រដ្ឋ​មន្ត្រី​​ប្រាប់​​ពលរដ្ឋ​​ឱ្យ​ទៅ​​ធ្វើ​​ស្លាក​​លេខ​​ឬ​កាត់​ឈ្មោះ​​យាន​យន្ត​​ខ្លួន​ឯង​ កុំ​ឱ្យ​​ខាត​​ប្រាក់​​ទៅ​​ឱ្យ​​អ្នក​រត់​ការ​

​ប៉ូលិសចរាចរណ៍​ពីរ​នាក់​ឈរ​ចាំ​សម្រួល​ចរាចរណ៍​ដល់​ពលរដ្ឋ​ធ្វើដំណើរ​នៅ​ម្ដុំ​ស្ដា​តអូឡាំពិក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ​)

​រដ្ឋមន្ត្រី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យទៅ​ធ្វើ​ស្លាក​លេខឬកាត់ឈ្មោះ​យានយន្ត​គ្រប់​ប្រភេទ​ដោយខ្លួនឯង ដោយ​មិន​គួរ​ពឹង​អ្នករត់ការឬអ្នក​គួ​កជេ នាំ​ឱ្យ​ខាតបង់​ថវិកា​ក្រៅផ្លូវការ ខណៈ​រដ្ឋាភិបាលបាន​ផ្តល់​សេវា​សាធារណៈ​ល្អនិង​ជួយ​រៀបចំ​ឯកសារ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ។

ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​កំ​ណា​ត់​ផ្លូវជាតិ​លេខ២ និង​លេខ២២ នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ រដ្ឋមន្ត្រី​ក្រសួង​សាធារណ​ការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់​ថុល បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​មួយចំនួនដែល​ទៅ​ធ្វើ​ស្លាក​លេខ​ម៉ូតូឬរថយន្ត និង​ផ្ទេរ​ម្ចាស់​កម្មសិទ្ធិ​យានយន្ត​ជាដើម តែងតែ​ទៅ​រក​ជួល​ឈ្មួញ​កណ្តាលឬអ្នក​គួ​កជេ ឱ្យ​ជួយ​រៀបចំ​ឯកសារនិង​រត់ការ​ឱ្យ​ពួក​គាត់​ទៅវិញ។

ករណីនេះ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋគួរតែ​ទៅ​ធ្វើ​ដោយខ្លួនឯង ដើម្បី​កុំឱ្យ​អស់​លុយ​ក្រៅផ្លូវការ ខណៈ​ស្ថាប័នរដ្ឋបាន​ផ្តល់​សេវា​ទាំងនោះ​បាន​យ៉ាង​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ។ 

លោក ​ស៊ុន ចាន់​ថុល ថ្លែង​ថា៖ «សូម​មេត្តា​កុំ​ប្រើ​ពួក​គួ​កជេ​ឱ្យ​សោះ ធ្វើការ​ជំនួស​បងប្អូន! យើង​មាន​មណ្ឌល ​[ធ្វើ​ស្លាក​លេខ និង​ផ្ទេរ​ម្ចាស់​កម្មសិទ្ធិ​យានយន្ត​] នៅ ​[ផ្សារ​ទំនើប​] អ៊ីអន​ទី១ យើង​មាន​មណ្ឌល ​[នៅ​ផ្សារ​ទំនើប​] អ៊ី​អន​ទី២ នៅ​ញ៉ូ​រ៉​លមល។ មួយទៀត​នៅ​ក្រសួង​យើង យើង​កំពុង​ផ្តល់​សេវា​សាធារណៈ​ដែល​ជួយ​បងប្អូន​ដោយ​មិន​ឱ្យ​អស់​លុយ​ទេ កុំ​បង់​ឱ្យ​គួ​កជេ​អី មក​ពួក​ខ្ញុំ​ធ្វើ​ឱ្យ​ទាំងអស់​ដោយ​មិន​គិតថ្លៃ ធ្វើ​ឱ្យ​បង់​តាម​តែ​ថ្លៃ​សេវាដែល​ក្រសួងសេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ឱ្យ​យក ប៉ុន្តែ​កម្រៃក្រៅ​គឺ​ដាច់ខាត[មិនយក]»។ 

ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ លោក ហេង វ៉ាន់​នី និយាយ​ថា នី​តិ​វិធី​នៃ​ការ​ធ្វើ​ស្លាក​លេខ សម្រាប់​ម៉ូតូ​ថ្មី មាន​ភាព​ងាយស្រួល​ជាង​មុន ដោយសារ​ទិញ​ម៉ូតូ​ភ្លាម អាច​ធ្វើ​ស្លាក​លេខ​បាន​ភ្លាម ដោយ​គ្រាន់តែ​យក​សំបុត្រ​ពន្ធ​ម៉ូតូ​ទៅ​រដ្ឋបាល​ខណ្ឌ ដោយ​ភ្ជាប់​ជាមួយ​អត្តសញ្ញាណ​បណ្ណ​ម្ចាស់​យានជំនិះ។

ប៉ុន្តែ​លោក​ថា នៅពេល​ដែល​លោក​ទិញ​ម៉ូតូ​មួយទឹក​ពី​គេ ហើយ​ត្រូវ​ធ្វើ​ស្លាក​លេខ​នោះ គឺ​មាន​ភាព​ស្មុគស្មាញ​ច្រើន ដោយសារ​ត្រូវ​ទៅ​បញ្ជាក់​ឯកសារ​ច្រើន​នៅ​សាលាសង្កាត់ និង​រដ្ឋបាល​ខណ្ឌ​ជាដើម។ ករណីនេះ លោក​ថា លោក​សុខចិត្ត​ចំណាយ​ថវិកា​ក្រៅផ្លូវការ ដើម្បី​រក​អ្នក​រត់​ការ​ជួយ​ធ្វើ​ឱ្យ​វិញ ដើម្បី​ចំណេញ​ពេល។

លោក​ ហេង វ៉ាន់​នី និយាយ​ថា៖ «ស៊ីសង​យើង​និយាយ​ជាមួយ​អ្នក​គួ​កជេ​ទៅ យើង​ឱ្យ​លុយ​គេ​ប៉ុន្មាន បើ​យើង​ស្រួល គេ​ក៏​ស្រួល​ដែរ ​[…] វា​ស្រួល​ទៅមុខ​ទៀត ខ្លាច​យើង​មិនដឹង ថ្ងៃក្រោយ​យ៉ាប់ ខាតពេល​វេលា​យើង ក្រែង​លោ​ខុស​អ្វីមួយ គេ​[​ប៉​ូលិស]ចាប់​ដល់​ផ្ទះ»។

ពលរដ្ឋ​ម្នាក់ទៀត លោក ណុប វណ្ណៈ បាន​លើកឡើង​ដែរ​ថា លោក​មានការ​លំបាក​ខ្លះ​ដែរ នៅពេល​ទៅកាត់​ឈ្មោះ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​ដោយខ្លួនឯង ព្រោះ​ត្រូវ​រត់​ឯកសារ​ចុះឡើង​ច្រើន ដែល​ធ្វើ​ឱ្យ​គាត់​ខាតពេល​វេលា​ច្រើន។ តែ​យ៉ាងណា លោក​ថា បើ​ទោះជា​មានការ​ស្មុគស្មាញ​ខ្លះ ក៏​លោក​សម្រេច​ចិត្ត​រៀបចំ​ឯកសារ​ធ្វើ​ដោយខ្លួនឯង ព្រោះ​មិន​ចង់​ចំណាយ​ថវិកា​ក្រៅផ្លូវការឱ្យ​អ្នក​ផ្សេង​រត់ការ​ជំនួស។

លោក​និយាយ​ដូច្នេះ​ថា៖ «ប្តូរ​ឈ្មោះ​ពី​ផ្លាក​លេខ​គេ​មក​ឈ្មោះ​ផ្លាក​លេខ​យើង​វិញ យើង​យក​អត្តសញ្ញាណ​បណ្ណ​យើង​ទៅ​សាលា​ខណ្ឌ​បញ្ជាក់ ហើយនិង​មាន​ឯកសារ​របស់​ឡាន​ចាស់​ហ្នឹងយក​មក​ប្រថាប់ត្រា​នៅ​សង្កាត់ ពេលវេលា​យើង​ជិះ​ទៅ​មកៗ សាលា​ខណ្ឌ​ផង សាលាសង្កាត់​ផង មក​កន្លែង​យើង​នៅ​ផង ហើយ​ត្រូវ​ជិះ​ទៅ​ខាង​ឈៀ​ករថយន្ត បំពេញ​ឯកសារ​ចប់​ត្រូវ​យក​ឱ្យ​គេ បាន​គេ​ណាត់​ថ្ងៃ​យើង ថ្ងៃណា​បាន​ស្លាក​លេខ បាន​យើង​យក​ឡាន​យើង​ទៅ​ដូរ​យក​ស្លាក​លេខ​ថ្មី»។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ គាំទ្រ​នឹង​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​មិន​ចង់ឱ្យ​ពលរដ្ឋ​ទៅ​រក​សេវា​ខាងក្រៅ ដែល​នាំ​ឱ្យ​អស់​ថវិកា​ក្រៅផ្លូវការ​នោះ។ ប៉ុន្តែ​លោក​ជំរុញ​ទៅ​ក្រសួង​បង្កើត​ការិយាល័យ​សម្រាប់​ឱ្យ​ពលរដ្ឋ​ទៅ​ពិគ្រោះ​យោបល់នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ការចុះបញ្ជី ឬធ្វើ​ស្លាក​លេខ ឬកាត់ ឬផ្ទេរ​ឈ្មោះ​ម្ចាស់​យានយន្តឬម៉ូតូ ទើប​មាន​ប្រសិទ្ធភាព​ខ្ពស់។

លោក​មានប្រសាសន៍​ថា៖ «វិធី​លុបបំបាត់ឬណែនាំ​ពលរដ្ឋ​មិន​ឱ្យ​ពលរដ្ឋ​ទៅ​រក​អ្នក​គួ​កជេ​ ទាល់តែ​ក្រសួង​សាធារណ​ការ និង​ដឹកជញ្ជូន បង្កើត​ឱ្យ​មាន​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​តាម​ការិយាល័យឬទីកន្លែង​សម្រាប់ចុះបញ្ជី​យានយន្ត ហើយ​ទីកន្លែង​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត បើ​ពុំ​ដូច្នោះ​ទេ ពលរដ្ឋ​ដែល​ខ្វះ​ព័ត៌មាន ខ្វះ​អ្នក​ពិគ្រោះ​យោបល់ គាត់​នឹង​ទៅ​រក​អ្នក​គួ​កជេមិ​នខា​ន»។

រដ្ឋមន្ត្រី​ក្រសួង​សាធារណ​ការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់​ថុល ក៏បាន​បញ្ជាក់​ដែរថា លេខ​ពិសេស​ដែល​ក្រសួង​បាន​ចេញ​លក់ចាប់ពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ រហូតមកដល់​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ គឺ​លក់​បាន​ជាង៣ ៧០០ផ្លាក​លេខ ដែល​មាន​ទឹកប្រាក់​សរុប​ប្រហែល ៨ ០០០ ០០០ ដុល្លារ ជា​ចូល​ថវិកាជាតិ ខណៈ​លេខ​ពិសេស​ធម្មតា ក៏​លក់​បាន​ប្រហែលជា ៨ ០០០ ០០០ ដុល្លារ​អាមេរិក​ផង​ដែរ។

តាម​របាយការណ៍ដែល​ចេញ​ដោយ​មន្ទីរ​សាធារណ​ការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៤ ខែ​កម​រា ឆ្នាំ២០២០ បាន​បង្ហាញថា បច្ចុប្បន្ន​នេះ​កំណើន​នៃ​ចំនួន​យានយន្ត​បាន​កើនឡើង​យ៉ាង​គំហុក រហូតដល់ ២ ៤៧៤ ៤៦៥គ្រឿង ក្នុង​នោះ រថយន្ត​មាន​ចំនួន ៥០៨ ១៤៣គ្រឿង និង​ទោចក្រយាន​យន្ត​មាន​ចំនួន ១ ៩៦៦ ៣២២គ្រឿង ដែល​កំពុងតែ​ធ្វើ​ចរាចរណ៍​ជាប្រចាំ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ