វិភាគ៖ បដិវត្ត​ន៍​នៅ​​ប្រទេស​​មីយ៉ាន់ម៉ា​​ឈាន​​ដល់​​ការ​​បង្ហូរ​ឈាម​​និង​​ចំណុច​​ផ្លាស់​​ប្តូរ​​

ខ្នោះដៃត្រូវបានភ្ជាប់នឹងចម្រឹងរបងដែក ដែលនៅខាងក្រោយជាទិដ្ឋភាពនៃសកម្មភាពតវ៉ាក្រុមបាតុករមីយ៉ាន់ម៉ាតទល់នឹងអាជ្ញាធរ ប្រឆាំងនឹងរបបផ្ដាច់ការយោធា អំឡុងខែកុម្ភៈ ឆ្នាំ២០២១។ (HRW)

ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ឈាន​ដល់​ចំណុច​ផ្លាស់​ប្តូរ ដោយក្រុម​បាតុករ​ងើបឡើង​ទូទាំង​ប្រទេស ​ប្រកាស​កំណត់​យក​ថ្ងៃទី២២ ខែកុម្ភៈ ​ជា​ថ្ងៃ​ចាប់ផ្តើម​បដិវត្ត​ផ្តួល​ក្រុម​យោធា ចំណែក​ក្រុម​យោធា​ត្រៀម​សព្វាវុធ​ទប់ទល់​ជាមួយ​មហាជន។

គិត​ត្រឹម​រសៀល​ថ្ងៃទី២២ ខែកុម្ភៈ​ ឆ្នាំ២០២១ យ៉ាងហោចណាស់ ​អ្នក​តវ៉ា​ចំនួន៣នាក់​រង​ការ​បាញ់សម្លាប់ ខណៈ​មួយចំនួន​ទៀត​រង​របួសនិងត្រូវ​ចាប់​ឃុំខ្លួន។ ចំណែក​យោធា​ក៏បាន​រាយការណ៍​ដែរ​ថា យ៉ាងហោចណាស់​ កងកម្លាំង​ប្រដាប់​អាវុធ​ម្នាក់​ស្លាប់​ពេល​ប៉ះទង្គិច​គ្នា។

ក្រោយ​មានការ​បាញ់សម្លាប់​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ផ្ទុះ​កំហឹង​ឡើង​កាន់តែ​ខ្លាំង នាំ​ឱ្យ​ចំនួន​អ្នក​តវ៉ា​កើនឡើង​ទូទាំង​ប្រទេស​ ឈាន​ដល់​ក្រុម​មេដឹកនាំ​បាតុករ​ប្រកាស​កំណត់​យក​«ថ្ងៃទី២២ ខែកុម្ភៈ ​ឆ្នាំ២០២១ ជា​ថ្ងៃ​ធ្វើ​បដិវត្តន៍»។

ក្រោយ​ការ​អំពាវនាវ​ឱ្យ​មានការ​ងើប​តវ៉ា​នោះ ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ងើប​តវ៉ា​ឡើង​ព្រម​ៗគ្នា ហើយ​ចំនួន​មានការ​កើនឡើងជាលំដាប់។ អ្នក​តវ៉ា​នៅ​ទូទាំង​ប្រទេស​បង្ហាញ​ពី​ការ​កាន់ទុក្ខ​ចំពោះ​អ្នក​តវ៉ា៣នាក់​ដែល​ស្លាប់​ដោយសារ​យោធា​បាញ់ និង​មានការ​រៀបចំ​ពិធី​តាម​បែប​សាសនា​នៅកន្លែង​ដែល​ពួក​គេ​តវ៉ា​ផ្សេងគ្នា។

ទន្ទឹម​នឹង​ក្រុម​បាតុករប្រកាស​យក​ថ្ងៃទី២២ ខែកុម្ភៈ ​ជា​ថ្ងៃ​ធ្វើ​បដិវត្ត​ន៍ផ្លាស់​ប្តូរ​ឬបញ្ចប់​អំណាច​ពួក​យោធា ​​ក្រុម​យោធាក៏បាន​ត្រៀមលក្ខណៈ​ក្នុង​ការ​បាញ់​បង្ក្រាប​ដែរ​ ដោយមាន​ការ​ដាក់​រថពាសដែក និង​រថយន្ត​ផ្ទុក​ដោយ​អា​វុធ​ផ្សេង​ៗទៀត ​ដាក់​ប្រចាំការ​នៅ​គ្រប់​ទីកន្លែង ពិសេស​នៅកន្លែង​ដែល​មានការ​ប្រឈមមុខ​ដាក់គ្នា​ខ្លាំង។

ក្រុម​យោធា​បាន​ផ្សព្វផ្សាយ​ថា ការប្រកាស​របស់​ក្រុម​បាតុករ​នេះ​ជា​ការ​ផ្តើម​ធ្វើ​ឱ្យ​មាន​ហិង្សា ដែល​បណ្តាល​ឱ្យ​មាន​អ្នក​បាត់បង់ជីវិត​កើនឡើង។

សារ​របស់​ពួក​ក្រុម​យោធា៖ «នេះ​បង្ហាញថា ក្រុម​អ្នក​តវ៉ា​កំពុងតែ​បង្ហាញ​ការ​ញុះញង់ឱ្យ​មាន​ចលនា​ឆ្ពោះទៅ​រក​អំពើ​ហិង្សា​ នៅ​ថ្ងៃទី២២ ខែកុម្ភៈ ​ឆ្នាំ២០២១។ អ្នក​តវ៉ា​កំពុងតែ​ញុះញង់​ដល់​មនុស្ស​ផ្សេងទៀត ​ពិសេស​ក្រុម​យុវជន ឱ្យមក​ប្រឈមមុខ​ជាមួយ​ការឈឺចាប់និង​ការបាត់បង់​អាយុជីវិត»។

សា​ររបស់​ពួក​ក្រុម​យោធា​ហាក់​ត្រៀមលក្ខណៈ​រួចជាស្រេច​ក្នុង​ការ​បាញ់សម្លាប់​លើ​ក្រុម​អ្នក​តវ៉ា ហើយ​សារ​ទាំងនេះ​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ហ្វេសប៊ុកបាន​លុបចេញ​ពី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែរ​ដោយ​បញ្ជាក់​ថា ជា​សារ​ហិង្សា​ផ្ទុយពី​គោល​ការ​ណ៍ស្តង់​ដារ​របស់​ក្រុមហ៊ុន​មួយ​នេះ។

តើ​នឹង​មាន​អ្វី​កើតឡើង​នៅពេល​បន្ទាប់​ដ៏​ខ្លី​ខាងមុខនេះ​?

បើ​មើលទៅ​លើ​ការ​តាំងចិត្ត​របស់​ក្រុម​ទាំងសងខាង​ ហាក់​ចៀស​មិន​ផុត​ពី​ការ​បង្ហូរឈាម​កើតឡើង​នោះ​ទេ ហើយ​ការ​បង្ហូរឈាម​អាច​ទ្រង់ទ្រាយ​ធំ​ឬតូច​នោះ អាស្រ័យ​លើ​ការសម្រេច​ចិត្ត​បន្តបន្ទាប់​ទៀត​របស់​ភាគី​ទាំងពីរ។

ក្នុងចំណោម​ពលរដ្ឋ​ជាង៥៤លាន​នាក់​របស់​មីយ៉ាន់ម៉ា ​ក្រុម​អ្នក​តវ៉ា​អះអាង​ថា ពលរដ្ឋ​ជាង៩០ភាគរយ​ហើយដែល​ងើប​តវ៉ា​តាម​មធ្យោបាយ​ផ្សេង​ៗប្រឆាំង​ពួក​យោធា។ មន្ត្រី​ក្រសួង​ស្ថាប័នរដ្ឋ​រាប់​រយ​ រួម​ទាំង​ក្រុម​ខ្លះ​នៃ​កងកម្លាំង​ប្រដាប់​អាវុធ គ្រូពេទ្យ មន្ត្រី​ផ្នែក​ដឹកជញ្ជូន​តាម​រថភ្លើង និង អ្នក​សិល្បៈ​ ជាដើម។ ចំណែក​អាជីវកម្ម​នានា​ភាគច្រើន​ទាំង​តូច​ទាំង​ធំ​ត្រូវ​បាន​ផ្អាក​រួម​ទាំង​វិស័យ​ធនាគារ ផ្សារ​ទំនើប និង​ក្រុមហ៊ុន​ឯក​ជន​ផ្សេង​ៗទៀត។

ស្ថានភាព​ចំពោះមុខ​មកដល់​ការ​បង្ហូរឈាម និង ការ​ផ្លាស់​ប្តូរ​

របត់​នៃ​ការ​ផ្លាស់​ប្តូរ​បាន​ចូល​មកដល់ ​អាច​ដូរ​ទៅ​ជាការគ្រប់គ្រង​តាម​បែប​យោធា​ទាំងស្រុង និង គ្រប់គ្រង​តាម​បែប​ស៊ីវិល​ទាំងស្រុង​វិញ។

បើសិនជា​ក្រុម​មហាជន​ឈ្នះ រដ្ឋាភិបាល​ស៊ីវិល​កើតឡើង​អាច​នឹង​បង្កើត​ច្បាប់​តឹង​រ៉ឹង ​ដើម្បី​ប្រើ​ក្នុង​ការគ្រប់គ្រង​លើ​អំណាច​យោធា ព្រោះ​មើលទៅ​សន្ទុះ​មហាជន​នៅពេល​នេះ​ បញ្ជាក់​ពី​ការ​មិន​ស្វាគមន៍​ពួក​យោធា​បន្ត​ដឹកនាំ​ទៀត​ទេ ក្រោយពេល​ដែល​យោធា​ដឹកនាំ​ប្រទេស៤៩ឆ្នាំ​ពីឆ្នាំ១៩៦២ ដល់២០១១ ហើយ​រង​ការ​ចោទ​ថា មានការ​រំលោភសិទ្ធិ​មនុស្ស​សព្វគ្រប់​បែបយ៉ាង​ធ្វើ​ឱ្យ​ពលរដ្ឋ​វេទនា។

ប៉ុន្តែ​បើសិនជា​ពួក​យោធា​ឈ្នះ​នោះ ​ក្រុម​យោធា​នឹង​បន្ត​គ្រប់គ្រង​អំណាច ហើយ​អាច​នឹង​បង្កើត​ច្បាប់​គ្រប់គ្រង​ជនស៊ីវិល​កាន់តែ​តឹង​រ៉ឹង​ជាង​មុន ដោយ​មិន​បណ្តោយ​ឱ្យ​មាន​ចលនាមហាជន​កើតឡើង​របៀប​នេះ​ទៀត​ទេ។

ព្រឹត្តិ​ការណ៍​មហាជន​តវ៉ា​នៅ​ឆ្នាំ២០០៧ យោធា​ប្រើប្រាស់​កម្លាំង​បាញ់​បង្ក្រាប​លើ​ទីតាំង​កន្លែង​អ្នក​តវ៉ា​ស្នាក់នៅ​ពេលយប់ បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន៣១នាក់។ ចំណែក​ចលនា​និស្សិតនិង​ព្រះសង្ឃ តវ៉ា​បង្ហាញ​ជំហរ​គាំទ្រ​ចលនា​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ១៩៨៨ ដែល​អូស​បន្លាយ​ច្រើន​ខែ​នោះ បាន​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់៣ ០០០នាក់។

ចំពោះ​ក្នុង​បរិបទ​អន្តរជាតិ ​​ក្រុម​យោធា​មិន​ទទួល​បានការ​គាំទ្រ​ទេ សូម្បីតែ​ចិន និង​រុស្ស៊ី ជា​ប្រទេស​ស្និទ្ធ​ជាមួយ​របប​យោធា​មីយ៉ាន់ម៉ា ក៏​មិន​បញ្ជាក់​ជំហរ​គាំទ្រ​ចំពោះ​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃទី១ ខែកុម្ភៈ​ដែរ។ 

ផ្ទុយទៅវិញ ​ពួក​យោធា​ទទួលការ​ថ្កោលទោស និងការ​ដាក់ទណ្ឌកម្ម​ជាបន្តបន្ទាប់​ពី​ប្រទេស​លោកសេរី និង​អង្គការ​អន្តរជាតិ។ ចំពោះ​ប្រទេស​ផ្សេង​ៗដែល​មិនបាន​ប្រកាស​ថ្កោលទោសស​កម្ម​ភាព​របស់​ពួក​យោធា ក៏​ពួក​គេ​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​នៅ​មីយ៉ាន់ម៉ាដែរ។

ចំណែកខាង​ចលនាមហាជន​វិញ​ គឺ​ទទួល​បានការ​គាំទ្រ​ពី​ប្រទេសនិង​អង្គការ​អន្តរជាតិ។ សហរដ្ឋអាមេរិក​បញ្ជាក់​ជំហរ​គាំទ្រ​ចលនា​របស់​មហាជន​នៅក្នុង​ប្រទេស​នេះ ដែល​ទាមទារ​ចង់បាន​ការដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យនិងការគោរព​ច្បាប់។

ក្រៅពី​ការ​បញ្ជាក់​ជំហរ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នានា​នោះ ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន ​ប្រមូល​ផ្តុំគ្នា​បង្ហាញ​ការ​គាំទ្រ​ដល់​ចលនាមហាជន​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែរ។

មេដឹកនាំ​កម្ពុជា និង​ថៃ ​ជាស​មា​ជិ​កអាស៊ាន បញ្ជាក់​ថា មិន​អត្ថា​ធិប្បាយ​ណាមួយជុំវិញ​បញ្ហា​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ទេ ដោយ​បញ្ជាក់​ថា នោះ​ជា​បញ្ហាផ្ទៃក្នុង​របស់​ប្រទេស​មួយ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​របស់​កម្ពុជា និង ថៃ បាន​បង្ហាញ​ជំហរ​របស់​ពួក​គេ​នៅ​តាម​ក្រុម​ ឬនៅ​តាម​បណ្តាញ​ទំនាក់ទំនង​ហ្វេសប៊ុក​ ចំពោះ​ការ​គាំទ្រ​ចលនាមហាជន​នៅ​មីយ៉ាន់ម៉ា។

ទោះ​យ៉ាងណា​ រហូតដល់​ល្ងាច​ថ្ងៃទី២២ ខែកុម្ភៈ​ នៅ​មិនទាន់​មាន​សញ្ញា​អ្វី​កើតឡើង​ពី​ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​កម្លាំង​ទាំងពីរ​ក្រុម​នេះ​នៅឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ