រដ្ឋា​ភិបាល​​កំពុង​​រក​​លទ្ធភាព​​ឱ្យ​​កុមារ​​នៅ​​ខេត្ត​​ជាប់​​ព្រំដែន​​បាន​​រៀន​ ក្រោយ​ពី​​យក​​សាលា​​ធ្វើ​​មណ្ឌល​​ចត្តា​ឡីស័​ក​

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ រៀបចំ​ដឹក​ពលករ​មក​ពី​ថៃ​ចូល​មក​ធ្វើ​ចត្តាឡីស័​កនៅ​មណ្ឌល​ចត្តាឡីស័​កវិទ្យាល័យ​សម្តេច​ឪ ក្រុង​សិរីសោភ័ណ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។ (​ហ្វេសប៊ុក៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​)

ក្រសួង​អប់រំ បាន​និយាយ​ថា ខ្លួន​កំពុង​រក​លទ្ធភាព​ឱ្យ​កុមារ​ជាង៣ម៉ឺន​នាក់ រស់នៅ​ខេត្ត​ជាប់​ព្រំ​ដែន​ថៃ មានឱកាស​សិក្សា ខណៈ​សាលារៀន៥០កន្លែងនៅ​តំបន់​ព្រំដែន​នោះ ត្រូវ​បាន​ប្រើប្រាស់​ជា​មណ្ឌល​ចត្តាឡីស័​ក។

ក្រសួង​អប់រំ យុវជន និងកីឡា កាលពី​ថ្ងៃម្សិលមិញ បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា បើ​ទោះជា​រដ្ឋាភិបាលបាន​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១មក ប៉ុន្តែ​សាលារៀន​ចំនួន៥០កន្លែង នៅ​ខេត្តបាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ឧត្តរមានជ័យ នៅ​មិនទាន់​អាច​ដំណើរការ​សិក្សា​ឡើងវិញ​ដូច​សាលា​ផ្សេងទៀត​បាន​នៅឡើយ ដោយសារ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន បាន​ប្រើប្រាស់​សាលា​ទាំងនោះធ្វើជា​មជ្ឈ​មណ្ដល​សម្រាប់​ធ្វើ​ចត្តាឡីស័​ក សម្រាប់​ពលករ​ខ្មែរ​មក​ពី​ថៃ។ 

ក្នុងចំណោម​សាលារៀន​ទាំង៥០កន្លែង​នោះ ក្រសួង​ថា មាន​សាលាបឋមសិក្សា​ចំនួន១៣កន្លែង អនុវិទ្យាល័យ១៨កន្លែង និង​វិទ្យាល័យ១៩កន្លែង ដែល​មាន​សិស្ស​សិក្សា​សរុប​ចំនួន៣២ ០០០​នាក់។

ករណីនេះ ក្រសួង​ថា ខ្លួន​កំពុង​សហការ​ជាមួយ​អង្គការ​ យូ​នី​សេហ្វ ក្នុង​ការ​រិះរក​វិធី​ឆ្លើយតប​បន្ទាន់ ចំពោះ​តម្រូវការ​សិក្សា​របស់​សិស្សដែល​ពុំ​ទាន់​អាច​ទៅរៀន​បាន​នេះ។

ក្រសួង​គូសបញ្ជាក់​ថា ជា​ការវាយតម្លៃ តម្រូវការ​ធំ​បំផុត​ចំពោះ​សិស្សដែល​រង​ផល​ប៉ះពាល់ ​គឺ​ខ្វះ​សៀវភៅ​សិក្សា​ដែល​ត្រូវ​រៀន​ពី​ចម្ងាយ ហើយ​ថា៖ «ដើម្បី​ឆ្លើយតប​ចំពោះ​តម្រូវការ​នេះ ​យូនី​សេ​ហ្វ ដោយមាន​ការ​គាំទ្រ​ថវិកា​ពី​ប្រទេស​ស៊ុយអែត បាន​ទិញ​សៀវភៅ​សិក្សា​មុខវិជ្ជា​គោល​សម្រាប់​ចែក​ជូន​សិស្ស​ […] ចាប់ពី​ថ្នាក់​ទី១ ដល់​ថ្នាក់​ទី១២ មាន​ចំនួន​ជាង ៣ម៉ឺន៥ពាន់​ក្បាល ​[៣៥ ០៥៥​] ត្រូវ​បាន​ចែក​ជូន​ទៅ​សិស្ស​ឱ្យ​អាច​បន្ត​ការសិក្សា​របស់​ពួក​គេ​បាន»។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា លោក ហង់ ជួន​ណា​រ៉ុន បាន​លើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ដែរ​ថា ទោះបីជា​កម្ពុជា​កំពុង​ជួបប្រទះ​ការ​លំបាកពី​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩ក៏ដោយ ក៏​ក្រសួង​ត្រូវ​ប្រឹងប្រែង​ឱ្យ​អស់​លទ្ធភាព ដើម្បី​ឱ្យ​សិស្ស​អាច​នៅតែ​បន្ត​ការសិក្សា​បាន និង​ធានា​ថា ពួក​គេ​មាន​សុវត្ថិភាព​ពី​ជំងឺ​នេះ។

លោក​ថា៖ «ដូច្នេះហើយបាន​ជា​ការ​ផ្តល់​សៀវភៅ​សិក្សា​នៅពេល​នេះដល់​សិស្ស​ដែល​រង​ផល​ប៉ះពាល់ គឺជា​ការ​អន្តរាគមន៍​ចំពោះមុខ​ដ៏​មាន​សារៈសំខាន់ ដើម្បី​ជួយ​ឱ្យ​ពួក​គេ​នៅតែ​បន្ត​ការសិក្សា​បាន»។

គ្រូបង្រៀន​ម្នាក់​នៅ​សាលាបឋមសិក្សា​ថ្ម​ពួក ខេត្ត​បន្ទាយមានជ័យ លោក ដែន ពេញ មានប្រសាសន៍​ថា ក្រោយពី​អាជ្ញាធរ​ខេត្តបាន​យក​សាលា​ទៅ​ធ្វើ​មណ្ឌល​សម្រាប់​ធ្វើ​ចត្តាឡីស័​កនោះ បាន​ធ្វើ​ឱ្យ​សិស្ស​នៅ​សាលា​នេះ​មួយចំនួនត្រូវ​រៀន​នៅ​តាម​ផ្ទះ និង​ខ្លះទៀត​រៀន​នៅ​តាម​វត្ត​អារាម។

លោក​បន្ត​ថា សៀវភៅ​សិក្សា ពុំមែន​ជា​បញ្ហា​ចោទ​សម្រាប់​សិស្ស​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​បញ្ហា​ប្រឈម​របស់​សិស្ស​នៅពេល​នេះ គឺ​បញ្ហា​អនាម័យនិង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩ ខណៈ​កុមារ​ប្រមាណ៨០ភាគរយ​ប៉ុណ្ណោះ​ដែល​មានលទ្ធភាព​ពាក់​ម៉ាស់។ 

លោក​ថា៖ «នៅ​តាម​សាលារៀន​ក្មេង​មាន​បន្ទប់ទឹក​គ្រប់គ្រាន់ ​មាន​កន្លែង​លាងដៃ​គ្រប់គ្រាន់ ដល់​រៀន​កន្លែង​តាម​ខ្នង​ផ្ទះ វា​ខ្វះខាត​ខាង​ទឹក»។

អគ្គលេខាធិការ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ខេត្តបាត់ដំបង លោក ម៉ែ​ន សុខ​ធៃ និយាយ​ថា លោក​មានការ​ព្រួយបារម្ភ​ពីអ​នាគ​តរបស់​កុមារ​នៅ​តាម​ព្រំដែន បើសិន​ពួក​គេ​នៅតែ​បាត់​ឱកាស​ចូលរៀន​នៅ​តាម​សាលារៀន ខណៈ​ឪពុក​ម្តាយ​ពួក​គេ​មាន​ជីវភាព​ក្រីក្រ។

លោក​ថា៖ «ការចែក​សៀវភៅ​បាន​ត្រឹម​ម៉ា​ចែក​ទេ ព្រោះ​ទៅដល់​ផ្ទះ​ ភាគរយ​តិច​បំផុតដែល​ម៉ែ​ឪយកចិត្ត​ទុកដាក់​ឱ្យ​កូន​អាន កូន​រៀន ព្រោះ​នៅ​តាម​ព្រំដែន​សព្វថ្ងៃ​នេះ កត្តា​ជីវភាព​ខ្វះខាត​មែនទែន បើ​យើង​មក​ជួប​ បាន​យើង​ដឹង»។

គ្រូបង្រៀន​រូប​នេះបាន​អំពាវនាវ​ទៅ​ក្រសួង​អប់រំ ជំរុញ​ឱ្យ​មានការ​បង្កើត​មណ្ឌល​ចត្តាឡីស័​កដាច់ដោយឡែកចេញពី​សាលារៀន ដើម្បី​ឱ្យ​សិស្ស​អាច​មានលទ្ធភាព​បាន​ចូលរៀន​វិញ។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា លោក រស់ សុ​វាចា ឱ្យ​ដឹង​បន្ថែម​តាម​បណ្តាញ​សង្គម​តេឡេក្រាម នៅ​ថ្ងៃនេះ​ថា ក្រសួង​បាន​និង​កំពុង​បន្ត​ពិនិត្យ និង​ប្រមូល​ផ្តុំ​គ្រឹះស្ថានសិក្សា​ជា​មណ្ឌល​ចត្តាឡីស័​ក ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​សិស្ស​បាន​ចូលរៀន​នៅ​គ្រឹះស្ថានសិក្សា​របស់​ខ្លួន​តាម​ទិដ្ឋភាព​ជាក់ស្តែង ក្រោយ​មានការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​រួចរាល់តាម​វិធានការ​របស់ក្រ​សួង​សុខាភិបាល។

លោក​គូសបញ្ជាក់​ថា នៅចំពោះមុខ​នេះ មិន​មានការ​ប៉ះពាល់​ដល់​ដំណើរការ​សិក្សា​របស់​សិស្ស ដែល​​គ្រឹះស្ថានសិក្សា​របស់​ពួក​គេត្រូវ​បាន​យក​ទៅ​ធ្វើជា​មណ្ឌល​ចត្តាឡីស័​កនោះ​ទេ។

លោក​បន្ត​ថា គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សាដែល​បាន​ប្រើប្រាស់​ជា​មណ្ឌល​ចត្តាឡីស័​កទាំងនោះ បាន​អនុញ្ញាត​ឱ្យ​សិស្ស​រៀន​នៅ​ទីតាំង​ក្បែរ​សាលារៀន និង​សាលា​ខ្លះទៀតបាន​ប្រើប្រាស់​ផ្ទះ​នាយក នាយករង ឬផ្ទះ​គ្រូបង្រៀន​ដែល​នៅ​ជិត ដើម្បី​ឱ្យ​សិស្ស​បាន​រៀន ​ជាដើម។

ទោះ​យ៉ាងណា នាយិកា​អង្គការ​ យូនី​សេ​ហ្វ​ ប្រចាំ​កម្ពុជា លោកស្រី ហ្វ័​រូ​ហ្វ ហ្វ​យូ​ហ្សិ​ថ បាន​លើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ថា កុមារ​គ្រប់រូប​មាន​សិទ្ធិ​ទទួល​បានការ​អប់រំ ហើយ​យើង​ត្រូវ​រួមគ្នា​បំពេញ​នូវ​សិទ្ធិ​នោះ​ឱ្យ​ពួក​គេ។ 

លោកស្រី​បាន​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ពិនិត្យ​នូវ​ជម្រើស​ដទៃទៀតក្នុង​ការ​គាំទ្រ​ដល់​ការ​វិលត្រឡប់​ប្រកបដោយ​សុវត្ថិភាព​របស់​កម្មករ​ចំណាកស្រុក ហើយ​ការ​ចាត់ទុក​ការប្រើ​ប្រាស់​សាលារៀន​ជា​មជ្ឈ​មណ្ឌល​ចត្តាឡីស័​ក គួរតែ​ជា​ជម្រើស​ចុងក្រោយ ដើម្បី​កាត់បន្ថយ​នូវ​ផល​ប៉ះពាល់​ចេញពី​ការ​បិទ​សាលារៀន​ទាំងនោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ