អ្នក​ភូមិ​​មាន​​ជម្លោះ​ដី​ធ្លី​​ធ្វើ​​យុទ្ធនា​ការ​​ឱ្យ​​តុលាការ​​ទម្លាក់​​ចោល​​បទ​​ចោទ​​និង​​ដោះ​លែង​​តំណាង​​ខ្លួន​​

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​តាម​សហគមន៍ រួមមាន សហគមន៍​ដក​ពរ ខេត្តតាកែវ និង​សហគមន៍​អូរ​ដំរី ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បាន​ជួបជុំគ្នា​ជា​ក្រុម​ៗចំនួន​ប្រមាណ​ជាង១០នាក់​ក្នុង​មួយ​ក្រុម ចូលរួម​យុទ្ធនាការ​ជំរុញ​ឱ្យ​ដោះលែង​និង​ទម្លាក់​ចោលការ​ចោទប្រកាន់​សកម្មជន​ដីធ្លី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ (​ហ្វេសប៊ុក៖ សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា CCFC Cambodia​)

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​សហគមន៍​ក្នុង​ខេត្ត​ចំនួន៣ បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​លើស​កម្ម​ជន​ដីធ្លី​ជិត២០០នាក់ដែល​កំពុង​ជាប់​បណ្តឹង និង​ដោះលែង​សកម្មជន​ដីធ្លី​ចំនួន៦នាក់ដែល​កំពុង​ជាប់ឃុំ ឱ្យ​មាន​សេរីភាព​ឡើងវិញ។ 

ប្រជាពលរដ្ឋ​ទាំងនោះមក​ពី​សហគមន៍​អមលាំង ស្រុក​ថ្ពង, សហគមន៍​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​, សហគមន៍​នៅ​ស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ និង​សហគមន៍​មានជ័យ សហគមន៍​អណ្ដូង​ត្របែក និង​សហគមន៍​ចេកមាស ខេត្តស្វាយរៀង ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​នេះ កាលពី​ថ្ងៃទី២៣ និង២៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយ​ពួក​គេ​បាន​ជួបជុំគ្នា​ជា​ក្រុម​ៗ ប្រមាណ​ជាង១០នាក់ក្នុង​មួយ​ក្រុម។

តំណាង​សហគមន៍​ដីធ្លី​នៅ​ខេត្តស្វាយរៀង កញ្ញា ម៉េ​ង ដា​វី បាន​លើកឡើង​ថា ពួក​គាត់​ធ្វើ​យុទ្ធនាការ​នេះ​ឡើង ដើម្បី​ទាមទារ​ឱ្យ​ស្ថាប័ន​តុលាការ​ទម្លាក់​បទ​ចោទ​ទៅលើ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​បញ្ហា​ដីធ្លី និង​ដោះលែង​តំណាង​សហគមន៍​ដីធ្លី​ដែល​កំពុង​ជាប់ឃុំ ដោយ​កញ្ញា​ថា ពួក​គេ​ពុំ​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​ឡើយ។ កញ្ញា​ចាត់ទុក​ការ​ចាប់ខ្លួននិង​ចោទប្រកាន់​ទៅលើ​សកម្មជន​ដីធ្លី​ទាំងនោះ ថា​ជា​រឿង​អយុត្តិធម៌ ដោយ​ថា ពួក​គេ​គ្រាន់តែ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ដីធ្លី​ពួក​គេ​តែប៉ុណ្ណោះ បែរជា​រង​ការចោទប្រកាន់និង​ចាប់ខ្លួន​ទៅវិញ។

កញ្ញា​ថា៖ «ខ្ញុំ​គិតថា ​ពួក​គាត់​នឹង​មាន​សេរីភាព​ឡើងវិញ ព្រោះ​គ្រាន់តែ​ការពារ​ដី​របស់​ខ្លួនឯង សម្រាប់​យក​មក​ធ្វើ​កសិកម្ម​សោះ បែរជា​ត្រូវ​ចាប់​ពួក​គាត់​ដាក់​ពន្ធ​នា​គារ​អ៊ីចឹង។ ខ្ញុំ​គិតថា វា​ជា​រឿង​មួយ​អយុត្តិធម៌ ហើយ​សម្ដេច​ ហ៊ុន សែន [នាយក​រដ្ឋមន្ត្រី​] ក៏​គាត់​មិន​ព្រងើយ​កន្ដើយ​បិទ​ភ្នែក​មើល​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​អត់​ដី​ធ្វើ​កសិកម្ម​នោះ​ទេ គាត់​នឹង​ធ្វើការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ»។

កញ្ញា ម៉េ​ង ដា​វី បាន​អះអាង​ថា ប្រជាពលរដ្ឋ​នៅ​សហគមន៍​នេះ នឹង​បន្ត​ការ​តវ៉ានិង​ធ្វើ​យុទ្ធនាការ​នានា​បន្ត​ទៀត រហូតដល់​មាន​ដំណោះស្រាយ​រឿង​ដីធ្លី និង​មានការ​ដោះលែង​និង​ការ​ទម្លាក់​ចោល​បទចោទប្រកាន់​ទៅលើ​សកម្មជន​ដីធ្លី​ទាំងនោះ។

កញ្ញា​បន្ត​ថា៖ «ព្រោះ​បើសិនជា​ពួក​ខ្ញុំ​ឈប់​ធ្វើការ​តវ៉ា គឺ​ស្មើនឹង​អត់​ដី​ធ្វើ​កសិកម្ម ដូចជាប្រជាពលរដ្ឋ​មួយ​ដែល​ត្រូវ​រស់នៅ​ដូច​ស្លាប់​អ៊ីចឹង ព្រោះ​មាន​ដី​ធ្វើ​កសិកម្ម​បន្តិច​បន្តួច​ហើយ ធ្វើការ​តវ៉ា​ដី​សម្រាប់​យក​មក​ធ្វើអាជីវកម្ម កសិកម្ម​ចិញ្ចឹមជីវិត​សោះ បែរជា​មាន​បញ្ហា​ចាប់​ពួក​ខ្ញុំ​ដាក់​ពន្ធ​នា​គារ​អ៊ីចឹង​ជា​រឿង​មួយ​អយុត្តិធម៌​ណាស់»។

តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​ម្នាក់ទៀតនៅ​ខេត្ត​កំ​ពង់​ស្ពឺ លោក ស៊ូ សំ​អឿន បានឱ្យ​ដឹង​ថា ក្រៅពី​យុទ្ធនាការ​នេះ ប្រជាពលរដ្ឋ​នឹង​បន្ត​ធ្វើស​កម្ម​ភាព​ផ្សេង​ៗបន្តបន្ទាប់​ទៀត ដូចជា ការ​ដា​ក់ញត្តិ និង​ការ​ឡើង​ទៅ​ប្រមូល​ផ្តុំ​តវ៉ា​នៅ​តាម​តំបន់​គោលដៅ ដើម្បី​ទាមទារ​ឱ្យ​មានដំណោះស្រាយ​រឿង​ដីធ្លី និង​ដោះលែង​សកម្មជន​ដីធ្លី​ឱ្យ​មាន​សេរីភាព​វិញ។

លោក​បន្ថែម​ថា៖ «បើ​តាមខ្ញុំ​សង្កេត វា​មានផល​ប៉ះពាល់​ខ្លាំង ផល​ប៉ះពាល់​ខ្លាំង​ហ្នឹង​វា​ធ្វើ​ឱ្យ​យើង​[…] សហគមន៍ ឬក៏​សកម្មជន​ដីធ្លី​ហ្នឹង​រង​ការ​លំបាក គឺ​នៅពេល​ដែល​ពួក​យើង​ធ្វើស​កម្ម​ភាព​ផ្សេង​ៗពាក់ព័ន្ធ​ការ​តវ៉ា​ដីធ្លី​ហ្នឹង គឺ​មាន​ការគំរាមកំហែង មានការ​រឹតត្បិត មានការ​តាម​ដាន​ស៊ើ​បអង្កេត​ពី​ពួក​តំណាង​ពួក​យើង គឺ​យើង​មាន​ការពិបាក​ក្នុង​ការ​ទាមទារ​ដីធ្លីឬទាមទារ​សំណង​អី​ផ្សេង​ៗ»។

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន កាលពី​ថ្ងៃពុធ​ម្សិលមិញថា តាម​របាយការណ៍​ពី​មន្ត្រី​សង្គម​ស៊ីវិល គឺ​មាន​សកម្មជន​ដីធ្លី​ចំនួន១៧២នាក់ កំពុង​ជាប់​បណ្តឹង និង​ជាប់ចោទ​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម» និង​បទ​ចោទ​ផ្សេងទៀត ដោយ​គ្រាន់តែ​ពួក​គាត់​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន។ 

សមាគម​នេះបន្ត​ថា ស​កម្ម​ជន​ដីធ្លី​ចំនួន៦នាក់​ទៀតដែល​ជា​តំណាង​សហគមន៍​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ព្រះសីហនុ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ជាបន្តបន្ទាប់ កាលពី​ឆ្នាំ២០១៩ ដល់​ដើមឆ្នាំ២០២១ ពាក់ព័ន្ធ​នឹង​សកម្មភាព​កា​ពារនិង​ទាមទារ​សិទ្ធិ​ដីធ្លី​របស់​ពួក​គាត់​ពី​ក្រុមហ៊ុននិង​បុគ្គល​មាន​លុយ​មានអំណាច។ ពួក​គេ​ត្រូវ​បាន​តុលាការ​សម្រេច​ចោទ​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» និង​បទ​ល្មើស​ផ្សេង​ៗទៀត។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន មានប្រសាសន៍​ថា បើ​ផ្អែក​តាម​រដ្ឋធម្មនុញ្ញ ការ​ធ្វើ​យុទ្ធនាការ​របស់​សហគមន៍​ដីធ្លី​ទាំងនោះ ធ្វើឡើង​មិន​ស្របតាម​ផ្លូវច្បាប់​ទេ។ 

លោក​បាន​គូសបញ្ជាក់​ថា៖ «បើ​ផ្អែកលើ​រដ្ឋធម្មនុញ្ញ និង​បញ្ញ​ត្តិ​ច្បាប់​ជាធរមាន​របស់​កម្ពុជា យុទ្ធនាការ វា​មិនមែន​ជា​មធ្យោ​យបាយ​ផ្លូវច្បាប់​ការពារ​ជន​ត្រូវ​ចោទ​ទេ។ អ៊ីចឹង​ ទោះបី​គាត់​ធ្វើ​យុទ្ធនាការ​ដល់ណាដល់ណី​ក៏ដោយ ក៏​មិន​អាច​ទៅ​ការពារ​ក្រុមឬបក្ស​ពួក​ដៃជើង​គ្នា​ពួក​គាត់​ប្រព្រឹត្ត​បទល្មើស​នឹង​ផ្លូវច្បាប់ ហើយ​ទទួលរង​ការចោទប្រកាន់​តាម​តុលាការ។ មធ្យោបាយ​ផ្លូវច្បាប់​មានតែ​មួយ​ទេ ចូលរួម​ដំណើរការ​នីតិវិធី​តុលាការ ស្វែងរក​ភស្តុតាង​មូលដ្ឋាន​ផ្លូវច្បាប់»។ 

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោ​ក ថេង សាវឿ​ន សង្កេតឃើញ​ថា កន្លងមក ពេល​ដែល​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ដីធ្លី​ ធ្វើការ​តវ៉ាទាមទារ​ដី​របស់​ពួក​គាត់​វិញ ភាគី​ជម្លោះ​ដែល​ជា​អ្នកមាន​លុយ​មានអំណាចតែង​ប្រើ​យុទ្ធសាស្ត្រនិង​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​ដាក់​គំនាប​លើ​ប្រជាពលរដ្ឋ។ 

លោក​បន្ត​ថា៖ «បើ​យើង​ឈរ​ទៅលើ​រដ្ឋធម្មនុញ្ញ ឈរ​ទៅលើ​ច្បាប់​ជាតិនិង​អន្តរជាតិ បើសិន​បើ​តុលាការនិង​អាជ្ញាធរ​ឈរ​លើ​គោលការណ៍​មិន​លម្អៀង​ច្បាស់​ណាស់ គឺ​គាត់​ត្រូវតែ​ផ្ដល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ ដល់​ប្រជា​សហគមន៍​ទាំង៦នាក់​ [ដែល​ជាប់ឃុំ​] ឱ្យ​មាន​សេរីភាព និង​ផ្ដល់​យុត្តិធម៌ ហើយ​មួយទៀត និង​ជំរុញ​ឱ្យ​មានដំណើរ​នៃ​ការរក​ដំណោះស្រាយ​ដីធ្លី​ជូន​ពួក​គាត់»។

ជាមួយគ្នា​នេះ​ដែរ លោក ថេង សាវឿ​ន មាន​ជំនឿ​ថា ក្រសួង​រៀបចំ​ដែនដី និង​អាជ្ញាធរ​ពាក់ព័ន្ធ នឹង​អនុវត្ត​តាម​គោលការណ៍​យុទ្ធ​សាស្រ្ត​ដែល​បាន​កំណត់​ថា នឹង​ដោះស្រាយ​បញ្ហា​ដីធ្លី​ឱ្យ​ចប់​នៅក្នុង​ឆ្នាំ២០២១នេះ ​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ដីធ្លី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ