អាជ្ញាធរ​​ខេត្ត​កោះកុង​​ព្រមាន​​ចាត់​វិធាន​ការ​​លើ​​អ្នក​​ចាក់​​ដី​​រំលោភ​​លើ​​ឆ្នេរ​​ប្រមាណ​៦០០​ម៉ែត្រ​​

រូបភាព​បង្ហាញ​ពី​សកម្មភាព​ចាក់​ដី​លុប​ឆ្នេរសមុទ្រ​នៅ​ចំណុច​«ពយ​តា​ឃុន» ស្ថិត​ក្នុង​ភូមិ​ព្រែកខ្សាច់ ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ ខេត្តកោះកុង ដែល​បង្ហោះ​ជា​សាធារណៈ​កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយ​គណនី​ហ្វេសប៊ុក Srey Chamroeun ។ (Screenshot​)

អាជ្ញាធរព្រមាន​ចាត់វិធានការ​ចំពោះ​អ្នក​ដែល​បាន​ចាក់​ដី​រំលោភ​លើ​ឆ្នេរសមុទ្រ ស្ថិតនៅ​ក្នុង​ស្រុក​គិរីសាគរ ខេត្តកោះកុង បន្ទាប់ពី​ករណី​ចាក់​ដី​លុប​ឆ្នេរ​មួយ​កន្លែងត្រូវ​បាន​ផ្សព្វ​ផ្សា​យតាម​បណ្តាញ​សង្គម។

កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ គណនេយ្យ​ហ្វេសប៊ុក​មួយ​ឈ្មោះ Srey Chamroeun បាន​ផ្សព្វផ្សាយ​រូបភាព និង​សរសេ​រថា មាន​ករណី​ចាក់​ដី​លុប​ឆ្នេរសមុទ្រ​ជាច្រើន​ហិ​កតា នៅ​ចំណុច«​ពយ​តា​ឃុន» ស្ថិត​ក្នុង​ភូមិ​ព្រែកខ្សាច់ ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ ខេត្តកោះកុង និង​មានការ​កាប់​ទន្ទ្រាន​យក​ដី​កោងកាង​ជាច្រើន​ហិ​កតា​ផង​ដែរ។

អភិបាលរងខេត្ត​កោះកុង​ លោក សុខ សុទ្ធី ទទួលស្គាល់​ថា ​ពិតជា​មានការ​ចាក់​ដី​ប៉ះពាល់​ដល់​ឆ្នេរសមុទ្រ​ពិតមែន ហើយ​ពុំ​មានច្បាប់​អនុញ្ញាត​ឡើយ។ លោក​បន្ត​ថា​ ដី​ដែល​បាន​ចាក់​ប៉ះពាល់​ដល់​ឆ្នេរសមុទ្រ​នោះ គឺ​ប្រវែង​ប្រហែល៦០០ម៉ែត្រ។

អភិបាលរងខេត្ត​រូប​នេះ​ឱ្យ​ដឹង​ថា នៅ​សប្តាហ៍​ក្រោយ ​រដ្ឋបាល​ខេត្តកោះកុង​នឹង​ជួប​ជាមួយ​អាជ្ញាធរ​មូលដ្ឋាននិង​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ដោះស្រាយ​ថា ត្រូវ​មាន​វិធានការ​ច្បាប់ឬដាក់​ពិន័យ​យ៉ាងណា​នោះ។

លោក​បន្ថែម​ថា៖ «ករណី​គាត់​ចាក់​ដី​ជាប់មាត់​សមុទ្រ​ហ្នឹង អាហ្នឹង​គឺ​ខុសច្បាប់។ ហើយ​រដ្ឋបាល​ខេត្ត​នឹង​ហៅ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មក​ប្រជុំ​នៅ​នៅ​ថ្ងៃចន្ទ​ក្រោយ ​ដើម្បី​រក​ដំណោះស្រាយ។ តាមពិត ​ដី​ហ្នឹង​ជា​ដី​អនុញ្ញាត​ឱ្យ​គាត់​ប្រើប្រាស់​ទេ ប៉ុន្តែ​ដោយសារតែ​អត់​ទាន់​មានការ​កា​ត់​ឆ្វៀល គាត់​ចាក់​ហ្នឹង​ អត់​សុំច្បាប់។ អ៊ីចឹង​យើង​នឹង​ដាក់​ពិន័យ​គាត់ ​ក្រោយ​កិច្ចប្រជុំ​នៅ​សប្តាហ៍​ក្រោយ​ហ្នឹង»។

ចំពោះ​ការ​កាប់ព្រៃ​កោងកាង​ទន្ទ្រាន​យក​ដី​វិញ លោក សុខ សុទ្ធី អះអាង​ថា រឿង​នេះ​បាន​កើតឡើង​តាំងពី​កន្លះ​ឆ្នាំមុន។

លោក​ថា ករណីនេះ ​រដ្ឋបាល​ខេត្ត​បាន​រាយការណ៍​ជូន​ក្រសួងបរិស្ថាន​រួចហើយ និង​ពុំ​មានការ​កាប់​រាន​ទៀត​ឡើយ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ឈ្មោះ​អ្នក​ចាក់​ដី និង​អ្នក​កាប់​រាន​ព្រៃកោងកាង​នោះ​ឡើយ។

ពលរដ្ឋ​ម្នាក់​នៅភូមិ​ព្រែកខ្សាច់ ​អ្នកស្រី ព្រាប រដ្ឋា បាន​ដាក់​ការសង្ស័យ​ថា អ្នក​ដែល​ហ៊ាន​ចាក់​ដី​លុប​សមុទ្រ និង​កាប់ព្រៃ​កោងកាង​ដើម្បី​ទន្ទ្រាន​យក​ដី​នោះ​ ជា​បុគ្គល​មាន​លុយ​មានអំណាច​ច្រើនជាង​ពលរដ្ឋ​ធម្មតា។

អ្នកស្រី​បន្ថែម​ថា៖ «អា​រឿង​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​ហ្នឹង​ គ្មាន​ប្រជាពលរដ្ឋ​ធម្មតា​ណា​គាត់​ហ៊ាន​ធ្វើ​ទេ។ បើ​មេឃុំ​មិន​ហ៊ាន​ធ្វើ​អី​គេ​ផង ព្រោះ​កន្លងមក ​ប្រជាពលរដ្ឋ​ធ្លាប់​ប្តឹង​រឿង​ហ្នឹង​ទៅ​មេ​ឃុំឱ្យ​អន្តរាគមន៍​លើ​រឿង​ហ្នឹង​ដែរ ក្រោយមក​ក៏​ស្ងាត់​ទៅវិញ»។

មេឃុំ​ព្រៃ​ខ្សាច់ លោក រាម សា​រុំ ឱ្យ​ដឹង​ថា អ្នក​ដែល​រង​ការ​ចោទ​ថា បាន​ចាក់​ដី​រំលោភ​លើ​ឆ្នេរសមុទ្រ​នោះ ឈ្មោះ ឈឹន ចាន់​ឌី ជា​ពលរដ្ឋ​នៅក្នុង​ឃុំ។ លោក​បន្ត​ថា​ ករណី​អ្នកស្រី ឈឹន ចាន់​ឌី ធ្វើសកម្មភាព​ចាក់​ដី​នោះ គឺ​មិនបាន​ជូនដំណឹង​មុន​ដល់​អាជ្ញាធរ​ឃុំ​នោះ​ទេ។

មេឃុំ​រូប​នេះ​បន្ត​ថា ក្រោយ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះទៅ​ផ្អាក​សកម្មភាព​មិន​ឱ្យ​ចាក់​​ដី កាលពី​ថ្ងៃទី៧ ខែកុម្ភៈ អ្នកស្រី ឈឹន ចាន់​ឌី បាន​ទទួលកំហុស​ហើយ។

លោក​បន្ថែម​ថា៖ «រឿង​ហ្នឹង​យើង​បាន​ធ្វើ​កិច្ចសន្យា​ដែរ។ យើង​ឱ្យ​គាត់​ឈប់​ធ្វើ​បន្ត​ទៀត។ ហើយ​ប្រាប់​ឱ្យ​គាត់​មុន​ធ្វើ​អី ត្រូវ​ជូនដំណឹង​និង​សហការ​ជាមួយ​អាជ្ញាធរ​ជាមុន​សិន ត្រូវ​មានច្បាប់​ត្រឹមត្រូវ [ថា]តើ​គេ​តម្រូវ​ឱ្យ​យើង​ចាក់​បាន​ពី​ចម្ងាយ​ណាម​កចម្ងាយ​ណា! គាត់​ហ៊ាន​ចាក់​ហ្នឹង ដោយសារ​គាត់​មាន​លិខិតបញ្ជាក់​ការ​កាន់កាប់​ដី​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ចាស់ អត់មាន​ពាក់ព័ន្ធ​ដល់​ខ្ញុំ​ទេ។ បើ​ខ្ញុំ​ដឹង​ ខ្ញុំ​នឹង​ប្រាប់​គាត់​ថា ដី​ចំណី​សមុទ្រ​ប៉ុន្មាន​ ដី​ដែល​គាត់​អាច​ប្រើប្រាស់​ប៉ុន្មាន​»។

វី​អូ​ឌី​ មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកស្រី ឈឹន ចាន់​ឌី ដែលរង​ការចោទប្រកាន់​ថា​បាន​ចាក់​ដី​លុប​សមុទ្រ​បានទេ ​ពាក់ព័ន្ធ​ករណីនេះ។

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លី​កាដ​ូ​ប្រចាំ​ខេត្តកោះកុង លោក ប៉ែន វុទ្ធា មានប្រសាសន៍​ថា កន្លងមក ​ជនខិលខូច​លួច​ចាក់​ដី​លុប​សមុទ្រ​ចំនួន២ទៅ៣ករណីដែរ ប៉ុន្តែ​អាជ្ញាធរ​មិន​ចាត់វិធានការ​ផ្លូវច្បាប់​តឹង​រ៉ឹង​នោះ​ទេ។ លោក​ថា អ្នក​ដែល​ហ៊ាន​រំលោភ​យក​ដីស​មុទ្រ​នោះ​ភាព​ច្រើន​ជា​អ្នកមាន​លុយ​មានអំណាច។

លោក​បន្ថែម​ថា៖ «អាជ្ញាធរ​គួរតែ​ចាត់វិធានការ​ចំពោះ​ករណី​លុប​ឆ្នេរ​នេះ​ឱ្យ​មានប្រសិទ្ធភាព ​ដើម្បី​ជា​ការព្រមាន​មួយ​ដល់​អ្នកមាន​អំណាច និង​ពល​រដ្ឋ​ផ្សេង​ៗទៀត​ដែល​មានបំណង​ចង់​រំលោភ​យក​ដី​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ហ្នឹង [ឱ្យ]​មាន​ភាព​រាងចាល ឱ្យ​ដឹង​ថា ប្រទេស​យើង​មានច្បាប់ ហើយ​អនុវត្ត​មាន​ភាពស្មើគ្នា»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ