នាយក​​រដ្ឋ​មន្ត្រី​ស្នើ​​ពលរដ្ឋ​​នៅ​​រាជ​ធានី​​ភ្នំពេញ​​កុំ​​ចេញ​ពី​ផ្ទះ​​បើ​​មិន​​ចាំ​បាច់​​

ពលរដ្ឋ​ម្នាក់​ធ្វើដំណើរ​តាមផ្លូវ​មួយ​កន្លែងនៅ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់​រ៉ែ​ន)

នាយក​រដ្ឋមន្ត្រីកម្ពុជា នៅ​ថ្ងៃនេះ​ បាន​ស្នើ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​រាជធានី​ភ្នំពេញ​ កុំ​ចេញពីផ្ទះ​បើ​មិន​មានការ​ចាំបាច់ ដើម្បី​ឱ្យ​អាជ្ញាធរ​ងាយស្រួល​ក្នុង​ការស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​សហគមន៍២០កុម្ភៈ។ 

ការ​អំពាវនាវ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងស្រប​ពេល​ដែល​ករណី​អ្នកមាន​កូ​វីដ១៩ក្នុង​សហគមន៍​ កើន​ដល់៧៦នាក់​ក្នុងរយៈពេល​តែ៣ថ្ងៃ​ប៉ុណ្ណោះ។ 

ក្នុង​សារ​ដែល​ត្រូវ​បាន​ចែកចាយ​ក្នុង​បណ្តាញ​តេ​លេ​ក្រាម​នៅ​ថ្ងៃនេះ លោកនាយក​រដ្ឋមន្ត្រី បាន​លើកឡើង​ថា ​ថ្វីត្បិតតែ​អាជ្ញាធរ​បានដឹង​ពី​ចំណុច​ដែល​ករណី​កូ​វីដ១៩ផ្ទុះឡើង​យ៉ាងណា​ក្តី ប៉ុន្តែអ្វី​ដែល​មានការ​ស្មុគស្មាញ​នោះ​ គឺ​ការ​ចល័ត​របស់​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងនោះ​ថា​​បាន​ទៅ​ទីណា​ខ្លះ។ 

លោក​ថា៖ «សូម​ឱ្យ​ប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ មានការ​ប្រុងប្រយ័ត្ន ហើយ​សូម​បញ្ជាក់ បើ​គ្មាន​ការចាំបាច់ ​កុំ​ចេញពីផ្ទះ ព្រោះ​ឥលូវយើង​កំពុង​ស្រាវជ្រាវ​រក ពិតមែន​យើង​ដឹង​ចំណុច​ក្លឹប N8 និង​កន្លែង​រស់នៅ​មួយចំនួន និង​តំបន់​មួយចំនួន ត្រូវ​បាន​បិទ​ហើយ ប៉ុន្តែ​ចរាចរណ៍​មនុស្ស​មួយចំនួន​នៅក្នុង​តំបន់​នោះ​ តើ​ទៅ​កន្លែងណា​ខ្លះ! យើង​កំពុង​រុករក អ៊ីចឹង​បើសិន​សម្រាក​នៅផ្ទះ​បាន​ក៏​ល្អ»។ 

ក្រោយ​ការ​ផ្ទុះ​ជា​លើក​ទី២ នៃ​ករណី​ឆ្លង​ក្នុង​សហគមន៍​នេះ រដ្ឋាភិបាល​ក៏បាន​ចាត់​វិធាន​កា​រណ៍​ភ្លាម​ៗ ដោយ​បិទ​ជា​បណ្តោះអាសន្ន​នូវ​សាលារៀន និង​ទីតាំង​អាជីវកម្ម​នានា​ប្រមាណ​ជាង៤០កន្លែង នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល។ 

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍​ថា ទីតាំង​ដែល​ត្រូវ​បិទ​បណ្ដោះអាសន្ន​ មាន​ចំនួន៣៩កន្លែង។ លោក​បន្ត​ថា អ្នក​ពាក់ព័ន្ធ​​ក្នុង​ព្រឹត្ត​ការណ៍«​សហគមន៍ ២០កុម្ភៈ»នេះ មួយចំនួនត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័​កនៅ​ទីតាំង​ដែល​ក្រសួងនិង​អាជ្ញាធរ​រៀបចំ។ 

លោក​ថា៖ «មាន​អ្នក​ធ្វើ​ចត្តាឡីស័​កនៅ​មន្ទីរពេទ្យ​ចាក់​អង្រែ​ និង​ទីតាំង​ផ្សេងទៀត​ដែល​យើង​រៀបចំ ប៉ុន្តែ​អ្នកមួយ​ចំនួន​ទៀត​ធ្វើ​ចត្តាឡីស័​កនៅផ្ទះ ដោយសារ តាម​បច្ចេកទេស​របស់ក្រ​សួង​សុខាភិបាល គាត់​មិន​ជួប​ដោយ​ផ្ទាល់​អ៊ីចឹង»។

លោក​បាន​បន្ថែម​ថា ​អ្នក​ធ្វើ​ចត្តាឡីស័​កដែល​មិន​មានលទ្ធភាព​ នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ខណៈ​អ្នក​ដែល​មានលទ្ធភាព​ស្នាក់នៅ​សណ្ឋាគារ​ហើយ ​ត្រូវ​ចេញ​ការ​ចំណាយ​ដោយខ្លួនឯង។ 

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន ​និងកីឡា លោក រស់ សុ​វាចា ឱ្យ​ដឹង​ថា ​គិត​ត្រឹម​ថ្ងៃនេះ ​សាលារៀន​ឯកជននិង​រដ្ឋ​ដែល​ត្រូវ​បិទ​មាន​ចំនួន៧កន្លែង ក្នុង​នោះ នៅ​រាជធានី​ភ្នំពេញ ៤កន្លែង និង​ខេត្ត​កណ្ដាល ៣កន្លែង ប៉ុន្តែ​សម្រាប់​ចំនួន​សិស្ស លោក​ថា មិនទាន់​មាន​ទិ​ន្នន័យ​ទេ។

លោក​បន្ត​ថា សិស្ស​នៅក្នុង​សាលា​ទាំង៧កន្លែង ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័​កទៅតាម​សេចក្ដីណែនាំ​របស់ក្រ​សួង​សុខាភិបាល ប៉ុន្តែ​ចំនួន​សិស្ស​សរុបនិង​អ្នក​ត្រូវ​យក​សំណាក​ទៅ​ធ្វើតេស្ត​វិញ លោក​ថា មិនទាន់​មានទិន្នន័យនៅ​ឡើយ។

លោក​បន្ថែម​ថា៖ «ករណី​ដែល​មាន​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​កំពុង​ទទួលការ​យក​សំណាក​ពី​ក្រុមការងារ​ក្រសួងសុខាភិបាល​ ហើយ​អ្នក​ដែល​ប៉ះពាល់​ប្រយោល​អនុវត្ត​ទៅតាម​សេចក្ដី​ណែ​នាំ​របស់ក្រ​សួង​សុខាភិបាល»។

ក្រសួងសុខាភិបាល​នៅ​ថ្ងៃនេះ ក៏បាន​អំពាវនាវ​ជាថ្មី​ឱ្យ​ពលរដ្ឋ​ដែល​ចេញចូល​ទីតាំង​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​កា​ណ៍​«សហគមន៍២០កុម្ភៈ» និង​អ្នក​ដែល​ប៉ះពាល់​ជាមួយ​អ្នកជំងឺ ត្រូវ​ទៅ​ធ្វើតេស្ត​នៅ​មណ្ឌលសុខភាព​ ចាក់​អង្រែ​ ដោយ​មិន​ត្រូវ​លាក់លៀម​ឡើយ ហើយ​ត្រូវ​ដាក់ខ្លួន​ឱ្យ​នៅ​ដាច់ដោយឡែក​ពី​ក្រុម​គ្រួសារ ធ្វើ​ចត្តាឡីស័​ក១៤ថ្ងៃ ព្រមទាំង​ធ្វើការ​តាមដាន​សុខភាព​របស់​ខ្លួន​ជាប្រចាំ។ 

គិត​ត្រឹម​ព្រឹក​ថ្ងៃទី២២ ខែកុម្ភៈ​នេះ កម្ពុជា​រក​ឃើញ​អ្នកមាន​កូ​វីដ១៩ ចំនួន៥៦៨នាក់ ដែល​ក្នុង​នោះ​ព្យាបាល​ជាសះស្បើយ ៤៧៥នាក់ និង​កំពុង​សម្រាក​ព្យាបាល​មាន៨៣នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ