កម្ពុជា​ស្នើ​ហ្វីលីពីន​​ឱ្យ​វិនិយោគ​បន្ថែម​​លើ​វិស័យ​ស្រូវ​អង្ករ​

អង្ករគ្រប់ប្រភេទដែលបានដាក់លក់នៅក្នុងហាងមួយកន្លែង ក្នុងក្រុងភ្នំពេញ។ (ណាត សុភាព/ មករា ២០១៩)

មន្ត្រីការ​​ទូតកម្ពុជា ស្នើឯកអគ្គរដ្ឋទូតនៃប្រទេសហ្វីលីពីនជួយ​ជំរុញបន្ថែមទៅវិនិយោគិនហ្វីលីពីន ឱ្យ​មកវិនិយោគវិស័យ​ស្រូវអង្ករនៅកម្ពុជា។

ការស្នើនេះបានធ្វើឡើងនៅក្នុង​ជំនួបពិភាក្សា​​ការងាររវាងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន ជាមួយលោកស្រី Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងការបរទេសកម្ពុជា ឱ្យដឹងថា ក្នុ​ងជំនួប​ពិភាក្សា​នោះ ភាគីទាំងពីរបានកត់សម្គាល់​លើវិស័យ​សេដ្ឋកិច្ចថា ទំហំពាណិជ្ជកម្មទ្វេភាគីមានការកើន​ឡើងពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែទំហំរបស់វានៅមានកម្រិតតិចតួចនៅឡើយ បើប្រៀប​ធៀបជាមួយសក្តានុពល​នៃប្រទេសទាំងពីរ។

ករណីនេះ ភាគីទាំងពីរបាន​ឯកភាពគ្នា​ជំរុញកិច្ចចរចា ដើម្បីឈានទៅដល់​ការបញ្ចប់​សេចក្តីព្រាងនៃកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Agreement on the Avoidance of Double Taxation) ឱ្យ​បានឆាប់ ក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្ម​និងវិនិយោគបន្ថែមទៀត។

សេចក្តីប្រកាសព័ត៌មានបន្ថែមថា ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានស្នើ​ឯកអគ្គរដ្ឋទូត ជំរុញវិនិយោគិនហ្វីលីពីនមកវិនិយោគទុនលើឃ្លាំងស្តុកស្រូវអង្ករនិងម៉ាស៊ីន​កិនស្រូវនៅកម្ពុជា ដើម្បីនាំអង្ករចេញទៅប្រទេសហ្វីលីពីន​​។​

បើតាមសេចក្តីប្រកាសព័ត៌មាន ប្រទេសទាំងពីរក៏ត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់​កិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅ​កម្ពុជានៅឆ្នាំនេះ ដើម្បី ពង្រឹងនិងពង្រីក​កិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យរវាងប្រទេសទាំងពីរផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ