​នៅ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​នៅឡើយ។ 

អ្នកស្រី​និយាយ​ថា៖ «មានការ​ព្រួយបារម្ភ​ ព្រោះ​កន្លែង​ហ្នឹងកាលមុន​ យើង​អាច​ប្រកបរបរ បង្កបង្កើនផល​បាន និយាយ​រួម​ទៅ​ ប្រៀប​ដូច​ឆ្នាំងបាយ​ក្រុម​គ្រួសារ​ខ្ញុំ​មួយ​ដែរ។ ថ្ងៃក្រោយ​ទៅ​ប្រសិន​ណា​ពួក​គាត់ប្រុង​មក​យក​ទទេ​រៗ អ៊ីចឹង​ទៅ​ តើ​ក្រុម​គ្រួសារ​ទាំងអស់​នៅក្នុង​ភូមិស្រុក របស់ខ្ញុំ​បាន​អី ​[រកទទួលទាន​]»។

តែ​យ៉ាងណា អភិបាលស្រុក​ស្វាយជ្រំ លោក ហែម សារិ​ទ្ធ មានប្រសាសន៍​ថា រដ្ឋាភិបាលបានសម្រេច​រួចហើយ​លើ​ការ​ផ្តល់​សំណង​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់លើ​គម្រោង​អភិវឌ្ឍន៍​នេះ។ លោក​បន្ត​ថា ចំពោះ​ការ​យឺតយ៉ាវ​ក្នុង​ការ​ផ្តល់​សំណង ដោយសារតែ​អាជ្ញាធរ​នៅ​មិនទាន់​បាន​បូកសរុប​ដី​របស់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​អស់​នៅឡើយ។

អភិបាលស្រុក​រូប​នេះបន្ថែម​ទៀត​ថា ការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ កើតឡើង​ដោយសារតែ​ពួក​គេ​ជឿ​លើ​មេខ្យល់​មួយចំនួន ហើយ​មិន​ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល។

លោក ហែម សារិ​ទ្ធ ថ្លែង​ថា៖ «[ប្រជាពលរដ្ឋ​] ចេះតែ​ជឿ​អ្នកនេះ ជឿ​អ្ន​កនោះអ៊ី​ចឹង! បើ​ជឿ​រដ្ឋាភិបាល​ បាន​យូរហើយ ខាង​ក្រសួង​គេស​ម្រេច​ឱ្យ​ហើយ គ្រាន់តែ​សម្រេច​នៅ​លើ​ក្រដាស គាត់​[ពលរដ្ឋ​]ដឹង​តែ​បាន​ហើយ»។

វី​អូ​ឌី មិនទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ជុំវិញ​ករណីនេះ ពី​អ្នកនាំពាក្យ​ក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា និង​ប្រធានមន្ទីរ​ធនធានទឹក និងឧតុនិយម​ខេត្តស្វាយរៀង លោក គឹម សា​វុធ បាន​នៅឡើយ​ទេ នៅ​ថ្ងៃសុក្រ​នេះ។

ប្រធាន​សម្ព័ន្ធ​សហ​គម​ន៍កសិ​ករកម្ពុជា លោ​ក ថេង សាវឿ​ន មានប្រសាសន៍​ថា ការ​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយដី​របស់​ប្រជាពលរដ្ឋ ខណៈ​ដែល​ពួក​គេ​នៅ​មិនទាន់​ទទួល​បាន​សំណង​នោះ បាន​បង្ក​ឱ្យ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​ការបាត់បង់​ដី។ 

លោក​បន្ត​ថា៖ «វា ​[ការ​ដាក់គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយដី​] អាច​ជា​រូបភាព​មួយ​នៃ​ការដែល​ប្រជាជនតែងតែ​លើកឡើង​ថា ជា​ការ​បោកបញ្ឆោត​ពួក​គាត់ ហើយ​រំលោភ​យក​ដី​របស់​ពួក​គាត់​ទៅ​ទទេ​រៗ ហ្នឹងហើយ​ជា​ការ​ព្រួយបារម្ភ»។

តែ​យ៉ាងណា លោ​ក ថេង សាវឿ​ន បាន​ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះជូន​ប្រជាពលរដ្ឋឱ្យ​បាន​ឆាប់ និង​គួរ​ដោះស្រាយ​មុន​ពេល​មានការ​ចុះ​អនុវត្ត​គម្រោង ដើម្បី​បញ្ចៀស​ការ​តវ៉ាពីសំណាក់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ទាំងនោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ