បណ្តាញសហគមន៍ព្រៃឡង់នៅខេត្តចំនួន២ អះអាងថា អាជ្ញាធរមូលដ្ឋានបានបង្ខំឱ្យធ្វើកិច្ចសន្យាឈប់ចូលធ្វើសកម្មភាពក្នុងព្រៃមួយនេះតទៅទៀត ក្រោមហេតុផលថា បណ្តាញមួយនេះធ្វើសកម្មភាពពុំមានច្បាប់អនុញ្ញាត។
កាលពីម្សិលមិញនិងថ្ងៃនេះ សមាជិកបណ្តាញសហគមន៍ព្រៃឡង់នៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ ត្រូវបានអាជ្ញាធរនៃខេត្តទាំង២ កោះហៅទៅជួបនិងឱ្យធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពនានានៅក្នុងតំបន់ការពារមួយនេះតទៅទៀត។
តំណាងគណៈកម្មការបុណ្យព្រៃឡង់ និងជាសមាជិកបណ្តាញព្រៃឡង់ព្រះវិហារ លោក ខេម សុឃី ប្រាប់ វីអូឌី បន្ថែមនៅថ្ងៃអង្គារនេះថា បណ្តាញសហគមន៍ព្រៃឡង់ ប្រកាសគ្រោងធ្វើពិធីបុណ្យព្រៃឡង់ និងបំបួសដើមឈើ នៅថ្ងៃទី២៥ និង២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប៉ុន្តែត្រូវបានអាជ្ញាធរស្រុករវៀង មិនអនុញ្ញាត និងបង្ខំឱ្យធ្វើកិច្ចសន្យាឈប់ចូលធ្វើសកម្មភាពនានាក្នុងតំបន់ការពារមួយនេះថែមទៀតផង។
លោកចាត់ទុកការមិនអនុញ្ញាតរបស់អាជ្ញាធរនេះថា ជាការរំលោភនិងបំបិទសិទ្ធិរបស់ពលរដ្ឋស្រឡាញ់បរិស្ថាននិងព្រៃឈើ។
លោកបន្ថែមថា៖ «នេះជាទង្វើបិទសិទ្ធិមួយសម្រាប់ប្រជាពលរដ្ឋដែលចូលរួមការពារព្រៃឈើនិងស្រឡាញ់ធនធានធម្មជាតិដែលជារបស់ខ្លួន ហើយទង្វើនេះជាការគំរាមកំហែងនិងបង្ខិតបង្ខំពួកយើង គ្រាន់តែចូលធ្វើពិធីអីមួយតិចតួចមិនបាន»។
លោក ខេម សុឃី បន្ថែមថា បណ្តាញសហគមន៍ព្រៃឡង់ អាចផ្អាកមិនធ្វើពិធីបុណ្យនិងបំបួសដើមឈើក្នុងតំបន់ព្រៃឡង់បាន ប៉ុន្តែបណ្តាញនេះមិនអាចបញ្ឈប់សកម្មភាពចុះល្បាតឬការពារព្រៃមួយនេះបានឡើយ។
នៅក្នុងកិច្ចសន្យាចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោក ខេម សុឃី និងសមាជិកព្រៃឡង់ក្នុងខេត្តព្រះវិហារផ្សេងទៀត ត្រូវបានអាជ្ញាធរស្រុករវៀង ហាមមិនឱ្យចូលក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ជាក្រុមឬជាមួយអង្គការសមាគមទាំងឡាយណាដែលមិនបានចុះបញ្ជីនោះទេ។
កិច្ចសន្យាដដែលនេះបន្តថា រាល់ការចេញចូលតំបន់ព្រៃឡង់ជាលក្ខណៈក្រុម ដើម្បីធ្វើសកម្មភាពផ្សេងៗត្រូវស្នើសុំ និងមានការអនុញ្ញាតពីអាជ្ញាធរដែនដីនិងក្រសួងបរិស្ថានជាមុនសិន ហើយបានព្រមានចាត់វិធានការផ្លូវច្បាប់ផងដែរ ប្រសិនបើបណ្តាញព្រៃឡង់ទាំងនោះមិនគោរពតាម។
ប្រធានបណ្តាញសហគមន៍ព្រៃឡង់ លោក ហឿន សុភាព ប្រាប់ វីអូឌី ថា អាជ្ញាធរខេត្តកំពង់ធំ នៅថ្ងៃអង្គារនេះ បានកោះហៅសមាជិកបណ្តាញព្រៃឡង់ខេត្តនេះឱ្យទៅជួប និងបានបង្ខំឱ្យផ្តិតមេដៃលើកិច្ចសន្យាឈប់ចូលធ្វើសកម្មភាពនានាក្នុងព្រៃឡង់ដែរ ប៉ុន្តែពួកគាត់មិនធ្វើតាមនោះទេ។
លោកបន្ថែមថា៖ «បើយើងធ្វើកិច្ចសន្យាឱ្យគេ វាហាក់ដូចជាយើងបិទសិទ្ធិសេរីភាពខ្លួនឯង។ អ៊ីចឹងខាងខ្ញុំអត់បានផ្តិតមេដៃឱ្យទេ។ ខ្ញុំថា សកម្មភាពរបស់អាជ្ញាធរនេះជាការបិទបាំងសិទ្ធិសេរីភាពយើង មិនឱ្យចូលរួមការពារព្រៃឈើ។ វាអត់ស៊ីគ្នាជាមួយរដ្ឋធម្មនុញ្ញនិងច្បាប់ផ្សេងៗទៀត អ៊ីចឹងករណីអាជ្ញាធរនិងក្រសួងបរិស្ថានធ្វើ មិនសមស្របតាមគោលការណ៍ច្បាប់ទេ»។
វីអូឌី មិនអាចសុំការបញ្ជាក់ពីអភិបាលស្រុករវៀង លោក ហោ ប៊ុនហួរ បានទេ នៅថ្ងៃអង្គារនេះ។
ចំណែកអភិបាលរងស្រុក លោក មុយ វុន និងនាយករដ្ឋបាលស្រុក លោក ជិម សុវណ្ណ បង្វែរឱ្យសួរខាងការិយាល័យបរិស្ថានស្រុកវិញ។
ប្រធានការិយាល័យបរិស្ថានស្រុករវៀង លោក តូច សុភី មានប្រសាសន៍ថា អាជ្ញាធរមិនបង្ខិតបង្ខំឱ្យបណ្តាញព្រៃឡង់ ធ្វើកិច្ចសន្យាហាមចូលធ្វើសកម្មភាពព្រៃឡង់នោះទេ។
មន្ត្រីបរិស្ថានរូបនេះបន្តថា ករណីអាជ្ញាធរហៅបណ្តាញព្រៃឡង់ជួបប្រជុំកាលពីម្សិលមិញនោះ គឺដើម្បីស្តាប់លិខិតបដិសេធរបស់នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងជើងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ ដែលមិនឱ្យអនុញ្ញាតបណ្តាញព្រៃឡង់ធ្វើពិធីផ្សេងៗនៅក្នុងព្រៃឡង់តែប៉ុណ្ណោះ។
លោកបន្ថែមថា៖ «ក្នុងអង្គប្រជុំហ្នឹង យើងមិនបានហៅគាត់ឱ្យទៅធ្វើកិច្ចសន្យាទេ។ កិច្ចសន្យាហ្នឹងធ្វើព្រាងទេ ហើយអានឱ្យគាត់ស្តាប់ បើគាត់មិនពេញចិត្ត គាត់អាចបដិសេធចេញបាន ពីព្រោះកិច្ចសន្យាមិនអាចបង្ខំគាត់ទេ»។
ប្រធានផ្នែកស្រាវជ្រាវ និងតស៊ូមតិនៅអង្គការបណ្ដាញយុវជនកម្ពុជា លោក ហេង គីមហុង មានប្រសាសន៍ថា ករណីអាជ្ញាធរហាមមិនឱ្យបណ្តាញព្រៃឡង់ សហគមន៍នានា និងអង្គការសង្គមស៊ីវិល ចូលធ្វើពិធីបុណ្យនិងសកម្មភាពផ្សេងៗក្នុងព្រៃឡង់ ជាការរឹតត្បិតសិទ្ធិសេរីភាពទាំងជំនឿប្រពៃណី និងសាសនា។ លោកបន្តថា ការហាមនេះទៀត នឹងធ្វើឱ្យបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់នៅតែបន្តកើតមាន។
លោកបន្ថែមថា៖ «យើងបានដឹងហើយប៉ុន្មានថ្ងៃមកនេះ កងរាជអាវុធហត្ថនៅលើផ្ទៃប្រទេសបានផ្សព្វផ្សាយជាបន្តបន្ទាប់ករណីនៃការរកឃើញកំណាត់ឈើនិងទីតាំងនៃការកាប់បំផ្លាញព្រៃឈើជាច្រើននៅក្នុងតំបន់ព្រៃឡង់ ដែលមានន័យថា បទល្មើសកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារនិងក្បែរតំបន់ការពារ ឬការកាប់ឈើខុសច្បាប់ហ្នឹង នៅតែបន្តកើតមាន។ សូម្បីតែឥលូវនេះ ខ្ញុំនៅក្នុងសហគមន៍ព្រៃក្បាលខ្លា គឺនៅខាងមុខខ្ញុំ មានគោយន្តរាប់សិបគោយន្តកំពុងដឹកឈើចេញពីព្រៃឡង់»។
កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងជើងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ បានចេញលិខិតមួយបដិសេធមិនឱ្យបណ្តាញព្រៃឡង់ធ្វើបុណ្យព្រៃឡង់និងបំបួសដើមឈើ ដោយលើកឡើងថា បណ្តាញមួយនេះមិនបានចុះបញ្ជីទទួលស្គាល់ផ្លូវច្បាប់ ជាពិសេសច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ សកម្មជនការពារព្រៃឈើ លោក អ៊ូច ឡេង និងសកម្មជនការពារព្រៃឈើ៤នាក់ទៀត ត្រូវបានអាជ្ញាធរខេត្តក្រចេះចាប់ខ្លួន និងបានបញ្ជូនទៅតុលាការ ក្រោយពីសកម្មជនទាំងនោះបានចូលព្រៃឡង់ ដើម្បីឃ្លាំមើលបទល្មើសព្រៃឈើ។ ប៉ុន្តែតុលាការសម្រេចដោះលែងពួកគេវិញ ក្រោយពីធ្វើកិច្ចសន្យាឈប់ចូលឃ្លាំមើលបទល្មើសព្រៃឈើនៅតំបន់ដែលគ្មានការអនុញ្ញាតពីស្ថាប័នជំនាញ៕