ក្រសួង​​ផ្អាក​​ដំណើរការ​​គ្រឹះ​ស្ថាន​សិក្សា​​រដ្ឋ​​និង​​ឯកជន​នៅ​​ក្រុង​​ព្រះ​សីហនុនិង​​ស្រុក​​ស្ទឹង​ហាវ​​

សាលាបឋមសិក្សាសម្ដេចជាស៊ីម ស្ថិតនៅក្រុងព្រះសីហនុ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។ (ហង់ សុខហុង)

ក្រសួង​អប់រំ យុវជន និងកីឡា ប្រកាស​ឱ្យ​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារ​ណៈនិង​ឯកជន​ទាំងអស់នៅ​ក្រុង​ព្រះសីហនុ និង​ស្រុក​ស្ទឹងហាវ រួម​នឹង​អាជីវកម្ម​ហាត់​កីឡា​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ព្រះសីហនុ ជា​បណ្ដោះអាសន្ន​ រយៈពេល២សប្តាហ៍ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ក្នុង​សហគមន៍។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង ចុះ​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បាន​លើកឡើង​ថា ការសម្រេច​ផ្អាក​នេះធ្វើឡើងដោយសារតែ​ស្ថានភាព​នៃ​ការ​ចម្លងជំងឺ​កូ​វីដ១៩ ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍២០កុម្ភៈ មាន​លក្ខណៈ​ធំជាងនិង​សាំញ៉ាំ​ជាង​ព្រឹត្តិ​ការណ៍​សហគមន៍២៨វិច្ឆិកា និង​ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​នេះ​ចូលក្នុង​សាលារៀន។

ទោះ​យ៉ាងណា ក្រសួង​បាន​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​ទាំងអស់ត្រូវ​បន្តដំណើរ​ការ​បង្រៀននិង​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិច។ 

សេចក្ដីជូនដំណឹង​ដាច់ដោយឡែក​មួយទៀត​របស់ក្រ​សួង ក៏បាន​ឱ្យ​ផ្អាក​អាជីវកម្ម​ក្លឹប​ហាត់ប្រាណ និង​ផ្អាក​ការ​លេង​កីឡាឬការហាត់ប្រាណ​គ្រប់​ប្រភេទ​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ព្រះសីហនុ ដែល​មាន​លក្ខណៈ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​ផង​ដែរ។ 

កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ក្រសួង​អប់រំក៏បាន​ប្រកាស​ឱ្យ​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋនិង​ឯកជន​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ជា​បណ្តោះអាសន្ន​ រយៈពេល២សប្តាហ៍​ផង​ដែរ ក្រោយពី​កម្ពុជាបាន​រក​ឃើញ​ករណី​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ចូលក្នុង​សហគមន៍​ជាថ្មី ចាប់ពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១មក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ