មេខ្យល់៨៥នាក់ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ការ​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​គេច​ពី​ចត្តាឡីស័​ក

ពលរដ្ឋខ្មែរដែលមានបំណងឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរខេត្តបន្ទាយមានជ័យឃាត់ខ្លួនបាន នៅចំណុចច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police)

អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ថៃ និង​វៀតណាម បាន​ចាប់ខ្លួន​មេខ្យល់​ជាង៨០នាក់ដែល​នាំ​ពលរដ្ឋខ្មែរ​ឆ្លងដែន​ខុសច្បាប់​ ដោយ​គេច​ពី​ការ​ធ្វើ​ចត្តាឡីស័​ក ក្រោយ​រដ្ឋាភិបាល​កម្ពុជាបង្កើន​ការ​រឹត​បន្តឹង​លំហូរ​ពលករ​ពី​ប្រទេសជិតខាង ដើម្បី​ទប់ស្កាត់​ការនាំចូល​ជំងឺ​កូ​វីដ១៩ពីក្រៅ​ប្រទេស។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹ​មខឿន ប្រាប់ ​វី​អូ​ឌី ឱ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា គិត​ចាប់ពី​ថ្ងៃទី១៣ ខែកុម្ភៈ​ មកដល់​ថ្ងៃទី២៣ ខែកុម្ភៈ ​ឆ្នាំ២០២១ អាជ្ញាធរ​តាម​ព្រំដែនបាន​ចាប់ខ្លួន​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ ដោយ​គេច​ពី​ការ​ធ្វើ​ចត្តាឡីស័​កពី​ប្រទេស​ថៃនិង​វៀតណាម បាន​ចំនួន៨៥នាក់ ក្នុង​នោះ​ពី​វៀតណាម​មាន​តិច​ជាង១០នាក់។ 

លោក​បន្ថែម​ថា បច្ចុប្បន្ន​ សមត្ថកិច្ច​មិនទាន់​អាច​ស្រាវជ្រាវ​ដឹង​ថា មេខ្យល់​ទាំងនោះធ្លាប់​បាន​នាំ​មនុស្ស​ឆ្លងដែន​ប៉ុន្មាន​នាក់​នៅឡើយ។ 

លោក ឆាយ គឹ​មខឿន មានប្រសាសន៍​ថា៖ «ខ្ញុំ​ក៏​មិន​អាច​ស្រាវជ្រាវ​ដឹង​ថា គាត់​ធ្លាប់​នាំ​ពលករ​បាន​ប៉ុន្មាន​នាក់​ដែរ គឺ​យើង​ចាប់​ជាក់ស្តែង ត្រង់​កន្លងមក​ គាត់​ធ្លាប់​នាំ​ប៉ុន្មាន​នា​ក់ៗ យើង​មិនទាន់​ស្រាវជ្រាវ​រក​ឃើញ​ទេ»។ 

អភិបាលរងខេត្ត​បន្ទាយមានជ័យ លោក លី សារី ឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​បាន​ចាប់​បញ្ជូន​មេខ្យល់​រត់ពន្ធ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ទៅ​តុលាការ ដើម្បី​អនុវត្ត​តាម​នី​តិ​វិធី​ថ្មី និង​បាន​ចុះ​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ជាបន្តបន្ទាប់​ទៀត។ 

លោក​ថា ការ​នាំ​ពលករ​ឆ្លងដែន​ចុះ​ច្បាប់នៅតែ​បន្ត​កើតមាន និង​ពិបាក​ក្នុង​ការទប់ស្កាត់​ដោយសារ​ខ្សែបន្ទាត់​ព្រំដែន​គោក​កម្ពុជានិង​ថៃ ក្នុង​ខេត្ត​បន្ទាយមានជ័យ មាន​ប្រវែង​វែង​ដល់១៥៥គីឡូម៉ែត្រ ខណៈ​ពលរដ្ឋ​ដែល​ភាគច្រើន​ក្រីក្រ ខ្វះ​ចំណេះដឹង និង​មិន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់ មិន​ស្តាប់​ការ​អំពាវនាវនិង​ការ​ចុះ​អប់រំ​របស់​អាជ្ញាធរ​មូលដ្ឋាន ហើយ​ជឿ​តាម​ការ​អូសទាញ​របស់​មេខ្យល់។

លោក​បន្ថែម​ថា មេខ្យល់​ទាំងនោះប្រើ​គ្រប់រូប​ភាព​ក្នុង​ការ​នាំ​មនុស្ស​ឆ្លង​ព្រំដែន​ពី​កម្ពុជា​ទៅ​ថៃ និង​ពី​ថៃ​មក​កម្ពុជា ដើម្បី​គេច​ពី​ភ្នែក​សមត្ថកិច្ច​ដែល​បាន​ដាក់​ពង្រាយនិង​យាមកាម២៤ម៉ោង​តាម​ច្រករបៀង ដើម្បី​បង្កើន​ការ​ទប់​ស្កាត់​បទល្មើស​រត់ពន្ធ​មនុស្ស​ឆ្លងដែន​ខុសច្បាប់។

លោក លី សារី មានប្រសាសន៍​ថា៖ «មេខ្យល់ ​វា​ចាប់ផ្តើម​មើល ​[បើ]យើង​រាង​ឆក​ល្វែង​បន្តិច​ហ្នឹង វា​ប្រិច​ប្រូច​នាំមក​ចេញ​តែម្តង។ នេះ​ជា​ភាព​ជាក់ស្តែង តែ​ក្នុង​នោះ​ក៏​យើង​រឹត​បន្តឹង ចាប់បាន​ជនខិលខូច​មួយចំនួនយក​ទៅ​ផ្តន្ទា​ទោស​ដែរ»។ 

អភិបាលរងខេត្ត​បាត់ដំបង លោក សឿម ប៊ុ​នរិទ្ធី ឱ្យ​ដឹង​ថា អាជ្ញាធរ​ក្នុង​ខេត្ត​នេះបាន​ចាប់ខ្លួន​មេខ្យល់​ចំនួន៩នាក់ ក្រោម​ការអនុវត្ត​វិធានការ​ម៉ឺងម៉ាត់​របស់​សមត្ថកិច្ច ដែល​បាន​ដាក់​ពង្រាយ​តាម​ច្រកព្រំដែន​ជាមួយ​ប្រទេស​ថៃ តាម​ការណែនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ 

លោក​ថា ពលករ​ខ្មែរ​ដែល​ចាញ់បោក​មេខ្យល់​ឆ្លងដែន​ខុសច្បាប់ ពួក​គេ​ខ្លះ​វិលត្រឡប់​មកវិញ​ដោយសារ​នឹកស្រុក ខ្លះ​មានធុរៈ​ត្រូវ​ត្រឡប់មកវិញ ហើយ​ខ្លះ​សម្រេច​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃដើម្បី​ទៅ​រក​ការងារ​ធ្វើ​ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ការ​ធ្វើ​ចត្តាឡីស័​កតាម​ការ​អូសទាញ​របស់​មេខ្យល់។ 

លោក សឿម ប៊ុ​នរិទ្ធី មានប្រសាសន៍​ថា៖ «ខ្លះ​គេ​នាំ​ពលករ​ពី​ខ្មែរ​ទៅ​ធ្វើការ​នៅ​ថៃ ខ្លះ​គេ​នាំ​ពលករ​ពី​ថៃ​មក​ខ្មែរ​ គេច​មិនព្រម​ធ្វើ​ចត្តាឡីស័​ក។ គេ​ធានា​ថា មក​តាម​គាត់​ទៅ គឺ​គាត់​នឹង​ជួយ​ទៅដល់​សហគមន៍​គាត់ ទៅ​រស់នៅ​ដោយ​មិនបាច់​ធ្វើ​ចត្តាឡីស័​ក។ ប៉ុន្តែទោះ​យ៉ាងណា​ នៅក្នុង​ក្របខណ្ឌ​ខេត្តបាត់ដំបង ​គឺ​គេច​អត់​ផុត​ទេ»។ 

អភិបាលរងខេត្ត​កោះកុង លោក សុខ សុទ្ធី បាន​ប្រាប់​ឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​បាន​ចាប់ខ្លួន​មេខ្យល់​ចំនួន៣នាក់ គិត​ចាប់ពី​ដើមឆ្នាំ២០២១មក ដោយ​ពួក​គេ​បាន​នាំ​ពលករ​ឆ្លងដែន​ដោយ​ខុសច្បាប់​ពី​ប្រទេស​ថៃ ឆ្លង​ចូល​មក​កម្ពុជា​ តាម​ខ្សែ​បន្ទាត់ព្រំដែន​ខេត្តកោះកុង មាន​ពី២នាក់ដល់១៥នាក់។ 

មន្ត្រី​កម្មវិធី​ផ្នែក​ទេសន្តរប្រវេសន៍​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់​ត្រា​ល់​) លោក ឌី ថេ​ហូ​យ៉ា សាទរ​ចំពោះ​លទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សមត្ថកិច្ចតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន ក្នុង​ការ​ចុះ​ស្រាវជ្រាវនិង​ចាប់ខ្លួន​មេខ្យល់រត់ពន្ធ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​នេះ។ 

ប៉ុន្តែលោក​ថា វិធានការ​ទាំងនេះ គួរតែ​អនុវត្ត​ឡើង​គ្រប់ពេល និង​រក​ឱ្យ​ឃើញ​ជន​ជាប់ពាក់ព័ន្ធឬសមគំនិត និង​មិន​ចាំបាច់​ទាល់តែ​មាន​បញ្ជា​ពី​នាយក​រដ្ឋមន្ត្រីឬថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នោះ​ទេ។

លោក ឌី ថេ​ហូ​យ៉ា មានប្រសាសន៍​ថា៖ «ទាល់តែ​ប្រសាសន៍​របស់​សម្តេច​អញ្ចឹង​ទៅ បានឃើញ​ឈូឆរ​មួយ​ឆាវអញ្ចឹង​ទៅ អញ្ចឹង​មានន័យថា ការគ្រប់គ្រង​ប្រទេស​នេះ បើ​ក្រៅពី​សម្តេច​ស្រែក​ហ្នឹង គឺ​អត់​សូវ​ចាប់អារម្មណ៍​ចាត់វិធានការ​អី​ទេ មានន័យថា បណ្តែតបណ្តោយ​ឱ្យ​រឿងរ៉ាវ​ហ្នឹង​វា​កើត​ដដែល​ជា​ដដែល​អញ្ចឹង»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​អំឡុង​ខែធ្នូ និង​ដើមឆ្នាំ២០២១នេះ បញ្ជា​ជាបន្តបន្ទាប់​ទៅ​អាជ្ញាធរ​ខេត្តនិង​កងកម្លាំង​នៅ​តាម​ព្រំដែន​ទាំងអស់ ត្រូវ​ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់​របស់​ពលករនិង​ពលរដ្ឋខ្មែរ​ឱ្យ​បាន​ម៉ត់ចត់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ចូល​នូវ​ជំងឺ​កូ​វីដ១៩ពីក្រៅ​ប្រទេស។ 

ដោយឡែក កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា នឹង​បណ្តេញ​មន្ត្រី​កងកម្លាំង​នគរបាល​ណាដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​មនុស្ស​ឆ្លងដែន​ដោយ​ខុសច្បាប់​នេះ ចេញពី​ជួរ​កងកម្លាំង​តែម្តង។

ក្រោយពី​ការព្រមាន​របស់​នាយក​រដ្ឋមន្ត្រីតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ សមត្ថកិច្ច​ខេត្តបាត់ដំបងបាន​រក​ឃើញ​អតីត​អធិការ​នគរបាល​ស្រុក​កំរៀង​ម្នាក់ ឈ្មោះ គឹម ពន្លក ថា​បាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​ដោះលែង​មេខ្យល់​ដែល​លួច​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ ដោយ​គេច​ពី​ការ​ធ្វើ​ចត្តាឡីស័​ក។ នៅ​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ អតីតមន្ត្រី​នគរបាល​រូប​នោះត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្ត ហើយ​តុលាការ​បានសម្រេច​ចោទពី​បទ «ការ​នាំ​យកចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​នាំ​ឆ្លងដែន» និង​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួ​នភ្លាមៗ​នៅ​ឯពន្ធនាគារ​ខេត្តបាត់ដំបង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ