ស្ថាប័ន​រដ្ឋ​​និង​​ឯកជន​​ជាង​១​ម៉ឺន​​ទីតាំង​ ប្រើ​​ប្រព័ន្ធ​​បច្ចេក​វិទ្យា QR​ Code​ «ទប់​ស្កាត់​​ជំងឺ​​កូ​វីដ​​-​១៩​ Stop​ Covid»

បុរស​ម្នាក់​សាកល្បង​ធ្វើការ​ស្កេន QR Code របស់ក្រ​សួង​សាធារណការ ដែល​បាន​ចែករំលែក​ជាឧទាហរណ៍​លើ​ទំព័រ​ហ្វេសប៊ុក​ក្រសួង។ (ហង់ សុខ​ហុង​)

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានឱ្យ​ដឹង​ថា ​គិត​ត្រឹម​រសៀល​ថ្ងៃនេះ មាន​គ្រឹះស្ថាន​សាធារណៈនិង​ឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និង​រោងចក្រ​ ចំនួន១០ ៣៦៦កន្លែង បាន​ចុះឈ្មោះ​បង្កើត QR Code ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។ 

ប្រព័ន្ធ​បច្ចេកវិទ្យា QR Code «ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ឬ Stop Covid» ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី២០ ខែកុម្ភៈ បន្ទាប់ពី​កម្ពុជា​បាន​ប្រកាស​ពី​ការ​ផ្ទុះឡើង​ជា​លើក​ទី២ នូវ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ នៅក្នុង​សហគមន៍។ ក្រសួង​ប្រៃសណីយ៍ អះអាង​ថា QR Code នេះ នឹង​ជួយ​បង្ការនិង​ទប់ស្កាត់​ហានិភ័យ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ នៅក្នុង​សហគមន៍ ដោយ​ថា តាម​រយៈ​ប្រព័ន្ធ​នេះ សាធារណជន​អាច​ស្កេន​នៅពេល​ចូល​ទីតាំង​ដែល​មាន​មនុស្ស​ចេញ​-ចូល​ច្រើន ហើយ​អាច​ទទួល​បាន​ដំណឹង​ឆាប់រហ័ស ប្រសិនបើ​ទីតាំង​នោះ​មាន​ករណី​ឆ្លង។

លោក មាស ប៉ូ អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ បាន​ប្រាប់ ​វី​អូ​ឌី នៅ​ថ្ងៃនេះ​ថា លោក​មានការ​ជឿជាក់​ខ្លាំង​ចំពោះ​ការ​ដាក់ឱ្យប្រើប្រាស់ QR Code នេះ​ ព្រោះ​មាន​ចំនួន​ទីតាំង​ជាច្រើន​ដែល​បាន​ប្រើប្រាស់​តាំងពី​ថ្ងៃដំបូង។

ទោះ​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រូប​នេះបាន​បញ្ជាក់​ថា​ ក្រសួង​ពាក់ព័ន្ធ​មិនទាន់​មាន​ចែង​បទប្បញ្ញត្តិ​ណាមួយ​សម្រាប់​ដែល​ដាក់ទោស​ទណ្ឌ​ទៅលើ​ទីតាំង​ដែល​មិន​មាន​ប្រើប្រាស់ QR Code នេះ នៅឡើយ​ទេ។ 

លោក មាស ប៉ូ បាន​បញ្ជាក់​ថា៖ «យើង​មិន​មាន​ចែង មិនទាន់​មាន​បទប្បញ្ញត្តិ​ណាមួយ​ទេ គ្រាន់តែ​យើង​ផ្សព្វផ្សាយ​ដើម្បី​ទប់ស្កាត់​ទាំងអស់គ្នា យើង​ត្រូវតែ​ប្រើប្រាស់ QR Code ហ្នឹង​ ដើម្បី​ដឹង​អំពី​ដំណើរ​របស់​បុ​គ្គ​លមួយៗ តើ​គាត់​អញ្ជើញ​ទៅណាមកណា! បើសិនជា​គាត់​មាន​ជំងឺ​ហ្នឹង ​យើង​អាច​ដឹង យើង​អាច​ងាយស្រួល​នៅក្នុង​ការ​តាម​រក​គាត់»។

លោក នុត ប៊ុណ្ណា​រ័ត្ន ទីប្រឹក្សា​ផ្នែក​លក់​នៅ​ក្រុមហ៊ុន ​តូ​យ៉ូ​តា ​សាខា​ទួល​សង្កែ បាន​ប្រាប់​ថា​ ក្រុមហ៊ុន​ តូ​យ៉ូ​តា​ បាន​ចាប់ផ្តើម​ដាក់​ប្រព័ន្ធ QR Code នា​ព្រឹកមិញ​នេះ ។ ទោះបីជា​ក្រុមហ៊ុន​ តូ​យ៉ូ​តា ទើបតែ​ចាប់ផ្តើម​ដាក់​ប្រព័ន្ធ​នេះ​ក៏ដោយ ប៉ុន្តែ​លោក នុត ប៊ុណ្ណា​រ័ត្ន បាន​បញ្ជាក់​ថា ​ពីមុន​មក ​ក្រុមហ៊ុន​ក៏បាន​កត់ឈ្មោះ ក៏ដូចជា​លេខទូរសព្ទ​របស់​អតិថិជន​ផង​ដែរ។

លោក នុត ប៊ុណ្ណា​រ័ត្ន៖ «ទាក់ទង​ជាមួយ QR Code ហ្នឹង ​ចាប់​ដំណើរការ​ពី​ថ្ងៃ​ហ្នឹង​ទៅ [២២ កុម្ភៈ ២០២១] ពួក​ខ្ញុំ​ចាប់​ដំណើរការ​ពី​ថ្ងៃ​ហ្នឹង​ទៅ ប៉ុន្តែ​ពីមុន​មក ​គឺ​ខ្ញុំ [ក្រុមហ៊ុន] ស្រង់​ឈ្មោះ​ភ្ញៀវ ​ក៏ដូចជា​យក​លេខទូរសព្ទ​របស់​ភ្ញៀវ​ដែល​គាត់​ចូល​មក Show Room [បន្ទប់​បង្ហាញ] របស់ខ្ញុំ [ក្រុមហ៊ុន]។»

លោក​បាន​បន្ថែម​ថា៖ «សម្រាប់​អ្នកប្រើ​ប្រាស់ ឱ្យតែ​ភ្ញៀវ​ចូល គឺ​ខ្ញុំ​អញ្ជើញ​គាត់​ស្កេន​ហើយ អ៊ីចឹង​សម្រាប់​ព្រឹក​នេះ​មាន​ភ្ញៀវ​គាត់​ចូល​ទាក់ទងជាមួយ​ខាង​សេវាកម្ម​ ក៏​គួរ​សម​ដែរ​។ អ៊ីចឹង និយាយទៅ​ទាំងអស់​បង [អ្ន​កស្កេន QR Code] ព្រោះ​អាហ្នឹង​ដើម្បីឱ្យទាក់ទង​នឹង​កូ​វីដ​ហ្នឹង​អ៊ីចឹង​ណា អ៊ីចឹ​ងយើង​តម្រូវឱ្យគាត់​ស្កេន​អាហ្នឹង​ទាំងអស់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ