មន្ត្រី​ខេត្ត​ព្រះ​វិហារ​បដិសេធ​សំណើ​សុំ​ចុះ​ឃ្លាំ​មើល​បទ​ល្មើស​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រការ

ដើមច្បោះមួយដើមដែលស្ថិតនៅតំបន់ព្រៃព្រះរការ។ (អាន ខេម៉ា)

សមាគមបណ្តាញយុវជនកម្ពុជា (CYN) និយាយថា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បដិសេធសំណើសុំចុះល្បាត​ក្នុងដែ​ន​​ជ​​ម្រ​ក​សត្វព្រៃព្រះរការ ដើម្បីទប់ស្កា​​ត់បទល្មើស ដោ​យសម្អាងថា បម្រាមនេះយោងតាមមាត្រានៃច្បាប់មួយចំនួន រួមទាំងច្បា​ប់គ្រ​ប់​គ្រងអ​​ង្គការស​ង្គ​មស៊ីវិល។

សមាគមមួយ​នេះបានផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ខ្លួន​ថា ប្រធានមន្ទីរបរិស្ថាន​ខេ​​ត្ត​ព្រះវិហារ​ លោក​ សុង​ ច័ន្ទ​សុជាតិ​ កាលពីម្សិលមិញ បានបដិសេធសំណើសុំចុះល្បាត ដែលគ្រោងធ្វើ​រយៈពេល៣ថ្ងៃ ​ចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែកុម្ភៈនេះ មានការចូលរួមពីសហគមន៍ព្រៃព្រះរការផងដែរ។

CYN បាននិយាយទៀតថា ការហាមនេះ លោក ច័ន្ទសុជាតិ គូសបញ្ជាក់ថា សមាគមរបស់ខ្លួន​ពុំបានទៅចុះបញ្ជីម្ដងទៀតតាមការណែ​នាំ​របស់ក្រសួងម​ហាផ្ទៃ​​ ពុំបានចុះកិច្ចព្រមព្រៀង ឬ MoU ជាមួយក្រសួង តាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ​ និងថា បណ្តាញ​ស​ហ​​គមន៍ព្រៃព្រះរការ​ ពុំមែនជាសហគមន៍ដែលបានទទួលស្គាល់ដោយក្រសួងបរិស្ថាន។

បុគ្គលិកផ្នែកតស៊ូមតិនៃគម្រោងការពារព្រៃឈើ​របស់សមាគមបណ្តាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា និយាថា ការបដិសេធរបស់ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ អាចជាការយល់ច្រឡំមួយ ពិសេសមាត្រា៣៧ ដោយថា សមាគមលោកបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ​តាំងពីឆ្នាំ២០១៣ មុនច្បាប់ថ្មីនេះចេញទៅទៀត។

លោក សាន់ ម៉ាឡា និយាយថា៖ «ចំណុចនេះ ខ្ញុំគិតថា ជាការភ័ន្តច្រឡំ​របស់ប្រធានមន្ទីរបរិស្ថាន លោក សុង ច័ន្ទសុជាតិ ដោយសារតែគាត់មិនបានដឹងពីច្បាប់ស្តីពីអង្គការសមាគម ដោយសារមាត្រា៣៧ គេចែងថា អង្គការសមាគមដែលបានចុះបញ្ជីរួចហើយ គឺក្រសួងនឹងឱ្យសុពលភាពដោយស្វ័យប្រវត្តិ»

អ្នកឃ្លាំមើលរូបនេះបង្ហាញក្តីបារម្ភថា ការរារាំងឬទប់ស្កាត់ការចូលរួមឃ្លាំមើលពីដៃគូពាក់ព័ន្ធ វានឹងជំរុញឱ្យមានបទល្មើសកើនឡើង។

ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ មានប្រសាសន៍ថា ការមិនអនុញ្ញាតរបស់លោកមិនបានយោងទៅលើច្បា​ប់​ស្តីពីការគ្រប់គ្រងអង្គការសង្គមស៊ីវិលទេ។

លោក សុង ច័ន្ទសុជាតិ ប្រាប់ថា៖ «ទី១ គាត់អត់មាន MoU ជាមួយក្រសួងបរិស្ថានទេ។ ទី២ ក្រសួងបរិស្ថានធ្វើការជាមួយបណ្តាញដែលមានការទទួលខុសត្រូវ មានការចុះកិច្ចព្រមព្រៀងស្របច្បាប់ជាមួយក្រសួងបរិស្ថាន។ [ចុះទាក់ទងច្បាប់ស្តីពីការគ្រប់គ្រងអង្គការសង្គមស៊ីវិល] ទេ! ខ្ញុំអត់មាននិយាយអាហ្នឹងឯណា!»

អ្នកស្រី ស៊ិន សេន ជាប្រជាសហគមន៍ព្រៃព្រះរការ បាននិយាយថា មូលហេតុដែលពួកគាត់ចង់ចូលល្បាតនេះ ដោយមើលឃើញថា ប៉ុន្មានខែចុងក្រោយនេះ គោយន្តរាប់សិបគ្រឿងបានដឹកប្រភេទឈើ​អារចេញពីតំបន់អភិរក្សនេះ ហើយ​ហាក់មិនមានការទប់ស្កាត់ពីអាជ្ញាធរ។

អ្នកស្រី ស៊ិន សេន ប្រាប់ថា៖ «ខ្ញុំមិនចេះរាប់ទេ បើចេញគ្រប់ច្រកនោះ មានច្រកប្រមេ ច្រកពោធិ៍ ចក្រជាំក្សាន្ត ច្រកខាងឆែប មិនដឹងជាចេញប៉ុន្មានទេ។ តាមគំនិតខ្ញុំ [ព្រៃព្រះរការនេះ] នឹងអស់ឆាប់ៗ បើមិនឱ្យសហគមន៍ចូល»

ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានសភាកម្ពុជា​ប្រកាសឱ្យប្រើ​នៅ​ឆ្នាំ​២០១៥។ មាត្រា៣៧ នៃច្បាប់នេះ ចែងថា «បន្ទាប់ពីច្បាប់នេះចូលជាធរមាន សមាគមឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានតម្កល់សំណុំលិខិតនៅក្រសួងមហាផ្ទៃរួចហើយ ត្រូវចាត់ទុកថា បានចុះបញ្ជី និងទទួលបានជាស្វ័យប្រវត្តិ និងឋានៈជានីតិបុគ្គលស្របតាមបញ្ញត្តិនៃច្បាប់នេះ»

ចំណែកច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ មាត្រា២៥ ចែងថា «សហគមន៍តំបន់ការពារធនធានធម្មជាតិ ត្រូវចុះកិច្ចព្រមព្រៀងជា​មួ​យ​រដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ហើយកិច្ចព្រមព្រៀងនេះមិនលើសពីរយៈពេលពី១៥ឆ្នាំម្តង»

ប៉ុន្តែមាត្រា២៩ ចែងថា «ប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន មានករណីកិច្ចចូលរួមការពារ និងអភិរក្ស និងស្តារឡើងវិញក្នុងតំបន់ការពារធនធានធម្មជាតិ»

សកម្មជនការពារព្រៃឈើដ៏លេចធ្លោមួយចំនួន រួមទាំងលោក អ៊ូច ឡេង ត្រូវបានអាជ្ញាធរខេត្តក្រចេះចាប់ខ្លួនកាលពីសប្តាហ៍មុន ក្រោយមកបានបញ្ជូនទៅតុលាការ ក្រោយពីពួកគេបានចូលព្រៃឡង់​ដើម្បីឃ្លាំមើលបទល្មើសព្រៃឈើ។

ប៉ុន្តែតុលាការសម្រេចដោះលែង​ពួកគេវិញ ក្រោយពីធ្វើកិច្ចសន្យាឈប់ចូលឃ្លាំមើលបទល្មើសព្រៃឈើនៅតំបន់ដែលគ្មានការអនុញ្ញាតពីស្ថាប័នជំនាញ។

ស្របគ្នានឹងវិធានការរារាំងសកម្មជនព្រៃឈើមិនឱ្យល្បាតព្រៃ គណៈ​កម្មការជាតិ​ដើម្បីទប់ស្កាត់ និងបង្ក្រាប​បទល្មើសធនធាន​ធម្មជាតិរបស់រដ្ឋាភិបាល ដែលដឹកនាំដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហោះរូបភាពគល់ឈើធំៗជាច្រើន​នៅភាគឦ​សា​​​នប្រភេទ​ដែលត្រូវបានគេលួចកាប់ធ្វើអាជីវកម្ម។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ការជំរុញតម្លាភាពសង្គម រួមទាំងសិទ្ធិចូលរួមការពារធ​នធា​នធម្មជាតិ លោកថា សិទ្ធិនេះមានធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

លោ​កគូសបញ្ជាក់ថា ច្បាប់ទាំងឡាយណាដែលប្រឆាំងនឹងសិទ្ធិនេះ រដ្ឋាភិបាលគួរកែលម្អឡើងវិញ ដើ​ម្បីកុំឱ្យការអនុវត្តច្បាប់​រំ​លោ​ភលើច្បាប់កំពូលរបស់ជាតិ។

លោក ប៉ិច ពិសី និយាយថា៖ «ការបំផ្លិចបំផ្លាញព្រៃឈើ វាបង្ហាញពីភាពកម្សោយនៃការអនុវត្តច្បាប់របស់អាជ្ញាធរពាក់ព័ន្ធ ហើយមួយទៀត ខ្វះតម្លាភាព ខ្វះគណនេយ្យភាព នៃការទទួលខុសត្រូវរបស់មន្ត្រីសាធារណៈ ដែលទទួលបន្ទុកការពារព្រៃឈើហ្នឹង។ ឯការចូលរួមរបស់ប្រជាពលរដ្ឋ វាជារឿងសំខាន់។ ខ្ញុំគិតថា យើងគួរតែលើកទឹកចិត្តជាជាងរារាំងគាត់»

ព្រៃព្រះរការ មានទំហំជិត១០ម៉ឺនហិកតា លាតសន្ធឹងជាប់ស្រុកចំនួនបីក្នុងខេត្តព្រះវិហារ រួមមាន ស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប។ តំបន់ព្រៃអភិរក្សមួយនេះ ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់ជាដែនជម្រកសត្វព្រៃព្រះរការ​ កាលពីឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ